សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មីនេះ ពលរដ្ឋអាមេរិកាំងនឹងជ្រើសរើសបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនប្រធានាធិបតីពីរនាក់គឺ លោកស្រី Hillary Clinton នៃគណបក្សប្រជាធិបតេយ្យ និងលោក Donald Trump នៃគណបក្សសាធារណរដ្ឋ។
បើតាមការបញ្ជាក់ពីសកម្មជនដឹកនាំសហគមន៍ខ្មែរនៅរដ្ឋចំនួនបួន រួមមាន រដ្ឋ Minnesota រដ្ឋម៉ាសាឈូសេត (Massachusetts) រដ្ឋ Connecticut និងរដ្ឋអ៊ីល្លីណយ (Illinois) ពលរដ្ឋខ្មែរអាមេរិកាំងមួយភាគធំទំនងជាទោរទន់ទៅរកគណបក្សប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតអាណត្តិនេះ។
លោក សេក កុសល នាយកប្រតិបត្តិនៃអង្គការសភាខ្មែរអន្តរជាតិ ឬហៅកាត់ថា IKARE បានប្រាប់ VOA ថា ពលរដ្ឋខ្មែរនៅរដ្ឋ Minnesota ប្រមាណ២០០០នាក់ ក្នុងចំណោមពលរដ្ឋខ្មែរសរុប១ម៉ឺននាក់បានចុះឈ្មោះបោះឆ្នោតប្រធានាធិបតីថ្មីនេះ។ តួលេខបែបសន្និដ្ឋាននេះគឺខ្ពស់ជាងតួលេខនៃពលរដ្ឋខ្មែរដែលបានចុះឈ្មោះសម្រាប់ការបោះឆ្នោតនៅអាណត្តិមុន។
ទាក់ទងនឹងការគាំទ្រទៅលើបេក្ខជនណាមួយនោះ លោក សេក កុសល បានបញ្ជាក់ថា ពលរដ្ឋខ្មែរនៅរដ្ឋ Minnesota ភាគច្រើនគាំទ្រគណបក្សប្រជាធិបតេយ្យ។
«រដ្ឋ Minnesota យើងពិសេសគឺរដ្ឋដែល[គាំទ្រ]គណបក្សប្រជាធិបតេយ្យ។ ក៏ប៉ុន្តែ យើងចេះតែផ្តល់កម្លាំងចិត្តដល់បងប្អូនយើង ឲ្យគាត់វិនិច្ឆ័យទាំងសងខាង។ ទាំងគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ វាមានគុណសម្បត្តិ និងគុណវិបត្តិទាំងសងខាង»។
លោក កុសល ក៏បានកត់សម្គាល់ថា ការចូលរួមទៅបោះឆ្នោតពីសំណាក់ពលរដ្ឋខ្មែរនៅរដ្ឋនេះមានសារៈសំខាន់ ក្នុងការពង្រឹងសំឡេងរបស់សហគមន៍ និងស្វែងរកដំណោះស្រាយចំពោះបញ្ហាដែលបានកើតមានឡើងនៅក្នុងសហគមន៍។
លោកបានបញ្ជាក់ថា៖
«ខ្ញុំសូមអំពាវនាវឲ្យបងប្អូនខ្មែរយើងឲ្យគាត់យកចិត្តទុកដាក់លើការបោះឆ្នោតអាណត្តិនេះបន្តិច ព្រោះយើងឥឡូវយើងមានបញ្ហាជុំវិញសង្គមយើងច្រើន ដែលត្រូវឲ្យយើងមានសំឡេង ឲ្យយើងលើកសំឡេងបងប្អូនខ្មែរយើង ដើម្បីអាចមានមនោគមវិជ្ជាលើអ្នកធ្វើច្បាប់។ នៅពេលយើងមានបញ្ហាអីជាមួយរដ្ឋ យើងស្រួលដោះស្រាយ បើសិនជាយើងមានសំឡេងជាប្រជាពលរដ្ឋ»។
ចាប់តាំងពីទសវត្សរ៍១៩៨០មក នៅពេលដែលរដ្ឋាភិបាលអាមេរិកយល់ព្រមទទួលយកក្រុមជនភៀសខ្លួនខ្មែរលើកទី១មកសហរដ្ឋអាមេរិក ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកសព្វថ្ងៃនេះមានចំនួនប្រមាណ៣០ម៉ឺននាក់ បើគិតមកត្រឹមឆ្នាំ២០១០។
