យ៉ាងហោចណាស់សាកសពចំនួន១០០ត្រូវបានគេរកឃើញ ហើយក្រុមជួយសង្គ្រោះនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ាកំពុងតែស្វែងរកមនុស្សបន្ថែមទៀតពីក្នុងគំនរបាក់បែកនៅថ្ងៃច័ន្ទនេះ ពីរថ្ងៃបន្ទាប់ពីមានការបាក់ដីយ៉ាងច្រើននៅក្បែរកន្លែងជីករ៉ែគុជមួយ។
សារព័ត៌មាន Reuters បានរាយការណ៍ថា ក្នុងខណៈពេលដែលមិត្តភក្តិនិងក្រុមគ្រួសារបានកំណត់អត្តសញ្ញាណរបស់សាកសពមួយចំនួន សាកសពដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណត្រូវបានរុំនឹងក្រណាត់តង់ពណ៌ខៀវនៅឡើយ។
មន្រ្តីរដ្ឋបាលក្នុងក្រុង លោក Nilar Myint បានមានប្រសាសន៍អំពីសាកសពដែលត្រូវបានគេរកឃើញនោះថា «នេះមិនមែនជាចំនួនសាកសពសរុបទាំងអស់នោះទេ ក្រុមជួយសង្គ្រោះកំពុងតែព្យាយាមរុករកបន្ថែមទៀត ហើយអ្នកស្រុកនៅក្នុងក្រុងនេះមានការខឹងសម្បារយ៉ាងខ្លាំងដោយសារតែមានមនុស្សស្លាប់ច្រើនពេក»។
មន្រ្តីនានាបានថ្លែងថា មានមនុស្សយ៉ាងហោចណាស់១០០ទៀតកំពុងតែបាត់ខ្លួនបន្ទាប់ពីមានការបាក់ដីនេះ។
ក្រុមអាជ្ញាធរបានថ្លែងកាលពីមុននេះថា ជនរងគ្រោះដែលបានស្លាប់គឺជាអ្នកជីករ៉ែពីកាកសំណល់និងយកបំណែកតូចៗរបស់គុជទាំងនោះទៅលក់។ ក៏ប៉ុន្តែអាជ្ញាធរបាននិយាយថា ការបាក់ដីនេះកើតឡើងនៅពេលដែលអ្នកជីករ៉ែទាំងនោះកំពុងតែសម្រាន្តលក់។
លោក Tin Swe Myint ដែលជាប្រធាននាយកដ្ឋានរដ្ឋបាលក្រុង Hpakant បានមានប្រសាសន៍ថា «យើងមិនទាន់អាចកំណត់ចំនួនមនុស្សសរុបពិតប្រាកដដែលបានកប់នៅក្នុងដីនោះនៅឡើយទេ ដោយសារពួកយើងមិនមានទិន្នន័យអំពីចំនួនមនុស្សដែលរស់នៅទីនោះ។ លោក Tin Swe Myint បានរៀបរាប់តំបន់ដែលមានការបាក់ដីនោះ ថាគ្រាន់តែជាតំបន់អនាធិបតេយ្យមួយដែលកម្មកររស់នៅក្នុងក្រណាត់តង់តែប៉ុណ្ណោះ»៕