សកម្មជន​រំឭក​ឃាតកម្ម​លោក ជា វិជ្ជា ហើយ​ស្នើ​ឱ្យ​អាជ្ញាធរ​រក​ឃាតករ​ដើម្បី​បញ្ចប់​និទណ្ឌភាព

រូបឯកសារ៖ សហជីពម្នាក់កាន់ធូបនៅពីលើរូបថតរបស់លោក ជា វិជ្ជា ដែលជាអតីតប្រធានសហជីពសេរីកម្មករ ក្នុងអំឡុងពិធីគម្រប់ខួប ៦ ឆ្នាំនៃការសម្លាប់លោក ជា វិជ្ជា នៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០១០។

សកម្មជន​មួយចំនួន​នៅ​រំ​ឭក​ដល់​ការ​ស្លាប់​មេដឹកនាំ​សហជីព​លេចធ្លោ​មួយ​រូប​គឺ​លោក ​ជា វិជ្ជា​ ដែល​ត្រូវ​បាន​ខ្មាន់​កំាភ្លើង​បាញ់​ស្លាប់នៅ​កណ្តាលទីក្រុង​ភ្នំពេញ​កាល​ពី​១៩ឆ្នាំ​មុន។

លោក ​ជា វិជ្ជា ​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ត្រូវ​បាន​គេបាញ់​ចំ​សៀត​ផ្កា និង​ដើមទ្រូង​ ដេក​ស្លាប់​ក្នុង​ថ្លុក​ឈាម​ នា​ព្រឹក​ថ្ងៃទី​២២ ខែ​មករា​ ឆ្នាំ​២០០៤ ​ខណៈ​លោក​កំពុង​ឈរ​នៅ​ក្នុង​តូប​កាសែត​មួយ ​ខាងលិច​វត្ត​លង្កា​ ក្នុង​ទី​ក្រុង​ភ្នំពេញ។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ អ្នកស្រី​ ចក់ សុភាព ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះថា មិន​ទាន់​ឃើញ​ពន្លឺ​យុត្តិធម៌​នៅ​ឡើយ​ចំពោះ​ឃាតកម្ម​លើ​លោក​ ជា វិជ្ជា ដែល​មិនខុស​ពីឃាតកម្ម​លើអ្នក​អត្ថាធិប្បាយ​នយោបាយ​លោក ​កែម ឡី​ និង​សកម្មជន​ការ​ពារ​ព្រៃ​ឈើ​លោក​ ឈុត វុទ្ធី​។ អ្នកស្រី បន្ថែម​ថា​ ការណ៍​នេះ​បាន​បង្ក​ឲ្យមាន​វប្បធម៌​និទណ្ឌភាព​ ឬ​ភាពគ្មាន​ទោស​ពៃរ៍នៅ​ប្រទេស​កម្ពុជា។​ ​

អ្នកស្រីថ្លែង​ថា​៖ «​យើ​ងឃើញ​ថា ​យុត្តិធម៌​សម្រាប់​ដូចជា​លោក​ ជា វិជ្ជា ​ករណី​ លោក បណ្ឌិត​ កែម ឡី និង​លោក ឈុត​ វុទ្ធី​ ដូច​ជា​នៅឆ្ងាយ ដែល​នេះជាការ​បន្ត​នូវ​វប្បធម៌​និទណ្ឌភាព​នៅ​ក្នុង​សង្គមខ្មែរ​យើ​ងហ្នឹង​»។

បើ​តាម​នាយិកា​រូបនេះ​ វប្បធម៌​និទណ្ឌភាព​ អាច​បង្ក​ការគំរាម​កំហែង​ដល់​សាធា​រណជន​ និង​បំបាក់​ស្មារតី​ប្រជា​ជពលរដ្ឋ​ក្នុង​សកម្មភាព​តស៊ូមតិ​។

អ្នកស្រី​បញ្ជាក់​ថា​៖ «អ៊ីចឹង​ក្នុងនាម​ជាថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ហ្នឹង​គួរតែ​ធ្វើ​កិច្ចការងារ​ចាំបាច់​ដើម្បី​លុប​បំបាត់​នូវ​វប្បធម៌​និទណ្ឌ​ភាព​នេះ​ដើម្បី​បញ្ជាក់​ថា​ ប្រទេស​កម្ពុជា​យើង​ពិត​ជា​មាន​ប្រព័ន្ធ​នីតិ​រដ្ឋមួយ​ដែល​រឹង​មាំ ហើយ​ផ្តល់​យុត្តិធម៌​ដល់​ប្រជាពល​រដ្ឋខ្មែរ​គ្រប់​រូប​ដោយ​មិនមាន​ការ​រើសអើង​»។

អ្នក​ស្រី​បន្ថែម​ថា ​អាជ្ញាធរ​គួរប្រឹង​ប្រែងបំពេ​ញ​ភារកិច្ច​របស់​ខ្លួន​ក្នុង​ការ​ស្វែង​រក​ជន​បង្ក​មក​ផ្តន្ទា​ទោស​ ដើម្បី​ជា​ការ​ផ្តល់​យុត្តិ​ធម៌​ដល់​ជនរង​គ្រោះ និង​ក្រុមគ្រួសារ​។ ម្យ៉ាង​វិញ​ទៀត​ អាជ្ញាធរ​ត្រូវ​ធានា​សិទ្ធិ​ក្នុង​ការ​ដឹង​ឮរឿង​រ៉ាវ​ពិត​ ​កិច្ច​គាំ​ពារ​សង្គម​សម្រាប់​ប្រជា​ពល​រដ្ឋឲ្យ​បាន​គ្រប់​គ្រាន់ និ​ងត្រូវ​ធានា​អំពីគោល​ការណ៍​នីតិ​រដ្ឋ ​ដើម្បី​កុំ​ឱ្យ​ប្រជា​ពល​រដ្ឋ​បាត់​បង់​សេចក្តី​ទុក​ចិត្ត​លើ​រដ្ឋាភិបាល​។

