ជំនួបកំពូលពិសេសដំបូងជាប្រវត្តិសាស្ត្ររបស់មេដឹកនាំសហរដ្ឋអាមេរិក និងមេដឹកនាំប្រទេសសមាជិកអាស៊ាននៅសេតវិមាន ត្រូវអ្នកជំនាញកិច្ចការអន្តរជាតិ ចាត់ទុកថា ជាជោគជ័យនៃការរឹតចំណងទាក់ទងឱ្យកាន់តែមានភាពស្និទ្ធស្នាល បន្ទាប់ពីភាគីទាំងពីរបានយល់ស្របគ្នាក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីបង្កើនកិច្ចប្រតិបត្តិការក្នុងវិស័យសំខាន់ៗ រាប់ចាប់តាំងពីការជំរុញសកម្មភាពសេដ្ឋកិច្ច កិច្ចការពារសន្តិសុខក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។
យ៉ាងណាក៏ដោយ សកម្មជនសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ស្រងាកចិត្ត នៅពេលបញ្ហាសិទ្ធិមនុស្ស និងការដើរធាក់ថយក្រោយនៃប្រព័ន្ធប្រជាធិបតេយ្យត្រូវបានលើកយកមកពិភាក្សាតិចតួច នៅក្នុងជំនួបកំពូលពិសេសសហដ្ឋអាមេរិក អាស៊ាន ដែលទើបត្រូវបានបិទបញ្ចប់កាលពីថ្ងៃសុក្រទី១៣ ខែឧសភា កន្លងទៅនេះ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកលោក ស៊ឹង សែនករុណា ប្រាប់វីអូអេកាលពីថ្ងៃសៅរ៍ថា ប្រទេសជាសមាជិកមួយចំនួនក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ានកំពុងប្រឈមនឹងវិបត្តិសិទ្ធិមនុស្ស និងកម្សោយនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ ខណៈមានការរឹតត្បិតលើសិទ្ធិសេរីភាពបញ្ចេញមតិ និងធ្វើនយោបាយ និងការបំបាត់សំឡេងគណបក្សជំទាស់ដែលកើនឡើងសំឡេងខ្លាំងក្នុងពេលបោះឆ្នោតផ្លាស់ប្តូរមេដឹកនាំប្រទេស។
លោកនិយាយថា៖ «យើងអត់ទាន់យល់ថា តើចំណុចទាំងអស់នេះ ហេតុអ្វីបានជាមិនត្រូវបានរំលេចនៅក្នុងកិច្ចប្រជុំ ក្នុងខណៈដែល បញ្ហាចម្រូងចម្រាសជាច្រើននៅក្នុងតំបន់អាស៊ានបានកើតឡើង ជាពិសេសបញ្ហាធំជាងគេ គឺរឿងរដ្ឋប្រហារយោធានៅប្រទេសភូមា ហើយរួមទាំងការរំលោភសិទ្ធិមនុស្ស និងរំលោភគោលការណ៍លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាយើងហ្នឹងដែរ។ ហ្នឹងគឺជាបញ្ហាសំខាន់ ហើយលេចធ្លោនៅក្នុងតំបន់ ហើយអ្នកណាៗ ក៏គេដឹងអំពីបញ្ហានេះដែរ»។
លោកបន្ថែមថា៖ «ហើយយើងមានការសោកស្តាយចំពោះសេចក្តីថ្លែងការណ៍ដែលមិនបានលើកឡើងឱ្យចំ ទៅនឹងបញ្ហា ដែលពលរដ្ឋនៅក្នុងតំបន់អាស៊ាន ក៏ដូចជាពលរដ្ឋនៅក្នុងប្រទេសដែលកំពុងមានបញ្ហានីមួយៗ ចង់បាន ជាពិសេសគឺពាក់ព័ន្ធនឹងការបន្ធូរបន្ថយនូវស្ថានភាពការរំលោភសិទ្ធិមនុស្ស ហើយនិងប្រជាធិបតេយ្យអីហ្នឹង ដើម្បីឱ្យមានកិច្ចអន្តរាគមន៍ វិលត្រឡប់មកស្ថានភាពល្អប្រសើរឡើងវិញ។ អីចឹង យើងមានការសោកស្តាយណាស់ក្នុងការណ៍ដែលមិនមានរបៀបនេះត្រូវបានរំលេចចេញជាផ្លូវការ»។
បើតាមលោក ស៊ឹង សែនករុណា បញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យដែលជាប្រធានបទក្តៅរបស់ប្រទេសជាសមាជិកសមាគមអាស៊ានមួយចំនួននោះ ទំនងជាត្រូវក្រុមមន្ត្រីសហរដ្ឋអាមេរិក និងអាស៊ានជជែកគ្នានៅក្រៅរបៀបវារៈនៃកិច្ចប្រជុំ។
បើតាមសេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមចេញផ្សាយកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ក្រុមមេដឹកនាំប្រទេសក្នុងសមាគមអាស៊ាន និងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នាក្នុងការបង្កើនសកម្មភាព និងទំនាក់ទំនងសេដ្ឋកិច្ច ជំរុញកិច្ចសហប្រតិបត្តិការក្នុងដែនសមុទ្រ ការរក្សាសន្តិភាព និងបង្កើនទំនុកចិត្ត បង្កើនការតភ្ជាប់រវាងប្រជាជន និងប្រជាជន ការធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យា និងការជំរុញការច្នៃប្រតិដ្ឋ ក៏ដូចជាការគំាទ្រសកម្មភាពអភិវឌ្ឍន៍អនុតំបន់ និងការដោះស្រាយបញ្ហាអាកាសធាតុ។
សេចក្តីថ្លែងការណ៍បានរំលេចច្បោលៗនូវបញ្ហាសិទ្ធិមនុស្ស ដែលផ្តោតជាចម្បងលើវិបត្តិផ្ទៃក្នុងរបស់ប្រទេសមីយ៉ាន់ម៉ា និងសង្គ្រាមដែលកំពុងឆាបឆេះនៅអ៊ុយក្រែន។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ កត់សម្គាល់ការស្រុះស្រួលគ្នារវាងភាគីអាមេរិក និងអាស៊ាន លើបញ្ហាសំខាន់ៗជាច្រើន រួមមានវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងជំនួបប្រជុំកំពូលពិសេសរយៈពេលពីរថ្ងៃនោះ។ ក៏ប៉ុន្តែ អ្វីដែលធ្វើឱ្យអ្នកការពារសិទ្ធិមនុស្សរូបនេះសោកស្តាយនោះ គឺបញ្ហាសិទ្ធិមនុស្ស ដែលត្រូវបានពិភាក្សាតិចតួចដោយភាគីទាំងពីរ រួចបញ្ចូលក្នុងសេចក្តីថ្លែងការណ៍រួមរបស់ផងខ្លួន។
លោកនិយាយថា៖ «យើងមានការសោកស្តាយដែរ នៅចំណុចបញ្ហាលើសិទ្ធិមនុស្សដូចជាមិនមានការលើកឡើង ហើយនិងចេញជាសេចក្តីថ្លែងការណ៍រួមទេ ពីព្រោះយើងឃើញថា នៅក្នុងអាស៊ាននេះ មានបណ្តាប្រទេសមួយចំនួន ក៏កំពុងតែរងនូវការរិះគន់ពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដែរ។ ហើយយើងមើលទៅដូចជាខាងមីយ៉ាន់ម៉ា ដែលកំពុងតែរិះគន់ខ្លាំង»។
ក៏ប៉ុន្តែ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ផ្តល់សេចក្តីពន្យល់ថា ភាគីអាមេរិក និងអាស៊ាន បានឈរលើគោលការណ៍មិនលូកលាន់កិច្ចការផ្ទៃក្នុងរបស់ប្រទេសនីមួយៗ ស្របតាមយន្តការអន្តរជាតិ និងគោលការណ៍ប្រពៃណីរបស់អាស៊ាន។
លោកប្រាប់វីអូអេកាលពីថ្ងៃអាទិត្យយ៉ាងដូច្នេះ៖ «កិច្ចប្រជុំនេះ គឺប្រជុំពិសេសរវាងអាមេរិក និងអាស៊ាន ដើម្បីពង្រឹងទំនាក់ទំនងអាមេរិក ហើយនិងអាស៊ាន អ៊ីចឹង អ្វីដែលគេជជែកគ្នាគឺជាបញ្ហាតំបន់ ហើយនិងយន្តការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាមេរិក និងអាស៊ាននិងការជួយគាំទ្រគ្នាទៅវិញទៅមក។ ហើយគោលការណ៍អាស៊ាន គោលការណ៍អន្តរជាតិគេមិនលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យនីមួយៗនោះទេ។ អ៊ីចឹង នេះជាគោលការណ៍ ហើយក៏ជាគោលបំណង ជាយន្តការនៃកិច្ចប្រជុំនេះ ហើយអ្នករិះគន់អ្នកស្នើអី គឺស្នើដោយមិនយល់ពីយន្តការអន្តរជាតិ និងយន្តការតំបន់អីសោះ»។
