ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំរឿនសេដ្ឋកិច្ច៖ អង្គភាពសេដ្ឋកិច្ចសរុបនៅកម្ពុជា​មាន​ជាង៧៥ម៉ឺន ដែលផ្តល់ការងារដល់មនុស្សជិត៣លាននាក់


រូបឯកសារ៖ ស្ត្រីម្នាក់កំពុងលក់បន្លែនៅក្នុងផ្សារមួយ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២។
រូបឯកសារ៖ ស្ត្រីម្នាក់កំពុងលក់បន្លែនៅក្នុងផ្សារមួយ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២។

លទ្ធផល​នៃជំរឿន​សេដ្ឋកិច្ច​ដែល​ត្រូវ​បាន​ដាក់​សម្ពោធ​នៅ​ក្នុង​របាយ​ការណ៍​នា​ថ្ងៃ​អង្គារ​នេះ ​បង្ហាញ​ថា​ អង្គភាព​សេដ្ឋកិច្ច​ឬ​អង្គភាព​អាជីវ​កម្ម ​ឬ​ផ្នែក​មួយ​នៃ​អង្គភាព​អាជីវ​កម្ម​នៅ​កម្ពុជា ​សរុប​ទាំងអស់​មាន​ចំនួន​ជាង​ ៧៥​ ម៉ឺន​សហគ្រាស ​ដែល​កើន​ឡើង​ ៤៩% ​បើ​ធៀប​នឹង​ជំរឿន​សេដ្ឋកិច្ច ​ដែល​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​ ២០១១​ ពោល​គឺ​ក្នុង​រយៈ​ពេល​ជាង ​១០ ​ឆ្នាំ។​

ជំរឿន​សេដ្ឋកិច្ច​ដែល​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​ ២០១១​ បង្ហាញ​ថា​ អង្គភាព​សេដ្ឋកិច្ច​នៅ​កម្ពុជា​កាល​នោះ​មាន​ប្រមាណ​ ៥០៥.០០០​ សហគ្រាស ​ដែល​ផ្តល់​ការងារ​ប្រមាណ​ ១,៧​ លាន​នាក់។​

ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ «របាយ​ការណ៍​ថ្នាក់​ជាតិ​ ស្តីពី​លទ្ធផល​ចុង​ក្រោយ​នៃ​ជំរឿន​សេដ្ឋកិច្ច​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ឆ្នាំ​២០២២»​ នា​ថ្ងៃទី​ ២៦​ ខែធ្នូ​ ឆ្នាំ​ ២០២៣​ លោក ប៊ិន​ ត្រឈៃ ​រដ្ឋមន្ត្រី​ក្រសួង​ផែន​ការ​ លើក​ឡើង​ថា ​អង្គភាព​សេដ្ឋកិច្ច​ទាំង​អស់​នៅ​ឆ្នាំ​២០២២​មាន​៥២%​ នៅ​ទី​ប្រជុំជន​ និង​ ៦៩%​ ជា​អង្គភាព​សេដ្ឋកិច្ច​ដែល​មាន​ភាព​ជា​ម្ចាស់​តំណាង​ជា​ស្ត្រី។

លោក​បន្ថែម​ថា​ អង្គភាព​សេដ្ឋកិច្ច​ទាំង​អស់​បាន​ស្រូប​យក​កម្លាំង​ពលកម្ម​សរុប​ជិត​៣​លាន​នាក់​ ក្នុង​នោះ​ស្ត្រី​មាន​ចំនួន​ ១,៨៤​ លាន​នាក់។ ​ជំរឿន​សេដ្ឋ​កិច្ច​ឆ្នាំ​ ២០២២ ​នេះ ​គ្រប​ដណ្តប់​អង្គ​ភាព​សេដ្ឋកិច្ច​តែ​ក្នុង​ពីរ​វិស័យ​គឺ​វិស័យ​ឧស្សាហ​កម្ម​ ដែល​មាន​ ៧% ​និង​វិស័យ​សេវា​កម្ម​ដែល​មាន​ ៩៣%។​

