បញ្ហា​ «ព័ត៌មាន​ក្លែងក្លាយ‍»​ របស់​លោក ត្រាំ ត្រូវ​បាន​គេ​បាន​ប្រើ​​ដើម្បី​កម្រិត​សេរីភាព​ព័ត៌មាន​ទូទាំង​សាកលលោក

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​សុន្ទរកថា​ នៅ​ក្លឹប​វាយ​កូនហ្គោល​អន្តរជាតិ Trump International Golf Club កាលពី​ថ្ងៃទី២៩ ខែធ្នូ​ ឆ្នាំ២០១៧ នៅ​ក្នុង​ក្រុង West Palm Beach រដ្ឋ Florida។

ក្រុម​សកម្មជន​និយាយថា ​ការ​ចោទ​ប្រកាន់​របស់​លោក​ប្រធានាធិបតី​ត្រាំ​អំពីការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ ឬ Fake News ​ត្រូវបាន​ពួក​មេដឹក​នាំ​ផ្តាច់​ការ​នៅ​ជុំវិញ​ពិភពលោក​យក​ទៅ​​ប្រើប្រាស់​ដើម្បី​រឹតបន្តឹង​លើ​សេរីភាព​សារព័ត៌មាន។​

ដោយ​មាន​អ្នក​កាសែត​មួយ​ចំនួន​ត្រូវ​បាន​គេ​ចាប់​ដាក់​គុក​ទូទាំង​សាកល​លោក​ក្នុង​កម្រិត​ច្រើនជាង​ពេល​ណាៗ​ទាំងអស់ ​ក្រុម​សេរីភាព​សារព័ត៌មាន​កំពុង​គូស​បន្ទាត់​រវាង​ជម្លោះ​ផ្ទាល់មាត់​របស់​ប្រធានាធិបតី​ត្រាំ​ជាមួយ​ស្ថាប័ន​ព័ត៌មាន​ដែល​ងាយ​ទទួល​រងគ្រោះ​ថ្នាក់​បំផុត​របស់​ប្រទេស​អាមេរិក​ជាមួយ​ការ​យកលេស​របស់​ពួកមេដឹកនាំផ្តាច់​ការ​នៅ​ជុំ​វិញ​ពិភពលោក​ដើម្បី​បង្ក្រាប​សេរីភាព​សារព័ត៌មាន។ «យើង​កំពុង​ឃើញ​ការ​វាយ​ប្រហារ​ដែល​មិន​ធ្លាប់​មាន​ការ​ពីពេល​មុន​ទៅ​លើ​ស្ថាប័ន​កាសែត​ និង​បណ្តាញ​ព័ត៌មាន ​និង​ការ​វាយ​ប្រហារ​ចំៗ​ទៅ​លើ​ពួក​អ្នក​កាសែត​និង​បណ្តាញ​ព័ត៌មាន​នីមួយ‍ៗ។ ហើយ​នេះ​ជាអ្វី​ដែលបង្កើត​ឲ្យ​មាន​បរិយាកាស​មួយដែល​ពួក​អ្នក​កាសែត​ប្រតិបត្តិ​ការ​មិន​សូវ​មាន​សុវត្ថិភាព‍»។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​អ្នកស្រី Courtney Radsch នាយក​គណៈកម្មាធិការ​ដើម្បី​ការ​ពារ​អ្នក​កាសែត។

ការ​ស្ទង់​មតិ​សេរីភាពព័ត៌មាន​ឆ្នាំ​២០១៧​របស់​គណៈ​កម្មាធិការ​ដើម្បី​ការពារ​អ្នក​កាសែត​បាន​បង្ហាញ​ថា ​អ្នក​កាសែត​២៦២​នាក់​បាន​ជាប់​គុក​នៅ​ទូទាំង​ពិភពលោក ​ដែលបាន​កើន​ឡើង​បន្តិច​ជាង​កាល​ពី​១ឆ្នាំ​មុន។ អ្នក​កាសែត​ទាំង​នោះ​ជាង​ពាក់​កណ្តាល​បានស្ថិត​នៅ​ក្នុង​ប្រទេស​តួកគី ​ចិន​ និង​អេហ្ស៊ីប។

