លោក Abe សម្តែង​ការ​មិន​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​ទៅ​កាន់​លោក​អូបាម៉ា​ចំពោះ​ការ​សម្លាប់​នៅ​អូគីណាវ៉ា

លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា និង​លោក​រដ្ឋ​មន្រ្តី Shinzo Abe ចាប់​ដៃ​គ្នា​ បន្ទាប់​ពី​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​នៅ​ក្នុង​ក្រុង Shima ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី២៥ ខែឧសភា​ឆ្នាំ២០១៦។

នាយក​រដ្ឋ​មន្រ្តី Shinzo Abe នៃ​ប្រទេស​ជប៉ុន ​បាន​ប្រាប់​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ អូបាម៉ា​ ពី​ការ​មិន​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​របស់​ប្រទេស​លោក​អំពី​ការ​សារភាព​របស់​ទាហាន​ជើង​ទឹក​ម្នាក់​របស់​សហរដ្ឋ​អាមេរិកទាក់​ទិន​នៅ​ក្នុង​ការ​សម្លាប់​ស្រ្តី​ជាតិ​ជប៉ុន​ម្នាក់​ដែល​មាន​អាយុ​២០ឆ្នាំ​នៅ​ខាង​ក្រៅ​បន្ទាយ​យោធា​សហរដ្ឋ​អាមេរិកក្នុង​ទីក្រុង​អូគីណាវ៉ា។

លោក​នាយក​រដ្ឋ​មន្រ្តីជប៉ុន ​Abe ​បាន​ប្រាប់​សន្និសីទ​កាសែត​បន្ទាប់​ពី​ពិភាក្សា​ពី​ការ​សម្លាប់នោះ​ជាមួយ​ប្រធានាធិបតី ​អូបាម៉ា ​នៅ​ក្នុង​ជំនួបទល់​មុខ​គ្នា​មុន​សន្និសីទ​កំពូល​របស់​ប្រទេស​មាន​ឧស្សាហកម្ម​ជឿនលឿន​ជាងគេ​ទាំង​៧​របស់​ពិភពលោក​ហៅ​កាត់​ថា G7 នៅ​ទីក្រុង Ise Shima ថា «ខ្ញុំ​និយាយ​មិន​ចេញ​ទេ។​ ប្រទេស​ជប៉ុន​ទាំង​មូល ​មាន​ការ​រន្ធត់​យ៉ាង​ខ្លាំង​ពី​ឧបទ្ទវហេតុ​នៅ​ពេល​ថ្មីៗ​នេះ‍»។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​អូបាម៉ា ​បាន​សម្តែង​នូវ​ការ​ចូលរួម​រំលែក​ទុក្ខ​ហើយ​និង​ការ​សោកស្តាយ​ដ៏​ខ្លាំង​បំផុត​ពី​ឧបទ្ទវហេតុ​នៅ​កោះ​អូគីណាវ៉ា​នេះ។ សហរដ្ឋ​អាមេរិក​មាន​ការ​រន្ធត់​ពី​ឧក្រិដ្ឋកម្ម​នេះ​ដែល​បាន​កើត​មាន​ឡើង​ឬ​បាន​ត្រូវ​ធ្វើ​ឡើង​ដោយ​បុគ្គលិក​ឬ​អ្នក​ធ្វើ​ការ​ជាប់​កិច្ចសន្យា​របស់​សហរដ្ឋ​អាមេរិក។​ យើង​ចាត់​ទុក​ការ​សម្លាប់​នេះ​ជា​ការ​មិន​អាច​ដោះ​សារ​បាន។

មេដឹកនាំ​ទាំង២ ​បាន​ពិភាក្សា​ពី​ឧបទ្ទវហេតុ​នេះ​ទើប​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ពួក​អាជ្ញាធរ​ជប៉ុន ​បាន​ចាប់​ខ្លួន Kenneth Franklin Shinzato អាយុ​៣២​ឆ្នាំ​ជា​អតីត​ទាហាន​ជើង​ទឹក​សហរដ្ឋ​អាមេរិកដែល​ពួកគេ ​បាន​និយាយ​ថា ​បាន​សារភាព​ពី​ការ​ចាក់​និង​ច្របាច់ក​ស្រ្តី​ជាតិ​ជប៉ុន​ឈ្មោះ Rina Shimabukuro ហើយ​បន្ទាប់​មក​បាន​ទម្លាក់​សព​របស់​នាង​នៅ​តំបន់​ព្រៃ​ជិត​បន្ទាយ​អាមេរិកាំង​ដែល​ជន​នោះ​បាន​ធ្វើ​ការ។

លោក​ប្រធានាធិបតី អូបាម៉ា ​បាន​មាន​ប្រសាសន៍ថា ​សហរដ្ឋ​អាមេរិក នឹង​បន្ត​ធ្វើ​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​ការ​ស៊ើបអង្កេត​នៃ​ការ​សម្លាប់​នោះ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា យុត្តិធម៌ ​បាន​ធ្វើ​ឡើង​នៅ​ក្រោម​ប្រព័ន្ធ​ច្បាប់​របស់​ជប៉ុន។ ​យើង​ចង់​ឃើញ​ឧក្រិដ្ឋជន​នេះ ​ត្រូវ​បាន​កាត់​ទោស ​ទោះបី​បញ្ហា​នេះ ​មិន​បាន​កើត​ឡើង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ក៏​ដោយ។

ការ​ពិភាក្សា​ពី​ការ​សម្លាប់​នេះ ​បាន​ភ្ជាប់​ទៅ​នឹង​ការ​ពិភាក្សា​របស់លោក​អូបាម៉ា ​និង​លោក​ Abe លើ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​យឺតយ៉ាវ​របស់​ប្រទេស​មាន​សេដ្ឋ​កិច្ច​សំ​ខាន់ៗ​របស់​ពិភពលោក​ហើយ​និង​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​លោក​អូបាម៉ា​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​ទៅ​កាន់​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា ​ជា​ទីក្រុង​ជប៉ុន​ដែល​សហរដ្ឋ​អាមេរិក ​បាន​ទម្លាប់​គ្រាប់​បែក​បរមាណូ​នៅ​ឆ្នាំ​១៩៤៥ ​ដោយ​បាន​សម្លាប់ជនជាតិ​ជប៉ុន​រាប់​ម៉ឺន​នាក់​ហើយ​បាន​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​២​ភ្លាមៗ៕