ចង្កោម​ឆ្លង​កូវីដ​ក្នុង​សហគមន៍​រាលដាល​ដល់​ខេត្ត​ខ្លះ ​រួម​ទាំង​ខេត្ត​ព្រះសីហនុ

អគារ The Bridge ត្រូវបានបិទនិងពង្រឹងសន្តិសុខពេលចេញចូល បន្ទាប់ពីមនុស្សក្នុងអគារនោះបានធ្វើតេស្តវិជ្ជមានថា មានជំងឺកូវីដ១៩ ក្នុងអំឡុងពេលមានការឆ្លងក្នុងសហគមន៍លើកទីបី នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

ចង្កោម​នៃ​ការ​ផ្ទុះ​ឆ្លង​កូវីដ​១៩ ​ក្នុង​សហគមន៍​ថ្មី​នៅ​កម្ពុជា បាន​រាលដាល​បន្ថែម​ទៀត​នៅ​ថ្ងៃ​ពុធ​នេះ ហើយ​ខ្សែ​បណ្ដាញ​អ្នក​ជាប់​ពាក់ព័ន្ធ​មាន​តាមបណ្ដា​ខេត្ត ក្នុង​នោះ​មាន​នៅ​ខេត្ត​ព្រះសីហនុ​ផង​ដែរ។

ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​ថា ខ្លួន​បាន​រក​ឃើញការ​ឆ្លង​ថ្មី​នៃជំងឺកូវីដ១៩ ដែលពាក់​ព័ន្ធ​នឹង​ព្រឹត្តិ​ការណ៍​ «២០​កុម្ភៈ» ចំនួន​ ៤០​ ករណី​ផ្សេង​ទៀត បង្កើនចំនួន​សរុប​នៃ​ចង្កោម​ការ​ឆ្លង​នេះ​ដល់​ ១៣៩ ​ករណី ដែល​នេះ​នាំ​ឲ្យព្រួយ​បារម្ភ​បន្ថែម​ទៀត។ គិត​មក​ត្រឹម​ថ្ងៃ​ពុធ​នេះ យ៉ាង​តិចអ្នក​ឆ្លង​ ១១៨ ​នាក់​ ជា​ពលរដ្ឋ​ចិន​ដី​គោក។

ក្នុង​ចំណោម​ ៤០​ ករណី​វិជ្ជមាន​ថ្មី​ដែល​អាជ្ញាធរ​បាន​រក​ឃើញ មាន​ ៣៦​ នាក់​នៅ​ភ្នំពេញ ២​ នាក់នៅ​ខេត្ត​កណ្ដាល និង​ ២ ​នាក់​នៅ​ខេត្ត​ព្រះ​សីហនុ​។ ក្នុង​ចំណោម​នោះ​ដែរ ៣៧​ នាក់​ ជា​ពលរដ្ឋ​ចិន។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​សុខាភិបាល និងអ្នក​នាំពាក្យ​របស់​ក្រសួង​នេះ។

នៅ​ខេត្ត​ព្រះសីហនុ ពលរដ្ឋ​ចិន ​២ ​នាក់ ​ដែល​មាន​លទ្ធផល​តេស្ដ​វិជ្ជមាន​កូវីដ​១៩ ពេល​សុំ​ធ្វើ​វិញ្ញាបន​បត្រ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​វិញ​ ​ត្រូវ​បាន​ក្រសួង​សុខាភិបាល​រាប់​បញ្ចូល​ក្នុង​បញ្ជី​អ្នក​ឆ្លង​ជា​អ្នក​ដំណើរ​ដាច់​ដោយ​ឡែក។

យ៉ាង​ណាក្ដី ក្រោយ​មក​ លោកស្រី​វេជ្ជ​បណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា​ ករណី​ស្ត្រី​ទាំង​ ២ ​នាក់​នោះ ​«គឺ​ជា​ការ​ចម្លង​តគ្នា​ក្នុងព្រឹត្តិការណ៍​សហគមន៍​ ២០ កុម្ភៈ»។​

អ្នកដំណើរបើកបរម៉ូតូលើដងវិថីមួយ ក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលមានការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍លើកទីបី នៅរាជធានីភ្នំពេញប្រទេសកម្ពុជា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

