សកម្មជន​ខិតខំ​ជំរុញ​ខ្មែរ​អាមេរិកាំង​បំពេញ​ជំរឿន​ឆ្នាំ​២០២០

ក្រុមសកម្មជនសហគមន៍នៅរដ្ឋចចា​រ សហរដ្ឋអាមេរិក កំពុងតែធ្វើយុទ្ធនាការ​ជំរុញឱ្យពលរដ្ឋខ្មែរអាមេរិកាំង​ យល់ដឹងពីសារៈសំខាន់នៃជំរឿន​ឆ្នាំ​២០២០។ (រូបថតដកស្រង់ពីវីដេអូ)

សកម្មជន​ខ្មែរ​អាមេរិកាំង​កំពុងតែ​ធ្វើ​យុទ្ធនាការ​ជំរុញ​ពលរដ្ឋ​ខ្មែរនៅរដ្ឋ​ចចារឱ្យ​បំពេញ​ជំរឿន​ឆ្នាំ​២០២០​ដើម្បីមាន​សិទ្ធិ​កំណត់​អាទិភាព​លើបញ្ហា​នៅក្នុង​មូលដ្ឋាន​និងទទួល​បាន​ថវិកាបន្ថែម​ពី​ថ្នាក់​ដឹកនាំ​រដ្ឋ​និង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​សម្រាប់​បំពេញ​តម្រូវការ​ចាំបាច់​នៅក្នុង​សហគមន៍។

កញ្ញារ៉ា ប៉ិល ​ប្រធាន​សមាគម​ខ្មែរ​អាមេរិកាំង​នៅ​រដ្ឋ​ចចារ​បាន​បញ្ជាក់​ប្រាប់វីអូអេ​ក្នុង​បទសម្ភាស​តាម​ទូរស័ព្ទ​កាលពីដើម​ខែ​មេសា​ថា៖

«ការធ្វើ​ជំរឿន​សំខាន់​ណាស់​ជាពិសេស​ខ្មែរ​យើង​ មានចំនួន​មិន​ច្រើ​នទេ​។ ២០២០នេះ​យើង​ចង់ឱ្យ​ចំនួន​ខ្មែរ​យើង​ឱ្យ​ខ្លាំង​គឺគ្រប់ៗគ្នា»។​

ការធ្វើ​ជំរឿន​នៅ​សហរដ្ឋ​អាមេរិក​បាន​ចាប់​ដំណើរការ​តាំងពី​ដើម​ខែមីនា ​ហើយ​នឹងបញ្ចប់​នៅ​ថ្ងៃទី​៣១​ខែតុលា​ ដែល​ជា​កាលបរិច្ឆេទ​ថ្មី​ដោយ​សម្រប​តាម​ស្ថានភាព​វិបត្តិ​សុខភាព​ដែល​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា។ ពលរដ្ឋ​អាច​បំពេញ​តាម​អនឡាញ ​ហៅ​ទូរស័ព្ទ​តាម​ប្រព័ន្ធ​សុវត្ថិភាព​ និង​បំពេញ​ដោយ​ក្រដាស​ក៏បាន។ សារៈសំខាន់​នៃ​ជំរឿន​គឺ​ដើម្បី​ឱ្យ​រដ្ឋាភិបាល​សហព័ន្ធ​បែងចែក​ថវិកា​ប្រចាំឆ្នាំ​ទៅ​ដល់​រដ្ឋនិង​សហគមន៍​នីមួយៗ។ លទ្ធផល​ក៏​នឹង​សម្រេច​ពី​ចំនួន​អាសនៈ​នៅ​សភាជាតិ​នៃ​រដ្ឋ​នីមួយៗ​ផងដែរ។​ នេះបើតាមការបញ្ជាក់​របស់​គេហទំព័រ​ជំរឿន។

