ប្រទេស​ឥណ្ឌា ប្រឈម​វិបត្តិ​សេដ្ឋកិច្ច​និង​ការប្រឈម​មុខ​ជាមួយ​ប្រទេស​ចិន

  • Anjana ​Pasricha

រូបឯកសារ៖ មនុស្ស​តម្រង់ជួរ​ដើម្បី​ធ្វើតេស្ត​រកជំងឺ​កូវីដ១៩ នៅ​ទីក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០។

ប្រទេស​ឥណ្ឌា​នៅឆ្នាំនេះ​ បាន​ប្រឈម​នឹង​បញ្ហា​សេដ្ឋកិច្ច​និង​សន្តិសុខ​ដ៏​ធ្ងន់ធ្ងរ​បំផុតក្នុងពេល​ជាច្រើន​ទសវត្សរ៍​នៅពេល​ជំងឺ​រាតត្បាត​កូវីដ១៩​ បាន​ធ្វើ​ឱ្យប្រទេស​ធ្លាក់ចូល​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ និង​ការប្រឈម​មុខ​ផ្នែក​យោធា​ជាមួយ​ប្រទេស​ចិន​នៅ​តាម​ព្រំដែន​តំបន់​ហេមពាន្ត​ដែល​មិនទាន់​ដោះស្រាយ​ដែល​បាន​ធ្វើ​ឲ្យខូច​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជិតខាង​ដ៏មាន​ឥទ្ធិពល​នេះ។​

ឥណ្ឌា​ជា​ប្រទេស​បិទ​សកម្មភាព​សង្គម​តឹងរ៉ឹង​បំផុត​ក្នុង​ពិភពលោកកាលពី​ខែមីនា​នៅពេល​ប្រទេស​នេះ​ មាន​តែពីរ បី​រយ​ករណី​ប៉ុណ្ណោះ ​ប៉ុន្តែ​វិធានការ​តឹងរ៉ឹង​នោះ​ មិន​បាន​បញ្ឈប់​មិន​ឲ្យ​វីរុស​នេះ​ឆ្លង​ច្រើន​ទេ​ នៅពេល​ប្រទេស​នេះ​ ចាប់​ផ្តើម​បើក​សកម្មភាព​សង្គម​ឡើង​វិញ។​ នៅ​ដំណាច់ឆ្នាំ​នេះ​ ឥណ្ឌាជា​ប្រទេស​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាង​គេ​ទី​២​ក្នុងពិភព​លោក ដោយមានអ្នកឆ្លង​ជិត​១០​លាន​ករណី។​

ប៉ុន្តែនៅ​ពេលដែល​មនុស្ស​រាប់លាន​នាក់​បាត់បង់​ការងារ ​ហើយ​អាជីវកម្ម​ខ្នាតតូច​រាប់រយ​ត្រូវ​បាន​បិទ​ អ្នកវិភាគ​បាន​ព្រមាន​ថា​ បញ្ហា​សេដ្ឋកិច្ច​បណ្តាល​ពី​ជំងឺ​រាតត្បាត​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​វិបត្តិ​សុខភាព។​

សញ្ញា​ដំបូង​នៃ​ទុក្ខព្រួយ​បាន​កើត​ឡើង​នៅក្នុង​ខែ​មេសា ​នៅពេល​ប្រទេស​ឥណ្ឌា​មាន​ពលករ​ចំណាក​ស្រុក​ច្រើន​មិនធ្លាប់​មាន​ពីមុន​មក​ ដែល​គ្មាន​ការងារ​ធ្វើនៅ​ក្នុង​ទីក្រុង។​ ពួកគេ​ជាច្រើន​ដើរ​រាប់រយ​គីឡូម៉ែត្រ​នៅពេលសេវា​ដឹក​ជញ្ជូន​ទាំងអស់​ត្រូវ​បាន​បិទ​ភ្លាមៗ។​

សេដ្ឋវិទូ ​Arun Kumar ​នៅ​ទីក្រុង​ញូវដេលី​ បាន​និយាយ​ថា​៖ «នៅ​លើ​ពិភពលោក​នេះ​គ្មាន​ប្រទេស​ណា​ដូចប្រទេស​ឥណ្ឌា​ទេ ​ដែល​មាន​មនុស្ស​រាប់លាន​នាក់ដើរ​ទៅ​ភូមិ​របស់​ពួក​គេ​ដោយ​ក្រពះ​ទទេរ​ និង​គ្មាន​លុយ។​ ក្នុង​សោកនាដ​កម្ម​នេះ វិស័យ​ដែល​គ្មាន​ការរៀបចំរងគ្រោះ​ខ្លាំង​បំផុត​ដោយសារ​ការបិទ​សកម្មភាព​សង្គម​ ព្រោះ​ប្រជាជន​ភាគ​ច្រើន​មាន​ដើម​ទុន​តិច​តួច​ណាស់​ ​មិន​អាច​ទប់ទល់​បាន​នៅ​ពេល​បិទ​សកម្មភាព​សង្គម​រយៈពេល​យូរ​នោះ​ទេ»។

ប្រទេស​ឥណ្ឌា ​បាន​រងគ្រោះ​ខ្លាំង​ជាង​គេ​ក្នុង​ចំណោម​ប្រទេស​សេដ្ឋកិច្ច​ធំៗ ​ពីព្រោះ​ជិត​៩០%​នៃ​កម្លាំង​ពលកម្ម​របស់​ខ្លួន​ ពឹងផ្អែក​លើ​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដ៏​ធំធេង​ក្នុង​ប្រទេស។​ សេដ្ឋកិច្ច​ត្រូវ​បាន​គេ​ព្យាករណ៍ថា នឹង​ធ្លាក់​ចុះ​ប្រហែល​៩​ភាគរយ​នៅ​ឆ្នាំនេះ​ដែល​ជាការធ្លាក់ចុះ​ដ៏​អាក្រក់​បំផុត​ក្នុង​រយៈពេល​បួន​ទសវត្សរ៍។​

មជ្ឈមណ្ឌល​ឃ្លាំមើល​សេដ្ឋកិច្ច​ឥណ្ឌា​បាន​ប៉ាន់​ប្រមាណ​ថា​ ការងារ​ប្រហែល​១២០​លានត្រូវ​បាត់បង់​ពីខែ​មេសា​ដល់​ខែ​មិថុនា៕