ការ​បំបៅ​កូន​របស់​ស្ត្រីប៉ូលិស​​ទទួល​ការ​កោត​សរសើរ ​រិះគន់ ​និង​ព្រមាន

ថ្នាក់លើប្រចាំស្នងការរងទទួលចរាចរណ៍ផ្លូវគោកក្នុងស្រុក​សៀម​ប៉ាង​ ខេត្ត​ស្ទឹងត្រែង បានផ្តល់អំណោយលើកទឹកចិត្តដល់លោក​ស្រី​អនុសេនីយ៍​ទោ ស៊ីថុង សុខា បន្ទាប់ពីមតិមហាជនបានប្រតិកម្មអវិជ្ជមានលើចំណាត់ការឲ្យលោកស្រី សុខា ធ្វើកិច្ច​សន្យា​បញ្ឈប់ការ​បង្ហោះ​រូប​បំបៅ​កូន​ក្នុង​ទីសាធារណៈ។

ការ​បង្ហោះ​រូបថត​បំបៅកូន​ដោយ​ស្ត្រី​ជាមន្ត្រី​នគរបាល​ម្នាក់ ក្នុង​ស្រុក​សៀម​ប៉ាង ​ខេត្ត​ស្ទឹងត្រែង បាន​បន្ត​ទាញ​ប្រតិកម្ម​ជា​បន្តបន្ទាប់​ ទាំង​ការគាំទ្រ​ ការ​កោត​សរសើរ ​និង​ការ​រិះគន់។

កាល​ពីថ្ងៃទី​២​ ខែមីនា​ ដោយ​បាន​ប្រើគណនី​ហ្វេសប៊ុក​ឈ្មោះ​ Sokha Konkatlao ក្នុងពេល​បំពេញ​ការងារ​ លោកស្រី​ ស៊ីថុង សុខា បាន​ថត​បង្ហោះ​រូប​ដែល​លោក​ស្រី​ក្នុង​ឯក​សណ្ឋាន​ជា​ប៉ូលិស​ចរាចរណ៍​ កំពុង​បំបៅកូន​ នៅ​លើ​កៅអី​មុខតុ​ ដែល​ដាក់​នៅ​តាម​ដង​ផ្លូវ​។ លោកស្រី​សរសេរ​សារ​អម​ជាមួយរូប​ថត​នៅ​លើ​ហ្វេសប៊ុក​ថា​៖​ «ព្រោះតែ​ជាពាក្យ​ថា​ម្តាយ ​មិនថា​ក្នុង​កាលៈទេសៈ​ណា​ទេ ​ដើម្បីកូន ​ភ្លេច​អស់​ភាព​អៀន​ខ្មាស់​ (នេះហើយ​ជីវិត​ពិត)»។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ចុះ​ថ្ងៃ​ទី​ ១០ ​ខែ​មីនា ​ក្រសួង​កិច្ច​ការ​នារីបាន​កោតសរសើរ​ចំពោះ​លោក​ស្រី​អនុ​សេនីយ៍​ទោ ស៊ីថុង សុខា​ ដែល​បាន​បង្ហាញ​អំពីការ​ទទួល​ខុសត្រូវ​ខ្ពស់ ​ទាំង​ក្នុង​ការ​បំពេញ​ភារកិច្ច​ជូន​ស្ថាប័ន​និង​តួនាទី​ជាម្តាយ​ដ៏ល្អ​ ក្នុង​ការ​ចិញ្ចឹម​បីបាច់​និង​ផ្តល់​ភាព​កក់ក្តៅ​ដល់​កូន នៅពេល​ដែល​ស្ថាប័ន​ដែល​ស្ត្រី​រូប​នោះ​បម្រើ​ការ​មិន​ទាន់​បាន​បង្កើត​បរិស្ថាន​ការ​ងារ​អំណោយ​ផល ​ដូច​ជា​ទីកន្លែង​បំបៅកូន។

បន្ថែម​លើ​ការ​សរសើរ​នោះ​ ក្រសួង​បាន​លើក​ឡើង​ថា​៖ «ក្នុង​ករណី​ស្ថាប័ន​មិន​ទាន់​មាន​ទីកន្លែង​សមរម្យ​ ស្ត្រី​សាមី​គួរ​មាន​ឧបករណ៍​ដូច​ជា​ក្រម៉ា ឬកន្សែង​ ដើម្បី​អនុញ្ញាត​ឲ្យការ​បំបៅកូន​នេះ​អាចប្រព្រឹត្ត​ទៅ​ដោយ​ភាព​សមរម្យ​ និង​រលូន​ ជៀស​ផុត​ពីការរិះគន់​ពីមហាជន​មួយ​ចំនួន​ ដែល​ថា​ ជា​រូបភាព​មិន​សមរម្យ​ប៉ះ​ពាល់​ដល់​តម្លៃ​និងកិត្តិយស​របស់​ស្ត្រី​ខ្មែរ»។

