ព្រះអង្គ ប៊ុត ប៊ុនតិញ ជាព្រះសង្ឃមួយអង្គ ដែលមានឈ្មោះល្បីតាមបណ្តាញសង្គមហ្វេសប៊ុក និងជាព្រះសង្ឃដែលហ៊ានចេញមុខរិះគន់រដ្ឋាភិបាល ដោយមិនសំចៃមាត់។ ព្រះអង្គបានព្យាយាមបីដងមកហើយ ដើម្បីលាចាកសិក្ខាបទ តែរាល់ការព្យាយាមនោះ មិនទទួលបានជោគជ័យឡើយ។
កាលពីឆ្នាំ២០១៣ ព្រះអង្គបានទិញសម្លៀកបំពាក់ជាប្រជាពលរដ្ឋធម្មតា និងជិះរថយន្តទៅស្រុកកំណើតរបស់ព្រះអង្គ ក្នុងស្រុកវ៉ារិន ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ៣២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ក្នុងគោលបំណងសឹក ប៉ុន្តែបំណងរបស់ព្រះអង្គមិនបានជោគជ័យនោះទេ។
ព្រះអង្គ ប៊ុត ប៊ុនតិញ ព្រះជន្ម៣៨វស្សា និងបានបួសជិត១៨ព្រះវស្សាមកហើយ មានសង្ឃដីកាប្រាប់ VOA ថា៖
«បើសឹកទៅត្រូវបំពេញសេដ្ឋកិច្ចផ្ទាល់ខ្លួន រកសេដ្ឋកិច្ច ដើម្បីគ្រួសារនិងខ្លួនឯង។ វាអត់មានពេលវេលាជួយជាតិ និងសាសនាអាត្មាទេ។ បើអាត្មានៅជាលោកសង្ឃ អត់ចាំបាច់ទុកលុយ ទុកកាក់ដើម្បីជីវិតខ្លួនឯងទេ។ កាលណាអាត្មាមាន អាត្មាជួយអ្នកដទៃបាន»។
ព្រះអង្គជាស្ថាបនិកនៃបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ដែលតែងតែតវ៉ារកយុត្តិធម៌នៅខាងមុខតុលាការ ទាមទារការគោរពសិទ្ធិមនុស្ស និងបង្កើតយុទ្ធនាការការពារព្រៃឈើជាដើម។
បច្ចុប្បន្ននេះ ព្រះអង្គ ប៊ុត ប៊ុនតិញ កំពុងស្នាក់នៅសហរដ្ឋអាមេរិក ដើម្បីបន្តការសិក្សារបស់ព្រះអង្គ ដោយមានបំណងសិក្សាផ្នែកកិច្ចការសាធារណៈ ឬសេដ្ឋកិច្ចនយោបាយ និងច្បាប់ បន្ថែមទៅលើបរិញ្ញាបត្រ និងអនុបណ្ឌិតផ្នែកសង្គមវិទ្យា ដែលព្រះអង្គបានបញ្ចប់ការសិក្សាពីប្រទេសឥណ្ឌា កាលពីឆ្នាំ២០១១។
ព្រះអង្គ ប៊ុនតិញ បានចាកចេញពីប្រទេសកម្ពុជា កាលពីខែសីហា ឆ្នាំមុន នៅពេលស្ថានភាពនយោបាយនៅកម្ពុជា កាន់តែអាក្រក់ទៅៗ។ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ គណបក្សប្រឆាំងដ៏ធំ គឺគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយដោយតុលាការកំពូល តាមបណ្តឹងរបស់រដ្ឋាភិបាល ដោយមានការចោទប្រកាន់ថា មានគោលបំណងផ្តួលរំលំរដ្ឋាភិបាល ដោយមានសហរដ្ឋអាមេរិកនៅពីក្រោយ។
