ព្យុះព្រិលទឹកកកដ៏ធំមួយនារដូវរងាដែលបានបង្កឲ្យមានព្រិលទឹកកកគ្របដណ្តប់លើរដ្ឋនៅប៉ែកខាងលិចភាគកណ្តាលមួយចំនួនក្នុងសហរដ្ឋអាមេរិក គឺជាកត្តាដែលបង្កឲ្យមានការស្លាប់មនុស្សចំនួន៥នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវកាលពីថ្ងៃសៅរ៍។
ព្យុះព្រិលទឹកកកនេះបានចាប់ផ្តើមសាយភាយទៅប៉ែកខាងកើតចូលទៅក្នុងតំបន់ពាក់កណ្តាលអាត្លង់ទិក ដែលគេរំពឹងថានឹងមានព្រិលទឹកកកធ្លាក់កម្រាស់ប្រមាណពី១៣ទៅ២៥សង់ទីម៉ែត្រក្នុងតំបន់រដ្ឋធានី វ៉ាស៊ីនតោន ដោយរួមទាំងផ្នែកខ្លះនៃប៉ែកខាងជើងនិងប៉ែកកណ្តាលនៃរដ្ឋ Maryland ផងដែរ ត្រឹមថ្ងៃអាទិត្យនេះ ម៉ោងក្នុងសហរដ្ឋអាមេរិក។
អ្នកឧតុនិយមបានឲ្យដឹងថា ព្រិលទឹកកកអាចធ្លាក់ខ្លាំងក្នុងតំបន់ជួរភ្នំ ដែលស្ថិតនៅប៉ែកខាងជើងផ្លូវឆ្លងរដ្ឋ ៦៤ ដូចជានៅក្រុង Charlottesville និងក្រុង Staunton នៃរដ្ឋ Virginia ជាដើម។ អភិបាលរដ្ឋ Virginia លោក Ralph Northam បានប្រកាសដាក់រដ្ឋឲ្យស្ថិតក្នុងស្ថានភាពអាសន្នកាលពីយប់ថ្ងៃសៅរ៍ ដើម្បីជួយឲ្យរដ្ឋនេះអាចត្រៀមខ្លួនទប់ទល់នឹងការធ្លាក់ព្រិលទឹកកកដ៏ខ្លាំងនេះ។
រដ្ឋ Missouri រងគ្រោះដោយសារព្យុះព្រិលទឹកកកអាក្រក់បំផុតត្រឹមថ្ងៃសៅរ៍។ ទីភ្នាក់ងារអាកាសធាតុជាតិរាយការណ៍ថា មានព្រិលទឹកកកកម្រាស់ជាង៣០សង់ទីម៉ែត្រកាលពីព្រឹកថ្ងៃសៅរ៍នៅក្នុងតំបន់ខ្លះដែលស្ថិតនៅជុំវិញទីក្រុង St. Louis និងទីក្រុង Jefferson ហើយនៅក្នុងទីក្រុង Columbia ព្រិលទឹកកកធ្លាក់មានកម្រាស់ដល់ជាង៤៥សង់ទីម៉ែត្រឯណោះ៕