លោកស្រី Radsch បាន​ប្រាប់ VOA ថា «យើង​បាន​ឃើញ​ពាក្យ​ព័ត៌មាន​ក្លែងក្លាយ ឬ «Fake News» បាន​ត្រូវគេ​ប្រើ​ប្រាស់​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ​រុស្ស៊ី ​ចិន ​អេហ្ស៊ីប​ដើម្បី​បង្ហាញ​នូវ​ភាព​សមហេតុ​សមផល​ដល់​ការ​សង្កត់​សង្កិន​បណ្តាញ​ព័ត៌មាន​របស់ខ្លួន​នៅ​ក្នុង​ការ​ប៉ុនប៉ង​ដើម្បី​ធ្វើ​ឲ្យ​អ្នក​កាសែត​ខុស​ច្បាប់។ ​យើង​ក៏​បាន​ឃើញ​ចិន​និយាយ​ថា «មើលហ្ន! សហរដ្ឋ​អាមេរិក​នៅ​ទី​បំផុត​បាន​ដឹង​ពី​អ្វី​ដែល​យើង​បាន​និយាយ​រាល់​ពេលអំពី​បញ្ហា​របស់​បណ្តាញ​ព័ត៌មាន‍» ​ហើយ​នេះ​មិនមែន​ជា​អ្វី​ដែល​យើង​ចង់​ឃើញ​នៅ​ជុំ​វិញ​ពិភពលោក​ទេ‍»។

ក្នុង​ទំព័រ​បញ្ចេញ​មតិ​របស់​កាសែត​ប្រចាំ​ថ្ងៃ People Daily របស់​គណបក្ស​កុម្មុយនិស្ត​ចិន​នៅ​ខែ​នេះ​បាន​និយាយ​ថា «ប្រសិនបើ ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ហៅ​បណ្តាញ​ព័ត៌មាន​នាំ​មុខ​ថា ធ្វើ​ឲ្យ​ខូចកេរ្តិ៍​ឈ្មោះ​ប្រទេស​អាមេរិក​នោះ ​ដូច្នេះ ​ព័ត៌មានអវិជ្ជមាន​អំពី​ប្រទេស​ចិន ​និង​ប្រទេស​ផ្សេង​ទៀត​ក៏​មិន​អាច​យក​ជា​ការ​បាន​ឡើយ ​ពីព្រោះ ​បណ្តាញ​ព័ត៌មាន​ហាក់​ដូច​ជា​មាន​ភាព​លម្អៀង​ហើយ​និន្នាការ​នយោបាយ​កំពុង​ធ្វើ​ឲ្យ​ខុស​ពី​រូបភាពពិត​ប្រាកដ‍»។

លោក Hy Hellyer ជា​អ្នកស្រាវ​ជ្រាវ​ជាន់ខ្ពស់​អង់គ្លេស​នៅឯ​ក្រុម​ប្រឹក្សា Atlantic ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​និយាយ​ថា ការ​ចោទ​ប្រកាន់​ពី​ព័ត៌មាន​មិន​ពិត​របស់​ប្រធានាធិបតី​ត្រាំ​ជា​បញ្ហា​ធ្ងន់​ធ្ងរ​ហើយ​គេ​មិន​ត្រូវ​មើល​ងាយ​ឡើយ។