ព្រះអង្គមានសង្ឃដីកាថា គម្រោងរបស់ព្រះអង្គទៅសិក្សានៅក្រៅប្រទេស គឺត្រៀមតាំងពីឆ្នាំ២០១៦ ដោយព្រះអង្គមានបំណងទៅសិក្សានៅប្រទេសមួយ ក្នុងចំណោមប្រទេសបី គឺប្រទេសអូស្រ្តាលី អាល្លឺម៉ង់ ឬសហរដ្ឋអាមេរិក។ ប៉ុន្តែព្រះអង្គមិនមានសមត្ថភាព ក្នុងការទទួលបានអាហារូបករណ៍នោះទេ ដូច្នេះហើយទើបព្រះអង្គរកវិធីផ្សេងទៅសិក្សានៅសហរដ្ឋអាមេរិក។
ព្រះអង្គត្រូវបានប្រជាពលរដ្ឋខ្មែរនៅអាមេរិកគាំទ្រជាថវិកាសម្រាប់ការរស់នៅ និងការសិក្សារបស់ព្រះអង្គ ដូច្នេះព្រះអង្គអាចមានឱកាសស្នាក់នៅទីនោះបានយូរ។
ព្រះអង្គមានសង្ឃដីកាថា៖ «អាត្មាមកតាមគម្រោងគ្រោងទុកតាំងពីឆ្នាំ២០១៦ ហើយម្យ៉ាងស្រុកអាមេរិកនិងអាត្មានេះ ហាក់ដូចជាភូមិកំណើតទីពីរទៅហើយ ដែលអាត្មាចេញចូលបានដោយស្រួល ព្រោះអាត្មាមាន credit (មានឈ្មោះ) ល្អនៅក្នុងស្រុកអាមេរិកនេះ»។
សព្វថ្ងៃនេះ ព្រះអង្គកំពុងរៀបចំឯកសារ ដើម្បីបង្ហាញទៅសាកលវិទ្យាល័យមួយឈ្មោះ Virginia ជាការវាយតម្លៃថា តើសញ្ញាប័ត្ររបស់ព្រះអង្គ មានតម្លៃស្មើ ឬ ព្រះអង្គត្រូវការសិក្សាបន្ថែមទៀត។
ព្រះអង្គមានសង្ឃដីកាថា៖ «បំណងធំ គឺទទួលបានសញ្ញាប័ត្របណ្ឌិតនៅស្រុកនេះ»។
ធ្លាប់ជាទាហាន ប្រឆាំងនឹងលោក ហ៊ុន សែន
ជា «ក្មេងក្បាលរឹង» ម្នាក់ ដែលចាប់កំណើតនៅក្នុងខេត្តសៀមរាប ក្នុងគ្រួសារក្រីក្រ ដែលមានឪពុកម្តាយជាអ្នកស្រែចម្ការ និងមានបងប្អូន១១នាក់ ព្រះអង្គ ប៊ុត ប៊ុនតិញ ជាកូនទីពីរក្នុងគ្រួសារ ដែលបានសិក្សាខ្ពស់ជាងគេ។ ព្រះអង្គក៏ធ្លាប់មានបទពិសោធន៍ការងារច្រើនផ្នែកផងដែរ មុននឹងបួសជាព្រះសង្ឃកាលពីឆ្នាំ២០០០។
ព្រះអង្គបានធ្វើជាគ្រូបង្រៀន ជាបុគ្គលិកជំរឿន និងបុគ្គលិកបោះឆ្នោត។ អំឡុងពេលរដ្ឋប្រហារក្នុងខែកក្កដា ឆ្នាំ១៩៩៧ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ ព្រះអង្គបានចាកចេញពីស្រុកកំណើតឆ្ពោះទៅកាន់ភាគខាងលិចនៃប្រទេសជាប់ព្រំដែនថៃ ដែលជាតំបន់ខ្មែរក្រហម។ បន្ទាប់មក ក្នុងឆ្នាំ១៩៩៨ ព្រះអង្គបានសម្រេចចិត្តធ្វើជាទាហាន ដែលពេលនោះជាទាហានរបស់ ប៉ុល ពត ដែលមានទំនាក់ទំនងជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ដឹកនាំដោយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រឆាំងនឹងកម្លាំងរបស់លោក ហ៊ុន សែន។
ព្រះអង្គមានសង្ឃដីកាថា៖ «ក្រោយការបញ្ចប់សង្រ្គាមនៅទីនោះរួច រដ្ឋាភិបាលខ្មែរបញ្ជូនអ្នកដែលធ្វើមាតុភូមិនិវត្តន៍ពី ប៉ុល ពត ហ្នឹង ឲ្យទៅកន្លែងកំណើតវិញក្នុងស្រុកអន្លង់វែង គឺអាត្មាទៅនៅពេលហ្នឹង។ ហើយទៅនៅពេលហ្នឹង ក៏គេរៀបចំទាហាន រៀបចំអីធម្មតា ឲ្យចូលជាមួយរដ្ឋាភិបាល ក៏អាត្មាចូលនៅពេលនោះឯង»។