ក្រុម​មន្ត្រីសិទ្ធិមនុស្ស​បង្ហាញ​ការ​ស្រងាកចិត្ត​ជាមួយ​សេចក្តីថ្លែង​ការណ៍​របស់​ក្រសួង​កិច្ចការ​នារី។ ពួក​គេ​និយាយ​ថា​ ការបំបៅកូន​ទោះនៅ​ទីណា​ក៏ដោយ ​គួរតែ​ត្រូវបាន​លើក​ទឹកចិត្ត​ និង​មិន​គួរ​បាន​ការ​ស្តីបន្ទោស​ នៅ​ពេល​ស្ត្រី​បំបៅ​កូន​ក្នុងម៉ោង​ធ្វើការ​ទេ។

លោកស្រី ​ចក់ សុភាព​ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ ប្រាប់​វីអូអេ​នៅថ្ងៃ​ព្រហស្បតិ៍​យ៉ាង​ដូច្នេះថា៖​ «ការ​បំបៅ​ដោះ​ ទោះបី​នៅ​ទីឯកជន​ក្តី​ ទីសាធារណៈ​ក្តី​ វាមិនមែន​ជារឿង​អីត្រូវ​ ឬក៏ប៉ះពាល់​កិត្តិ​យស​ស្រ្តី​ទេ​ ប៉ុន្តែ​វា​បែរ​ជាលើក​កម្ពស់​នូវ​កិត្តិយស​ស្ត្រី​ទៅវិញ ដែល​ៗ​ពួកគាត់​ទន្ទឹម​នឹង​ការ​បំពេញ​ភារកិច្ច​ការងារ​ផ្លូវ​ការ​ ហើយ​គាត់​នូវតែ​បំពេញ​តួនាទី​ជា​មាតា ​ក្នុង​ពេល​តែ​មួយ ​ដែល​មិន​មាន​អ្នកដទៃ​ឧទាហរណ៍​ជាបុរសអីជា​ដើម​ហ្នឹង ​អាច​ធ្វើបាន​»។

លោក​ស្រី​និយាយ​ថា​ លោក​ស្រី​អនុសេនីយ៍​ទោ ស៊ីថុង សុខា​ មិន​គួរ​ទទួលបាន​ការ​រិះគន់​ពីក្រុមមន្ត្រី​រដ្ឋាភិបាល​ ចំពោះ​កាយវិការ​ជាម្តាយ​ដែល​បំបៅ​កូន​ ក្នុងពេល​ចុះបំពេញការងារ​ទេ។

លោក​ស្រី​អនុសេនីយ៍​ទោ ស៊ីថុង សុខា ស្រុក​សៀម​ប៉ាង​ ខេត្ត​ស្ទឹងត្រែង ក្នុងអំឡុងពេលថ្នាក់លើបានហៅចូលខ្លួន​ឲ្យធ្វើកិច្ច​សន្យា​បញ្ឈប់ការ​បង្ហោះ​រូប​បំបៅ​កូន​ក្នុង​ទីសាធារណៈ ​ទាំង​មាន​ពាក់​ឯកសណ្ឋាន។

មេដឹកនាំ​អង្គការ​សិទ្ធិមនុស្ស​រូបនេះ​យល់ថា​ ការទិតៀនរបស់​ក្រសួងកិច្ចការ​នារីមក​លើ​លោកស្រី ស៊ីថុង​ សុខា​ ថា​ជា​ការរើស​អើង និង​អាច​បង្អាក់​សម្រេចបាន​នូវ​សមភាព​យេនឌ័រ​រវាង​ស្ត្រី​និង​បុរស។

«ការណ៍ដែល​យើង​នាំ​គ្នាដាក់​បន្ទុក​ ហើយ​រិះគន់​ដូច​តួយ៉ាង​ថ្នាក់​លើ​របស់​ស្ត្រី​ជា​នគរបាល​ ហៅ​គាត់​ឲ្យ​ធ្វើ​ការ​សុំ​ទោស​ ហើយ​ធ្វើ​កិច្ច​សន្យា​អី​បែបនោះ​ គឺ​ថ្នាក់​លើ​គាត់​នោះ​ទេ​ ដែល​ត្រូវ​ធ្វើ​ការ​សុំ​ទោស​ទៅស្រ្តី​ហ្នឹងវិញ​ ហើយ​ត្រូវ​បង្ហាញ​វិធានការ​ជាក់​លាក់​ចំពោះ​សមភា​យេនឌ័រ​ ហើយ​និង​ការ​ភាព​អំណោយ​ផល​ការ​បង្ក​ភាព​អំណោយ​ផល​សម្រាប់​ស្ថាប័ន​ខ្លួន ​ក្នុង​ការ​គាំទ្រដល់​ស្ត្រី​ដែល​គាត់​ជា​មា្តយ​ទាំងឡាយ ​ដែល​គាត់​កំពុង​បំពេញ​ភារកិច្ច​នៅ​ក្នុង​ស្ថាប័ន​គាត់​ហ្នឹង​»។

