លោក​អាបេ​ថ្កោល​ទោស​ការ​កាត់​ក្បាល​ជន​ជាតិ​ជប៉ុន​

អ្នក​ដំណើរ​មើល​កម្មវិធី​ព័ត៌មាន​ទូរទស្សន៍​រាយការណ៍​ពី​ចំណាប់​ខ្មាំង​ពី​រនាក់​ ដែល​ក្នុង​នោះ​រួម​មាន​លោក​ Kenji Goto (ខាងឆ្វេង) និង​លោក​ Haruna Yukawa (ខាងស្តាំ) ដែលត្រូវ​បានក្រុម​រដ្ឋ​ឥស្លាម​ចាប់​ខ្លួន​។ នាយក​រដ្ឋមន្រ្តី​ជប៉ុន​លោក​ Shinzo Abe បាន​ធ្វើការថ្កោលទោស​ការ​កាត់​ក្បាល​ជនជាតិ​ជប៉ុន​ដោយ​ក្រុម​សកម្មប្រយុទ្ធ​នោះ​។

លោក ស៊ីន​ហ្សូ អាបេ (Shinzo Abe​) នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​ហៅការកាត់ក្បាលជនជាតិ​ជប៉ុន ​ដែល​ប្រហែល​ជា​ការពិត ​ដោយ​ក្រុម​រដ្ឋឥស្លាម​នោះ​ថា ​ជា​អំពើ​យង់ឃ្នងនិង​មិន​គួរ​អនុញ្ញាត​ឲ្យ​កើត​មាន​ទេ។​

មេ​ដឹកនាំ​ជប៉ុន​បាន​ប្រាប់​សាធារណជន​ក្នុង​ការ​ផ្សាយ​តាម​ទូរទស្សន៍​ NHK ​ នៅថ្ងៃ​អាទិត្យ​នេះ​ថា ​ជប៉ុន​នឹងមិន​ចុះចាញ់​ភេរវកម្ម​ទេ​ ហើយ​លោក​បាន​អំពាវនាវ​ឲ្យមាន​ការ​ដោះលែង​ជនជាតិ​ជប៉ុន​ដែល​នៅ​សល់ជា​បន្ទាន់គឺ​លោក​ Kenji Goto ដែល​ជា​អ្នក​កាសែត​សេរី​ មិន​ជាប់​កិច្ច​សន្យា។​

សេចក្តី​ថ្លែង​ការណ៍​នេះ​ធ្វើឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​ក្រុម​រដ្ឋឥស្លាម​បាន​បង្ហោះ​វីដេអូ ​តាម​អ៊ីនធឺណែត​ដែល​បង្ហាញរូប​លោក ​Kenji Goto​ កាន់រូប​ថត​កាត់ក​លោក​ Haruna Yukawa​ ដែល​ជាអ្នក​ធ្វើ​កិច្ច​សន្យា​សន្តិសុខ​ ហើយ​ដែល​ត្រូវ​ចាប់ខ្លួន​ជាមួយ​លោក​ដែរ​នេះ។ ​ក្នុង​វីដេអូនោះ​ មាន​សំឡេង​មនុស្សប្រុស​ ដែល​គេជឿ​ថា​ ជាសំឡេង​របស់​លោក ​Goto ​និយាយ​ជាភាសា​អង់គ្លេស​ ដោយ​មាន​សរសេរ​អក្សរ​អារ៉ាប់។ ​សំឡេង​នោះ​ថ្លែងទៅ​កាន់​លោក​ Shinzo Abe ​ដោយ​ចោទ​ថា ​លោក​ទទួល​ខុសត្រូវ​ចំពោះ​មរណភាព​របស់​លោក ​Yukawa។ លោក Goto ​និយាយ​ថា ​លោក​អាច​នឹងរួច​ខ្លួនជា​ថ្នូរនឹង​ការ​ដោះលែង​ស្ត្រីម្នាក់​ឈ្មោះ ​Sajida al-Rishawi ​ដែលជាប់​ចោទ​ថា​ បាន​ព្យាយាម​ដាក់គ្រាប់បែក​អត្តឃាត​ ហើយ​បច្ចុប្បន្ន​នេះ​ជាប់​ក្នុង​ការ​ឃុំឃាំង​នៅ​ប្រទេស​ហ្សកដានី។​

លោក​ប្រធានាធិបតី​ស.រ.អា.​បារ៉ាក់អូបាម៉ា ​បាន​ទូរស័ព្ទ​ទៅលោក​ Shinzo Abe ​នៅថ្ងៃអាទិត្យ​នេះ​ពីទីក្រុង ​New Delhi ​ប្រទេសឥណ្ឌា​ដើម្បីចូលរួម​រំលែក​ទុក្ខ។ ​ លោកក៏​បានអរគុណ​លោក​ Shinzo​ Abe ​អំពីជំនួយ​មនុស្សធម៌​ដែល​ជប៉ុន​បានផ្តល់​ទៅតំបន់​មជ្ឈឹមបូព៌ា​ផង​ដែរ៕