សាលាក្តី​ខ្មែរ​ក្រហម​មាន​កេរដំណែល​ចម្រូង​ចម្រាស​ក្នុង​រយៈពេល​១០ឆ្នាំ​មកនេះ

Attendees observe a hearing session at the Khmer Rouge tribunal in March, 2016. (Courtesy Image of Nhet Sokheng/ECCC)

សាលាក្តី​ខ្មែរ​ក្រហម ​ដែល​លេច​ចេញ​ជា​រូបរាង​ក្រោម​កិច្ច​ព្រម​ព្រៀង​រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​អង្គការ​សហប្រជាជាតិ ​(អ.ស.ប.)​នេះ មាន​ឈ្មោះ​ជា​ផ្លូវ​ការ​ថា ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ​(អ.វ.ត.ក.)។

ប្រជាជន​កម្ពុជា ​បាន​ឮ​ស្ទើរ​ស៊ាំ​ត្រចៀក​អស់​១​ទសវត្សរ៍​មក​ហើយ​ទាក់​ទិន​នឹង​ដំណើរ​ការ​កាត់​ក្ដី​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម ​ចាប់​តាំង​ពី​សាលាក្តីកូន​កាត់​ ដែល​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជាជាតិ​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៦ មក។ ​ក៏​ប៉ុន្តែ​ មាន​ការ​យល់​ឃើញ​ផ្សេងៗ​ពី​គ្នា​នូវ​កេរដំណែល ​និង​ប្រសិទ្ធ​ភាព​ការងារ​របស់​សាលាក្តីនេះ ​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​មក។​

អស់​រយៈពេល​១០​ឆ្នាំ​គត់ ​គិត​ត្រឹម​ដើម​ខែ​ក្រោយ​នេះ​គឺ​ខែ​កក្កដា ​ដែល​សាលាក្តី​ខ្មែរ​ក្រហម​បាន​ចាប់​ផ្ដើម​ការងារ​របស់​ខ្លួន​ជា​ផ្លូវ​ការ ចាប់​ពី​ខែ​កក្កដា​ឆ្នាំ​២០០៦​ ពេល​ដែល​សហ​ចៅក្រម ​សហ​មេធាវី​ជាតិ ​និង​អន្តរជាតិ​នៃ​សាលាក្តី​កូនកាត់​មួយ​នេះ ​បាន​ធ្វើ​សច្ចា​ប្រណិធាន​នៅ​ចំពោះ​មុខ​ព្រះបរម​រូប​ព្រះបាទ ​នរោត្តម​ នៅ​ក្នុង​ព្រះ​វិហារ​ព្រះ​កែវ​មរកត​នៃ​ព្រះ​បរម​រាជ​វាំង​ ក្រុង​ភ្នំពេញ។​

សាលាក្តី​ខ្មែរ​ក្រហម ​ដែល​លេច​ចេញ​ជា​រូបរាង​ក្រោម​កិច្ច​ព្រម​ព្រៀង​រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​អង្គការ​សហប្រជាជាតិ ​(អ.ស.ប.)​នេះ មាន​ឈ្មោះ​ជា​ផ្លូវ​ការ​ថា ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ​(អ.វ.ត.ក.)។ ​អស់​រយៈពេល​ជាង​១០ឆ្នាំ​មក​នេះ ​សាលាក្តី​មួយ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​បាន​បន្សល់​នូវ​កេរដំណែល​ចម្រុះ​គ្នា ​មាន​ទាំង​វិជ្ជមាន ​និង​ទាំង​អវិជ្ជមាន។​

ទិដ្ឋភាព​ខាង​ក្នុង​សាល​សវនាការ​ អំឡុង​ពេល​ប្រកាស​សាល​ក្រម​នៃ​សំណុំ​រឿង​០០២/០១ កាល​ពី​ខែ​សីហា ឆ្នាំ​២០១៦។ (រូបថត​ផ្តល់​ឲ្យ​ដោយ ECCC)