ដូចគ្នាដែរ នៅរដ្ឋ Connecticut ពលរដ្ឋខ្មែរអាមេរិកាំងភាគច្រើនទំនងជាគាំទ្រគណបក្សប្រជាធិបតេយ្យ ដោយសារគោលនយោបាយស្តីពីជនអន្តោប្រវេសន៍របស់បេក្ខជនមកពីគណបក្សសាធារណរដ្ឋអាចបង្កបញ្ហាដល់សហគមន៍ខ្មែរ។ នេះបើយោងតាមការអង្កេតរបស់លោកស្រី គួច ធានវី នាយកប្រតិបត្តិអង្គការគាំពារសុខភាពសហគមន៍ខ្មែរប្រចាំរដ្ឋ Connecticut ដែលផ្តល់សេវាកម្មសុខភាពដល់ពលរដ្ឋខ្មែរនៅរដ្ឋនេះ។
លោកស្រីឲ្យដឹងថា៖
«[បេក្ខជន] candidate មកពី [គណបក្សសាធារណរដ្ឋ] Republican អាចធ្វើឲ្យមានបញ្ហាដល់ជនភៀសខ្លួន ហើយនិងជនជាតិដទៃទៀតមកពីប្រទេសក្រៅ។ ដូច្នេះមីងជម្រាបខ្មែរយើងឲ្យដឹងច្បាស់ថា សំខាន់ណាស់ដែរគាត់ទៅបោះឆ្នោត។ បើមិនអញ្ចឹងទេ កាលណាគាត់មិនមានសំឡេងទេ កាលណាគាត់មានការណ៍អី គឺគាត់ត្រូវមានការពិបាករកគេឲ្យជួយ ព្រោះគេមិនស្តាប់យើងទេ»។
លោកស្រីក៏បានបញ្ជាក់ថា ពលរដ្ឋខ្មែរមួយចំនួនធំនៅទីនេះប្រឈមនឹងបញ្ហាជីវភាពរស់នៅ។ អាស្រ័យហេតុនេះ ចំនួនពលរដ្ឋខ្មែរនៅទីនេះដែលនឹងទៅបោះឆ្នោតនៅសប្តាហ៍ក្រោយនេះអាចមានតិចតួច។ បន្ថែមលើនេះ ពលរដ្ឋនៅទីនេះ ដែលមួយភាគធំជាមនុស្សវ័យចំណាស់ ត្រូវការជំនួយច្រើនក្នុងការបោះឆ្នោត។
លោកស្រីឲ្យដឹងថា៖
«ភាគច្រើនពឹងផ្អែកលើកូនឲ្យជួយ ពីព្រោះកាលណាអ្នកស្រុកខ្មែរមានយាន្តជំនិះ ខ្មែរយើងជួយគ្នា ដឹកគាត់យកទៅ ដូចថា ទៅបោះឆ្នោត ហើយជួយជម្រាបគាត់ឲ្យធ្វើបែបនេះ»។
សព្វថ្ងៃនេះ ពលរដ្ឋខ្មែររស់នៅរដ្ឋ Connecticut មានចំនួនសរុបប្រមាណ៤០០០នាក់។
រីឯនៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេតដែលមានពលរដ្ឋខ្មែររស់នៅសរុបជាង៣ម៉ឺននាក់ គេឃើញមានពលរដ្ឋខ្មែរច្រើននាក់បានចុះឈ្មោះបោះឆ្នោត ហើយមួយចំនួនក៏បានបោះឆ្នោតមុនរួចហើយ។ នេះគឺដោយសារតែស្ថាប័នជាច្រើននៅទីក្រុងឡូវែលនេះបានធ្វើសកម្មភាពជាច្រើន ដើម្បីអប់រំពលរដ្ឋអំពីសារៈសំខាន់នៃការបោះឆ្នោត។
លោក លាង ស៊ីដនី ប្រធានគម្រោងសិទ្ធិពលរដ្ឋប្រចាំមជ្ឈមណ្ឌលសុខភាពសហគមន៍ឡូវែល បានឲ្យដឹងថា៖
«ដូច្នេះឃើញថា ចំណាប់អារម្មណ៍បងប្អូនខ្មែរយើងក្នុងការចូលរួមបោះឆ្នោតគឺកើនឡើងគួរសមផងដែរ ហើយក៏បានឆ្លៀតឱកាសបោះឆ្នោតមុនថ្ងៃបោះឆ្នោតចំថ្ងៃទី៨នេះទៀតផង»។