ព្រះអង្គបានបំពេញការងារជាទាហាននេះ បានជាង១០ខែ បន្ទាប់មក ក៏បានលាឈប់ ដោយសារអំពើពុករលួយនៅទីនោះ ក្នុងនោះមានការកិបកេងប្រាក់ តាមរយៈទាហានមិនមានឈ្មោះជាដើម។
ព្រះសង្ឃដែលប្រឆាំងនឹងអំពើពុករលួយ
អំពើពុករលួយជាអ្វីដែលព្រះសង្ឃ ប៊ុត ប៊ុនទិញ ស្អប់ជាទីបំផុត។ ព្រះអង្គបានរំឭកថា ក្រោយពេលបួសជាព្រះសង្ឃ ព្រះអង្គបានធ្វើការនៅមន្ទីរធម្មការនិងសាសនា ក្នុងខេត្តសៀមរាប។ ព្រះអង្គបានបំពេញការងារជាគ្រូបង្គោលនៃការផ្សព្វផ្សាយអំពីការកាត់បន្ថយការចម្លងមេរោគអេដស៍។ ប៉ុន្តែព្រះអង្គបានលាឈប់ពីការងារ ក្រោយមើលឃើញអំពើពុករលួយនៅទីនោះ តាមរយៈការកិបកេងប្រាក់។
ព្រះអង្គមានសង្ឃដីកាថា៖ «ដោយសារមានអំពើពុករលួយធំនៅទីហ្នឹង អាត្មាក៏ជម្នះប្រឆាំងនឹងមន្រ្តីធម្មការនៅទីនោះ។ ប្រឆាំងមិនឈ្នះនឹងក្រុមដែលធ្វើអំពើពុករលួយដ៏ច្រើនលើសលប់ ហើយអ្នកប្រឆាំងមានតែអាត្មាមួយអង្គឯង ក៏ទទួលសម្ពាធ អាត្មាក៏លាលែងជាមន្រ្តីសង្ឃនៅទីនោះ»។
ព្រះអង្គបានបញ្ជាក់បន្ថែមថា៖ «ហើយការចូលធ្វើការរបស់អាត្មាហ្នឹង គឺហាក់ដូចជាអំពិលអំពែក អាត្មាបានចូលតាំងពីស្ថាប័នអប់រំ ស្ថាប័នសាសនា ស្ថាប័នយោធា បើគេមកឈ្មោះ [ឈ្លោះ?] អាត្មា ព្រោះការងារដែលអាត្មាបានជួយធ្វើ គឺធ្វើដូចអំពិលអំពែក មិនដែលបានធ្វើបានយូរទេ។ កាលណាមានរឿងពុករលួយភ្លាម អាត្មាឈប់ភ្លាម»។
ព្រះអង្គ ប៊ុនតិញ ដែលតែងតែរិះគន់រដ្ឋាភិបាល មានសង្ឃដីកាថា ព្រះអង្គមានភាពខុសគ្នានឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានកាន់អំណាច៣៣ឆ្នាំមកហើយ។
ព្រះអង្គមានសង្ឃដីកាថា៖ «តែចិត្តនយោបាយ និងបេះដូងជាតិ នាយករដ្ឋមន្រ្តី ហ៊ុន សែន និងអាត្មាខុសគ្នាដូចមេឃ និងដី។ ញោម ហ៊ុន សែន គាត់ចូលចិត្តរឿងផ្តាច់ការ អាត្មាចូលចិត្តរឿងសេរី។ ញោម ហ៊ុន សែន ធ្វើអំពើពុករលួយ អាត្មាប្រឆាំងអំពើពុករលួយ»។
បាត់បង់ការងារ
បន្ទាប់ពីបញ្ចប់ថ្នាក់អនុបណ្ឌិតនៅក្នុងប្រទេសឥណ្ឌាក្នុងឆ្នាំ២០១១ ព្រះអង្គបានវិលត្រឡប់មកកម្ពុជាវិញនៅក្នុងឆ្នាំដដែល ហើយព្រះអង្គបានធ្វើជាគ្រូបង្រៀន និងជាព្រឹទ្ធបុរសរងនៅសាកលវិទ្យាល័យល្បីឈ្មោះមួយនៅរាជធានីភ្នំពេញ ដែលព្រះអង្គមិនចង់បញ្ចេញឈ្មោះ។
