របាយការណ៍ធនាគារពិភពលោកបានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងពីកម្រិត ៥.៦% ក្នុងឆ្នាំ ២០២៣ ទៅ ៥.៨% នៅឆ្នាំ ២០២៤។
បើតាមរបាយការណ៍របស់ធនាគារពិភពលោកឲ្យដឹងថា វិស័យនាំចេញទំនិញនិងសេវាកម្មរបស់កម្ពុជា បានជំរុញឱ្យមានសកម្មភាពសេដ្ឋកិច្ច ដែលទើបចេញផ្សាយនៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៤ សេដ្ឋកិច្ចកម្ពុជាអាចប្រសើរឡើងបន្ថែមទៀតនៅកម្រិត ៦.១% នៅឆ្នាំ ២០២៥ និង ៦.៤% នៅឆ្នាំ ២០២៦ ដោយសារតែការប្រសើរឡើងវិញលើការនាំចេញផ្នែកវិស័យកាត់ដេរ ទំនិញធ្វើដំណើរ និងស្បែកជើង រួមទាំងការងើបឡើងវិញនៃការមកដល់របស់ភ្ញៀវទេសចរណ៍។
បើតាមធនាគារពិភពលោក សកម្មភាពសេដ្ឋកិច្ចកម្ពុជាបានកើនឡើងនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ ដោយសារតែការងើបឡើងវិញវិស័យសេវាកម្ម និងការនាំចេញទំនិញផងដែរ ទោះបីជាតម្រូវការក្នុងស្រុកបានធ្លាក់ចុះក៏ដោយ។
ប្រធានគ្រប់គ្រងធានាគារពិភពលោកប្រចាំកម្ពុជា លោកស្រី ម៉ារីយ៉ាម សាលីម បានលើកឡើងនៅក្នុងនៅក្នុងពិធីសម្ពោធរបាយការណ៍នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៤ ថា៖ «ដើម្បីរក្សាកំណើនសេដ្ឋកិច្ចបន្ត កម្ពុជាត្រូវរក្សាស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុ ដោយការស្តារឡើងវិញនូវលំហសារពើពន្ធ និងការការពារវិស័យហិរញ្ញវត្ថុរបស់ខ្លួន»។
លោកស្រីបន្តថា៖ «កម្ពុជាអាចពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួនតាមរយៈការកែលម្អបរិយាកាសធុរកិច្ច សម្រួលនីតិវិធីពាណិជ្ជកម្មនៅតាមព្រំដែន ធ្វើឱ្យការផ្គត់ផ្គង់ថាមពលកាន់តែអាចទុកចិត្តបាន និងពង្រឹងវិស័យអប់រំ»។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន ប្រាប់វីអូអេតាមប្រព័ន្ធតេឡេក្រាមថា អ្វីដែលធនាគារពិភពលោកបានព្យាករគឺមានភាពស៊ីចង្វាក់គ្នាទៅនឹងអ្វីដែលរដ្ឋាភិបាលបានព្យាករដែលថាសេដ្ឋកិច្ចកម្ពុជាមានសន្ទុះឡើងវិញ និងវិលទៅរកប្រក្រតីភាព។
បើតាមអ្នកនាំពាក្យរូបនេះ រដ្ឋាភិបាលតែងតែស្តាប់រាល់អនុសាសន៍របស់ស្ថាប័អន្តរជាតិនានា និងថា រដ្ឋាភិបាលបានកែលម្អច្រើនតាមរយៈកម្មវិធីកែទម្រង់នានា ដោយការដាក់ចេញជាយុទ្ធសាស្ត្រនិងគោលនយោបាយថ្មីៗជាច្រើនបង្កើតបរិយាកាសធុរកិច្ច។