រដ្ឋមន្រ្តី​ក្រសួង​ផែនការ​បញ្ជាក់​ថា៖​ «គោល​បំណង​ជា​សារ​វ័ន្ត​នៃ​ជំរឿន​សេដ្ឋកិច្ច ​គឺ​ដើម្បី​ចង​ក្រង​ស្ថិតិ​មូលដ្ឋាន​គ្រឹះ​ស្តីពី​អង្គភាព​សេដ្ឋកិច្ច​និង​បង្កើត​បញ្ជី​មេ​នៃ​អង្គភាព​សេដ្ឋ​កិច្ច​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ ដែល​ផ្តល់​នូវ​ព័ត៌មាន​សំខាន់ៗ​ស្តីពី​ស្ថាន​ភាព​នៃ​សកម្ម​ភាព​និង​រចនា​សម្ព័ន្ធ​ដល់​អ្នក​រៀបចំ​គោល​នយោបាយ​ អ្នក​រៀបចំ​ផែន​ការ​ អ្នក​ស្រាវជ្រាវ​និង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត»។​

បើ​តាម​របាយ​ការណ៍​នៃ​លទ្ធផល​ជំរឿន​ អង្គភាព​សេដ្ឋកិច្ច​តាម​ចិញ្ចើម​ផ្លូវ​បាន​កើន​ឡើង​ប្រមាណ​ ៣៥.០០០ ​សហ​គ្រាស។ ​របាយ​ការណ៍​បញ្ជាក់​ថា៖​ «លទ្ធផល​ជំរឿន​សេដ្ឋកិច្ច​នេះ​បាន​បង្ហាញ​ថា​ ចំនួន​អង្គភាព​សេដ្ឋ​កិច្ច​តាម​ចិញ្ចើម​ផ្លូវ​មាន​អត្រា​កំណើន​ខ្ពស់​ជាង​អង្គភាព​សេដ្ឋកិច្ច​ផ្សេង​ទៀត ​នៅ​ចន្លោះ​ឆ្នាំ​ ២០១១ ​និង​ឆ្នាំ​ ២០២២»។​

ចំនួន​អង្គភាព​សេដ្ឋកិច្ច​ភាគ​ច្រើន​គឺ​មាន​ម្ចាស់​ជាជន​ជាតិ​កម្ពុជា​ដែល​មាន​ប្រមាណ​ ៩៩,១%​នៃ​អង្គភាព​សេដ្ឋកិច្ច​សរុប​ទាំង​អស់​នៅ​ប្រទេស​កម្ពុជា។ ​អង្គភាព​សេដ្ឋកិច្ច​ដែល​មាន​ម្ចាស់​ជា​ជន​ជាតិ​ចិន​មាន​ប្រមាណ​ ២.៦០០ ​សហគ្រាស​ដែល​ស្មើ​ ០,៣%​ នៃ​ចំនួន​អង្គភាព​សេដ្ឋកិច្ច​សរុប​ជាង​ ៧៥ ​ម៉ឺន​សហ​គ្រាស។ ​ ម្ចាស់​ជនជាតិ​វៀតណាម​មាន​ប្រមាណ​ ១.៦០០ ​សហ​គ្រាស​ស្មើ​ ០,២% ​ម្ចាស់​ជន​ជាតិ​អាស៊ី​ផ្សេង​ទៀត​មាន​ប្រមាណ​ ១.២០០​ សហ​គ្រាស​ និង​ជនជាតិ​កូរ៉េ​ខាង​ត្បូង​មាន​ប្រមាណ​ ៤៤០​ សហ​គ្រាស។​

បើ​តាម​របាយ​ការណ៍​ ចំនួន​អង្គភាព​សេដ្ឋកិច្ច​ដែល​មាន​អ្នក​ចូលរួម​ការងារ​ ១​នាក់ ​ឬ​២​នាក់​មាន​ប្រមាណ​ ៦២ ​ម៉ឺន​សហគ្រាស ​ស្នើ​នឹង​ ៨២,៤%​ នៃ​អង្គភាព​សេដ្ឋកិច្ច​សរុប។​ ចំនួន​អង្គភាព​សេដ្ឋកិច្ច​ដែល​មាន​អ្នក​ចូលរួម​ការងារ​ពី​៥​នាក់​ឬ​ច្រើន​ជាង​មាន​ប្រមាណ​ ៥៣.០០០​ សហ​គ្រាស​គឺ​ស្នើ​នឹង​ ៧%​ នៃ​ចំនួន​អង្គភាព​សេដ្ឋកិច្ច​សរុប។​

