ក្រុមអ្នកការពារសិទ្ធិមនុស្ស នៅថ្ងៃពុធនេះ ជំរុញឲ្យស្ថាប័នតុលាការពន្លឿននីតិវិធីដោះស្រាយសំណុំរឿងព្រហ្មទណ្ឌជាច្រើនករណីរបស់សកម្មជននយោបាយ ក៏ដូចជាអ្នកទោសមនសិការផ្សេងទៀត ដែលកំពុងជាប់ឃុំ ឬស្ថិតនៅក្រៅឃុំរង់ចំាការជំនុំជម្រះ។
ការស្នើរបស់ក្រុមអ្នកការពារសិទ្ធិមនុស្ស កើតមានឡើង ក្រោយក្រសួងយុត្តិធម៌បានប្រកាសពីលទ្ធផលនៃយុទ្ធនាការដោះស្រាយសំណុំរឿងព្រហ្មទណ្ឌកកស្ទះរាប់ពាន់សំណុំរឿងនៅតាមសាលាដំបូងរាជធានី និងខេត្ត។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ក្រសួងយុត្តិធម៌ បានរួមចំណែកដល់ការកាត់បន្ថយសំណុំរឿងកកស្ទះនៅតុលាការ តែលោកថា យុទ្ធនាការនេះ ហាក់ដូចជាមើលរំលងសំណុំរឿងរបស់សកម្មជនដែលធ្វើការងារសង្គម និងផ្នែកសិទ្ធិមនុស្ស បរិស្ថាន ក៏ដូចជាសកម្មជននយោបាយ ដែលខ្លះកំពុងជាប់ឃុំ និងខ្លះទៀតបានស្ថិតនៅក្រៅឃុំ តែមិនទាន់ទទួលបានការជំនុំជម្រះ។
«រឿងដែលសកម្មជនសង្គម នយោបាយ ឬក៏បរិស្ថានអីទាំងអស់នេះ ក៏ជាផ្នែកមួយនៃការពិនិត្យមើល ដើម្បីពិចារណា ក្នុងការជំរុញឲ្យមានការរកដំណោះស្រាយផងដែរ ពីព្រោះយើងដឹងហើយក្នុងករណីទាំងអស់នេះ គឺរងការរិះគន់ពីសហគមន៍ជាតិអន្តរជាតិច្រើនណាស់។ អីចឹងចំណុចទាំងអស់នេះ ក៏ជាចំណុចមួយដែលធ្វើឲ្យមានភាពបន្ធូរបន្ថយនូវស្ថានភាពតានតឹងផ្នែកនយោបាយ និងការរិះគន់ទៅលើការរំលោភបំពានសិទ្ធិមនុស្សអីជាដើមហ្នឹង ដើម្បីកុំឲ្យមានការបន្តនូវការដាក់សម្ពាធផ្សេងៗទៀតមកលើកម្ពុជាទៀត»។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព សាទរចំពោះការខិតខំរបស់ក្រសួងយុត្តិធម៌ ដែលបានផ្តួចផ្តើមឲ្យមានយុទ្ធនាការដោះស្រាយសំណុំរឿង ដែលកកស្ទះនៅតុលាការ។ យ៉ាងណាក៏ដោយ អ្នកស្រីប្រាប់វីអូអេថាស្ថាប័នតុលាការ ក៏គួរសិក្សាលើករណីនៃការឃុំខ្លួនបណ្តោះអាសន្ន រង់ចាំការកាត់ទោស ដែលអ្នកស្រីជឿថា អាចជាផ្នែកមួយនៃឫសគល់ នាំឲ្យមានការកកស្ទះសំណុំរឿងនៅតុលាការ។
«ត្រូវធ្វើការពិនិត្យគ្រប់ករណីទាំងអស់ ហើយជាពិសេសត្រូវធានាដល់សិទ្ធិសេរីភាពរបស់អ្នកពាក់ព័ន្ធហ្នឹង ហើយជម្រើសនៃការឃុំខ្លួនបណ្តោះអាសន្នហ្នឹង មិនគួរយកមកប្រើប្រាស់នោះទេ នៅខណៈដែលយើងឃើញករណី មានការកកស្ទះ ហើយនិងយើងឃើញជាពិសេសនៅក្នុងបរិបទកូវីដនេះ ក៏មានការឆ្លងរីករាលដាល អីចឹងតុលាការគួរតែពិចារណានៅក្នុងការប្រើប្រាស់នូវជម្រើសផ្សេង ជាជាងការដាក់ឲ្យមានការឃុំខ្លួនជាបណ្តោះអាសន្ននេះ»។