លោកថ្លែងថា៖ «សេដ្ឋកិច្ចមិនអាចមានទម្ងន់ទៅលើផ្នែកវិស័យមួយៗទេ គឺយើងត្រូវធ្វើពិពិធកម្មសេដ្ឋកិច្ចជាច្រើន វិស័យកសិកម្ម វិស័យកសិឧស្សាហកម្ម ហើយនិងវិស័យផ្សេងៗទៀតដែលជាវិស័យយើងត្រូវបន្តកែលម្អដើម្បីពង្រឹងសមត្ថភាព។ អ៊ីចឹងហើយបានរដ្ឋាភិបាលមានគោលការណ៍ធ្វើម៉េចពង្រឹងសមត្ថភាព ជំនាញវិជ្ជាជីវៈ»។
អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ ប្រាប់វីអូអេថា ការព្យាកររបស់ធនាគារពិភពលោកគឺសមហេតផល ដោយសារតែគិតឆមាសទី១ឆ្នាំ ២០២៤ នេះ ការនាំចេញរបស់កម្ពុជា និងសេវាកម្មទេសចរណ៍ក៏មានសន្ទុះ ដែលលោកថា ផ្នែកទាំងពីរនេះរុញសេដ្ឋកិច្ចកម្ពុជាទៅមុខមួយកម្រិតទៀត។
ទោះជាយ៉ាងណាបើតាមអ្នកជំនាញរូបនេះ បញ្ហាការចំណាយឯកជនធ្លាក់ចុះ និងវិបត្តិអចលទ្រព្យក៏ជាឧបសគ្គសម្រាប់សេដ្ឋកិច្ចកម្ពុជាផងដែរ។
លោកថ្លែងថា៖ «អ៊ីចឹងស្ថានភាពនេះឯងក៏ជាឧបសគ្គមួយដែរ។ ក្នុងពេលបច្ចុប្បន្នយើងសង្កេតឃើញជាការពិតគឺបញ្ហាអចលទ្រព្យ ឬក៏ការចំណាយក្នុងស្រុករបស់បងប្អូនប្រជាពលរដ្ឋដោយសារអតិផរណាផង អានេះគឺជាចរន្តសកលដែលធ្វើឱ្យប៉ះពាល់ទៅដល់ការចាយវាយរបស់បងប្អូនប្រជាពលរដ្ឋ ហើយនិងការសន្សំកញ្ចប់ថវិកាគ្រួសាររបស់ពួកគាត់ហ្នឹង ដោយសារអតិផរណា ទំនិញឡើងថ្លៃ ហើយប្រាក់ខែរបស់គាត់នៅថេរ។ អ៊ីចឹងគាត់វាយចាយមានព្រំដែន មានកម្រិតរបស់គាត់»។
លោក ហុង វណ្ណៈ អះអាងថា កាលណាការវិនិយោគបរទេស វិស័យទេចរណ៍ និងការនាំចេញរបស់កម្ពុជាកាន់តែធំ នោះនឹងជំរុញឱ្យការចំណាយរបស់ប្រជាពលរដ្ឋខ្មែរកាន់តែធំ។
បន្ថែមពីលើនេះបើតាមរបាយការណ៍ដដែលឲ្យដឹងថា បើទោះសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញខ្លះក្តី ក៏សកម្មភាពក្នុងវិស័យសំណង់នៅតែមានតិចតួច ហើយទីផ្សារអចលនទ្រព្យនៅតែបន្តធ្លាក់ចុះ ដែលធ្វើឱ្យកំណើនឥណទានក្នុងស្រុកបានធ្លាក់ចុះយ៉ាងខ្លាំង ការចំណាយឯកជនត្រូវបានកាត់បន្ថយ និងប៉ះពាល់ដល់ការប្រមូលចំណូលក្នុងស្រុក។
ទោះជាយ៉ាងណាក្តី ធនាគារពិពលោកក៏បានបង្ហាញដែរថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានក្លាយជាទីផ្សារនាំចេញធំទី ២ របស់កម្ពុជាបន្ទាប់ពីសហរដ្ឋអាមេរិក និងថាការកើនឡើងនៃការវិនិយោគពីបរទេសក្នុងវិស័យផលិតកម្មនិងកសិកម្ម ក៏បានរួមចំណែកដល់ការងើបឡើងវិញនេះផងដែរ៕