ការ​ស្ទង់​មតិ​ថ្មី៖ ​អាមេរិក​នាំមុខ​ចិន ​ប្រសិន​មាន​ការ​បង្ខំ​ឱ្យ​សមាគម​អាស៊ាន​ជ្រើស​រើស​យក​មហា​អំណាច​ណា​មួយ​

រូបឯកសារ៖ ទង់ជាតិ​អាមេរិក​បក់​នៅ​ជិត​និមិត្ត​សញ្ញា​ជាតិ​ចិន​អំឡុង​ពិធីស្វាគមន៍​មួយ​នៅ​សាល​ Great Hall នៃ​ប្រជាជន​ក្នុង​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

ការ​សិក្សា​ស្រាវ​ជ្រាវថ្មី​មួយ​ដែល​ស្ទង់​មតិ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ជា​សមាជិក​អាស៊ាន​ ដែល​មាន​កម្ពុជា​ផង​នោះ​ បានបង្ហាញ​ថា​ ប្រសិន​បើ​សមាគម​អាស៊ាន​ត្រូវ​បាន​បង្ខំ​ឱ្យជ្រើស​រើស​រវាង​មហា​អំណាច​ចិន ​និង​អាមេរិក ​ភាគ​ច្រើន​ពួក​គេ​ជ្រើស​រើស​យក​សហ​រដ្ឋ​អាមេរិក។​

របាយ​ការណ៍​ដែល​សិក្សា​ក្នុង​ចំណោម​មនុស្ស​ប្រមាណ​១៣០៨​នាក់​ ដែល​ជា​ប្រជាជន​ក្នុង​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០​បង្ហាញ​ថា​ ​ចំនួន​៦១%​នៃ​អ្នក​ចូលរួមការ​ស្ទង់​មតិ​នេះ​ឆ្លើយ​ថា​នឹង​ជ្រើស​រើស​យក​សហ​រដ្ឋ​អាមេរិក។​ ការ​សិក្សា​បញ្ជា​ក់​ថា ជម្រើស​សម្រាប់​ចិន​បាន​ធ្លាក់​ចុះ​ពី​៤៣%​មក​នៅ​៣៨,៩% ​ បើ​ប្រៀប​ធៀប​នឹង​ការ​សិក្សា​កាល​ពី​ឆ្នាំ​២០២២។​

ការ​ស្ទង់​មតិ​ថ្មីនេះ​ធ្វើ​ឡើង​ដោយវិទ្យាស្ថាន​សិក្សា​អាស៊ី​អាគ្នេយ៍​ Yusof Ishak ​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​សិង្ហបុរី ​ក្នុង​អំឡុង​ខែ​វិច្ឆិកា ​ឆ្នាំ​២០២២​ដល់​ខែ​មករា ​ឆ្នាំ​២០២៣។ ​ការ​ស្ទង់​មតិ​បង្ហាញ​ថា ​បញ្ហា​ប្រឈម​ធំៗ​ចំនួន​៣ ​ដែល​សមាគម​អាស៊ាន​ដែល​មាន​កម្ពុជា​ជា​សមាជិក​ កំពុង​តែ​ប្រឈម ​និង​មានក្តី​បារម្ភ។ ​មតិ​៨២%​បាន​លើក​ឡើង​ថា​ ខ្លួន​ខក​ចិត្ត​នឹង​ការ​ដែល​អាស៊ាន​ធ្វើ​ការ​យឺត​យ៉ាវ​ និង​មិន​មាន​ប្រសិទ្ធ​ភាព​ ដែល​ការណ៍​នេះ​មិន​អាច​ដោះ​ស្រាយ​ការ​វិវឌ្ឍ​ស្ថាន​ការណ៍​នយោបាយ ​និង​សេដ្ឋកិច្ច​បាន​ឡើយ។​

មតិ​៧៣%​នៃ​អ្នកចូលរួម​ស្ទង់​មតិ​បារម្ភពី​គ្រោះ​ថ្នាក់​នៃ​ការ​ដែល​អាស៊ាន​ក្លាយ​ជា​តំបន់​នៃ​ការ​ប្រកួត​ប្រជែង​របស់​មហា​អំណាច ​និង​ថា​ រដ្ឋជា​សមាជិក​របស់​សមាគម​នេះ​ក្លាយ​ជា​រដ្ឋ​អាយ៉ង​របស់​មហា​អំណាច​ទាំង​នោះ។​

