ការ​ទទួល​បាន​ទឹក​ប្រើប្រាស់គ្រប់គ្រាន់​​អាច​ជា​គន្លឹះ​មួយ​​ដោះស្រាយ​ភាព​ក្រីក្រ​និង​វិសមភាព​យេនឌ័រ

កសិករម្នាក់កំពុងជិះទូកបេះបន្លែនៅក្នុងបឹងមួយ នៅជាយក្រុងភ្នំពេញ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩។

សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​តាម​តំបន់​ជនបទ ការ​ទទួល​បាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់​ប្រចាំ​ថ្ងៃ អាច​ជា​គន្លឹះ​មួយ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជីវភាព​ក្រីក្រ និង​វិសមភាព​យេនឌ័រ​រវាង​បុរស​និង​ស្ត្រី ពាក់ព័ន្ធ​នឹង​តួនាទី​និង​អំណាច​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ក្នុង​គ្រួសារ។ នេះ​បើ​យោង​តាម​ការ​រក​ឃើញ​បឋម​នៃ​ការ​សិក្សា​ស្រាវជ្រាវ​រួម​គ្នា​មួយ​របស់​វិទ្យាស្ថាន​បរិស្ថាន Stockholm ឬ Stockholm Environment Institute (SEI) និង​វិទ្យាស្ថាន​មូលនិធិ​អាស៊ី ឬ The Asia Foundation និង​អង្គការ​ Winrock International។

ការ​សិក្សា​ស្រាវជ្រាវ​មួយ​នេះ ធ្វើ​ឡើង​ដើម្បី​បង្ហាញ​អំពី​ភាព​ពាក់ព័ន្ធ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ការ​ទទួល​បាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់ ភាព​ក្រីក្រ និង​សមភាព​យេនឌ័រ ​ក្នុង​គោល​បំណង​ស្វែង​យល់​បន្ថែម​ថា តើ​ការ​ជួយ​ថា​ពលរដ្ឋ​នៅ​តាម​តំបន់​ជនបទ​ទទួល​បាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់​សម្រាប់​ការ​ធ្វើ​ដំណាំ​កសិកម្ម អាច​សម្រួល​ដល់​បញ្ហា​ជីវភាព​ក្រីក្រ និង​វិសមភាព​យេនឌ័រ​រវាង​បុរស​និង​ស្ត្រី​នៅ​ក្នុង​គ្រួសារ បាន​ដល់​កម្រិត​ណា។ នេះ​បើ​យោង​តាម​សេចក្តីប្រកាសមួយ​ ដែល​ចុះ​ផ្សាយ​ដោយ​មូលនិធិ​អាស៊ី កាលពី​ថ្ងៃទី៤ ខែ​ធ្នូ

ស្ថាប័ន​ស្រាវជ្រាវ​ធំៗ​ទាំង​បី​នេះ បាន​ធ្វើ​ការ​ស្ទង់​មតិ​ជាមួយ​គ្រួសារ​ខ្មែរ​ប្រមាណ ៨០០​គ្រួសារ នៅ​តំបន់​ទីជម្រាល​ស្ទឹង​ជីនិត ​នៅ​ស្រុក​បារាយណ៍ នៅ​ខេត្ត​កំពង់ធំ ដើម្បី​កំណត់​ពី​ការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៃ​ការ​ទទួល​បាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ភាព​ក្រីក្រ និង​វិសមភាព​យេនឌ័រ​ នៅ​តាម​តំបន់​ជនបទ​នៃ​ប្រទេស​កម្ពុជា។

ស្ទឹង​ជីនិត គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ដង​ទន្លេ​សាប​ក្នុង​ប្រទេស​កម្ពុជា ដែល​ប្រជាពលរដ្ឋ​ភាគច្រើន​ក្នុង​តំបន់​នេះ​ត្រូវការ​ទឹក​ជា​ចាំ​បាច់​សម្រាប់​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​តាម​រយៈ​ការ​ធ្វើ​ដំណាំ កសិកម្ម និង​នេសាទ។ ៧០ភាគរយ​នៃ​ចំនួន​ពលរដ្ឋ​កម្ពុជា​សរុប ពឹង​ផ្អែក​លើ​ទឹក​តាម​រយៈ​ទន្លេ​សាប ដើម្បី​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ។