ក្រោយ​មាន​ករណី​វិជ្ជ​មាន​របស់​អ្នក​ទាំង​ ២ អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ បាន​ឈាន​ទៅ​បិទ​កន្លែង​មួយ​ចំនួន ក្នុង​នោះ​មានសណ្ឋាគារ​ហ័ងហ្គ័ន​ជា​លី ទីតាំង​ ៣ ​កន្លែង​របស់​សណ្ឋាគារ​ ជិនប៉ី​ អគារ​ស្នាក់​នៅ​មួយ​កន្លែង​របស់​បុគ្គលិក​ ជិនប៉ី និង​បិទ​សារ​មន្ទីរ រោងភាព​យន្ត និង​រោង​ល្ខោន​ផ្សេងៗ​ក្នុង​ខេត្ត​មួយ​នេះ។

ក្នុង​លិខិត​ ២​ ដាច់​ដោយ​ឡែក លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ បញ្ជា​មិន​ឱ្យ​ភ្ញៀវ​ដែល​កំពុង​ស្នាក់​នៅ​សណ្ឋាគារ​ទាំងនោះ​ចាក​ចេញ​ពី​ទីតាំង​នោះ​ទេ ហើយ​ក៏​មិន​អនុញ្ញាត​ឱ្យ​ទទួល​ភ្ញៀវ​ថ្មី​ដែរ។

លោក ឃាង ភារម្យ អ្នក​នាំ​ពាក្យ​រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ បាន​ប្រាប់ VOA​ កាល​ពី​រសៀល​ថ្ងៃ​ពុធ​ថា​ក្រុម​ការងារ​សុខាភិបាលកំពុង​តាម​ដាន​រក​អ្នក​ពាក់​ព័ន្ធ​ និង​ប្រមូល​សំណាក​អ្នក​ប៉ះពាល់​ផ្ទាល់​ ដែល​ស្ថិត​ក្នុង​សណ្ឋា​គារ​ទាំង​នោះ។

លោក​មាន​ប្រសាសន៍​ថា៖ «វា​នៅ​ក្នុង​ស្ថានភាព​មួយ​អាច​គ្រប់​គ្រង​បាន ដោយ​សារតែ​ព័ត៌មាន ​[អំពី​បណ្ដាញ​ឆ្លង]​ យើង​គ្រប់គ្រងបាន​ទាំង​អស់ ហើយ​យើង​ចាត់​វិធាន​ការ​ភ្លាមៗ អ៊ីចឹង​ហើយ​ទីតាំង​ទាំង​អស់​ដែល​មាន​ការ​ពាក់​ព័ន្ធ​ ក៏​យើង​គ្រប់​គ្រង​បាន​នៅ​តាម​ទី​តាំង ទាំង​ចំនួន​អ្នក​ពាក់​ព័ន្ធ​ផ្ទាល់​និង​ប្រយោល យើង​កំពុង​ប្រមូល​ឱ្យ​អស់ ទុក​ដាក់​គាត់​ធ្វើ​ចត្តាឡីស័ក​មួយ​ដុំ អត់​ឱ្យ​មាន​ការ​រាយ​ប៉ាយ​ទេ»។

ពលរដ្ឋ​ចិន​ម្នាក់​និង​ពលរដ្ឋ​វៀតណាម​ម្នាក់ នៅ​ស្រុក​កោះ​ធំ ខេត្ត​កណ្ដាល ដែល​ត្រូវ​បាន​ក្រសួងសុខាភិបាល​ប្រកាស​ថា​មាន​វិជ្ជមាន​កូវីដ​១៩​ នោះ ក៏​ត្រូវ​បាន​ដៅ​ជា​គោល​សម្រាប់​ស្វែង​រក​អ្នក​ពាក់​ព័ន្ធ​បន្ត​ផង​ដែរ។

លោក​វេជ្ជបណ្ឌិត គួយ ប៊ុន​ធឿន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កណ្ដាល​ ប្រាប់​វីអូអេ​នៅ​រសៀល​ថ្ងៃ​ពុធថា ក្រុម​គ្រូពេទ្យ​ជំនាញ​កំពុង​តាម​ដាន​រក​អ្នក​ពាក់ព័ន្ធ​ប៉ះ​ពាល់​ផ្ទាល់​និង​ប្រយោល​នឹង​បុគ្គល​ទាំង​ ២​ នាក់​នេះ។