ក្នុងឆ្នាំ២០១៣ ព្រះអង្គត្រូវបានបញ្ឈប់ពីការងារ ដោយសារព្រះអង្គរិះគន់តុលាការ និងរដ្ឋាភិបាល ក្នុងពេលតុលាការកាត់ទោសសកម្មជនដីធ្លីតំបន់បឹងកក់ អ្នកស្រី យ៉ោម បុប្ផា ពីបទផ្តើមគំនិតឲ្យមានអំពើហិង្សា។ ព្រះអង្គបានផលិតវីដេអូមួយអំពីការតវ៉ានេះ ហើយបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក រហូតដល់មានការបណ្តេញចេញព្រះអង្គ។
ព្រះអង្គមានសង្ឃដីកាថា៖ «ពេលដែលគេបណ្តេញអាត្មាចេញ អាត្មាធ្វើវីដេអូឃ្លីបប្រឆាំងនឹងតុលាការ កាត់ទោស យ៉ោម បុប្ផា ម៉ោង៨ល្ងាច ឲ្យជាប់គុក ក្នុងពេលដែល ក្នុងពេលអ្នកតវ៉ាកំពុងចាំ បណ្តើរកូន។ ក្នុងពេលហ្នឹង អាត្មាមានការខឹងសម្បារខ្លាំង ហើយលោកស្រី យ៉ោម បុប្ផា មិនបានធ្វើអីខុស ហើយតុលាការកាត់ក្តី»។
ប្រឈមនឹងការចាប់ខ្លួន
ព្រះអង្គ ប៊ុត ប៊ុនតិញ កំពុងប្រឈមនឹងការចាប់ខ្លួន ក្នុងសំណុំរឿងពីបទរំលោភលើទំនុកចិត្តពាក់ព័ន្ធនឹងបច្ច័យបុណ្យ តាមរយៈពាក្យបណ្តឹងរបស់ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់។ លោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងលោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ក៏ប្រឈមនឹងការចាប់ខ្លួន ក្នុងករណីនេះផងដែរ។ ព្រះអង្គ ប៊ុនតិញ បានច្រានចោលការចោទប្រកាន់នេះ និងចាត់ទុកថា ជាការបំបិទសំឡេង និងគំរាមអ្នករិះគន់រដ្ឋាភិបាល។
លោក កែម ឡី អ្នកវិភាគសង្គមដ៏ល្បីល្បាញត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីខែកក្កដា ឆ្នាំ២០១៦។ ព្រះអង្គ ប៊ុនតិញ បានចាត់ទុកលោក កែម ឡី «ជាដៃគូដ៏ល្អមួយ» សម្រាប់ព្រះអង្គ។ ព្រះអង្គមានសង្ឃដីកាថា មុនពេលលោក កែម ឡី ត្រូវបានបាញ់សម្លាប់ ព្រះអង្គត្រូវបានលោក កែម ឡី ប្រាប់ថា កុំឲ្យដើរជាមួយលោក។
ព្រះអង្គមានសង្ឃីកាថា៖ «មុនគេសម្លាប់ កែម ឡី ថ្ងៃទី៧ ម៉ោង៤កន្លះល្ងាច គឺ កែម ឡី ប្រាប់ចុងក្រោយបង្អស់ ថាគេនឹងសម្លាប់ក្នុងអាទិត្យនេះឯង។ អញ្ចឹងព្រះតេជគុណ និងខ្ញុំករុណា មិនអាចអង្គុយជាមួយគ្នាបានទេ។ អាចទៅទាំងពីរ»។
ការផ្តល់យោបល់ដល់អ្នកនយោបាយ
បើទោះបីព្រះអង្គមិនស្ថិតនៅក្នុងប្រទេសក្តី ព្រះអង្គនៅតែបញ្ចេញយោបល់របស់ព្រះអង្គទៅលើស្ថានភាពនយោបាយនៅកម្ពុជា។ ពីសហរដ្ឋអាមេរិក ព្រះអង្គ ប៊ុត ប៊ុនតិញ តែងតែប្រើប្រាស់បណ្តាញហ្វេសប៊ុករបស់ព្រះអង្គ ដើម្បីផ្សព្វផ្សាយនូវគំនិតរបស់ព្រះអង្គ និងការវិវត្តស្ថានភាពនយោបាយនៅកម្ពុជា។