លោកស្រី​ ម៉ាន ចិន្តា ​រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី​ បដិសេធ​មិនផ្តល់​ការ​អធិប្បាយ​ទេ​ នៅ​ថ្ងៃព្រហស្បតិ៍​នេះ។

មួយ​សប្តាហ៍​ក្រោយ​ការ​បង្ហោះរូប​ថតនោះ ​លោកស្រី ​ស៊ីថុង សុខា ត្រូវ​បាន​ថ្នាក់​លើ​របស់​គាត់​ ហៅ​ឲ្យ​ចូលខ្លួន​ធ្វើកិច្ច​សន្យា​បញ្ឈប់ការ​បង្ហោះ​រូប​បំបៅ​កូន ​ក្នុង​ទីសាធារណៈ​ ទាំង​មាន​ពាក់​ឯកសណ្ឋាន។ លោកស្រី ​សុខា ក៏​បាន​ធ្វើ​កិច្ច​សន្យាថា ​ឈប់​បង្ហោះ​រូបភាព​របៀប​នេះ​តទៅទៀត​ ហើយថា​ លោកស្រី​គ្មាន​ចេតនាធ្វើ​ឲ្យប៉ះពាល់​កិត្តិ​យស​អង្គភាព ​និង​ស្ត្រី​ខ្មែរ​ទូទៅ​ទេ។

​ក្រោយមក​ លោក​ស្រី ​ជូ ​ ប៊ុនអេង ​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ទទួល​បន្ទុក​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ បាន​សម្តែងការ​សោក​ស្តាយជា​ខ្លាំង​ ក្រោយលោក​ស្រី​ឃើញ​សេចក្តី​រាយការណ៍​សារព័ត៌មួយ​ថា​ លោក​អធិការ​ស្រុក​សៀម​ប៉ាង​បាន​ហៅ​លោកស្រី​នគរបាល​ម្នាក់ ​ដែល​គាត់​បំបៅ​កូន​នៅតុការងារ​ តាមផ្លូវ​ប្រហែល​ជា​នគរបាល​ចរាចរណ៍​ ដើម្បី​ទៅ​ព្រមាន​និង​ឲ្យ​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​ការបំបៅកូន​បែបនេះ។​

ក្នុងលិខិត​មួយផ្ញើជូន​អភិបាល​ខេត្ត​ស្ទឹងត្រែង​ កាលពីថ្ងៃទី ​១០ ខែមីនា​ លោកស្រី​ ជូ ប៊ុនអេង ​បាន​សរសេរ​ថា៖​ «​បាន​អាន​អត្ថបទនេះ ​ខ្ញុំមាន​ការ​សោក​ស្តាយ​ជា​ខ្លាំង​ ដែល​លោក​អធិការ​បាន​ប្រើ​ឥរិយាបថ​បែបនេះ​ និង​មិន​បាន​វែក​ញែក​ឲ្យ​ច្បាស់​ពីកំហុស​និង​គុណសម្បត្តិ។ លោក​ស្រីបាន​កោតសរសើរ​លោក​ស្រី សុខា ថា​បានខិត​ខំ​ថែទាំ​កូន និង​បំពេញ​ការងារ​ក្នុងពេល​ដំណាលគ្នា ដែល​ជា​ភារកិច្ច​ទទួល​ខុសត្រូវ​ទ្វេដង​លើស​ពីបុរស។​

ក៏ប៉ុន្តែ​ ថ្នាក់​ដឹកនាំ​របស់​លោកស្រី សុខា ​បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ​ពួកគាត់​មិន​បានដាក់​ពិន័យ​លើកូន ចៅ​គាត់​ ហើយ​គ្រាន់​តែបាន​ហៅ​មក​អប់រំ​តែ​ប៉ុណ្ណោះ។

​លោកស្រី​ ស៊ីថុង សុខា ​គឺ​ជាអធិការ​រង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សៀម​ប៉ាង ​ទទួលបន្ទុក​សណ្តាប់​ធ្នាប់​និង​ចរាចរណ៍។ លោក​ស្រី ​សុខា សុំ​មិនធ្វើការ​អធិប្បាយ​ច្រើន​ទេ​ ដោយ​ថា​ចង់​ឲ្យ​ករណី​នេះស្ងប់ស្ងាត់។