ពាក់ព័ន្ធ​នឹង​ចំណុច​នេះ ​អ្នក​ចូល​រួម​ការ​ស្ទង់​មតិ​ដែល​ជា​ជន​ជាតិ​កម្ពុជា​មាន​ភាគ​រយ​ច្រើន​ជាង​គេ ​គឺ​រហូត​ដល់​៨៤%។​

លទ្ធផល​នៃ​ការ​ស្ទង់​មតិ​បង្ហាញ​ទៀត​ថា​ មតិ​៦០%​នៃ​អ្នក​ចូលរួម​ស្ទង់​មតិ​យល់​ថា​ អាស៊ាន​កំពុង​តែ​បែក​បាក់​គ្នា​កាន់​តែ​ខ្លាំង។ ​បើ​តាម​ការ​ស្ទង់​មតិ​នេះ​ បញ្ហា​នេះ​អាច​បណ្តាល​មក​ពីជំហរ​ផ្សេង​គ្នា​ទៅ​លើ​បញ្ហា​សង្គ្រាម​នៅ​អ៊ុយក្រែន​ និង​កង្វះ​នូវ​សាមគ្គី​គ្នា​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នៅ​មីយ៉ាន់ម៉ា​ដែល​ជា​រដ្ឋ​សមាជិក​អាស៊ាន​មួយ​ដែរ។​

ការ​ស្ទង់​មតិ​ដដែល​បាន​បង្ហាញ​ថា​ ចិន​មាន​ឥទ្ធិពល​ខ្លាំង​ជាង​គេ​នៅ​ក្នុង​តំបន់​ទាំង​ផ្នែក​សេដ្ឋ​កិច្ច​ នយោបាយ​ និង​យុទ្ធ​សាស្ត្រ​ ខណៈ​អាមេរិក​នៅ​ក្រោម​ចិន។ ​ទោះ​ជា​យ៉ាង​ណា​ក្តី​ ការ​រីក​ឥទ្ធិពល​របស់​ចិន​បាន​បង្ក​ជា​ក្តី​បារម្ភ​សម្រាប់​អ្នក​ចូល​រួម​ការ​ស្ទង់​មតិ​មួយ​នេះ។​

លោក​រ៉ឹម សុខវី ​សហ​ស្ថាបនិក​ The Thinker Cambodia ​ដែល​ជា​វេទិកា​វិភាគ​គោល​នយោបាយ ​និង​ជា​អ្នក​វិភាគ​មួយ​រូប ​ប្រាប់​វីអូអេ​ថា​ ទោះ​បី​ជា​ចិន​មាន​ឥទ្ធិ​ពល​ខ្លាំង​ជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ាន​ក្តី ​ ប៉ុន្តែ​ការ​ដែល​អ្នក​ចូល​រួម​ការ​ស្ទង់​មតិ​បង្ហាញ​ការ​រើស​យក​អាមេរិក ​បើ​សិន​ជា​មាន​ការ​បង្ខំ​ឱ្យ​ជ្រើស​រើ​ស​យក​មហា​អំណាច​ណា​មួយ​នោះ​ គឺ​ដោយ​សារ​តែ​គុណ​តម្លៃ​របស់​អាមេរិក ​ដូច​ជា​ការ​គោរព​នូវ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​តែ​ស្ថិត​ក្នុង​ក្រអៅ​បេះ​ដូង​របស់​ប្រជាជន​នៅ​ក្នុង​តំបន់​អាស៊ាន។​

បើ​តាម​អ្នក​វិភា​គ​រូប​នេះ​ ជា​ធម្មជាតិ​របស់​អាស៊ាន​បង្កើត​ឡើង​មក​មិន​អាច​ដោះ​ស្រាយបញ្ហា​ ឬ​ក៏​ការ​វិវឌ្ឍ​នៅ​ក្នុង​តំបន់​បាន​ឡើយ ​ដោយ​សារ​តែ​វា​ពាក់​ព័ន្ធ​ជា​មួយ​គោល​ការណ៍​មិន​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​រដ្ឋ​ជា​សមាជិក។ ​លោក​បន្ថែម​ថា ​ការ​ប្រកួត​ប្រជែង​របស់​មហា​អំណាចបាន​ធ្វើ​ឱ្យ​អាស៊ាន​មាន​ការ​បែក​បាក់​គ្នា ​ដោយ​សារ​តែ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​នោះ​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ​និង​មាន​ផល​ប្រយោជន៍​ចែក​គ្នា​ទៅ​លើ​មហា​អំណាច​ទាំង​ពីរ។​