អ្នកស្រីបន្ថែមថា សិទ្ធិទទួលបានការជំនុំជម្រះឆាប់រហ័ស គួរតែត្រូវបានផ្តល់ឲ្យជនជាប់ឃុំជាទូទៅ មិនថា ជាសកម្មជន ឬជាពលរដ្ឋសាមញ្ញនោះទេ ដើម្បីបញ្ជាក់ពីប្រសិទ្ធភាពនៃដំណើរការអនុវត្តន៍នីតិវិធីផ្តល់យុត្តិធម៌របស់តុលាការ។
«មានករណីមួយចំនួនទៀត ជាពិសេស គឺករណីដែលជាប់មានការឃុំខ្លួនជាបណ្តោះអាសន្ន ដែលពាក់ព័ន្ធមិនត្រឹមតែពលរដ្ឋទូទៅទេ យើងឃើញមួយរយៈនេះ ក៏មានសំណុំរឿងពាក់ព័ន្ធសកម្មជននយោបាយ ឬក៏សកម្មជនសិទ្ធិមនុស្ស ហើយក៏មាន ការចាប់ខ្លួនថ្មីៗ ចំពោះសកម្មជនយុវជនបរិស្ថានអីជាដើម។ ខ្ញុំយល់ថា ការធានានូវនីតិវិធីមួយដែលផ្តល់ពេលវេលាគ្រប់គ្រាន់ ហើយនិងមិនពន្យារពេលសម្រាប់អ្នកពាក់ព័ន្ធ ដើម្បីទទួលបាននូវសិទ្ធិយុត្តិធម៌ ហើយនិងទទួលបាននូវការធានាដល់សិទ្ធិជំនុំជម្រះដ៏យុត្តិធម៌ ដល់ពួកគាត់នោះ គឺចាំបាច់ណាស់»។
ក្រសួងយុត្តិធម៌បានឲ្យដឹងកាលពីថ្ងៃអង្គារថាក្រសួងសម្រេចប្រកាសបិទបញ្ចប់យុទ្ធនាការដោះស្រាយសំណុំកកស្ទះ ក្រោយចំណាយពេលប្រមាណ១ឆ្នាំ ដើម្បីបំបែកសំណុំរឿងព្រហ្មទណ្ឌទូទៅ បានជាង៩០%នៃសំណុំរឿងកកស្ទះទាំងអស់ជិត៤ម៉ឺនសំណុំរឿង។
ក្នុងសេចក្តីប្រកាសមួយចុះថ្ងៃទី២៩ ខែមិថុនា ក្រសួងបានបង្ហាញថាតាមរយៈយុទ្ធនាការដែលបានដំណើរការតាំងពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ សាលាដំបូងរាជធានីខេត្តទូទាំងប្រទេសបានដោះស្រាយសំណុំរឿង ព្រហ្មទណ្ឌ ដែលកកស្ទះទាំងដំណាក់កាលអយ្យការ ទាំងដំណាក់កាលស៊ើបសួរ និងទាំងដំណាក់កាលជំនុំជម្រះ មានចំនួនសរុបជាង៣៧.៩០០រឿង ស្មើនឹង៩៦%នៃសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះសរុបជាង៣៩.៥០០រឿង។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់វីអូអេនៅថ្ងៃពុធនេះថាយុទ្ធនាការដែលបានធ្វើកន្លងមកនោះ គឺផ្តោតលើសំណុំរឿងទូទៅ ហើយក៏បានទទួលនូវលទ្ធផលជាដុំកំភួនផងដែរ។ ប៉ុន្តែលោកថាការរាតត្បាតជំងឺឆ្លងកូវីដ១៩បានធ្វើឲ្យសាលាដំបូងចំនួនពីរ នៅមិនទាន់អាចបិទបញ្ចប់យុទ្ធនាការជម្រះសំណុំរឿងកកស្ទះនេះ។
