របាយការណ៍ថ្មីរបស់អង្គការសមធម៌បង្ហាញថា សាជីវកម្មរ៉ែ ដោយប្រើគ្រឿងយន្តខ្នាតធំ និងការប្រើប្រាស់សារធាតុគីមី បានបង្កើនហានិភ័យនៃការទន្ទ្រានយកដី ការបំផ្លាញបរិស្ថាន សុខភាព និងសុវត្ថិភាពការងារសម្រាប់ប្រជា ពលរដ្ឋដែលរស់នៅតំបន់នោះ។
របាយការណ៍នេះមានក្រោមចំណងជើងថា៖ «របាយការណ៍ស្តីពីស្ថានភាពឧស្សាហកម្មរ៉ែ មាសនៅកម្ពុជា៖ ការរំលោភសិទ្ធិមនុស្ស និងការបំផ្លាញបរិស្ថាន»។ របាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ អះអាងថា ការគាស់កាយសាងសង់ផ្លូវទៅកាន់តំបន់ដាច់ស្រយាលសម្រាប់ការទាញយករ៉ែ និងការចម្រាញ់យករ៉ែមាស បង្កើនអត្រាហានិភ័យខ្ពស់ដល់ការកាប់បំផ្លាញព្រៃឈើជាសកល និងថា ក្តីព្រួយបារម្ភអំពីបរិស្ថានទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើ ការគ្រប់គ្រងកាកសំណល់ពុល និងការបាត់បង់ជីវៈចម្រុះនៅតែមិនត្រូវបានដោះស្រាយឱ្យបានទាន់ពេលវេលា។
របាយការណ៍បញ្ជាក់ថា៖ «ការផ្តល់អាជ្ញាបណ្ណនៅតែជាចំណុចចម្បងនៃការរិះគន់របស់សង្គមស៊ីវិលចំពោះឧស្សាហកម្មនេះ។ ការដ្ឋានជីកយករ៉ែដំណាក់កាលចម្រាញ់មួយដែលកំពុងប្រតិបត្តិការក្នុងខេត្តមណ្ឌលគិរី មានប្រវត្តិក្រុមហ៊ុនដែលធ្លាប់មានស្លាកស្នាម ត្រូវបានកាត់ទោសដោយតុលាការជាតិអូស្ត្រាលីថ្មីៗនេះ ដែលបានផាកពិន័យអតីតម្ចាស់ក្រុមហ៊ុននោះជាង ១០ លានដុល្លារ ពីបទសូកប៉ាន់មន្ត្រីកម្ពុជា ដែលការណ៍នេះពិបាកនឹងចាត់ទុកថាជារឿងធម្មតា និងមិនកើតឡើងម្តងទៀតណាស់»។
របាយការណ៍បន្ថែមថា៖ «វាជារឿងសំខាន់ ដែលវិស័យរ៉ែទាំងមូល ត្រូវផ្តោតលើប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា និងបរិស្ថានជាជាងការផ្តោតលើតែប្រាក់ចំណេញនិងសួយសារអាកររបស់សាជីវកម្ម»។
របាយការណ៍បានសិក្សាទៅលើករណីចំនួន ៥ ពាក់ព័ន្ធនឹងក្រុមហ៊ុនដែលជីកយករ៉ែនៅកម្ពុជា ក្នុងនោះមានដូចជាក្រុមហ៊ុនជីកយករ៉ែ អង្គរហ្គោល ខប មេសកូហ្គោល (Angkor Gold Corp, Mesco Gold) ក្រុមហ៊ុនរុងឆេង អ៊ិនដាសស្ទ្រៀល អ៊ិនវេសមិន និងរីណេសិនមីនឺរ៉ល ខេមបូឌារជាដើម។
បើតាមរបាយការណ៍ ក្រុមហ៊ុន Angkor Gold Corp, Mesco Gold ដែលបានជីកយករ៉ែ នៅភូមិពាក និងភូមិផ្លាង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានធ្វើឱ្យអ្នកភូមិមានការព្រួយបារម្ភអំពីការបាត់បង់ធនធានធម្មជាតិ និងដី ដែលជាកត្តាចាំបាច់ក្នុងការទ្រទ្រង់ ការចិញ្ចឹមជីវិតបែបប្រពៃណី និងទំនៀមទម្លាប់របស់ជនជាតិដើមភាគតិច។ របាយការណ៍បន្ថែមថា ពួកគេជឿថា ការវិនិយោគលើការជីកយករ៉ែនេះ មិនមែនជាការវិនិយោគលើអនាគតរបស់ពួកគេទេ ហើយវាក៏មិនបានបង្កើតតម្លៃពិតប្រាកដ និងយូរអង្វែងសម្រាប់សហគមន៍ដែរ។
