របាយការណ៍​ថ្មី​មួយ​បង្ហាញ​ថាឆ្នាំ​២០១៤​ជា​ឆ្នាំ​មាន​គ្រោះថ្នាក់​បំផុត​សម្រាប់​អ្នក​កាសែត​នៅ​កម្ពុជា

ប៉ូលិស​បង្រ្កាប​ការ​តវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ២០១៤។

របាយការណ៍​មួយ​របស់​មជ្ឈមណ្ឌល​កម្ពុជា​សម្រាប់​សារព័ត៌មាន​ឯករាជ្យ ដែល​មាន​ចំណង​ជើង​ជា​ភាសា​អង់គ្លេស​ថា «ការ​ប្រឈមមុខ​សម្រាប់​សារព័ត៌មាន​ឯករាជ្យ​ឆ្នាំ​២០១៤‍» បង្ហាញ​ថា​ឆ្នាំ២០១៤​ជា​ឆ្នាំ​ដែល​ពោរពេញ​ទៅ​ដោយ​ឧបសគ្គ​និង​ជា​ឆ្នាំ​ដែល​បាន​សម្លាប់​អ្នក​កាសែត​កម្ពុជា​ច្រើន​ជាង​គេបើ​ប្រៀបធៀប​ទៅ​នឹង​បណ្តា​ឆ្នាំនានា​ចាប់​តាំង​ពី​ចលាចល​នយោបាយ​ក្នុង​ឆ្នាំ១៩៩៧។

នៅ​ក្នុង​ឆ្នាំ២០១៤ សារព័ត៌មាន​កម្ពុជា​ត្រូវ​បាន​អង្គការ​ Freedom House ចាត់​ទុក​ថា​ «មិន​សេរី» និង​ត្រូវ​បាន​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន Reporters Without Borders ដាក់​ក្នុង «ស្ថានភាព​ពិបាក» ដែល​ជាប់​ចំណាត់​ថ្នាក់​ទី១៤៤​ក្នុង​ចំណោម​ប្រទេស​១៨០​នៅ​ទូទាំង​ពិភពលោក។ នៅ​ក្នុង​របាយការណ៍​របស់​មជ្ឈមណ្ឌល​កម្ពុជា​សម្រាប់​សារព័ត៌មាន​ឯករាជ្យ ៦២.៧%​នៃ​អ្នក​កាសែត​អាជីព​ចំនួន​៧៨នាក់​ដែល​ផ្តល់​បទ​សម្ភាសន៍ ជឿ​ថា​ សារព័ត៌មាន​របស់​កម្ពុជា​កំពុង​តែ​ដើរ​លើ​ផ្លូវ​ត្រូវ​ដោយសារ​តែ​តួនាទី​របស់​អ៊ិនធឺណិត​ដែល​ចេះ​តែ​ល្បី​ទៅៗ​នៅ​ក្នុង​សារព័ត៌មាន​កម្ពុជា។

របាយការណ៍​រក​ឃើញ​ថា​មាន​កាសែត​បោះពុម្ភ​ជា​ភាសា​បរទេស​តែ​ពីរ​ទេ​ដែល​មាន​កាសែត The Cambodia Daily និង​កាសែត Phnom Penh Post ​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​មាន​ការ​ជឿ​ទុក​ និង​ឯករាជ្យ ខណៈ​ពេល​ដែល​ទូរទស្សន៍​ចំនួន​១៥​មិន​បាន​គេ​ទុក​ចិត្ត​នោះ​ទេ​ ដោយសារ​តែ​គេ​យល់​ឃើញ​ថា​វា​មាន​ការ​ជាប់​ពាក់ព័ន្ធ​ជិតស្និទ​ ឬ​មាន​ការ​គ្រប់គ្រង​ដោយ​ផ្ទាល់​ពី​គណបក្ស​កាន់​អំណាច។ សម្រាប់​វិទ្យុ​វិញ​ វា​នៅ​តែ​ជា​សារព័ត៌មាន​ដែល​មាន​ភាព​ពេញ​និយម​ និង​អាច​ស្តាប់​បាន​ ដោយសារ​តែ​វិទ្យុ​មាន​តម្លៃ​ថោក​ និង​ងាយ​ស្រួល​សម្រាប់​អ្នក​អត់​ចេះ​អក្សរ​ក្នុង​ការ​ទទួល​ព័ត៌មាន។ របាយការណ៍​និយាយ​ថា​ អ្នក​យក​ព័ត៌មាន​ទុក​ចិត្ត​កម្មវិធី​ផ្សាយ​របស់​បរទេស​ដូចជា​ វិទ្យុ​បារាំង​អន្តរជាតិ និង​វិទ្យុ​សម្លេង​សហរដ្ឋ​អាមេរិក។

