កម្ពុជា​រំលឹក​វិញ្ញាណក្ខន្ធ​សម្តេច​នរោត្តម សីហនុ

លោក​សង្ឃ​ (ស្តាំ) និមន្ត​នៅ​លើ​ទីលាន​នៅ​ក្នុង​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ឪ ដែល​បាន​ធ្វើ​ឡើង​នៅ​លើ​សួន​ច្បារ​ជិត​វិមាន​ឯក​រាជ្យ​ដែល​ជាទី​កន្លែង​តម្កល់​ព្រះ​បរម​រូប​សម្តេច​ឪ នៅ​ថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០១៣។

ភ្នំពេញ៖ ប្រទេស​កម្ពុជា បាន​ចាប់​ផ្តើម​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ​សម្តេច​ឪ​នរោត្តម​សីហនុ​ក្រោយ​ពី​ព្រះ​អង្គបាន​សោយ​ព្រះទិវង្គត់​អស់​រយៈ​ពេល​មួយ​ឆ្នាំ​ដោយ​សារ​ជំងឺ​គាំង​បេះដូង​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន។​

មន្ត្រី​ជាន់​ខ្ពស់​មកពី​ស្ថាប័ន​ ព្រឹទ្ធសភា​ រដ្ឋសភា​ រាជរដ្ឋាភិបាល​ និងមក​ពី​ក្រសួង​ ស្ថាប័ន​រដ្ឋ​ជាច្រើន​បាន​ដាក់​កម្រង​ផ្កា​ម្នាក់​ម្តងៗ​នៅ​ពី​មុខ​ព្រះបរម​រូប​ព្រះបាទ​នរោត្តម​ សីហនុ។​

ពិធី​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ​សម្តេច​ឪ​បាន​ធ្វើ​ឡើង​នៅ​លើ​សួន​ច្បារ​ជិត​វិមាន​ឯក​រាជ្យ​ដែល​ជាទី​កន្លែង​តម្កល់​ព្រះ​បរម​រូប​សម្តេច​ឪ។​

លោក​ ហេង សំរិន ​ប្រធាន​រដ្ឋសភា​ លោក​ នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ព្រម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាលមាន​ទឹក​មុខ​ស្រពាប់​ស្រពោន​នៅ​ពេល​ដែល​ពួក​គេ​បាន​យក​កម្រង​ផ្កា​មក​ដាក់​កន្លែង​ព្រះ​បរម​រូប​សម្តេចឪ​ដោយ​មាន​ភ្លេង​ត្រែ​ទ័ព​ប្រគុំ​កំដរ។​

គ្មាន​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ណា​ម្នាក់​ដោយ​រាប់​ទាំង​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​បាន​និយាយ​ជាមួយ​នឹង​អ្នក​កាសែត​ទេ។ក្រុម​អ្នក​កាសែត​និង​អ្នក​ថត​រូប​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ជិត​ពិធី​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ​ទេ​លើក​លែង​តែ​ស្ថានីយ៍​ទូរទស្សន៍​រដ្ឋ​និង​ឯក​ជន​មួយ​ចំនួន​តែ​ប៉ុណ្ណោះ។​

មន្ត្រី​ជាន់​ខ្ពស់​មក​គណបក្ស​សង្គ្រោះ​ជាតិ​មិនបាន​ចូល​រួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ជាមួយ​រដ្ឋាភិបាល​ទេ​ដោយ​បាន​សំអាង​ថា​គណបក្ស​នេះ​បាន​ធ្វើ​ពិធី​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ​សម្តេច​ឪ​រួច​ហើយ​នៅ​ទី​ស្នាក់​ការ​គណបក្ស​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ច័ន្ទ។​

