អាស៊ាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម តែ​ដក​ចេញ​វិញ​យ៉ាង​ប្រញាប់ប្រញាល់

រដ្ឋមន្រ្តី​ការបរទេស​ចិន​លោក Wang Yi (កណ្តាល) និយាយ​នៅ​អំឡុងពេល​កិច្ចប្រជុំ​ការបរទេស​ពិសេស​អាស៊ាន​ចិន​​នៅ​ក្រុង Yuxi ខេត្ត​ Yunnan ប្រទេសចិន កាល​ពី​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ​២០១៦។

រដ្ឋមន្ត្រី​ការបរទេស​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ​ឬ​អាស៊ាន បាន​លេង​សៀក​ ដាក់​រហ័ស​ ដក​រហ័ស ដោយ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​ដ៏​ម៉ឺងម៉ាត់​មួយ​ ស្តី​ពី​បញ្ហា សមុទ្រ​ចិន​ខាង​ត្បូង ប៉ុន្តែ​ក្រោយ​មក​បាន​ព្យាយាម​ ធ្វើ​ឲ្យ​សេចក្តី​ថ្លែងការណ៍​នេះ បាត់​ទៅវិញ​យ៉ាង​លឿន។

ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​នៅ​ធនាគារ​ពិភពលោក លោក Curtis Chin បាន​ពិពណ៌នា​ ទង្វើ​បែប​នេះ​ថា «ជា​រឿង​មិន​គួរ​ឲ្យ​ជឿ និង​មិនមែន​ជា​របៀប​ដ៏​ល្អ​នោះ​ទេ»។

លោកChin បាន​ថ្លែង​ប្រាប់​ VOA នៅ​ថ្ងៃ​ពុធ​នេះ​ថា ការ​ដក​ចេញ​វិញ​នូវ​សេចក្តី​ថ្លែងការណ៍​រួម​របស់​អាស៊ាន​នេះ «ឆ្លុះបញ្ចាំង​ពី​ហានិភ័យ​ដ៏​ធំ​នៅ​ក្នុង​បញ្ហា​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ផង និង​កិច្ចការ​យ៉ាង​ច្រើន​ថែម​ទៀត ដែល​អាស៊ាន​ត្រូវ​តែ​ធ្វើ​រួមគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​សំខាន់ៗ​បំផុត​មួយ​ចំនួនដែល​កំពុង​ប្រឈម​នឹង​តំបន់​នេះ​ផង»។

នាយក​វិទ្យាស្ថាន​សម្រាប់​ការ​សិក្សា​បញ្ហា​សន្តិសុខ​និង​អន្តរជាតិ​នៅ​ឯ​សាកលវិទ្យាល័យ Chulalongkorn ប្រទេស​ថៃ លោក Thitinan Pongsudhirak បាន​មានប្រសាសន៍​អំពី​ការ​ដកចេញ​យ៉ាង​ប្រញាប់ប្រញាល់​នូវ​សេចក្តី​ថ្លែងការណ៍​រួម​របស់​អាស៊ាន​នេះ​ថា «វា​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច​ណាស់ ហើយ​ជា​រឿង​ដ៏​ចម្លែក​បំផុត​មួយ»។ លោក​ថ្លែង​ថា លោក​មិន​ចាំ​ថា ហេតុការណ៍​នេះ អាច​កើតឡើង​ទាល់​តែ​សោះ។

រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ដែល​បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្រុង ​Yuxi នៃ​ខេត្តYunnan របស់​ចិន កាល​ពី​ថ្ងៃ​ច័ន្ទ​និង​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ បានសម្តែង«ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង» អំពី​ការ​កើនឡើង​នូវ​ភាព​តានតឹង​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។

សេចក្តី​ថ្លែងការណ៍​រួម​របស់​អាស៊ាន​នេះ បាន​អំពាវនាវ​ឲ្យ​មាន​ការ​គោរព​ច្បាប់​អន្តរជាតិ នៅ​គ្រា​ដែល​ប្រទេស​ចិន ប្រកែក​មិន​ទទួល​ស្គាល់​សេចក្តី​សម្រេច​របស់​តុលាការ​ក្រុង​ឡាអេ​មួយ ដែល​នឹង​ចេញ​ក្នុង​ពេល​ខាង​មុខ។

