ពលរដ្ឋ​ក្នុង​ជម្លោះ​ដី​ធ្លី​ម្នាក់​នៅ​ស្រុក​អង្គ​ស្នួល​ខេត្ត​កណ្តាល​រង​របួស​​ដោយ​ការ​បាញ់​ប្រហារ​ពី​កម្លាំង​ទាហាន

រូប​​​ថត​ពី​​វីដេអូ​មួយដែល​ត្រូវ​បាន​បង្ហោះ​​នៅ​លើ​​​ហ្វេសប៊ុក ​បង្ហាញ​ពី​ទិដ្ឋភាព​តានតឹង​នៅ​ពេល​​ពលរដ្ឋ​បាន​ស្រែក​ថា​កម្លាំង​ទាហាន​បាន​​ចាប់​ផ្តើម​​បាញ់​គ្រាប់​ពិត​នៅ​ក្នុង​ជម្លោះ​​ដី​ធ្លី​នៅស្រុក​អង្គ​ស្នួល ខេត្ត​កណកាល​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០២១។ (រូបពីបណ្តាញសង្គម)

មន្រ្តី​សិទ្ធិ​មនុស្ស​ឲ្យ​ដឹង​ថា​ពលរដ្ឋ​ម្នាក់​បាន​រង​របួសខ្នង ដោយ​សារ​ការ​បាញ់​ប្រហារ​ដោយ​គ្រាប់​កាំភ្លើង​ពីកម្លាំង​ទាហាន​រាប់​សិប​នាក់​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែ​មិថុនា នៅ​ក្នុង​ការ​ប្រឈម​ដាក់​គ្នា​មួយ​នៃជម្លោះ​ដីធ្លី​ដែល​កើត​ឡើង​ក្នុង​ភូមិ​អង្គ​ស្រែ​ពោធិ៍ ឃុំ​ទួល​ពេជ្រ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល។

លោក អំ សំអាត នាយក​រង​ទទួល​បន្ទុក​កម្មវិធី​ឃ្លាំ​មើល​នៃ​អង្គការសិទ្ធិ​មនុស្ស​លីកាដូ ប្រាប់​VOA​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ថាក្រុម​ការងារ​របស់​អង្គ​ការ​លោក​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​និង​បាន​រាយការណ៍​ថា​បុរសរង​របួស​នោះ​មាន​ឈ្មោះ មុំ ចាន់ថា អាយុ​៥៦​ឆ្នាំ ជា​កសិករ ដែល​ជា​ភាគី​ជម្លោះ​ដី​ធ្លី។ លោក​បន្ថែម​ថា​ជនរ​ងគ្រោះ​កំពុង​សង្រ្គោះ​បន្ទាន់​នៅមន្ទីរ​ពេទ្យ​កាល់ម៉ែត្រ ក្នុង​រាជធានី​ភ្នំពេញ។

លោក អំ សំអាត ជំរុញ​ឲ្យ​ស៊ើប​អង្កេត​រឿង​នេះ​ឲ្យ​បាន​ត្រឹម​ត្រូវ​ថា​តើ​មូលហេតុ​អ្វី​បាន​ជា​កម្លាំង​ទាហាន​រាប់​សិប​នាក់​ប្រើ​កាំភ្លើង​បាញ់​គ្រាប់​ពិត រហូត​ដល់​បណ្តាល​ឲ្យពលរដ្ឋ​ម្នាក់​រង​របួស។

លោក​ក៏​ជំរុញ​ឲ្យ​បញ្ចប់​ការ​ប្រើ​ប្រាស់​ហិង្សា ដូច​ជា​បាញ់​គ្រាប់​ពិត​ទៅ​លើ​ប្រជាពលរដ្ឋ​ក្នុង​រឿង​ជម្លោះ​ដី​ធ្លី​។

ក្នុង​វីដេអូ​មួយ​មាន​រយៈពេល​ជាង​៤​នាទី​ដែល​ត្រូវ​បាន​បង្ហោះនៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ប្រជាពលរដ្ឋ​បាន​ស្រែក​ថា​កម្លាំង​ទាហាន​បាន​បាញ់​គ្រាប់​ពិត ខណៈ​ប្រឈម​នឹង​ប្រជាពលរដ្ឋ​ដែល​តវ៉ា​រឿង​ដី​ធ្លី។

វីដេអូ​នេះ​បង្ហាញ​ថា​អ្នក​តវ៉ាម្នាក់បាន​រង​របួស​នឹង​គ្រាប់​កាំភ្លើង​ត្រង់ឆ្អឹង​ជំនីរ​លើ​ស្មា​ខាង​ធ្វេង ដោយ​មាន​ឈាម​ហូរ​លើ​អាវ​យឺត​ស​របស់​ជន​រង​គ្រោះ។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយពី​លោក​ខុន សេរី​រដ្ឋា អភិបាល​ស្រុក​អង្គ​ស្នួល និង​លោក គង់ សោភ័ណ្ឌ អភិបាល​ខេត្ត​កណ្តាល បាន​នៅ​ឡើយ​ទេ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ទោះ​យ៉ាងណា​រដ្ឋបាល​ខេត្ត​កណ្តាល​បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយនៅ​ថ្ងៃព្រហស្បតិ៍​នេះ ដោយ​លើកឡើង​ថា ដី​ដែលប្រជាពលរដ្ឋ​តវ៉ា​នោះ​ជា​ដី​រដ្ឋ​ហើយ​ថា​ពលរដ្ឋ​បាន​បិទ​ផ្លូវ​ជាតិ​លេខ​៥១​នៅ​ចំណុ​ច​ដែល​គេ​ហៅ​ថា​«ដីចម្ការ​បារាំង»។ រដ្ឋបាល​ខេត្ត​បញ្ជាក់​ថាដី​នៅ​តំបន់​នោះ រដ្ឋាភិបាល​គ្រោង​រៀបចំ​មួយ​ផ្នែក​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​វិស័យ​ការពារ​ជាតិ​និង​មួយ​ផ្នែក​ទៀត​ប្រើប្រាស់​សម្រាប់​វិស័យ​បរិស្ថាន​ដែល​ជាទីតាំងដាក់​សំរាម និង​សំណង់​រឹង​ចុង​ក្រោយ​កម្រិត​តំបន់។

រដ្ឋបាល​ខេត្ត​កណ្តាល​ឲ្យ​ដឹង​ទៀត​ថា​ក្រុម​ការងារ​គណៈ​កម្មការ​អន្តរ​ក្រសួងកំពុង​ខិតខំ​សិក្សា​ស្រាវជ្រាវ​ដើម្បីឈាន​ដល់​ការ​ដោះស្រាយ​គោល​នយោបាយ​ជូន​ប្រជាពលរដ្ឋ​ដែល​បាន​អាស្រ័យ​ផល​ពិត​ប្រាកដ ក្នុង​រង្វង់​ដី​ប្រមាណ​២៨០ហិកតា៕

ការ​កែសម្រួល៖ អត្ថបទ​ដើម​បាន​ដាក់​ឈ្មោះអ្នក​រង​របួស​ផ្សេង​ពី​នេះ​។