ថ្លែ​ងនៅក្នុង​ពិធី​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​នៅ​ទី​តម្កល់​រូបសំណាក​លោក ជា វិជ្ជា ខាង​មុខ​វត្ត​លង្កា​ កាលពី​ថ្ងៃ​អាទិត្យ​ លោក ​វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ ត្រូវតែ​បន្ត​នូវ​សកម្មភាព​ដើម្បី​ទាមទារ​រក​យុត្តិធម៌​សម្រាប់សកម្មជន​សហ​ជី​ព ដែល​បាន​បាត់បង់​ជីវិត​ក្នុង​បុព្វហេតុ​ការ​ពារ​ប្រយោជន៍​កម្មករ និង​សង្គមជាតិ​។

លោក​ថ្លែង​ថា​៖ «ខ្ញុំសូម​យក​ឱកាសនេះ​អំពាវនាវ​ម្តង​ទៀត​ទៅដល់​រាជ​រដ្ឋាភិបាល​ ស្ថាប័ន​ពាក់​ព័ន្ធ​សូម​រក​ឃាត​ករពិត​ដើម្បី​ផ្តល់​យុត្តិ​ធម៌​សម្រាប់​យើង​ទាំង​អស់គ្នា ដែល​ជាសិស្ស​របស់​លោក​ ជា វិជ្ជា ផ្តល់​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ​របស់គាត់​ ឲ្យយើង​ទុក​ចិត្ត​ថា​ ឃាតករ​ពិត​ជានរ​ណា​។ យើង​មិន​ទាន់អស់​ចិត្ត​នៅឡើយទេ​»។

គួររំឭក​ថា​ ការ​បាញ់​សម្លាប់​លោក​ ជា វិជ្ជា​ កើត​មាន​ឡើង​ បន្ទាប់​ពី​លោក​បាន​ទទួល​រង​ការ​ព្រមាន​សម្លាប់ ​និង​ការ​គំរាម​កំហែង​ពី​ជន​មិន​ស្គាល់​មុខ​ជា​បន្ត​បន្ទាប់ ​ចំពោះ​សកម្មភាព​សហជីព​ដ៏​សកម្ម​របស់​លោក ​ដើម្បី​ទាម​ទារ​អត្ថប្រយោជន៍​ដល់​កម្មករ​រួមមាន​ទាំង​ការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ផង​ដែរ។

​អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌ ​លោក ជិន ម៉ាលីន ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេ​ឡេ​ក្រាមនៅ​ថ្ងៃ​ចន្ទ​នេះ​ថា សមត្ថកិច្ច​នៅតែ​បន្ត​ស៊ើប​អង្កេត​ និង​ស្រាវជ្រាវ​ទៅ​លើ​ករណី​ការស្លាប់​របស់លោក ​ជា វិជ្ជា ហើយ​ថា អាជ្ញាធរអាច​ត្រូវ​ការ​ពេល​វេលា​ច្រើន​ក្នុងការ​បំបែក​សំណុំរឿង​ស្មុគ​ស្មាញ​។

លោក​ថ្លែ​ងថា៖ «ប្រព័ន្ធ​យុត្តិធម៌​ឬមួយ​ក៏សមត្ថភាព​របស់សមត្ថកិច្ច​យើ​ង បើ​ប្រៀប​ធៀបជា​មួយ​បណ្តា​ប្រទេស​គេ​ផ្សេង​ទៀត​ក៏វា​មិន​ជាអន់អី​ជាងគេ​ប៉ុន្មាន​ដែរ​ក្នុង​កា​រស្រាវ​ជ្រាវ​បំបែក​សំណុំ​រឿង ព្រោះ​អី​សំណុំ​រឿង​ស្មុគស្មាញនៅ​ប្រទេសគេ​ក៏គេ​ចំណាយ​ពេល​ច្រើន​ឆ្នាំ​រាប់ឆ្នាំ។ សំណុំ​រឿង​ខ្លះ​បំបែក​បាន សំ​ណុំ​រឿងខ្លះ​ក៏​បំបែក​មិន​បាន​ដូច​តែគ្នា​អ៊ីចឹង​ដែរ ប៉ុន្តែ​គ្រាន់​តែ​ថា​ក្នុង​ដំណើរ​ការ​ស្វែង​រក​យុត្តិ​ធម៌គឺសមត្ថកិច្ច​នៅ​តែ​បន្ត​ធ្វើការងារ​ហ្នឹង​»។​

ករណី​លោក​ ជា វិជ្ជា ត្រូវ​បាន​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​មើល​ឃើញ​ថា ស្ថិត​ក្នុង​ចំណោម​សំណុំ​រឿង​ដែល​មិន​ទាន់​ដោះ​ស្រាយ​បាន​ចប់​សព្វ​គ្រប់ផ្សេង​ទៀត​ ដូចយ៉ាង​ករណី​ឃាតកម្ម​លើ​នាដ​ការី ​ពិសិដ្ឋ ពិលិការ នៅឆ្នាំ​១៩៩៩ និង​ព្រះ​តេជព្រះគុណ ​សំ ប៊ុន​ធឿន នៅ​ឆ្នាំ​២០០៣​ជាដើម៕