សកម្មជន​សហគមន៍​ខ្មែរ​អាមេរិកាំងចង់បាន​ថវិកាបន្ថែមលើ​ផ្នែកអប់រំ ផ្លូវថ្នល់ ​និង​សេវា​បកប្រែ​ភាសា​ដល់​ពលរដ្ឋ​ខ្មែរ​មួយចំនួន​ដែល​មិន​ទាន់​អាច​និយាយ​ភាសា​អង់គ្លេស​បាន​ច្បាស់លាស់​នៅពេល​ដែល​ពួកគាត់​ស្វែងរក​សេវា​សុខាភិបាល​និង​លិខិត​ស្នាម​ផ្សេងៗ​ដោយសារ​កន្លង​មក​នេះ​ពលរដ្ឋ​មួយ​ចំនួន​ជួប​ការលំបាក។

កញ្ញា រ៉ា ប៉ិល ​បាន​បន្ថែម​ថា៖​ «យើង​មិន​អាច​តវ៉ា​ថា​គ្មាន​អ្នកណា​ចង់​ជួយ​យើងទេ ​ប្រសិន​បើ​យើង​មិន​បាន​ធ្វើ​ជំរឿន។ បើយើង​មិន​ប្រាប់​គេ​ធ្វើ​ម៉េច​គេ​ដឹង​ថា​ខ្មែរ​នៅ ក្នុង​រដ្ឋ​ចចារ​សំខាន់ដែរ? ពីព្រោះយើង​ត្រូវ​ការតួលេខ​ហ្នឹង​ដើម្បី​យក​ទៅធ្វើ​ការបែងចែក​ថវិកា​ខាង​សាលារៀន ​ខាងពេទ្យ​ ខាង​ជួសជុល​អ្វីផ្សេងៗ»។

​បើ​ប្រៀបធៀប​នឹង​សហគមន៍​ខ្មែរ​នៅ​រដ្ឋដទៃទៀត​ដូចជា​នៅរដ្ឋកាលីហ្វញ៉ា ​ម៉ាស្សាឈូសិត​ និង​ផឹនស៊ីលវេនៀ ​គឺ​សហគមន៍​ខ្មែរ​នៅ​រដ្ឋចចារ​មាន​ទំហំ​តូច​នៅឡើយ​ ក៏​ប៉ុន្តែ​កំពុងតែ​កើនឡើង​ដោយសារ​មាន​ការទាក់ទាញ​លើ​ការបង្កើន​ការងារ ​ស្របពេល​ដែល​សហគមន៍​អាស៊ី​ទាំង​មូល​រីក​ធំធាត់​នៅ​តំបន់​ភាគ​ខាងត្បូង​សហរដ្ឋ​អាមេរិក។​

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​រស់នៅ​ក្នុង​រដ្ឋចចារ​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​មាន​ចំនួន​ជាង​១០.០០០នាក់ ​ប៉ុន្តែ​សកម្មជន​ជឿ​ថា​ចំនួន​ពិតប្រាកដ​គឺច្រើន​ជាងនេះ។​

អ្នកស្រី​សុភាព ឡែម​ សហស្ថាបនិក​សមាគម​ខ្មែរ​អាមេរិកាំង​នៅ​រដ្ឋ​ចចារ​បាន​បន្ថែម​ថា៖

«បងប្អូន​យើង​ផ្លាស់​មក​ច្រើន​ណាស់​មកពីរដ្ឋ​ផ្សេងៗ​ហើយជា​សំខាន់​គឺ​នៅពេល​ដែល​បងប្អូន​យើង​ចង់​បើក​ហាង​ខាង​នេះ​ឬ​ខាងនោះ​ពេល​ដែល​យើង​ដឹងថា​មាន​បងប្អូន​ខ្មែរ​យើង​នៅ​ប៉ុណ្ណា​វាស្រួល​ដូចជា​ភោជនីយដ្ឋាន​ខ្មែរ​ កំសាន្ត​ខ្មែរ​ និង​ហាង​ទំនិញ​ខ្មែរ»។​