របាយការណ៍​របស់​មជ្ឈមណ្ឌល​កម្ពុជា​សម្រាប់​សារព័ត៌មាន​ឯករាជ្យ​បង្ហាញ​ពី​ឧបសគ្គ​សម្រាប់​អ្នក​សារព័ត៌មាន​ដែល​មាន​ដូចជា​ ការ​ប្រើ​អំពើ​ហិង្សា​និង​ការ​វាយ​ដំ​លើ​រាងកាយ​អ្នក​កាសែត​នៅ​ពេលពួក​គេ​រាយការណ៍​នៅ​កន្លែង​បាតុកម្ម ការ​គំរាមកំហែង​តាម​ផ្លូវ​ច្បាប់​ ភាព​ភ័យ​ខ្លាច​ក្នុង​ចំណោម​អ្នក​កាសែត​ ការ​គ្រប់គ្រង​និង​ឥទ្ធិពល​របស់​រដ្ឋាភិបាល ច្បាប់​ប្រឆាំង​ឧក្រិដ្ឋកម្ម​តាម​អ៊ិនធឺណិត ច្បាប់​កំណែ​ទម្រង់​ការ​បោះឆ្នោត កង្វះ​ភាព​ជា​អាជីព និង​កង្វះ​ការ​ទទួល​បាន​ព័ត៌មាន។ របាយការណ៍​នេះ​ក៏​បាន​កត់​សម្គាល់​ថា​ឆ្នាំ២០១៤​ជា​ឆ្នាំ​ដែល​មាន​ការ​អ្នក​កាសែត​ស្លាប់ច្រើន​ជាង​គេ ដែល​ក្នុង​នោះ​មាន​អ្នក​កាសែត​នៅ​តាម​ខេត្ត​ចំនួន​ពីរ​នាក់​ត្រូវ​បាន​គេ​ធ្វើ​ឃាត និង​អ្នក​កាសែត​អន្តរជាតិ​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​ក្នុង​ស្ថានភាព​គួរ​ឲ្យ​សង្ស័យ​នៅ​ក្នុង​ខេត្ត​សៀមរាប។

របាយការណ៍​របស់​មជ្ឈមណ្ឌល​កម្ពុជា​សម្រាប់​សារព័ត៌មាន​ឯករាជ្យ បាន​ធ្វើ​សំណើរ​មួយ​ចំនួន​ជូន​ទាំង​អ្នក​កាសែត ទាំង​រដ្ឋាភិបាល។ សម្រាប់​អ្នក​កាសែត សំណើរ​មាន​រួម​ការ​គោរព​ក្រម​សីលធម៌​អ្នក​កាសែត និង ឯករាជ្យភាព។ សម្រាប់​រដ្ឋាភិបាល របាយការណ៍​ស្នើ​ឲ្យមាន​ការ​ធានា​រ៉ាប់​រង​នូវ​សេរីភាព​អ្នក​កាសែត​ដូច​ដែល​បាន​ចែង​ក្នុងច្បាប់ ព្រម​ទាំង​ការធានា​ថាអ្នក​កាសែតដែល​ត្រូវ​តុលាការ​ចោទ​ប្រកាន់ គឺ​ស្ថិត​ក្នុង​ការ​ចោទ​ប្រកាន់​ត្រឹម​ត្រូវ ក្រោម​ច្បាប់​អ្នក​កាសែត មិន​មែន​ក្រោម​ច្បាប់​ព្រហ្មទណ្ឌ​ទេ៕