លោក អៀង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជា ប្រាប់វីអូអេថា របាយការណ៍នេះសិក្សាករណីជាក់លាក់នៅក្នុងតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា ខណៈថា ស្ថានភាពទូទៅដែលជាក្តីបារម្ភរបស់ប្រជាពលរដ្ឋ មានដូចជាការគ្រប់គ្រងកាកសំណល់មិនបានល្អ ការកាប់បំផ្លាញព្រៃឈើ ខ្វះការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងមិនមានតម្លាភាពនៃចំណូលនិងចំណាយ។
លោកបញ្ជាក់ថា៖ «តែជារួមយើងបានលើកឡើងភាពខ្វះខាតអំពីតម្លាភាព ហើយការគ្រប់គ្រងហ្នឹង យើងចង់ឃើញថាឱ្យមានការបង្កើតជាក្រុមត្រួតពិនិត្យតំបន់រ៉ែទាំងអស់ហ្នឹងជាប្រចាំ ហើយត្រូវធានាថា ពួកគាត់ធ្វើទៅតាមច្បាប់ដែលយើងបានកំណត់ ហើយឱ្យមានការចូលរួមពីសហគមន៍មូលដ្ឋាន ក៏ដូចជាអង្គការសង្គមស៊ីវិល ដើម្បីតាមដានអំពីស្ថានភាពទាំងអស់ហ្នឹង»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពី លោក អ៊ឹង ឌីប៉ូឡា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល និងលោក ផៃ ប៊ុនឈឿន អ្នកនាំពាក្យក្រសួងបរិស្ថាននៅឡើយទេ។ វីអូអេក៏មិនទាន់អាចសុំការអត្ថាធិប្បាយពីក្រុមហ៊ុនរ៉ែមួយចំនួន ដែលមានឈ្មោះនៅក្នុងរបាយការណ៍នេះដែរ។
អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន ប្រាប់វីអូអេថា លោកមិនដឹងអំពីរបាយការណ៍នេះទេ ប៉ុន្តែលោកថា កន្លងទៅមានក្រុមហ៊ុនមួយប្រតិបត្តិការអាជីវកម្មរ៉ែនេះ ប៉ុន្តែក្រុមហ៊ុននោះបានឈប់ដំណើរការយូរមកហើយ។
លោកថ្លែងថា៖ «ខ្ញុំមិនដឹងរឿងរបាយការណ៍ហ្នឹងដែរ។ របាយការណ៍ហ្នឹងដឹងយ៉ាងម៉េច អីយ៉ាងម៉េច? ហើយគេមានចុះមកពិនិត្យយ៉ាងម៉េចអីយ៉ាងម៉េច? ខ្ញុំអត់ដឹងទេ។ នេះមិនមានអីទេ សកម្មភាពហ្នឹងយូរហើយ ហើយក្រុមហ៊ុនហ្នឹងដូចមិនដែលមានបញ្ហាអីផង»។
លោក ទុយ ឆេង អាយុ៦៧ឆ្នាំ ពលរដ្ឋម្នាក់រស់នៅភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា កាលពីដើមឡើយ ប្រជាពលរដ្ឋនៅទីនេះក្រៅពីប្រកបរបរធ្វើស្រែចម្ការ ពួកគេតែងតែរ៉ែងមាសបន្ថែម ដើម្បីរកប្រាក់ចិញ្ចឹមជីវិត។ ប៉ុន្តែលោកថា មកទល់ពេលនេះ ប្រជាពលរដ្ឋត្រូវបានហាមឃាត់មិនឱ្យរុករកបន្តទៀតទេ បន្ទាប់ពីមានក្រុមហ៊ុនចុះមករុករករ៉ែមាសនៅទីតាំងនេះ។