ក្រុមសកម្មជន​បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​បន្ថែម​លើ​ការអប់រំផ្សព្វផ្សាយ​តាមវត្តអារ៉ាមដើម្បី​បញ្ជូនសារ​លើក​ទឹកចិត្ត​ពលរដ្ឋ​ឱ្យ​បំពេញ​ជំរឿន។ ប៉ុន្តែ​បញ្ហា​ប្រឈម​ដែល​ពួកគេ​ជួប​ប្រទះ​គឺការពន្យល់និង​ធានា​ចំពោះពលរដ្ឋដែលព្រួយបារម្ភហើយស្ទាក់ស្ទើរ​ក្នុងការបំពេញ​ជំរឿន​គឺការផ្តល់​ព័ត៌មាន​ផ្ទាល់ខ្លួន​និង​ឋានៈអន្តោប្រវេសន៍​របស់​ពួកគេ។

អ្នកស្រី​សុវណ្ណា ភឺធិត ​សមាជិក​គណៈកម្មការ​នាយក​នៃ​សមាគម​បាន​បន្ថែម​ថា៖

«អ្នកខ្លះ​អត់​ដឹង​ដល់​តែ​យើង​ប្រាប់​ថា​អត់​មាន​ព័ត៌មាន​របស់​គេ​ផ្ទាល់​ខ្លួន​គឺ​អត់​មាន​ចូល​ក្នុង​ហ្នឹងទេ​ក៏​គេថា​អូខេ​ព្រោះ​គេ​មាន​ការកក់ក្តៅ»។​

​នេះ​ជា​យុទ្ធនាការ​មួយ​ដែល​សមាគម​អាស៊ី​ជាច្រើន​បាន​ចូលរួម​ធ្វើការ​រួមគ្នា​ដែល​មាន​ដូ​ចជា ​ភ្ញាក់​ឡើង​អាត្លង់តា ​(Wake Up Atlanta) ​មជ្ឈមណ្ឌល​សេវាសហគមន៍​សម្រាប់​ពលរដ្ឋ​អាស៊ី​ (Center for Pan Asian Community Services) និង​ អង្គការ​ជំរុញ​យុត្តិធម៌សម្រាប់​ពលរដ្ឋ​អាស៊ី​អាមេរិកាំង​នៅ​ទីក្រុង​អាត្លង់តា (Asian American Advancing Justice Atlanta)​ជាដើម។

អ្នកស្រី​វីតូរៀ វៀន​ (Victoria Huynh) អនុប្រធាន​នៃ​មជ្ឈមណ្ឌល​សេវា​សហគមន៍​សម្រាប់​ពលរដ្ឋ​អាស៊ី ​ដែលជា​អង្គការ​បាន​ធ្វើការងារ​លើ​ផ្នែក​នេះ​ជាច្រើនឆ្នាំ​ហើយ​បាន​បញ្ជាក់​ថាសហគមន៍អាស៊ី​មាន​ប្រវត្តិ​និង​ជំហរ​ៗ​ខុសគ្នាចំពោះ​ការធ្វើ​ជំរឿន​ដោយ​សារតែ​អ្វី​ដែល​បាន​កើត​មានឡើង​នៅ​ប្រទេស​របស់​គេ។ ប្រទេស​ខ្លះធ្វើឱ្យ​ពលរដ្ឋ​ខ្លាច​មិន​ចង់បំពេញ​ជំរឿន​ទេ​ដោយ​សារទិន្នន័យត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ជាមធ្យោបាយ​តាមដាន​ពលរដ្ឋ​។​

អ្នកស្រីវីតូរៀ វៀន​បន្ថែម​ថា​អ្វី​ដែល​ល្អ​គឺ​ពលរដ្ឋ​អាស៊ី​នៅ​ក្នុង​រដ្ឋ​ចចារ​ហាក់​ស្វាគមន៍​ការបំពេញ​ជំរឿន​នេះ៖

