ប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas មានផែនការធ្វើដំណើរទៅកាន់រដ្ឋធានី ហ្ស៊េរុយសាឡិម នៅថ្ងៃសុក្រនេះដើម្បីចូលរួមពិធីបុណ្យសពរបស់លោក Shimon Peres អតីតប្រធានាធិបតី និងនាយករដ្ឋមន្រ្តីនៃប្រទេសអ៊ីស្រាអែល។
ក្នុងការចូលរួមពិធីបុណ្យសពនោះ ប្រធានាធិបតី Abbas សង្ឃឹមថា នឹងផ្ញើសារដ៏ខ្លាំងមួយទៅកាន់សង្គមអ៊ីស្រាអែលថា ពលរដ្ឋប៉ាឡេស្ទីនស្រឡាញ់សន្តិភាព ហើយនិងវាយតម្លៃខ្ពស់ដល់កិច្ចខំប្រឹងប្រែងដើម្បីសន្តិភាពដល់មនុស្សនានាដូចជា លោក Shimon Peres នេះតាមការបញ្ជាក់របស់មន្រ្តីប៉ាឡេស្ទីនម្នាក់។
លោក Abbas មិនបានបំពេញទស្សនកិច្ចទីក្រុងហ្ស៊េរុយសាឡិមចាប់តាំងពីឆ្នាំ២០១០មក ហើយលោកជាមេដឹកនាំអារ៉ាប់លើកដំបូងដែលបានសម្តែងនូវការសោកស្តាយចំពោះការស្លាប់លោក Peres កាលពីថ្ងៃពុធ។ ព្រះមហាក្សត្រ Abdullah នៃប្រទេសហ្ស៊កដានី បានសម្តែងនូវការចូលរួមរំលែកទុក្ខដល់ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍។ ការស្លាប់របស់លោក Peres មិនមានប្រតិកម្មជាផ្លូវការនៅក្នុងប្រទេសអារ៉ាប់ភាគច្រើន ដែលឆ្លុះបញ្ចាំងពីការជំទាស់ប្រឆាំងជាយូរយារណាស់មកហើយរបស់លោកដល់អ៊ីស្រាអែល។
ទោះជាយ៉ាងណាក៏ដោយ ពួកមេដឹកនាំប្រទេសលោកខាងលិច បានបង្ហាញនូវការចូលរួមរំលែកទុក្ខយ៉ាងខ្លាំងពីការស្លាប់របស់អតីតមេដឹកនាំអ៊ីស្រាអែលរូបនេះ។ លោក Bill Clintonអតីតប្រធានាធិបតីសហរដ្ឋអាមេរិកបានអញ្ជើញទៅដល់រដ្ឋធានី ហ៊្សេរុយសាឡិមកាលពីថ្ងៃព្រហស្បតិ៍ដើម្បីចូលរួមកាន់ទុក្ខជាមួយជនជាតិអ៊ីស្រាអែលរាប់ពាន់នាក់ទៀតនៅពិធីរំឭកវិញ្ញាណក្ខន្ធសាធារណៈមួយដែលនៅទីនោះក្តារមឈូសរបស់លោក Peres បានត្រូវដាក់នៅខាងក្រៅរដ្ឋសភា។
លោក Clinton និងប្រធានាធិបតីប៉ាឡេស្ទីន Abbas នឹងចូលរួមពិធីបុណ្យសពនៅថ្ងៃសុក្រនេះរួមជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ហើយនិងអតីតមេដឹកនាំ និងមេដឹកនាំនាពេលបច្ចុប្បន្ននេះរាប់សិបនាក់ទៀតរបស់ពិភពលោក។
លោក Peres មានជំងឺដាច់សរសៃឈាមក្នុងខួរក្បាលកាលពី២សប្តាហ៍មុន ហើយបានទទួលមរណភាពកាលពីថ្ងៃពុធក្នុងជន្មាយុ៩៣ឆ្នាំនៅក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុង Tel HaShomer៕