លោក Hellyer និយាយថា «នៅពេល​ដែល​លោក​ត្រាំ​ប្រើ​ប្រាស់សេរីភាព​នៃ​ការ​និយាយ​ស្តី​រ​បស់​លោក​ផ្ទាល់​ដើម្បី​និយាយ​មើល​ងាយ​សមត្ថភាព​របស់​បណ្តាញ​ព័ត៌មានដើម្បី​រាយការណ៍​អំពី​ការ​ពិត​ ​ហើយ​ជារឿយៗ​បាន​និយាយ​ពី​ព័ត៌មាន​មិន​ពិត​នោះ។ ការណ៍​នេះបាន​ផ្តល់​អំណាច​ដល់​មេដឹកនាំ​ផ្សេង​ទៀត​ឲ្យ​ធ្វើ​ដូច​គ្នា‍» ប្រធានាធិបតី​ត្រាំបាន​បន្ត​វាយ​ប្រហារអត្ថបទដោយប្រើ​ពាក្យ​ព័ត៌មាន​មិន​ពិត​នៅ​ក្នុង​សារ​តាម​ប្រព័ន្ធ Twitter ​និង​អត្ថា​ធិប្បាយ​និង​សុន្ទរកថា​ចំនួន​រាប់​រយដោយ​ចុចចំបណ្តាញ​ព័ត៌មាន​ល្បីៗ​ដូចជា​ទូរទស្សន៍​ខ្សែកាប CNN កាសែត Washington Post ​និង​កាសែត The New York Times ចំពោះ​ការ​រិះគន់​សំខាន់ៗ។

​កាល​ពី​ពេល​មុន ​ប្រធានាធិបតី​ត្រាំ​បាន​ហៅ​ទូរទស្សន៍​ខ្សែ​កាប​ថា ​«ជា​សត្រូវ​របស់​ពលរដ្ឋ‍»។

វិធានការ​របស់​ប្រធានា​ធិបតី​បាន​ធ្វើ​ឲ្យ​មាន​ការជជែក​ដេញ​ដោល​យ៉ាង​ខ្លាំង​ទូទាំង​ប្រទេស​អំពី​អ្វី​ដែល​ពួក​អ្នក​ការពារ​លោក​ត្រាំ​បាន​ហៅ​ព័ត៌មាន​ថា​ភាព​លម្អៀង​នៃ​បណ្តាញ​ព័ត៌មាន​ ​ហើយ​ពួក​អ្នក​រិះគន់​បាន​ពណ៌នា​ថា​ជា​ការ​រាយការណ៍​ត្រឹមត្រូវ។

ការ​សិក្សា​បង្ហាញសេចក្តី​រាយការណ៍​អំពី​ប្រធានា​ធិបតី​ត្រាំមាន​ភាព​អវិជ្ជមាន​យ៉ាង​ខ្លាំង។ ការវិភាគ​មួយដោយ​មជ្ឈ​មណ្ឌល​ស្រាវជ្រាវ Pew ដែល​ជា​អង្គការ​មិន​យក​កម្រៃ​បាន​បង្ហាញពី​សេចក្តី​រាយការណ៍​អំពី​ការ​កាន់​តំណែង​ប្រធានា​ធិបតី របស់​លោកត្រាំ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​លើក​ដំបូង​មាន​ភាព​អវិជ្ជមាន​ចំនួន៦២​ភាគរយនិង​ភាព​វិជ្ជមាន​ចំនួន​៥​ភាគរយ។

តាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew បាន​ប្រាប់​ឲ្យ​ដឹងថា សេចក្តី​រាយការណ៍​រយៈ​ពេល​ដូច​គ្នា​នៃការ​កាន់​តំណែង​ប្រធានា​ធិបតី​របស់​លោក​បារ៉ាក់ ​អូបាម៉ា ​មាន​ភាព​វិជ្ជមាន​៤២​ភាគរយនិង​អវិជ្ជមាន​ចំនួន​២០​ភាគរយ។ ប្រធាន​គម្រោង​កាសែត​របស់​មជ្ឈមណ្ឌល Pew បាន​ព្រមាន​ថា លទ្ធ​ផល​នេះ​មិនមាន​ភស្តុតាងនៃការ​លម្អៀង​របស់​បណ្តាញ​ព័ត៌មាន​ទេ។