«ប៉ុន្តែ​សហគមន៍​ទាំងនេះ​ក្នុង​ទីក្រុង​អាត្លង់តា​ទទួល​យក​ដោយ​វិជ្ជមាន​និង​រំភើប​អំពី​អ្វី​ដែល​ជំរឿន​នេះ​អាច​មានលក្ខណៈ​យ៉ាងណា​នៅ​ក្រោយឆ្នាំ​២០២០ ​ពីព្រោះ​ពួកគេ​ដឹង​ថា​តួលេខ​នឹង​កើនឡើង​... ដូច្នេះ​ខ្ញុំគិត​ថា​នេះ​ជាហេតុផល​ដែល​អង្គការ​សហគមន៍​នានា​នៅ​អាត្លង់តាខិតខំ​ធ្វើការជាមួយ​គ្នា​ដើម្បី​ឱ្យ​ប្រាកដ​ថា​សហគមន៍​របស់​ពួកគេ​នឹង​មិន​ត្រូវ​លុបចេញ​ពី​ប្រវត្តិសាស្រ្ត​ទេ​នៅ​ពេល​ដែល​ពួកគេ​មើល​មក​ម្តង​ទៀត​នៅឆ្នាំ​២០៣០»។​


​កញ្ញាខេវី វូ (​Kevi Vu)​ នាយិកាប្រតិបត្តិ​អង្គការ​ក្រោកឡើង​អាត្លង់តា​ជាអ្នកផ្តល់​ប្រឹក្សា​ពីយុទ្ធសាស្ត្រ​ផ្សព្វផ្សាយ​ដល់​ក្រុមការងារ​អាស៊ី​ទាំងអស់​បាន​បន្ថែម​ថា​ក្រុមការងារ​បាន​បន្ថែម​យុទ្ធនាការ​តាម​បណ្តាញ​សង្គម​ដោយ​យក​មេដឹកនាំ​សហគមន៍​នីមួយ​ដូច​ជា​ខ្មែរ ឡាវ​និង​កូរ៉េ​ជាដើម​ដើម្បី​បញ្ជូនសារ​ដោយ​ផ្ទាល់​ទៅ​ពលរដ្ឋ​មេគ្រួសារ​កុំ​ឱ្យ​ខកខាន​ឱកាស​នេះ៖​

«ជំរឿន​មាន​រយៈពេល​១០ឆ្នាំ​ម្តង។ ជួនកាល​អ្នកគិត​ដល់​ការបោះឆ្នោត​គឺ​មាន​រយៈពេល​៤ឆ្នាំ​និង​៦ឆ្នាំ​សម្រាប់​សមាជិកព្រឹទ្ធសភា​។ ដូច្នេះ​ជំរឿន​គឺពិតជា​មាន​ផលប៉ះពាល់​លើ​អ្នកខ្លាំងណាស់»។​

សកម្មជន​យល់ថា​ការអប់រំ​ពលរដ្ឋ​ឱ្យ​យល់ដឹង​ពី​នីតិវិធី​នេះ​សំខាន់​ណាស់​សម្រាប់​ការចូលរួម។ ពួកគេ​បាន​ផ្តោតលើ​កិច្ចការ​លម្អិត​ដែល​មាន​តាំងពី​លេខកូដ​នៃ​តំបន់​ពលរដ្ឋ​រស់នៅ ​ទម្រង់​ផ្សេងៗ​ដែល​ពលរដ្ឋ​អាច​ចូលរួម​បំពេញ ​និង​របៀប​បំពេញ​ជាដើម។ ចំណុច​សំខាន់​មួយ​ទៀត​គឺ​ ​អ្នកបំពេញ​ជំរឿន​ត្រូវ​សរសេរ​បំពេញ​នៅក្នុង​ប្រអប់​ទំនេរ​បញ្ជាក់​ឈ្មោះ​សហគមន៍​ដើមកំណើត​របស់គេ​ដើម្បី​ឱ្យ​ការបញ្ចូល​ទិន្នន័យ​កាន់តែ​សុក្រិត។ ឧទាហរណ៍​សហគមន៍​ខ្មែរ​ត្រូវ​សរសេរថា “Cambodia” ។​

