សកម្មជន​ថា​សហរដ្ឋ​អាមេរិក​គ្មាន​ជំហរ​គ្រប់គ្រាន់​លើ​បញ្ហា​ជនជាតិភាគតិច​រ៉ូហ៊ីងយ៉ា

សកម្ម​ជន​តវ៉ា​ការ​ដាក់​គុក​អ្នក​សារព័ត៌មាន​ Reuters ពីរ​នាក់​ពី​បទ​រក្សា​ឯកសារសម្ងាត់​របស់​រដ្ឋ​ដែល​មាន​ទាក់ទង​ជាមួយ​នឹង​ការ​សម្លាប់ជនជាតិ​រ៉ូហ៊ីងយ៉ាង​រង្គាល​កាលពី​ថ្ងៃទី​១៦ កញ្ញា ឆ្នាំ ២០១៨។

សកម្មជន​កំពុង​ធ្វើ​ការរិះគន់​ទៅលើ​ការស៊ើបអង្កេត​ដ៏​យូរ​មួយ​របស់​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​នៅក្នុង​យុទ្ធនាការ​យោធាមីយ៉ាន់ម៉ា​ប្រឆាំង​នឹង​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​ ដោយ​ពួកគេ​បាន​និយាយ​ថា​សហរដ្ឋអាមេរិក​គួរ​តែ​ចាត់វិធានការ​ឲ្យ​បាន​ហ្មត់ចត់​ដូចទៅ​នឹង​អ្វី​ដែល​ពួកគេ​មើល​ឃើញ​ថា​ទង្វើ​ទាំងនោះ​ជា​អំពើ​ប្រល័យពូជសាសន៍។

ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​បាន​ផ្សព្វផ្សាយ​របាយការណ៍​កាល​ពី​ថ្ងៃចន្ទ​ ដោយ​បាន​ស្តីបន្ទោស​ទាហាន​មីយ៉ាន់ម៉ា​ចំពោះ​យុទ្ធនាការ​ហិង្សា​ទ្រង់ទ្រាយ​ធំ​មួយ​ប្រឆាំង​នឹង​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ជាង​ពីរឆ្នាំ​កន្លង​មក​នេះ។

របាយការណ៍​បាន​ធ្វើឡើង​ដោយ​ផ្អែក​លើ​បទសម្ភាសន៍​ជាមួយ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ាជាង​មួយពាន់នាក់​នៅ​ប្រទេស​បង់ក្លាដែស​ដែល​ជា​ប្រទេស​ជិតខាង​ និង​បាន​កត់ត្រាទុក​នូវ​គំនូរ​រូបភាព​នៃ​ការ​ធ្វើ​ទារុណកម្ម​ ការ​រំលោភ​សេពសន្ថវៈ​ និង​ការ​សម្លាប់​រង្គាល​នៅក្នុង​រដ្ឋ Rakhineភាគខាងជើង​ប្រទេស​មីយ៉ាន់ម៉ា។

នៅក្នុង​ករណី​ខ្លះ​ទាហាន​មីយ៉ាន់ម៉ា​បាន​ចាប់បោះ​ទារក​ និង​កូន​ក្មេង​តូចៗ​ចូល​ក្នុង​ភ្លើង និង​បាន​ដុត​ផ្ទះសម្បែង​របស់​ពួកគេ។ នេះ​បើ​យោង​តាម​សាក្សី​ប្រាប់​ក្រុម​អ្នក​ស៊ើប​អង្កេត​របស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក។ ពួកគេ​មួយ​ចំនួន​ទៀត​បាន​និយាយ​ថា​ពួកគេ​បាន​ឃើញ​ទាហាន​វះទារក​ចេញ​ពី​ក្នុង​ពោះ​ស្រី្ត​មាន​ផ្ទៃពោះ។

ក្រសួង​ការបរទេស​បាន​ចាត់ទុក​ថា​យុទ្ធនាការ​នេះ «ត្រូវ​បាន​គេ​រៀបចំ​ទុក​ជាមុន​យ៉ាង​ហ្មត់ម៉ត់​និង​មាន​ការសម្របសម្រួល​បាន​យ៉ាង​ល្អ» ។ ប៉ុន្តែ​របាយការណ៍​នោះ​មិន​បាន​កំណត់​ថា​អំពើ​ហិង្សា​ណាមួយ​ជា​អំពើ​ប្រល័យ​ពូជសាសន៍​ឬ​ជាឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ទេ​ហើយ​ក៏​មិន​បាន​ផ្តល់​ជា​អនុសាសន៍​ដើម្បី​ចាត់វិធានការ​ជាក់លាក់​ណា​មួយ​នោះ​ឡើយ៕