លោក​ កឹម សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រសាសន៍​ថា​គណបក្ស​របស់​លោក​និង​រក​ពេល​វេលា​សម​ស្រប​ណាមួយ​ដើម្បី​ចូល​រួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ឪ​នៅ​ទីតម្កល់​ព្រះ​បរម​រូប​ឡើង​វិញ​ក្រោយ​ពី​គណៈកម្មាធិការ​ជាតិ​រៀប​ចំពិធី​បុណ្យ​ជាតិ​មិន​អនុញ្ញាត​ឱ្យ​គោរព​វិញ្ញាណក្ខន្ធ​កាល​ពី​ថ្ងៃ​ច័ន្ទ។​

លោក​បាន​បញ្ជាក់​ថា​ព្រះ​បរម​រូបសម្តេច​ឪ​សម្រាប់​ប្រជា​ពលរដ្ឋ​ទូទៅ​ចូល​គោរព​មិន​ចាំ​បាច់​សុំ​ច្បាប់​ពី​ស្ថាប័ន​ណា​មួយ​ទេ។ លោក​និយាយ​ថា៖

«ព្រះ​បរម​កោដិ​ជា​គឺជា​របស់​ខ្មែរ​ទាំង​អស់​គ្នា។ មិន​មែន​ជាកម្មសិទ្ធិ​របស់​គណបក្ស​ណា​ក្រុម​ណា​ទេ។​អញ្ចឹង​ប្រជា​ពលរដ្ឋ​ខ្មែរ​ទោះ​បី​ជា​នៅ​និន្នាការ​ណា​ក៏ដោយ​គឺ​មាន​សិទ្ធិ​ចូល​រួម​ការ​ប្រារព្វ​ពិធី​វិញ្ញាណក្ខន្ធ​ហ្នឹង​ទាំង​អស់​គ្នា។ ​មិន​ចាំបាច់​តែ​អ្វី​ដែល​រដ្ឋាភិបាល​ ហៅ​ចូល​បាន​ចូល​ឬក៏​ទៅ​បាន​ទៅ​ ទៅ​តាម​តែ​ខ្សែ​រយៈ​រដ្ឋាភិបាល​ទេ​ពី​ព្រោះ​ជារបស់​ទាំង​អស់​គ្នា»។

លោក​ មិន ឃិន​ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំពិធី​បុណ្យ​ជាតិ​នៅ​តែ​មិន​អាច​សុំ​ទំនាក់​ទំនង​ដើម្បី​សេចក្តី​អត្ថាធិប្បាយ​បំភ្លឺ​បាន​ដោយ​ទូរស័ព្ទ​របស់​លោក​ពុំ​មាន​អ្នក​ទទួល។

សម្តេច​ឪ​នរោត្តម​សីហនុ​បាន​សោយ​ព្រះទិវង្គត់​កាល​ពី​ថ្ងៃទី​១៥​ខែតុលា​កាល​ពី​ឆ្នាំ​២០១២។

ព្រះ​បរម​សព​សម្តេច​ឪ​ត្រូវ​បាន​ធ្វើ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​កាល​ពី​ខែកុម្ភៈ។​រដ្ឋាភិបាល​បាន​ធ្វើ​វិមាន​ព្រះ​បរម​រូប​សម្តេច​ឪ​ដោយ​ចំណាយ​ថវិកា​រដ្ឋ​អស់​ជាង​១លាន​២​សែន​ដុល្លារ។​

សម្តេច​ឪ​នរោត្តម​សីហនុ​ជា​អតីត​ព្រះ​មហា​ក្សត្រ​មួយ​ព្រះ​អង្គ​ដែល​មាន​គុណ​បំណាច់​យ៉ាង​ធំធេង​សម្រាប់​ប្រទេស​និង​ប្រជារាស្ត្រ​ខ្មែរ​ដោយ​សារ​តែ​ព្រះ​អង្គ​បាន​ទាមទារ​ឯករាជ្យ​ពី​អាណា​និគម​និយម​បារាំង​កាល​ពី​ថ្ងៃទី​៩​ខែ​វិច្ឆិកា​ឆ្នាំ​១៩៥៣៕