ក្រុមយុវជនមាតាធម្មជាតិដែលមានគ្នាប្រមាណ២០នាក់ នៅថ្ងៃអង្គារនេះ ចាប់ផ្តើមយុទ្ធនាការជិះកង់ពីខេត្តកោះកុងទៅកាន់រាជធានីភ្នំពេញ ក្នុងគោលបំណងដាក់ញត្តិនៅខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ស្នើឲ្យដាក់បញ្ចូលកោះកុងក្រៅជាតំបន់ការពារ។ ពួកគេបារម្ភថា តំបន់នោះអាចរងការបំផ្លាញ ប្រសិនបើមិនមានការការពារ។
យុទ្ធនាការជិះកង់ដាក់ញត្តិរបស់ក្រុមយុវជនមាតាធម្មជាតិនេះចាប់ផ្តើមពីថ្ងៃទី២ដល់ថ្ងៃទី៥ខែមិថុនាឆ្នាំ២០២០។
លោក ថុន រដ្ឋា យុវជនមាតាធម្មជាតិប្រាប់ VOA នៅថ្ងៃអង្គារនេះថា ក្រុមយុវជនមាតាធម្មជាតិចំនួន១៨នាក់ បានរៀបចំយុទ្ធនាការនេះឡើង ដោយក្នុងនោះ១១នាក់ជិះកង់ និង៧នាក់ផ្សេងទៀត ជិះម៉ូតូតាមឃ្លាំមើល។ លោកបន្តថា មូលហេតុនៃការធ្វើយុទ្ធនាការជិះកង់នេះ គឺដោយសារក្រុមយុវជនមាតាធម្មជាតិបានមើលឃើញអំពីសក្តានុពលរបស់កោះកុងក្រៅ ដែលស្ថិតក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង និងជាតំបន់ពោរពេញដោយធម្មជាតិដែលអាចទាក់ទាញទេសចរណ៍បានច្រើន។
លោក ថុន រដ្ឋា បន្ថែមថា ទន្ទឹមនឹងមើលឃើញសក្តានុពលរបស់កោះនេះ ក្រុមយុវជនមាតាធម្មជាតិក៏បារម្ភថា កោះដែលមានសក្តានុពលមួយនេះ អាចនឹងត្រូវរងការបំផ្លាញដូចកោះផ្សេងៗជាច្រើនទៀត។
«យើងធ្លាប់មានបទពិសោធន៍ច្រើនហើយទៅកាន់តំបន់កោះមួយចំនួនដែលមានសក្តានុពលដូចនៅកោះរ៉ុង កោះរ៉ុងសន្លឹម បច្ចុប្បន្នកំពុងមានការសាងសង់អគារ ការសាងសង់កាស៊ីណូផង ហើយមានការកាប់បំផ្លាញព្រៃឈើ ហើយជាពិសេសទៀត តំបន់ឆ្នេរ ត្រូវមានការបង្ហូរទឹកលូកខ្វក់ចូលទៅកាន់សមុទ្រអីជាដើម»។
លោក ថុន រដ្ឋា បញ្ជាក់ថា ការស្នើទៅលោក ហ៊ុន សែនដើម្បីដាក់កោះកុងក្រៅទៅជាតំបន់ការពារដោយច្បាប់ និងរក្សាសភាពដើមនៃកោះនេះមានការគាំទ្រពីអ្នកប្រើបណ្តាញសង្គមជាង៦ពាន់នាក់ តាមរយៈការសរសេរពាក្យ «គាំទ្រ» លើសារ និងវីដេអូដែលពួកគេបានបង្ហោះលើទំព័រហ្វេសប៊ុករបស់Mother Nature ផងដែរ។
បើតាមវីដេអូដែលក្រុមយុវជនមាតាធម្មជាតិបានបង្ហោះកាលពីសប្តាហ៍មុន កោះកុងក្រៅមានទំហំ១០៣គីឡូម៉ែត្រការ៉េ មានឆ្នេរប្រវែង៥៣គីឡូម៉ែត្រ និងមានចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទ។ កោះកុងក្រៅមានដើមឈើធំៗ កូនភ្នំ សត្វព្រៃ ទឹកធ្លាក់ជាច្រើនកន្លែង ឆ្នេរខ្សាច់សក្បុស និងផ្កាថ្មជាដើម។
លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថានលើកឡើងថា ក្រសួងបរិស្ថានបានចាប់ផ្តើមសិក្សាតំបន់កោះកុងក្រៅ ដើម្បីដាក់ស្នើជាឧទ្យានសមុទ្រធម្មជាតិតាំងពី៣ឆ្នាំមុនមក ដោយត្រូវការពេលវេលាដើម្បីកំណត់ពីទំហំតំបន់ការពារប្រភេទសត្វដែលត្រូវការពារ បញ្ហាជុំវិញតំបន់ ព្រមទាំងការរៀបចំផែនការផ្សេងៗ។ លោកបន្តថា រហូតមកដល់ពេលនេះ ក្រសួងមិនទាន់អាចកំណត់ពីពេលវេលានិងទំហំជាក់លាក់ដើម្បីដាក់ស្នើទៅរដ្ឋាភិបាលឲ្យមានការការពារនៅឡើយ។
អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះបន្ថែមថា នៅពេលដែលតំបន់នោះក្លាយជាតំបន់ការពារ នោះតំបន់នេះនឹងមានការបោះបង្គោលកំណត់ព្រំដែន ការរឹតបន្តឹងមិនឲ្យមានការសាងសង់សំណង់ខុសច្បាប់និងទប់ស្កាត់ការបំផ្លិចបំផ្លាញផ្សេងៗ។
«តំបន់នោះគឺតំបន់ដែលមានឆ្នេរសមុទ្រស្អាត ហើយមានធនធានធម្មជាតិមានសត្វព្រៃ នៅក្រោមសមុទ្រមានសត្វសមុទ្រដែលត្រូវការអភិរក្ស មានផ្កាថ្ម មានអីហ្នឹង។សំខាន់គឺផ្តោតទៅលើទេសចរណ៍ធម្មជាតិតែម្តង។ហើយនេះជាផលប្រយោជន៍នៃការដាក់តំបន់ទាំងអស់នោះជាតំបន់ឧទ្យានជាតិសមុទ្រហើយក្រៅអំពីនេះគឺយើងនឹងមានឧទ្យានជាតិសមុទ្រមួយដ៏ធំសម្រាប់កម្ពុជារបស់យើង»។
បើតាមលោក នេត្រ ភក្រ្តា នៅកម្ពុជាទើបមានតំបន់ឧទ្យានជាតិសមុទ្រតែមួយប៉ុណ្ណោះ គឺកោះរ៉ុងហើយលោកថាកោះកុងក្រៅនឹងក្លាយជាតំបន់ឧទ្យានជាតិសមុទ្រទី២ ដែលនឹងមានការការពារតាមច្បាប់៕