លោកថ្លែងថា៖ «ការធ្វើនេះ ប្រជាជនទទួលរងការលំបាក ពីព្រោះដីជុំវិញនេះមាន ១ម៉ឺន៨ពាន់ហិកតា។ ក្រុមហ៊ុនហ្នឹងឯងគេអត់ឱ្យប្រជាជនណារកតាពេសតាពាសទេ។ ដូច្នេះវាប្រើអំណាចផ្តាច់ការពេកហើយរាល់ថ្ងៃនេះ។ ប៉ុន្តែថា បើនិយាយទៅនិយាយឱ្យស្រួលស្តាប់ ខ្មោចស្រុកវាឱ្យដៃ ខ្មោចព្រៃវាចូលហើយ។ ដូច្នេះវាមកពីអាជ្ញាធរស្រុកអាជ្ញាធរខេត្តហ្នឹង គឺមិនបាន គិតគូរដល់ប្រជាជនរស់នៅក្នុងតំបន់»។
លោកសំណូមពរឱ្យគ្រប់ភាគីពាក់ទាំងអស់គួរតែពន្លឿនដល់ការចូលរួមដោះស្រាយបញ្ហាទាំងអស់នេះឱ្យបានឆាប់។
លោកលើកឡើងថា៖« ជូនទៅដល់សម្តេចនាយក ឬក៏សម្តេចបវរធិបតី ព្រមទាំងក្រសួងដែលមានសមត្ថកិច្ច ជួយមើលប្រជាជននៅក្នុងភូមិរមទម ស្រុករវៀងនេះផង។ ជាពិសេស ចៅហ្វាយខេត្តត្រូវមើលពីសុខទុក្ខរបស់ប្រជាជននេះផង ពីព្រោះពួកគាត់កំពុងតែលំបាកដោយសារការគាបសង្កត់ពីក្រុមហ៊ុនហ្នឹងឯង»។
អ្នកស្រី ពុយ ជីវ៉ា អាយុ២៤ឆ្នាំ ពលរដ្ឋនៅខេត្តរតនគិរី ប្រាប់វីអូអេថា មានការទន្ទ្រានដីពីក្រុមហ៊ុន និងមានការល្បួង ក៏ដូចជាទិញទឹកចិត្តដើម្បីទទួលបានដីពីប្រជាពលរដ្ឋ។ អ្នកស្រីជំរុញឱ្យមានការផ្តល់ជំនួយផ្នែកច្បាប់ដើម្បីជួយដល់អ្នកភូមិ។
អ្នកស្រីបញ្ជាក់ថា៖ «ចង់ឱ្យសំណូមពរដល់អាជ្ញាធរឃុំ ក៏ដូចជាខាងអង្គការ ចង់ឱ្យជួយផ្តល់ជាគំនិតយោបល់ទាក់ទងនឹងផ្នែកច្បាប់ និងខាងរ៉ែអ៊ីចឹងចា៎។ ខ្ញុំចង់ជួយដល់សហគមន៍។ខ្ញុំអត់ចង់ឱ្យមានការបំពានមកលើប្រជាពលរដ្ឋនៅក្នុងភូមិខ្ញុំអ៊ីចឹងទេ»។
វិធីសាស្ត្រស្រាវជ្រាវនៃរបាយការណ៍នេះត្រូវបានធ្វើឡើងដោយការពិភាក្សាផ្តោតជាក្រុមជាមួយសហគមន៍មូលដ្ឋាន ដែលរស់នៅក្នុងនិងជិតតំបន់ជីកយករ៉ែ។ ការសម្ភាសក៏ត្រូវបានធ្វើឡើងជាមួយអ្នកផ្តល់ព័ត៌មានសំខាន់ៗ រួមមានកម្មករក្រុមហ៊ុន មន្ត្រីមូលដ្ឋាន និងអង្គការសង្គមស៊ីវិលនានា ដែលសរុបមានមនុស្សចំនួន ៥៩ នាក់ ដែលត្រូវបានសម្ភាសសម្រាប់របាយការណ៍នេះ។
របាយការណ៍ក៏បានផ្តល់ជាអនុសាសន៍ ដោយស្នើឱ្យមន្ត្រីពាក់ព័ន្ធត្រូវគិតគូរពីក្តីកង្វល់របស់សហគមន៍មូលដ្ឋានឱ្យបានហ្មត់ចត់ ហើយចំណាយធនធានបន្ថែមទៅក្នុងការដោះស្រាយវិវាទដោយស្មោះត្រង់ នៅក្នុងតំបន់សំខាន់ៗ ដែលការជីកចម្រាញ់យករ៉ែមាសកំពុងធ្វើឡើង។ របាយការណ៍ក៏ជំរុញឱ្យមានការចាត់វិធានការដើម្បីផ្អាកប្រតិបត្តិការណាមួយ ដែលបង្កើតការខូចខាតចំពោះបរិស្ថាន និងផ្តល់ជំនួយដល់ប្រតិបត្តិករ ដើម្បីធានាថា ប្រតិបត្តិការរបស់ពួកគេអនុលោមតាមស្តង់ដារអន្តរជាតិ និងគោរពតាមច្បាប់បរិស្ថានរបស់កម្ពុជា៕