គេ​រំពឹង​ថា សេចក្តី​សម្រេច​នោះ នឹង​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ម៉ានីល​របស់​ប្រទេស​ហ្វីលីពីន ឈ្នះ​រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង ដែល​បាន​ទាមទារ​តំបន់​ភាគច្រើន​នៃ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​នោះ។

ប្រភព​ការទូត​មួយ​ចំនួន​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា មន្ត្រី​ចិន បាន​លួច​ដាក់​សម្ពាធ​ទៅលើ​អាស៊ាន​ឲ្យ​ដក​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​នេះយ៉ាង​លឿន ក្រោយ​ពី​ក្រសួង​ការបរទេស​ម៉ាឡេស៊ី បាន​ចេញ​ឯកសារ​ថត​ចំឡង​មួយ​ច្បាប់​នៃ​សេចក្តី​ថ្លែងការណ៍​រួម​នេះ ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ។

​អ្នក​ការទូត​ជាន់​ខ្ពស់​ម្នាក់​ ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង​មួយ​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន បាន​ថ្លែង​ប្រាប់​ VOA ថា «ហេតុការណ៍​នេះ ហាក​ដូច​ជា​ឧទាហរណ៍​មួយ​ទៀត ដែល​ចិន បាន​ប្រើប្រាស់​កម្លាំង​ការទូត​របស់​ខ្លួន​ត្រង់ៗ ដើម្បី​ឃ្លុំ​មាត់​អាស៊ាន កុំ​ឲ្យ​និយាយ​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង»។

លោក Thitinan នៃ​សាកលវិទ្យាល័យ Chulalongkorn ប្រទេស​ថៃ មាន​ប្រសាសន៍​ប្រាប់​VOA ថា ប្រទេស​ឡាវ ដែល​ឆ្នាំ​នេះ គឺ​ជា​ប្រធាន​ឆ្លាស់​វេន​អាស៊ាន បាន​«ធានា​នៅ​ចំពោះ​មុខ​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ថា អាស៊ាន​ នឹង​មិន​ធ្វើ​ដូច​កាលឆ្នាំ​២០១២​នោះ​ទេ»។

បួន​ឆ្នាំ​មុន ប្រទេស​កម្ពុជា ដែល​គេ​មើលឃើញ​ថា មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​ប្រទេស​ចិន​នោះ បាន​ធ្វើ​ជា​ប្រធាន​អាស៊ាន។ នៅពេល​នោះ កិច្ច​ប្រជុំ​កំពូល​របស់ក្រុម​មេដឹកនាំ​នៃ​តំបន់​នេះ បាន​បិទ​បញ្ចប់​ទៅ​ ដោយ​គ្មាន​សេចក្តី​ថ្លែងការណ៍​រួម​ ជាលើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ ដែល​មាន​អាយុកាល​៤៥​ឆ្នាំ​របស់​អាស៊ាន។

​តែ​យ៉ាង​ជា​យ៉ាង​នេះ​ក្តី ​លោក Thitinan ថ្លែង​ថា ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង «នៅ​ក្នុង​រយៈពេលបួន​ឆ្នាំ ចុងក្រោយ​នេះ បានរីក​កាន់​តែ​ធំឡើង ដល់​កម្រិត​មួយ ដែល​ត្រូវ​តែ​លើកឡើង នៅក្នុង​គ្រប់​សេចក្តីថ្លែងការណ៍​រួម​ណាមួយ​របស់​អាស៊ាន​»។

លោក​ថ្លែង​បន្ត​ថា «ក្រុម​ប្រទេស​អាស៊ាន​នេះ កំពុង​តែ​ផ្លាស់ប្តូរ ហើយ​ក៏​កាន់តែ​ប្រេះឆា​កាន់​តែ​ខ្លាំង​ឡើង​ដែរ»៕