ក្រុមអង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធផ្សេងៗជាង១០០ស្ថាប័នបានស្នើសុំអន្តរាគមន៍ពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងប្រធានរដ្ឋសភា ក្នុងការដោះស្រាយវិវាទការងាររបស់ក្រុមហ៊ុនណាហ្គាវើលដ៍ដែលអូសបន្លាយជាច្រើនខែមកហើយ។
ពួកគេក៏ជំរុញឲ្យមានការដោះលែង និងទម្លាក់ចោលការចោទប្រកាន់លើថ្នាក់ដឹកនាំ និងសកម្មជនសហជីព និងកូដករផ្សេងទៀត ដែលត្រូវបានអាជ្ញាធរចាប់ខ្លួនពេលធ្វើកូដកម្មទាមទាររកដំណោះស្រាយវិវាទការងារមួយនេះ។ នេះបើតាមញត្តិមួយចុះថ្ងៃទី៧ ខែកុម្ភៈ ដែលវីអូអេទទួលបាន។
បើតាមញត្តិនោះ ក្រុមអង្គការសង្គមស៊ីវិល ក្រុមតំណាងសហជីពអ្នកវិភាគសង្គម អ្នកសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍សង្គម សរុបចំនួន១៣៣ស្ថាប័នបានស្នើទៅលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក ហេង សំរិន ប្រធានរដ្ឋសភាឲ្យជួយធ្វើអន្តរាគមន៍ពន្លឿនដំណោះស្រាយករណីនេះ។
ពួកគេបញ្ជាក់នៅក្នុងញត្តិថា៖ «យើងខ្ញុំសូមស្នើសុំឲ្យមានការដោះលែងថ្នាក់ដឹកនាំ និងសកម្មជនដែលត្រូវបានអាជ្ញាធរចាប់ខ្លួនទាំង៨រូប ព្រមទាំងទម្លាក់ចោលការចោទប្រកាន់លើពួកគេ។ យើងខ្ញុំសូមរំឭករាជរដ្ឋាភិបាលថាសកម្មភាពបម្រើការងារសហជីពមិនមែនជាបទល្មើសហើយត្រូវផ្តល់កិច្ចការពារដល់សេរីភាពមូលដ្ឋាននានាទោះបីជាសេរីភាពទាំងនេះត្រូវបានអនុវត្តក្នុងមូលហេតុដែលរដ្ឋាភិបាលមិនឯកភាពក៏ដោយ»។
ញត្តិនេះបន្ថែមថា៖«យើងខ្ញុំក៏សូមស្នើដល់រដ្ឋាភិបាលមេត្តាជំរុញឲ្យក្រុមហ៊ុនណាហ្គាវើលដ៍ចូលរួមការចរចាដោយភាពស្មោះត្រង់ជាមួយសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ នៅពេលថ្នាក់ដឹកនាំសហជីព៨រូបត្រូវបានដោះលែងក្នុងគោលបំណងស្វែងរកដំណោះស្រាយដោយត្រឹមត្រូវ និងយុត្តិធម៌ចំពោះវិវាទការងាររបស់ពួកគេ»។
ហើយស្ថាប័នទាំងនោះរួមមានសម្ព័ន្ធសហជីពកម្មករ សមាគមការពារសិទ្ធិមនុស្សអាដហុក មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អង្គការលីកាដូ សម្ព័ន្ធសហជីព និងអង្គការសង្គមស៊ីវិលជាច្រើនទៀត។
ក្រុមអង្គការសង្គមស៊ីវិលបានចាត់ទុកការចោទប្រកាន់ថ្នាក់ដឹកនាំ និងសកម្មជនសហជីព៨រូប និងការចាប់ខ្លួនកូដករជាបន្តបន្ទាប់នេះជា«ការបំពានច្បាប់» ពីព្រោះសេរីភាពបង្កើតសមាគម សេរីភាពការជួបជុំដោយសន្តិវិធី ត្រូវបានធានាដោយច្បាប់ជាតិ និងអន្តរជាតិ។
ពួកគេបន្តថាករណីវិវាទការងារនេះជា«ឧទាហរណ៍មួយដ៏គ្រោះថ្នាក់» ដែលជំរុញឲ្យនិយោជកមិនអើពើការអនុវត្តតាមបទដ្ឋានការងារ ដែលអាចនាំទៅរកការដើរថយក្រោយនៃការអនុវត្តសិទ្ធិការងារនៅក្នុងប្រទេសកម្ពុជា។
អ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សង្ឃឹមថា ស្ថាប័នទាំងក្រសួងមហាផ្ទៃ និងរដ្ឋសភានឹងពិនិត្យមើល និងជួយធ្វើអន្តរាគមន៍លើវិវាទការងារមួយនេះ។
អ្នកស្រីប្រាប់វីអូអេថា៖ «ម្សិលមិញនេះ[ថ្ងៃ៧ ខែកុម្ភៈ] យើងបានដាក់ទៅក្រសួងមហាផ្ទៃ ដោយសារយើងដឹងថា ក្រសួងមហាផ្ទៃ លោក [ស ខេង] បានបង្ហាញការខ្វាយខ្វល់ ហើយនឹងស្នើឲ្យមានការដោះស្រាយដោយសន្តិវិធី ប៉ុន្តែផ្ទុយទៅវិញ យើងមានឃើញការចាប់ខ្លួនជាបន្តបន្ទាប់។ អ៊ីចឹងកន្លែងនេះ ស្ថាប័នក្រសួងមហាផ្ទៃ ក៏ត្រូវចូលរួមក្នុងការពិនិត្យក្នុងការអនុវត្តច្បាប់របស់ខ្លួន និងធ្វើម៉េចអន្តរាគមន៍លើករណីនេះ»។