​ពួក​អ្នក​រិះគន់​ប្រធានា​ធិបតី​ត្រាំ មិន​ឃើញថា មាន​ភាពខុស​ប្លែក​គ្នា​នៃ​តួលេខ​ទាំង​នោះទេ ​ពីព្រោះ​កំហុសឆ្គង​និង​សេចក្តី​រាយការណ៍​ខុស​ពី​សេតវិមាន​មាន​ទំហំ​ធំណាស់ ​ក៏ប៉ុន្តែ ប្រធានា​ធិបតី​និង​ពួក​អ្នក​គាំទ្រ​របស់​លោក​បាន​ចាត់​បញ្ហា​នេះ​ជា​ ភស្តុតាង​នៃ​គោល​បំណង​អាក្រក់​របស់​បណ្តាញ​ព័ត៌មាន។

ការ​រង​ផល​ប៉ះពាល់ដោយ​ការ​រិះគន់​របស់​លោក​ត្រាំ​និងការ​ស្ទង់​មតិ​បង្ហាញពីការ​ទំនុក​ចិត្ត​ទាប​របស់​សាធារណជន​ក្នុង​បណ្តាញ​ព័ត៌មានបាន​ជំរុញឲ្យបណ្តាញ​ទូរទស្សន៍​ខ្សែ​កាប CNN និងកាសែត​ធំៗ​ប្រយុទ្ធ​តបតប​វិញ​ដោយ​ការ​ធ្វើ​យុទ្ធនាការ​ឃោស​នា​និង​ពាក្យ​ស្លោក​ថ្មី​ដែល​សង្កត់​ពី​ភាព​ត្រឹម​ត្រូវ​និង​គោល​បំណង​របស់​ខ្លួន។

ស្លាក​សញ្ញា​របស់បណ្តាញ​ទូរទស្សន៍​ខ្សែកាប CNN ​និង​ពាក្យ​ស្លោក​របស់​កាសែត Washington Post ​គឺ «លទ្ធិ​ប្រជាធិបតេយ្យស្លាប់​ក្នុង​ភាព​ងងឹត‍»។

ក៏ប៉ុន្តែ កំហុស​នៃ​សេចក្តី​រាយការណ៍​រឿង​ធំៗ​កាល​ពី​ពេល​ថ្មីៗ​នេះ​អំពី​សេតវិ​មាន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិសព្ទ​នៃ​ភាព​ទុក​ចិត្ត​បាន​របស់​បណ្តាញ​ព័ត៌មាន ​ហើយ​ការណ៍​នេះ​បាន​ផ្តល់​នូវ​កម្លាំង​ដល់​ប្រធានា​ធិបតី​ត្រាំ។

​នៅ​ដើម​ខែនេះ ​បណ្តាញ​ទូរទស្សន៍​ខ្សែកាប​ CNN បាន​រាយការណ៍​ខុសថា ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោតរបស់​ប្រធានា​ធិបតី​ត្រាំបាន​ត្រូវ​គេ​ផ្តល់​ឲ្យ​សារ​អ៊ីម៉ែល​ដែល​ត្រូវ​បាន​គេ​លួចចូល​ក្នុង​ប្រព័ន្ធ​កំព្យូទ័រ​ពី​យុទ្ធនាការ​របស់​លោកស្រី Hillary Clinton គូ​ប្រកួត​ប្រជែង​ខាង​គណបក្ស​ប្រជា​ធិបតេយ្យរបស់​លោក មុនពេល​សារ​អ៊ីម៉ែល​ទាំង​នោះ​ត្រូវ​បាន​បញ្ចេញ​ដោយ​បណ្តាញ​សង្គម Wikileaks កាល​ពី​ឆ្នាំ​ទៅ។ ក្រោយម​ក ​កាសែត The Washington Post បាន​រាយការណ៍ដោយ​ត្រឹម​ត្រូវ​ថា ​ការផ្តល់​ឲ្យ​សារ​អ៊ីម៉ែល​នោះ ​បាន​កើត​មាន​ឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​បណ្តាញ​ព័ត៌មាន​សង្គម Wikileaks ​បាន​ចេញ​ផ្សាយសារ​អ៊ីម៉ែល​នោះ។