កាលពីសប្តាហ៍មុន ព្រះអង្គបានបញ្ចេញយោបល់អំពីអនាគតនៃចលនាសង្រ្គោះជាតិ ដែលត្រូវបានបង្កើតថ្មី ដោយអតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី និងសហការីមួយចំនួនរបស់លោក។
ព្រះអង្គបានសរសេរនៅលើហ្វេសប៊ុករបស់ព្រះអង្គថា៖ «អ្នកប្រជាធិបតេយ្យគួររិះរកមធ្យោបាយមួយដែលអាចរក្សាទឹកចិត្តអ្នកគាំទ្រខ្លួន និងពង្រឹងការសាមគ្គីផ្ទៃក្នុង»។
ដោយសារការរិះគន់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ព្រះអង្គ ប៊ុត ប៊ុនតិញ ត្រូវបានចោទប្រកាន់ថា គាំទ្រគណបក្សប្រឆាំង គឺគណបក្សសង្រ្គោះជាតិ។ ប៉ុន្តែព្រះអង្គមានសង្ឃដីកាថា ព្រះអង្គជួយគណបក្សណាដែលមានគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដែលនេះមិនផ្ទុយនឹងច្បាប់សាសនា និងច្បាប់ប្រទេសនោះទេ។
ព្រះអង្គមានសង្ឃដីកាថា៖ «អាហ្នឹងអាត្មាធ្វើដោយចំហ។ គណបក្សសង្រ្គោះជាតិ ខំប្រឹងបង្កើតគោលការណ៍លទ្ធិប្រជាធិបតេយ្យ ជំរុញឲ្យប្រជាពលរដ្ឋខ្មែរប្រើប្រាស់សិទ្ធិបោះឆ្នោតសម្រេចជោគវាសនារបស់ខ្លួន។ បំណងហ្នឹង កិច្ចការហ្នឹង អាត្មាជួយ អត់មានអាថ៌កំបាំងទេ»។
ព្រះអង្គបានបន្ថែមថា៖ «គណបក្សសង្រ្គោះជាតិជាតួអង្គមួយ ប៉ុន្តែបើថ្ងៃក្រោយមានគណបក្សណា ដែលទទួលបានការគាំទ្រពីពលរដ្ឋច្រើន ហើយមានគោលការណ៍លទ្ធិប្រជាធិបតេយ្យ អាត្មាធ្វើជាមួយ»។
ព្រះអង្គ ប៊ុនតិញ បានលើកឡើងថា ព្រះអង្គក៏បានគិតអំពីការសឹកពីភាពជាព្រះសង្ឃនៅថ្ងៃណាមួយផងដែរ។ ព្រះអង្គក៏ចង់ក្លាយជាអ្នកច្បាប់មួយរូបនៅក្នុងរដ្ឋសភា ដើម្បីធ្វើច្បាប់បម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋ។
ព្រះអង្គមានសង្ឃដីកាថា៖ «ប៉ុន្តែអាត្មាឧទ្ទិសដ្ឋានថា អាត្មានឹងសឹក មិនមែនអាត្មាឧទ្ទិសដ្ឋានថា អាត្មាអត់សឹកទេ។ អាត្មាថា អាត្មានឹងសឹក ហើយអាត្មានឹងសឹកក្នុងពេលណាមួយ»។
ព្រះអង្គបានបញ្ជាក់បន្ថែមថា៖ «អាត្មាមិនមែនជាអ្នកនយោបាយទេ អាត្មាជាអ្នកជួយអ្នកនយោបាយ ជាអ្នកស្ថាបនានយោបាយ។ ដល់ពេលណាមួយ វាសមរម្យ អាត្មាធ្វើនយោបាយខ្លួនឯង អាត្មាធ្វើ។ អាហ្នឹងជាបំណងប្រាកដមិនអាចលាក់លៀមពីបេះដូងរបស់យើងបានទេ ប៉ុន្តែពេលនេះ អាត្មាចង់ដើរតួនាទីត្រឹមជាទីប្រឹក្សានយោបាយឲ្យអ្នកនយោបាយ»៕