បុរសម្នាក់ពាក់ម៉ាស់ឈរជិតប្រអប់លាងដៃស្វ័យប្រវត្តិមួយ ដែលត្រូវបានដាក់នៅខាងមុខផ្លូវចូលក្នុងផ្សារមួយ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

លោក គង់ សោភ័ណ្ឌ អភិបាល​ខេត្ត​កណ្ដាល ​និយាយ​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ថា ​ចំនួន​អ្នក​ពាក់​ព័ន្ធ​សរុប​ទូទាំង​ខេត្ត​កណ្ដាល មាន​យ៉ាង​តិច ​៧០០ នាក់ ក្នុង​ចង្កោម​ការ​ឆ្លង​ក្នុង​សហគមន៍​លើក​ទី ​៣ ​នេះ។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ទី​ភ្នាក់​ងារ​ព័ត៌មាន​រដ្ឋ​ AKP។

កាសែត​កម្ពុជា​ថ្មី​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល ក៏​បាន​រាយ​ការណ៍​អំពី​ការ​តាម​រក​អ្នក​ពាក់​ព័ន្ធ​នៅ​ស្រុក​កំចាយ​មារ ខេត្ត​ព្រៃវែង​ផង​ដែរ ទី​ដែល​អ្នក​ចូល​រួម​ពិធី​មង្គល​ការ​ម្នាក់​ក្នុង​ចំណោម​ភ្ញៀវ​ជាង ​៨០០ ​នាក់ ក្រោយ​មក​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​តេស្ដ​វិជ្ជ​មាន​កូវីដ​១៩។

បើ​តាម​កាសែតកម្ពុជា​ថ្មី មនុស្ស​យ៉ាង​តិច​ ៤១​ នាក់ ​នៅ​ស្រុក​កំចាយ​មារ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​កំណត់​ថា​ជា​អ្នក​ប៉ះពាល់​ផ្ទាល់​នឹង​អ្នក​ឆ្លង​ខាង​លើ ហើយ​ត្រូវ​បាន​នាំ​យក​មក​ធ្វើ​ចត្តាឡីស័ក ឬ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក និង​ប្រមូល​សំណាក​មក​ធ្វើ​តេស្ត​ថា​តើ​មាន​ផ្ទុក​វីរុសជំងឺ​កូវីដ​១៩​ ឬ​យ៉ាងណា។

យ៉ាង​ណា​ក៏​ដោយ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ​នេះ ក្រសួង​សុខាភិបាល​មិន​ទាន់​ប្រកាស​អំពី​ករណី​វិជ្ជមាន​ណា​មួយ​នៅ​ខេត្ត​ព្រៃវែង​នៅ​ឡើយ​ទេ។

ការ​ឆ្លង​សហគមន៍​ដែល​មិន​ទាន់​ដឹង​ប្រភព​ច្បាស់​លាស់​នេះ ត្រូវ​បាន​ប្រកាស​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ដែល​ផ្ទុះ​ក្រោយ​ពី​មាន​ករណី​ជន​ជាតិ​ចិន​ទៅ​ធ្វើ​តេស្ត ដើម្បី​បាន​វិញ្ញា​បន​បត្រ​បញ្ជាក់​សុខភាព ប៉ុន្តែ​ស្រាប់​តែ​ពួក​គេ​មួយ​ចំនួន​មាន​ជំងឺ​កូវីដ​១៩។ ក្រសួង​សុខាភិបាល​បាន​តាម​ដាន​ករណី​នេះ ហើយ​រក​ឃើញ​អ្នក​ពាក់​ព័ន្ធ​ផ្សេង​ទៀតដែល​មាន​ផ្ទុក​វីរុស​នេះ។

កាល​ពី​ថ្ងៃ​អង្គារ អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​នៅ​កម្ពុជា​បាន​ព្រមាន​អំពី «ហានិភ័យ» ​ដែល​ថា​ទំហំ​នៃ​ចង្កោម​ការ​ឆ្លង​រាត​ត្បាត​វីរុស​កូវីដ​១៩ ​ក្នុង​សហគមន៍​លើក​ទី​ ៣ លើក​ទី​ ២ និង​ទី ១ ក្នុង​រយៈពេល​ ៤ ​ខែ​ចុង​ក្រោយ​នៅ​ប្រទេស​កម្ពុជា​នេះ អាច​រាល​ដាល​ទៅ​ដល់​ «ទ្រង់​ទ្រាយធំ​ជាង​នេះ»៕