លោក​ស្រី​និយាយ​ថា​៖ «ខ្ញុំ​ post​ ហ្នឹង ​ខ្ញុំមិន​មែន post ដើម្បី​និយាយ​បញ្ជាក់​ ដើម្បី​ខូច​ដល់​កន្លែង​ដែល​ខ្ញុំ​ធ្វើការ​ទេគឺ​ post ហ្នឹង​គឺ​ post​ ពីទឹកចិត្ត​ម្តាយ ​ឆ្លុះ​បញ្ចាំង​ពី​ទឹក​ចិត្ត​ម្តាយ​ចំពោះ​កូន​ទេ»។

នៅថ្ងៃ​ព្រហស្បតិ៍នេះ ក្រុម​អ្នក​ការពារ​សិទ្ធិស្ត្រី អង្គការ​សមាគម​ចំនួន​ ៣៩ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួមគ្នា​ថា នេះ​ជា​រឿង​គួរ​ឲ្យ​អាម៉ាស់​ដែល​លោក​ស្រី​ ស៊ីថុង​ សុខា​ ត្រូវថ្នាក់​លើ​ស្នើ​ឲ្យ​ធ្វើកិច្ច​សន្យា​ ឈប់​បង្ហោះរូប​ភាព​បំបៅកូន​តទៅ​ទៀត ​ហើយ​អ្វីដែល​គួរ​ឲ្យ​ខកចិត្ត​ទៅ​ទៀត​នោះ ​គឺ​ការ​ធ្វើ​កិច្ច​សន្យា​នោះបាន​កើតឡើង​តែមួយថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពីទិវា​នារី​អន្តរជាតិ​ ៨ មីនា។

ពួកគេ​ឡើ​ងថា៖​ «នោះ​គឺ​ជារឿង​គួរ​ឲ្យ​អាម៉ាស់​ចំពោះ​ការ​តម្រូវ​ឲ្យ​មន្ត្រី​នគរបាល​ ត្រូវសុំទោស​ក្រោម​ហេតុផល​ថា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​អង្គភាព​ និង​ស្ត្រី​ខ្មែរ​ ហើយ​តម្រូវ​ឲ្យ​នាងចុះកិច្ច​សន្យា​មិន​បន្ត​អកប្បកិរិយា​បែបនេះ​ទៅ​ទៀត»។

ពួកគេ​បន្ថែមថា៖​ «ក្រោយ​មក​បន្ទាប់​ពី​មាន​ការរិះគន់​ពីសាធារណ​ជន​ មន្ត្រីនគរបាល​ជាថ្នាក់​ដឹកនាំ​នោះ​បាន​ចេញ​មុខ​បកស្រាយ ដោយ​យោងលើ​ហេតុ​ផល​ថា ​អ្នកស្រី​នគរបាល​រូបនោះ ពុំ​បាន​សុំការ​អនុញ្ញាត​ជាមុន​ក្នុង​ការ​បង្ហោះ​រូបភាព​នៃ​ការបំបៅ​កូន​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ ដែល​ការ​ពន្យល់​នេះ​បង្កើន​ការ​ព្រួយបារម្ភ​ថែម​ទៀត ​អំពី​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ»។​

វីអូអេ​មិន​ទាន់​អាច​ទាក់ទង​សុំការ​អធិប្បាយ​ពី​លោក​ អូត ស៊ីវុត្ថា​ ស្នង​ការ​នគរបាល​ខេត្ត​ស្ទឹង​ត្រែង​ បាន​ទេ​នៅ រ​សៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ។

អ្នក​នាំពាក្យ​អគ្គ​ស្នងការ​នគរបាល​ជាតិ​លោក​ ឆាយ គឹម​ខឿន បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក Freshnews​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ លោកស្រី​អនុសេនីយ៍ទោ ​ស៊ីថុង សុខា ​អធិការរង​ទទួល​ផែន​សណ្តាប់​ធ្នាប់​នៃអធិការ​ដ្ឋាន​នគរ​បាល​ស្រុក​សៀមប៉ាង ​ត្រូវ​បាន​ផ្តល់​រង្វាន់​លើក​ទឹកចិត្ត​ ក្នុង​ពេល​បំពេញ​ការ​ងារ​ហើយ​ឆ្លៀត​បំបៅ​កូន​។

លោក​មាន​ប្រសាសន៍​ថា ​ការ​បំបៅកូន​ដូចនេះ​ មិន​មាន​កំហុស​ធំ​ដុំ​ទេ៕