កញ្ញា​ការ៉ូណា រ៉ាម៉ាន់​ចាន់ដ្រាន់​ នាយិការង​អង្គការ​ជំរុញ​យុត្តិធម៌សម្រាប់​ពលរដ្ឋ​អាស៊ី​អាមេរិកាំងនៅ​ទីក្រុង​អាត្លង់តានិងក៏​ជាអ្នក​ទទួល​ឆ្លើយ​សំណួរ​ពលរដ្ឋ​តាមទូរស័ព្ទផងដែរ​បាន​រៀបរាប់​ពីប្រតិកម្ម​របស់​ពលរដ្ឋ​ចំពោះ​នីតិវិធី​ថ្មី​ថា​៖

«សំណួរ​ភាគច្រើន​ដែល​ខ្ញុំទទួលបាន​គឺ​ពី​មនុស្សចាស់​ដែល​វង្វេងរង្វាន់នឹង​នីតិវិធី​ដោយសារ​តែ​ពួកគាត់​ធ្លាប់​តែទទួល​បែបបទ​ជាក្រដាស។ លើកនេះ​ពួកគាត់​ទទួល​បាន​ជាកាតប្រៃណីយ៍ដែលមាន​លេខ​កូដ​ឱ្យ​ចូលបំពេញ​ឬ​ក៏​សំបុត្រ​ជាដើម។ សំណួរ​ដែល​ខ្ញុំ​ទទួល​មាន​ដូច​ជា​តើខ្ញុំត្រូវ​ធ្វើ​យ៉ាងម៉េច? ខ្ញុំ​មិន​ចេះ​បំពេញ​តាម​អនឡាញ​ទេ? អ៊ីនធឺណិត​ខ្ញុំ​យឺត ​ហើយ​អ្នកខ្លះ​ថា​ខ្ញុំ​មិនមាន​អ៊ីនធឺណិត​ទេ»។​

កញ្ញា​រ៉ាមាន់ចាន់ដ្រាន់​យល់ថា​ការប្រឹងប្រែង​ទាំងនេះ​សក្តិសម​ដើម្បី​ឱ្យ​ទទួលបាន​លទ្ធផល​ល្អ​សម្រាប់​សហគមន៍​អាស៊ី​ទាំងមូល​នៅ​ក្នុង​រដ្ឋ​ចចារ​ដែល​កំពុងតែ​មាន​ពលរដ្ឋ​កើនឡើង​ច្រើន។​

«បើគ្មាន​តួលេខ​គាំទ្រ​ទេ ​គឺយើង​ពិបាក​ទាមទារ​យក​អំណាច​មក​ក្នុងដៃ​ណាស់។ វាជាអំណាច​ដែល​ធ្វើ​ឱ្យ​យើង​ទទួលបាន​ធនធាន​សម្រាប់​សហគមន៍។ វា​ជា​អំណាច​ឱ្យមានតំណាង​ដើម្បី​ឱ្យ​មន្ត្រី​ជាប់​ឆ្នោត​ទទួល​ខុសត្រូវ​»

ការិយាល័យ​ជំរឿន​បាន​ឱ្យ​ដឹងថា​មាន​ពលរដ្ឋ​ជាង​៥៣​ភាគរយ​បាន​បំពេញ​ជំរឿន​រួចហើយ​នៅទូទាំងប្រទេស​បើគិត​ត្រឹមថ្ងៃទី​២៧​ខែមេសា។ រដ្ឋ​ចចារ​មាន​អ្នកបំពេញ​បាន​៥០,១​ភាគរយ​ក្នុង​ចំណោម​នេះ​គឺ​៤២,៣​ភាគរយ​បំពេញ​តាម​អ៊ីនធឺណិត។ ប៉ុន្តែ​ចំនួន​នេះ​នៅ​តិច​ជាង​ឆ្នាំ​២០១០​ដែល​មាន​ចំនួន​៦២,៥​ភាគរយ៕