ឥឡូវ​នេះ ពួក​មេដឹកនាំ​រំលោភ​សិទ្ធិ​សេរីភាព​សាព័ត៌មាន​ខ្លះ​របស់​ពិភពលោក​កំពុង​ប្រើ​ប្រាស់​ពាក្យ ​«ព័ត៌មាន​ក្លែងក្លាយ‍»​ ដើម្បី​ធ្វើ​ជា​មូលហេតុ​ត្រឹម​ត្រូវ​នូវ​ការ​រឹតត្បិត​សារព័ត៌មាន។

នៅពេល​ដែល​ដែល​អ្នក​កាសែត​សួរ​ប្រធានាធិបតី​ស៊ីរី Bashar al-Assad អំពី​ សេចក្តី​រាយការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្សAmnesty International ស្តីពីការ​សម្លាប់​មនុស្ស​ជា​ប្រព័ន្ធ​នៅ​ក្នុង​គុក​ស៊ីរី។ លោក Assad បាន​ឆ្លើយ​ថា «យើង​កំពុង​រស់​នៅ​ក្នុង​សករាជ​ព័ត៌មានភូត​កុហក ​ដូច​ជា​លោក ​អ្នក​ដឹងហើយ។​ មនុស្ស​គ្រប់​គ្នា​បាន​ដឹង​អំពី​បញ្ហា​នេះ‍»។

ប្រធានា​ធិបតី​នៃ​ប្រទេស​វ៉េណេហ្ស៊ុយអេឡា​លោក Nicolas Maduro បាន​ត្អូញ​ត្អែរ​ថា ​បណ្តាញ​ព័ត៌មាន​អន្តរជាតិ​កំពុង​ផ្សព្វផ្សាយការ​ភូតកុហក​អំពី​រូបលោក។លោក​និយាយ​ថា «ការ​ផ្សព្វផ្សាយ​នេះ​ជា​អ្វី​ដែល​យើង​ហៅថា ​ព័ត៌មាន​ភូត​កុហក ​មែនទេ?‍»។

នាយករដ្ឋ​មន្ត្រី​របស់​កម្ពុជា លោក ហ៊ុន សែន​ដែល​ជារឿយៗ​ស្រង់​វោហាសាស្ត្រ​ពាក្យ​ព័ត៌មាន​ក្លែងក្លាយ​របស់​ប្រធានា​ធិបតីយក​មក​ប្រើ​បាន​បញ្ជា​ឲ្យ​ស្ថានីយ​វិទ្យុ​ជាង​១០​បិទ ឬ ​បញ្ឈប់ការ​ផ្សាយ​កម្មវិធី​ពី VOA និង​វិទ្យុអាស៊ី​សេរី ​ហើយ​បាន​បិទ​កាសែត​ឯករាជ្យ​នាំ​មុខមួយ​នៅ​កម្ពុជា។

បណ្តាញ​ព័ត៌មាន​ប្រទេស​លីប៊ី​បាន​ប្រើ​ពាក្យ​នេះដែរ​ក្នុង​ការ​ព្យាយាម​បណ្តុះ​បង្អាប់របាយ​ការណ៍​របស់​ទូរទស្សន៍​ខ្សែកាប CNN ស្តីពី​ទាស​ភាព​ក្នុង​ចំណោម​ជន​ចំណាក​ស្រុក ​ហើយ​ក្រសួង​ការបរទេសរុស្ស៊ី​បាន​ចាប់​ផ្តើមចុះ​ផ្សាយ​រឿង​នានា​ដែល​ខ្លួន​ចាត់​ទុក​ជាការ​ក្លែង​បន្លំ​លើប្រព័ន្ធ​គេហទំព័រ​របស់​ខ្លួន​ដែល​ប្រើ​ពាក្យ​ «ព័ត៌មាន​ក្លែងក្លាយ‍» ឬ​ «FAKE NEWS» ជា​អក្សរ​ធំៗ។