Your browser doesn’t support HTML5
កិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ានដែលបានបញ្ចប់ទៅនាពេលថ្មីៗនេះ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ត្រូវបានអ្នកជំនាញកិច្ចការអន្តរជាតិមើលឃើញថា ជាលទ្ធផលមួយបានមកពីការដាក់ចេញគោលនយោបាយការបរទេសរបស់រដ្ឋបាលប្រធានាធិបតីទី៤៤របស់សហរដ្ឋអាមេរិក គឺលោកប្រធានាធិបតី Barack Obama ដែលបានផ្តោតការយកចិត្តទុកដាក់របស់លោកក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ទីដែលរដ្ឋាភិបាលទីក្រុងប៉េកាំងប្រឹងប្រែងបង្កើនឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់ខ្លួន។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គិន ភា ប្រាប់វីអូអេកាលពីថ្ងៃសៅរ៍ ថា បញ្ហាសិទ្ធិមនុស្សជាកត្តារសើបមួយសម្រាប់ប្រទេសសមាជិកអាស៊ានមួយចំនួន ហេតុដូច្នេះ សហរដ្ឋអាមេរិកត្រូវបង្ខំចិត្តមិនវែកញែកច្រើននៅក្នុងបញ្ហានេះ ហើយប្តូរមកចាប់ដៃជាមួយអាស៊ានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀត។
លោកថ្លែងថា៖ «វាជាការដូរនូវវិធីសាស្ត្រមួយរបស់សហរដ្ឋអាមេរិក ជុំវិញបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនេះ គឺតាមរយៈនៃការធ្វើការជិតស្និទ្ធ ជាមួយនឹងអាស៊ានតាមរយៈយន្តការ ឬក៏វិស័យផ្សេងៗ ជាជាងផ្តោតសំខាន់ខ្លាំងពេកទៅលើបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដែលជាបញ្ហារសើបសម្រាប់រដ្ឋជាសមាជិកអាស៊ានមួយចំនួន»។
លោកបន្ថែមថា៖ «ពីព្រោះការលើកឡើងចំៗពាក់ព័ន្ធជាមួយបញ្ហាទាំងអស់នោះ វាហាក់ដូចជាត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃការលូកលាន់ ឬក៏ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសដែលជាសមាជិកអាស៊ានមួយចំនួន»។
បើតាមសេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមដដែលរបស់ភាគីអាមេរិក និងអាស៊ាន ស្ថានភាពដុនដាបនៃជម្លោះផ្ទៃក្នុងនៅប្រទេសភូមាគ្រប់គ្រងដោយក្រុមយោធា ត្រូវបានពណ៌នាជាមួយនឹងការតាំងចិត្តក្នុងការបន្តដោះស្រាយជម្លោះនេះ ពីភាគីអាមេរិក និងអាស៊ាន។ ភាគីទាំងពីរក៏បានអំពាវនាវឱ្យមានបទឈប់បាញ់នៅអ៊ុយក្រែន ទាំងមិនបាននិយាយចំឈ្មោះដល់ដៃគូជម្លោះរបស់រដ្ឋាភិបាលទីក្រុងកៀវ គឺរដ្ឋាភិបាលវិមានក្រឹមឡាំងរបស់លោកប្រធានាធិបតីរុស្សី គឺលោក Vladimir Putin។