បើ​តាម​លោក​សុខវី ​ រដ្ឋាភិបាល​ចិន​បាន​វិនិយោគ​ច្រើន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ​ប៉ុន្តែ​មាន​បញ្ហា​ជា​ច្រើនបាន​កើត​ឡើង​ដោយ​សារ​តែ​ចិន​ដែរ ​ដូច​ជា​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ និង​បញ្ហា​អន្ទាក់​បំណុល​ដែល​កំពុង​តែ​ត្រូវ​បាន​ពិភាក្សា​ គ្រា​ប្រទេស​ដែល​រកស៊ី​ជា​មួយ​ចិន​ហាក់​មិន​សូវ​ចំណេ​ញ ​ជា​ពិសេស​ពាក់​ព័ន្ធ​ជា​មួយ​ការ​មិន​មាន​តម្លា​ភាព​នៃ​ការ​វិនិយោគ​របស់​ចិន។​

លោក​បញ្ជាក់​ថា៖‍ ​«បើ​យើង​មើល​រាល់​ថ្ងៃ​ យើ​ង​ដឹង​ថា​ ​ចិន​ជា​ប្រទេស​មួយ​ដែល​មាន​ការ​វិនិយោគ​ច្រើន​នៅ​ក្នុង​តំបន់​អាស៊ី។ ​ក៏​ប៉ុន្តែ​បើ​យើង​មើល​ទៅ ​ នៅ​ខណៈ​នោះ​ផង​ដែរ ​ចិន​ជា​ប្រទេស​មួយ​ដែល​មាន​បញ្ហា​ច្រើន​ជាមួយ​អាស៊ាន ​ដូច​ជា​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។ ​ហើយ​យើង​មើល​បញ្ហា​មួយ​ទៀត​ពាក់​ព័ន្ធ​ជា​មួយ​អន្ទាក់​បំណុល​អ៊ីចឹង។​ បើ​ទោះ​បី​អន្ទាក់​បំណុល​នៅ​តែ​ជា​បញ្ហា​ដែល​កំពុង​តែ​ពិភាក្សា​គ្នា​ថា ​តើ​វា​អាច​មាន​ឡើង​មែន​អត់ ​ក៏​ប៉ុន្តែ​បើ​យើង​មើល​ទៅ​ប្រទេស​ដែល​រក​ស៊ី​ជា​មួយ​ចិន​ភាគ​ច្រើន​ដូចជា​មិន​សូវ​ចំណេញ​ មាន​ន័យ​ថា​ វា​ជួប​បញ្ហា​ដូច​ជា​រឿង​នយោបាយ»។​

សាស្ត្រា​ចារ្យ​វិទ្យា​ស្ថាន​នយោ​បាយ ​លោក​ឯម សុវណ្ណារ៉ា​កត់​សម្គាល់​ថា​ ការ​ដែល​អ្នក​ចូល​រួម​ស្ទង់​មតិ​ជ្រើស​រើ​ស​អាមេរិក​គឺ​ដោយ​សារ​តែ​ប្រជា​ពល​រដ្ឋ​ទទួល​បាន​ផល​ប្រយោជន៍​ពី​ប្រទេស​មហា​អំណាច​មួយ​នេះ​ជា​ជាង​ចិន។ ​ពាក់​ព័ន្ធ​នឹង​ភាព​ងាយ​បែក​បាក់​នៃ​សមាគម​អាស៊ាន ​លោក​ថ្លែង​ថា៖ ​«ប្រសិន​បើ​អាស៊ាន​នៅ​រក្សា​ជំហរ​អព្យា​ក្រឹត​ដូច​ក្នុង​ធម្មនុញ្ញ​របស់​អាស៊ាន​ ប្រហែ​ល​ជា​អាច​បញ្ចៀស​បាន​នូវ​បញ្ហា​បែក​បាក់គ្នា»។​

បើ​តាម​លោក​ឯម សុវណ្ណារ៉ា ​មេដឹក​នាំ​អាស៊ាន​នៅ​មិន​ទាន់អនុវត្ត​បាន​ពេញ​លេញ​ទៅ​តាម​ធម្មនុញ្ញ​របស់​ខ្លួន​ឡើយ​ ខណៈ​លោកជំរុញ​ឱ្យ​ពិចារណា​ឡើង​វិញ​ពី​ផល​ប្រយោជន៍​ដែល​ទទួល​បាន​ពី​ការ​ប្រកាន់​នូវ​ភាព​ជា​កណ្តាល៕​