​មន្ត្រី​សន្តិសុខ​ជាន់​ខ្ពស់​ម្នាក់​របស់​ចិនខាង​ប្រព័ន្ធ​កុំព្យូទ័រ​បាន​ដក​ស្រង់​ពាក្យ «ព័ត៌មាន​ក្លែងក្លាយ‍» អំពី​របាយការណ៍​មួយ​ដែល​បាន​ចាត់​ទុក​ចិន​ជា​ប្រទេស​មាន​លំដាប់​ថ្នាក់​ក្រោមគេ​បង្អស់​ក្នុង​ពិភពលោក​ក្នុង​សេរីភាព​ប្រព័ន្ធ​អ៊ីនធឺណិត។

ប្រធានាធិបតី​ត្រាំបាន​ស្វាគមន៍​មនុស្ស​មួយ​ចំនួន​ដែល​ជា​គូ​សត្រូវ​របស់​បណ្តាញ​ព័ត៌មាន​សេរី​មក​កាន់​សេតវិមាន។ ប្រធានា​ធិបតី​ត្រាំ​បាន​សរសើរ​ប្រធានា​ធិបតី​ទួគី​លោក Recep Tayyip Erdogan ថាជា​មិត្ត​ភក្តិ ថ្វីបើ​តួកគី​មាន​កិត្តនាម​ជា​ប្រទេសដែល​ចាប់អ្នក​កាសែត​ដាក់​ពន្ធនាគារ​នាំ​មុខ​មួយ​នៅ​ក្នុង​ពិភពលោក​ក៏​ដោយ។

ដោយ​មាន​ប្រធានាធិបតី​ត្រាំ​ស្ថិត​នៅ​ជិតក្នុង​អំឡុង​នៃ​សន្និសីទ​កំពូល​អាស៊ាន​កាល​ពី​ពេល​ថ្មីៗ​នេះ ​លោក Rodrigo Duterte ប្រធានា​ធិបតី​នៃ​ប្រទេស​ហ្វីលីពីន ​បាន​ហៅ​ពួក​អ្នក​យក​ព័ត៌មាន​ថា «ចារបុរស»។

នាយក​រដ្ឋមន្ត្រី​ប្រទេស​ថៃ​លោក Prayuth Chan-ocha និង​លោក Najib Razak នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី​បាន​លើក​ឡើង​អំពី​បញ្ហា ​«ព័ត៌មាន​ក្លែងក្លាយ​នេះ‍»។

​លោក Tom Malinowski ​អតីតឧបការី​រដ្ឋ​មន្ត្រី​ការ​បរទេសអាមេរិក​ទទួល​បន្ទុក​ប្រជាធិបតេយ្យ​និង​ការងារ​បាន​ប្រាប់ VOA ​ថា​ «អ្នកកាសែត​នៅ​ក្នុងប្រទេស​ផ្តាច់​ការ​ដូច​ជា​កម្ពុជា​ មាន​ការ​ពិបាក​រួច​ជា​ស្រេចទៅ​ហើយ​នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​ធ្វើ​ជា​គំរូ​ល្អ​នោះ‍»។

លោក Malinowski ដែល​បាន​បម្រើ​ការ​នៅក្រោម​អតីតប្រធានាធិបតី​អូបាម៉ា​បាន​និ​យាយ​ថា «ឥឡូវនេះ គ្រប់​មេដឹកនាំ​ផ្តាច់​ការ​ទាំងអស់​ដែល​ចង់​ហាមឃាត់​បណ្តាញ​ព័ត៌មាន​ដែល​ខ្លួន​មិន​ចូល​ចិត្ត​អាច​និយាយ​ថា ​លោក​ប្រធានា​ធិបតីត្រាំ​ធ្វើ​អញ្ចឹង​ដែរ​ ដូច្នេះ​ហេតុអ្វី​បាន​ជា​ខ្ញុំ​មិន​អាច​ធ្វើ​បាន​ដែរ»៕

ប្រែ​សម្រួល​ដោយជឹង ​ប៉ូជីន