អ្នកស្រីបន្ថែមថា ក្រុមសង្គមស៊ីវិលក៏ចង់ដឹងថា តើតំណាងរាស្រ្តដែលបានតាក់តែងច្បាប់ ទាំងច្បាប់កំពូលរដ្ឋធម្មនុញ្ញ ទាំងច្បាប់ពាក់ព័ន្ធក្តី យល់យ៉ាងណាចំពោះការអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជាលើវិវាទការងាររបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍។
លោក សរ ចំរុង ប្រធានគណៈកម្មការ សិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានៃរដ្ឋសភា ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា លោកនឹងពិនិត្យមើលញត្តិរបស់ក្រុមអង្គការសង្គមស៊ីវិលនេះ បន្ទាប់ពីត្រឡប់មកពីការបំពេញភារកិច្ចតាមខេត្តវិញ។ប៉ុន្តែលោកបញ្ជាក់ថា ពេលពិនិត្យរួចរាល់ លោកនឹងសុំយោបល់ពីថ្នាក់ដឹកនាំថា ត្រូវធ្វើបែបណាបន្តទៀត។
លោកថ្លែងថា៖ «នីតិវិធីគឺថា ខ្ញុំពិនិត្យហើយ ខ្ញុំនឹងសុំយោបល់ទៅសម្តេចប្រធាន។ជជែកក្នុងក្រុមខ្ញុំហើយ តើលិខិតហ្នឹងមានន័យអ្វីខ្លះ?អីខ្លះ ខ្លឹមសារហ្នឹង។ ខ្ញុំសុំយោបល់សម្តេចប្រធានថា ទៅណាមកណា? ធ្វើយ៉ាងម៉េចអីណា៎»។
វីអូអេមិនទាន់អាចសុំការឆ្លើយតបពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង និងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គបាននៅឡើយទេ។
ប៉ុន្តែកាលពីថ្ងៃទី២៥ ខែមករា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធ«អត់ធ្មត់» ហើយដោះស្រាយដោយប្រកាន់ជំហរសម្របសម្រួល។
វីអូអេក៏មិនទាន់អាចសុំការឆ្លើយតបពីនាយកគ្រប់គ្រងផ្នែកធនធានមនុស្សប្រចាំក្រុមហ៊ុនណាហ្គាវើលដ៍ លោក Hein Dames បានដែរ។
កាលពីថ្ងៃទី៥ ខែកុម្ភៈកូដករ៣នាក់បន្ថែមទៀត ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាប់ខ្លួន ហើយសមត្ថកិច្ចកំពុងតាមចាប់ខ្លួនមនុស្ស៤នាក់ផ្សេងទៀត ពាក់ព័ន្ធនឹងការចោទប្រកាន់ថា បន្តប្រមូលផ្តុំបំពានច្បាប់ស្តីពីជំងឺកូវីដ១៩។
លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា កូដករ៣នាក់ដែលសមត្ថកិច្ចចាប់ខ្លួន ត្រូវបានបញ្ជូនទៅតុលាការរួចហើយកាលពីព្រឹកថ្ងៃអង្គារហើយសមត្ថកិច្ចបន្តស្វែងរកកូដករ៤នាក់បន្តទៀត។
លោកបញ្ជាក់ថា៖ «ទាក់ទងការនាំខ្លួនបុរសទាំង៣នាក់នេះ គឺយើងអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ទាក់ទងករណីរារាំងវិធានការប្រយុទ្ធប្រឆាំងកូវីដ។ ហើយមួយទៀត ស្របទៅលើមាត្រា១១នៃច្បាប់ប្រយុទ្ធប្រឆាំងកូវីដ។ហើយព្រឹកនេះដែរ មុនហ្នឹង យើងបានបញ្ជូនទៅដល់តុលាការអស់ហើយ»។
វីអូអេមិនទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យមួយរូបរបស់តុលាការរាជធានីភ្នំពេញ លោក ប្លង់ សុផល បាននៅឡើយទេ។
គួរបញ្ជាក់ផងដែរថា កម្មករនិយោជិត និងតំណាងសហជីពនៅក្រុមហ៊ុនណាហ្គាវើលដ៍ បានចាប់ផ្តើមមានទំនាស់ជាមួយក្រុមហ៊ុន នៅពេលកម្មករនិយោជិតជាង ១.៣០០នាក់ ត្រូវបានបញ្ឈប់ពីការងារកាលពីចុងខែមេសា ឆ្នាំ២០២១ហើយបុគ្គលិកអះអាងថា ក្រុមហ៊ុនមិនផ្តល់ប្រាក់អត្ថប្រយោជន៍ផ្សេងៗ ដូចជាប្រាក់អតីតភាពការងារត្រឹមត្រូវ និងសមស្របតាមច្បាប់ការងារទេ។ ក្រុមហ៊ុនត្រូវមន្រ្តីសហជីពចោទថាមានចេតនាបំបាត់សំឡេងតំណាងបុគ្គលិកដោយសារក្រុមហ៊ុន មិនព្រមបើកផ្លូវឲ្យថ្នាក់ដឹកនាំ និងមន្រ្តីសហជីពនៅក្រុមហ៊ុននេះបានវិលត្រឡប់មកកន្លែងការងារវិញ៕