បន្ថែមលើនេះ ភាគច្រើនពលរដ្ឋខ្មែរវ័យចាស់ៗនៅរដ្ឋនេះទៅបោះឆ្នោតច្រើន ហើយភាគច្រើនគាំទ្របេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ។ នេះបើតាមការបញ្ជាក់របស់លោក លាង ស៊ីដនី។
លោកបានឲ្យដឹងថា៖
«តាមយើងមកដឹងទៅ យើងឃើញថា មនុស្សចាស់គាត់ទៅបោះឆ្នោតច្រើន។ ហើយការទោរទន់របស់គាត់ ភាគច្រើនគាត់អាចទោរទន់ទៅខាងអ្នកស្រី Hillary។ ហើយខាងយុវជនមានចំនួនច្រើនគួរសមដែរ ដែលចាប់អារម្មណ៍ចូលរួមក្នុងការបោះឆ្នោត»។
ទីក្រុងឡូវែលនេះគឺជាទីក្រុងទី២ ដែលមានពលរដ្ឋខ្មែរអាមេរិកាំងរស់នៅច្រើនបង្អស់បន្ទាប់ពីទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា។
ដោយឡែក នៅទូទាំងរដ្ឋអ៊ីល្លីណយនេះ មានពលរដ្ឋខ្មែរអាមេរិកាំងប្រមាណ៥០០០នាក់កំពុងរស់នៅទីនេះ។ លោក លឿង សុភ័ណ្ឌ ប្រធានសមាគមខ្មែររដ្ឋអ៊ីល្លីណយ បានកត់សម្គាល់ឃើញថា គណបក្សមិនសំខាន់ណាស់ណាទេ តែការអនុវត្តគោលនយោបាយដែលគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ គឺជាកត្តាទាក់ទាញសំឡេងឆ្នោតពីសហគមន៍ខ្មែរនៅទីនេះ។
លោកលឿង សុភ័ណ្ឌ ថា៖
«នៅអ៊ីល្លីណយនេះ គេយកចិត្តទុកដាក់ពីរឿងសិទ្ធិមនុស្ស សេរីភាពរបស់ប្រជាជនដូចជានៅ Chicago ក៏ដូចជានៅស្រុកខ្មែរដែរ។ ដូច្នេះ យើងមិនគិតពីបក្សណាទេ តែមនុស្សលោកត្រូវការសេរីភាព»។
លោកបានបន្ថែមថា ៨០ភាគរយនៃចំនួនពលរដ្ឋខ្មែរសរុបនៅរដ្ឋនេះបានចុះឈ្មោះបោះឆ្នោតឆ្នាំនេះ ដើម្បីបន្តពង្រឹងទំនាក់ទំនងល្អរវាងសហគមន៍ខ្មែរ និងមេដឹកនាំថ្នាក់រដ្ឋ។
«តំណាងរាស្ត្រនៅ Chicago រដ្ឋអ៊ីល្លីណយនេះមានច្រើន ហើយខ្ញុំបានស្គាល់ជាច្រើនដែរ។ យើងមានទំនាក់ទំនងជាច្រើនជាមួយគ្នា ដូច្នេះគេយកចិត្តទុកដាក់ជាមួយយើង ហើយគេក៏ជួយឲ្យយើង និងបំភ្លឺឲ្យយើងយល់ថែមទៀតពីផលប្រយោជន៍នៃការបោះឆ្នោតនេះដែរបាទ»។
ការស្ទង់មតិរបស់មជ្ឈមណ្ឌលអាមេរិកាំងមួយឈ្មោះ Center for American Progress សម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១២ បានបង្ហាញថា ពលរដ្ឋខ្មែរ២៦ភាគរយទោរទន់ទៅរកគណបក្សប្រជាធិបតេយ្យ ហើយ៥ភាគរយប៉ុណ្ណោះដែលទោរទន់ទៅរកគណបក្សសាធារណរដ្ឋ។ រីឯ៦៨ភាគរយផ្សេងទៀតមិនទោរទន់ទៅរកគណបក្សណាមួយឡើយ។
ទោះជាយ៉ាងណាក្តី មេដឹកនាំសហគមន៍នៅរដ្ឋទាំងបួនខាងលើនេះ ទទួលស្គាល់ថា ការចូលរួមបោះឆ្នោតពីសំណាក់ពលរដ្ឋខ្មែរអាមេរិកាំងមានសារៈសំខាន់ដល់ប្រយោជន៍សហគមន៍ ក្នុងការស្វែងរកដំណោះស្រាយក្នុងសហគមន៍របស់គេរៀងៗខ្លួនពីថ្នាក់ដឹកនាំ៕