មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបទៅប្រទេសស៊ីបពិនិត្យការត្រៀមផ្តល់ជំនួយតាមសមុទ្រទៅតំបន់ហ្កាហ្សា

ជំនួយមនុស្សត្រូវបានទម្លាក់តាមអាកាសលើតំបន់ហា្កហ្សា ខណៈការប្រយុទ្ធគ្នារវាងទាហាន​អ៊ីស្រាអែល​និង​ក្រុមហាម៉ាស់នៅតែបន្ត កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤។

មន្ត្រីជាន់​ខ្ពស់មួយ​រូប​នៃ​សហភាព​អឺរ៉ុប​បាន​ទៅ​ដល់​ប្រទេស​ស៊ីប​ហើយនៅ​ថ្ងៃ​សុក្រ​នេះ​ ដើម្បី​ត្រួត​ពិនិត្យ​មើល​ការ​រៀបចំ​បញ្ជូន​ជំនួយ​ ដែល​ត្រូវ​ការចាំបាច់តាម​សមុទ្រ​ ទៅឱ្យ​តំបន់​ហ្កាហ្សា​ ដែល​កំពុង​រង​ការ​បំផ្លិចបំផ្លាញដោយសារ​សង្គ្រាម គឺ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ បន្ទាប់​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Joe Biden បាន​ប្រកាស​ថា​ ​យោធា​សហរដ្ឋ​អាមេរិក​ នឹង​រៀប​ចំ​បង្កើត​កំពង់​ផែ​បណ្តោះ​អាសន្ន​មួយ​នៅឆ្នេរសមុទ្រមែឌីទែរ៉ាណេ ដែល​នៅ​មិន​ឆា្ងយ​ប៉ុន្មាន​ពី​តំបន់​ហ្កាហ្សា​នោះ​ឡើយ​ ដើម្បី​គាំទ្រ​ដល់​ការផ្តល់​ជំនួយ​សង្គ្រោះ។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AP។

កិច្ចប្រឹង​ប្រែង​ខ្លាំង​ដើម្បី​បង្កើនការ​ផ្តល់​ជំនួយនេះ​ ជា​សញ្ញា​បង្ហាញ​ពី​ការ​មិន​សប្បាយ​ចិត្ត​កាន់​តែ​ខ្លាំង​ឡើងៗ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​និងអឺរ៉ុប​ លើ​សកម្មភាព​សង្គ្រាមរបស់​អ៊ីស្រាអែល​ នៅ​ក្នុង​តំបន់​ហ្កាហ្សា។ ​

ការ​ប្រកាស​របស់​លោក ​Biden ក្នុងផែនការ​បង្កើត​កំពង់ផែ​សមុទ្រ​មួយ​ ជា​ការ​បង្ហាញ​ពី​របៀប​ដែល​សហរដ្ឋ​អាមេរិកអាចធ្វើ​ការងារ​ដោយ​មិន​ចាំបាច់​ឆ្លង​កាត់អ៊ីស្រាអែល​ ​ដែល​ជាដៃគូ​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​មួយរបស់ខ្លួន​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​ និង​ជា​អ្នក​ដែល​ទទួល​ជំនួយ​យោធាលើស​គេ​ពី​សហរដ្ឋ​អាមេរិក​ផង​ដែរ ក្នុង​គោលបំណង​ដើម្បី​ផ្តល់​ជំនួយ​ទៅ​កាន់តំបន់​ហ្កាហ្សា។ ​

កិច្ចប្រឹងប្រែង​ក្នុង​ការបង្កើត​ផ្លូវដឹក​ជំនួយតាម​សមុទ្រ​មួយ ​ដើម្បី​ដឹកជញ្ជូន​ជំនួយ​ទៅ​ឱ្យ​តំបន់​ហ្កាហ្សា​នេះ​ ​កើត​មាន​ឡើង​ ក្នុង​ពេល​ដែល​មាន​ការព្រមាន​កាន់តែ​ច្រើន​ឡើង​ពី​ការ​រីករាលដាល​នៃភាព​អត់ឃ្លាន​កាន់តែ​ខ្លាំង​ឡើង​ នៅ​ក្នុង​ចំណោម​ពលរដ្ឋប៉ាឡេស្ទីន​ប្រមាណ ​២លាន ​៣សែន​នាក់​ ដែល​កំពុង​រស់​នៅ​ក្នុង​តំបន់​ហ្កាហ្សា។​ ​ភាព​អត់​ឃ្លាន​កំពុង​កើតមាន​ឡើង​ខ្លាំង​នៅ​ភាគ​ខាង​ជើង​តំបន់​ហ្កាហ្សា​ ដែលត្រូវ​បាន​កម្លាំង​អ៊ីស្រាអែល​ទុក​ឱ្យ​នៅដាច់​ពី​គេអស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​ទៅ​ហើយ​ ​និង​ទទួល​រងការ​ឈឺចាប់​ជា​ខ្លាំង​ ដោយកាត់ផ្តាច់​ការ​ផ្តល់​ជំនួយ​ស្បៀងអាហារ​ទៅ​ក្នុង​តំបន់​នោះ។

បន្ទាប់​ពី​មាន​ការ​ព្រមាន​ជា​ច្រើន​ខែ​កន្លង​ទៅ​ពី​ហានិភ័យ​នៃ​ការកើត​មាន​គ្រោះទុរភិក្ស​មួយក្នុង​តំបន់​ហ្កាហ្សា​ ក្រោម​ការ​ទម្លាក់​គ្រាប់បែក​ ការ​ឡោមព័ទ្ធនិង​ការ​វាយប្រហារ​របស់​កងទ័ព​អ៊ីស្រាអែល​ នោះ​ ក្រុម​វេជ្ជបណ្ឌិត​ក្នុង​មន្ទីរពេទ្យ​បាន​រាយការណ៍​ពី​ការ​ស្លាប់​ចំនួន​ ២០ ​ករណី​ ដោយ​សារ​ខ្វះ​អាហារូបត្ថម្ភ នៅ​ក្នុង​មន្ទីរពេទ្យ​២កន្លែង​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ភាគ​ខាង​ជើង។ ​

ខណៈ​គូសបញ្ជាក់​ឡើង​វិញពី​ការគាំទ្រ​ដល់​ប្រទេស​អ៊ីស្រាអែល​ ​លោក Biden បានប្រើ​សុន្ទរកថា​ប្រចាំឆ្នាំ​របស់​លោក​កាល​ពី​យប់​ថ្ងៃព្រហស្បតិ៍ ​ដើម្បី​បញ្ជាក់​ពី​ការទាមទារ​ជា​ថ្មី​ម្តង​ទៀតថា​ ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក ​Benjamin Netanyahu​ ​ត្រូវ​អនុញ្ញាត​ឱ្យ​ដឹកជញ្ជូន​ជំនួយបន្ថែម​ទៀត​ទៅ​ក្នុងតំបន់​ហ្កាហ្សា៕