សេចក្តីថ្លែងការណ៍បានសរសេរដោយយោងទៅដល់វិបត្តិនៅភូមាក្នុងន័យដើមថា៖ «យើងនៅមានក្តីបារម្ភយ៉ាងខ្លាំងអំពីវិបត្តិនៅភូមា។ យើងបន្តគាំទ្រដល់កិច្ចខិតខំរបស់អាស៊ាន ដើម្បីសម្របសម្រួលឱ្យបានដំណោះស្រាយដោយសន្តិវិធីមួយជាប្រយោជន៍នៃប្រជាជនមីយ៉ាន់ម៉ា ក្នុងនោះកិច្ចការនេះក៏នឹងធ្វើឡើងតាមរយៈប្រេសិតរបស់ប្រធានអាស៊ាន នៅក្នុងការកសាងការជឿជាក់ និងទំនុកចិត្តជាមួយលទ្ធភាពដែលអាចបានទៅដល់គ្រប់ភាគីពាក់ព័ន្ធ និងដើម្បីធ្វើការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយប្រសិទ្ធភាពទៅឱ្យប្រជាជនមីយ៉ាន់ម៉ា»។
ឆ្លើយតបនឹងវិបត្តិនៅប្រទេសអ៊ុយក្រែន សេចក្តីថ្លែងការណ៍បានលើកឡើងថា៖ «ក្នុងនាមជាប្រជាជាតិទាំងអស់ យើងបញ្ជាក់ជាថ្មីជំហរនៃការគោរពរបស់ពួកយើងចំពោះ អធិបតេយ្យភាព ឯករាជ្យភាពខាងនយោបាយ និងបូរណភាពទឹកដី...យើងបានបញ្ជាក់ពីសារៈសំខាន់នៃការបញ្ឈប់ការប្រយុទ្ធគ្នាជាបន្ទាន់ និងបង្កើតឱ្យមានបរិយាកាសដែលឈានដល់ដំណោះស្រាយដោយសន្តិវិធី»។
ដោយឡែក ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានផ្តល់ការអត្ថាធិប្បាយលើគណនី Twitter ផ្លូវការរបស់លោកក្រោយជំនួបកំពូលពិសេសអាមេរិក-អាស៊ានថា លោកបានស្វាគមន៍មេដឹកនាំអាស៊ានមកកាន់សេតវិមានជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ និងបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកមកកាន់តំបន់អាស៊ីអាគ្នេយ៍។ លោកបន្ថែមថា អាមេរិក និងអាស៊ាន បានពិភាក្សាអំពីសារៈសំខាន់នៃការធ្វើការរួមគ្នាដើម្បីធានា សន្តិសុខ វិបុលភាព និងការគោរពសិទ្ធិមនុស្សសម្រាប់ប្រជាជនមួយពាន់លាននាក់របស់អាមេរិក និងអាស៊ាន។
This evening, I welcomed ASEAN leaders to the White House for the first time in history, and reaffirmed the U.S. commitment to Southeast Asia. We discussed the importance of working together to ensure security, prosperity, and respect for human rights for our one billion people. pic.twitter.com/nu6X5Lh2eh
— President Biden (@POTUS) May 13, 2022
គួររម្លឹកឡើងវិញផងដែរថា កិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន បានប្រព្រឹត្តទៅ រយៈពេល ២ ថ្ងៃក្នុងរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១២ ដល់១៣ ខែឧសភានេះ ដោយមានការចូលរួមពីមេដឹកនាំមកពីបណ្តាប្រទេសសមាជិកអាស៊ានចំនួន៨ប្រទេស ខណៈប្រទេសហ្វីលីពីនកំពុងស្ថិតក្នុងដំណាក់កាលផ្លាស់ប្តូរប្រធានាធិបតី។ ចំណែកមេដឹកនាំរបបយោធាភូមាលោក Min Aung Hlaing ដែលបានទម្លាក់មេដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ និងជាមេដឹកនាំស៊ីវិលជាប់ឆ្នោតគឺលោកស្រី Aung San Suu Kyi តាមរយៈរដ្ឋប្រហារនៅឆ្នាំ២០២១ នោះ ត្រូវបានហាមមិនឱ្យចូលរួមជំនួបកំពូលពិសេសនេះទេ៕