សេចក្តី​ប្រកាស​របស់​មូលនិធិ​អាស៊ី បាន​កត់​សម្គាល់​ថា ​គ្រួសារ​ដែល​មាន​ជីវភាព​ធូរធា ភាគច្រើន​គ្រប់គ្រង​តំបន់​នេសាទ​ត្រី​ជាច្រើន​កន្លែង​នៅ​លើ​ដង​ទន្លេ​សាប បើ​ធៀប​នឹង​គ្រួសារ​ដែល​មាន​ជីវភាព​ធម្យម​និង​លំបាក។ ហើយ​ស្ត្រី ក៏​មិន​ត្រូវបាន​ផ្តល់ឱកាស​ឲ្យ​ចូលរួម​សកម្ម​ក្នុង​របរ​នេសាទ​ត្រី​នេះ​ដែរ។

បន្ថែម​លើ​នេះ ស្ត្រី​មាន​តួនាទី​សំខាន់​ក្នុង​ការ​ធានា​ថា ​សមាជិក​គ្រួសារទទួល​បាន​ទឹក​ប្រើប្រាស់​គ្រប់​គ្រាន់​នៅ​ក្នុង​ផ្ទះ ដោយ​ពួកគេ​ត្រូវ​ទៅ​ដង​ទឹក​ពី​អណ្តូង​ក្នុង​ភូមិ​ជា​រៀង​រាល់​ថ្ងៃ។ ហើយ ៦៤ភាគរយ​នៃ​ចំនួនស្ត្រី​នៅ​កម្ពុជា ក៏​មានតួនាទី​សំខាន់​ក្នុង​វិស័យ​កសិកម្ម ក៏​ប៉ុន្តែ​ផ្នត់​គំនិតបែប​បុរាណ​និយម​ក្នុង​សង្គម​ដែល​ឲ្យ​តម្លៃ​លើ​បុរសជាង​ស្ត្រី នៅតែ​បង្ក​ឧបសគ្គ​ជាច្រើន​ដល់​ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​វិស័យ​កសិកម្ម​នេះ។

ក្រៅ​ពី​នេះ ​កត្តា​ថវិកា​ អាច​កំណត់​ថា​តើ​គ្រួសារ​កសិករ​ខ្មែរ​អាច​ទទួល​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់​សម្រាប់​ការ​ធ្វើ​ដំណាំ​កសិកម្ម​របស់​ខ្លួន​បាន​ដល់​កម្រិត​ណា។ គ្រួសារ​មួយ​ចំនួនដែល​មាន​ជីវភាព​ធូរធា អាច​មាន​លទ្ធភាព​ធ្វើ​ដំណាំ​ស្រូវ និង​កសិកម្ម​ផ្សេងៗ​ទៀត ទាន់ពេល​វេលា ដោយសារ​ពួកគេ​មាន​លទ្ធភាព​ទិញ​ម៉ាស៊ីន​បូម​ទឹក​ និង​ជីក​ប្រឡាយ​បង្ហូរ​ទឹក​ដោយ​ខ្លួន​ឯង បើ​ធៀប​នឹង​គ្រួសារ​ដទៃ​ទៀត។

លទ្ធផល​លម្អិត​នៃ​ការ​សិក្សា​ស្រាវជ្រាវ​នៃ​ភាព​ពាក់ព័ន្ធ​រវាង​ការ​ទទួល​បាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់ ភាពក្រីក្រ និង​សមភាព​យេនឌ័រ កំពុង​តែ​ត្រូវ​បាន​ត្រួត​ពិនិត្យ​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​ប្រចាំ​វិទ្យាស្ថាន​ទាំង​បី​ខាងលើ ហើយ​នឹង​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នាពេល​ខាង​មុខ​នេះ៕