«យើងដោះស្រាយបាន៩៦% ហើយចំពោះសំណុំរឿងព្រហ្មទណ្ឌ គឺសំណុំរឿងទូទៅ យើងអត់គិតថាសកម្មជន ឬមិនសកម្មជនអីទេ នយោបាយ មិននយោបាយ គឺយើងផ្តោតទៅលើសំណុំរឿងព្រហ្មទណ្ឌទូទៅ។ ឯចំណែកឧបសគ្គ ការលំបាក ដូចជាមិនមានអីទេ មានការចូលរួមការសហការ ការប្តេជ្ញាអនុវត្តត្រឹមត្រូវទៅតាមវិធាននៃយុទ្ធនាការដែលបានដាក់ចេញហ្នឹង គ្រាន់តែថាឧបសគ្គបញ្ហាប្រឈម គឺមានតែកូវីដទេ ដោយសារតែការយាយីពីកូវីដហ្នឹង គឺសាលាដំបូងពីរមិនទាន់បានបិទបញ្ចប់នៅឡើយទេ គឺខេត្តព្រះសីហនុ ហើយនិងភ្នំពេញ ដែលទទួលរងផលប៉ះពាល់ខ្លាំងពីកូវីដ១៩នេះ»។
លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មិនឆ្លើយសំណួររបស់វីអូអេដែលផ្ញើតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាម។
ដោយឡែក មេដឹកនាំសហភាពការងារកម្ពុជា លោក អាត់ ធន់ បញ្ជាក់ថាលោកមានសំណុំរឿងព្រហ្មទណ្ឌនៅតុលាការចំនួន៧សំណុំរឿង គិតចាប់តាំងពីឆ្នាំ២០១៣មក។ ក៏ប៉ុន្តែក្រោយមានយុទ្ធនាការដោះស្រាយសំណុំរឿងកកស្ទះនេះ លោកនៅសល់តែពីរសំណុំរឿងទៀត ដែលត្រូវដោះស្រាយ។ សំណុំរឿងទាំងអស់នោះ គឺជាប់ពាក់ព័ន្ធនឹងសកម្មភាពសហជីពរបស់លោក។
មេដឹកនាំសហជីពរូបនេះចង់ឃើញតុលាការបញ្ចប់សំណុំរឿងរបស់លោកដែលនៅសេសសល់នេះ និងដោះស្រាយសំណុំរឿងរបស់សកម្មជនសហជីពផ្សេងទៀត ដើម្បីឲ្យលោក និងពួកគេមានសេរីភាពពេញលេញក្នុងការតស៊ូមតិការពារប្រយោជន៍របស់កម្មករ។
«ហ្នឹងហើយការណ៍ដែលទុកមានន័យថារបៀបដូចជានៅតែចង បើយើងមិនអាចធ្វើអីបាន នៅពេលដែលធ្វើ គេអាចយកសំណុំរឿងហ្នឹង យកមកចោទប្រកាន់ឡើងវិញ ឬក៏អាហ្នឹង និយាយទៅជាឧបសគ្គនៅក្នុងការបំពេញសកម្មភាពការងាររបស់យើង កាលណាយើងជាប់សំណុំរឿងនៅតុលាការ»។
គួរបញ្ជាក់ថាក្នុងយុទ្ធនាការដោះស្រាយសំណុំរឿងកកស្ទះនេះ ក្រសួងយុត្តិធម៌បានកោតសរសើរចំពោះការចូលរួមរបស់មន្រ្តីតុលាការទាំងអស់ ហើយធានាបាននូវការអនុវត្តន៍យ៉ាងត្រឹមត្រូវនូវអភិក្រមការងារ គឺ«លឿន ត្រឹមត្រូវ យុត្តិធម៌និងមិនពុករលួយ»។ ក្រសួងយុត្តិធម៌បញ្ជាក់ថាយុទ្ធនាការរយៈពេលប្រមាណ១ឆ្នាំនេះ ក៏បានជួយកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ នូវបុគ្គលសរុបចំនួន៣៩.៣០១នាក់ ដែលក្នុងនោះមានការដោះលែងពីពន្ធនាគារ ការសម្រេចមិនឃុំខ្លួន និងការសម្រេចបញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀន ជំនួសឲ្យការចោទប្រកាន់ជាដើម៕