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ​ថ្លែង​នៅ​ក្នុង​ពិធី​ផ្សព្វ​ផ្សាយ​របាយ​ការណ៍​នៃ​លទ្ធ​ផល​ជំរឿន ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ទិន្នន័យ​មាន​សារៈ​សំ​ខាន់​ណាស់ ​ព្រោះ​វា​ជា​ផែនទី​ និង​ត្រីវិស័យ​សម្រាប់​រៀបចំ​គោល​នយោបាយ ​និង​សេដ្ឋកិច្ច។​

លោក​ថ្លែង​ថា៖​ «នេះ​គឺជា​កិច្ច​ការ​សំខាន់​ណាស់​ ហើយ​ការ​ប្រើប្រាស់​ទិន្នន័យ​ក្នុង​ការ​វិភាគ​នេះ​គឺ​នៅ​លើ​ពិភពលោក​គឺ​ប្រើ។ ​យើង​អាច​និយាយ​ថា​ បើ​គ្មាន​ទិន្នន័យ ​យើង​ហាក់​ដូច​ជា​ស្ថិត​នៅ​ចំណុច​មួយ​ដែល​អាច​ងាយ​ស្រួល​នៅ​ក្នុង​ការ​វង្វេង​វង្វាន់ ​មិន​អាច​ដឹង​ថា ​នៅ​ជុំវិញ​យើង​ស្ថានភាព​យ៉ាង​ណា ​ឬ​ក៏​អាច​ព្យាករណ៍​ថា​ ទៅ​មុខ​មានអី​ ហើយ​យើង​ដើរ​ដល់​កន្លែង​ណា​ ហើយ​ទៅ​ណា​ទៀត។ ​អ៊ីចឹង​ការ​គ្រប់​គ្រង​ទិន្នន័យ​នេះ​សំខាន់​ណាស់​ ហើយ​ការ​ប្រើប្រាស់​ទិន្នន័យ ​ក្រុមហ៊ុន​ច្រើន​ណាស់​នៅ​លើ​ពិភព​លោក​បាន​វិនិយោគ​ទៅ​លើ​ការ​ធ្វើ​ប្រព័ន្ធ​ទិន្នន័យ​នេះ»។​

បើ​តាម​របាយ​ការណ៍​ អង្គភាព​សេដ្ឋកិច្ច​ទាំង​អស់​ត្រូវ​បាន​រាប់​បញ្ចូល​នៅ​ក្នុង​ជំរឿន​សេដ្ឋកិច្ច​នេះ ​រួម​ទាំង​ផ្សារ​ រោងចក្រ ​ក្រុមហ៊ុន ​សិប្បកម្ម​ ការ​លក់​ទំនិញ​តាម​ប្រព័ន្ធ​អនឡាញ ​និង​សេវា​កម្ម ​សាលា​រៀន ​សកល​វិទ្យាល័យ​ វត្ត​អារាម ​វិហារ​សាសនា ​មន្ទីរ​ពេទ្យ ​គ្លីនិក​ឯកជន​ និង​មណ្ឌល​សុខភាព​ជា​ដើម។ ​វិធីសាស្រ្ត​នៃ​ការ​ធ្វើ​ជំរឿន​សេដ្ឋកិច្ច​នេះ​គឺ​មន្រ្តី​សម្ភាសន៍​ត្រូវ​ចុះ​ទៅ​សម្ភាស​ផ្ទាល់​គ្រប់​អង្គភាព​សេដ្ឋកិច្ច​ទាំង​អស់​នៅ​ក្នុង​មណ្ឌល​ជំរឿន។ ​ការ​ចុះ​សម្ភាស​នេះ​ធ្វើ​ឡើង​តែ​រយៈ​ពេល​មួយ​ខែ​ប៉ុណ្ណោះ ​គឺ​នៅ​ក្នុង​ខែ​មីនា​ ឆ្នាំ​ ២០២២៕​

XS
SM
MD
LG