សាលាក្តី​ខ្មែរ​ក្រហម​ត្រូវ​បាន​គេ​បង្កើត​ឡើង​ក្នុង​គោល​បំណង​ស្វែង​រក​ការណ៍​ពិត ​និង​យុត្តិធម៌ ​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ ឧក្រិដ្ឋកម្ម​សង្គ្រាម ​និង​ឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្ស​ជាតិ ​ដែល​កើត​មាន​ឡើង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩ ​ដឹកនាំ​ដោយ​បក្ស​កុម្មុយនីស្ត​កម្ពុជា ​ឬ​ដែល​គេ​ស្គាល់​ថា​ ជា​ក្រុម​ខ្មែរ​ក្រហម​នោះ។​

មនុស្ស​ប្រមាណ​១,៧​លាន​នាក់​ត្រូវបាន​គេ​រាយ​ការណ៍​ថា​ បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​រយៈពេល​៣​ឆ្នាំ ​៨ខែ ​និង​២០ថ្ងៃ​នៃ​របប​មួយ​នេះ។

ជន​ជាប់​ចោទ​ចំនួន​ប្រាំ​រូប ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ មេដឹកនាំ​កំពូល​ និង​ជា​អ្នក​មាន​ចំណែក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ក្នុង​របប​នេះ​ រួម​មាន ​អតីត​ប្រមុខ​រដ្ឋ ​ខៀវ​ សំផន ​អតីត​ប្រធាន​សភា​ប្រជាជន​បដិវត្តន៍​កម្ពុជា ​នួន ជា អតីត​រដ្ឋមន្ត្រី​ការបរទេស ​អៀង ​សារី ​និង​អតីត​រដ្ឋ​មន្ត្រី​សង្គមកិច្ច​ អៀង ​ធីរិទ្ធ​ ​រួម​ទាំង​អតីត​ប្រធាន​មន្ទីរ​សន្តិសុខ​មជ្ឈឹម​ស-២១ កាំង ហ្កេកអ៊ាវ ​ ហៅ​ឌុច ​ត្រូវ​បាន​នាំ​មក​កាន់​សាលា​វិនិច្ឆ័យ​ក្ដី​ដើម្បី​ប្រឈម​មុខ​នឹង​ការណ៍​ពិត ​ប្រវត្តិសាស្ត្រ​ និង​យុត្តិធម៌។​

ក៏​ប៉ុន្តែ​ តាមរយៈ​ដំណើរការ​ការងារ​ជា​ទូទៅ ​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​មក​នេះ​ អ.វ.ត.ក. ​បាន​សម្រេច​កិច្ចការ​ដ៏​ធំធេង​ជា​ប្រវត្តិ​សាស្ត្រ​ក្នុង​ការ​ស្វែងរក​ការណ៍​ពិត​ ​និង​យុត្តិធម៌ ​សម្រាប់​ប្រជាជន​កម្ពុជា​ និង​មនុស្ស​ជាតិ​ទូទាំង​សកលលោក។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ នេត្រ ​ភក្ត្រា ​អ្នក​នាំ​ពាក្យ​របស់​សាលាក្តី​ខ្មែរ​ក្រហម។​

លោក​ នេត្រ ​ភក្ត្រា ​បន្ថែម​ថា៖​

«ផ្ទាល់! ​ផល​ប្រយោជន៍​ផ្ទាល់​គឺ​ឱ្យ​ជន​រង​គ្រោះ ​គាត់​ទទួល​បាន​យុត្តិធម៌ ​គាត់​ផ្សះផ្សា​ផ្លូវ​ចិត្ត​ គាត់​ធូរ​ស្រាល​នៅ​ក្នុង​ផ្លូវ​ចិត្ត ​នៅ​ពេល​ដែល​រឿងរ៉ាវ​ទាំង​ឡាយ ​ដែល​គាត់​បាន​ជួប​ប្រទះ​ត្រូវ​បាន​គេ​លើក​យក​មក​និយាយ​ ហើយ​ពិភពលោក​ទាំង​មូល​បាន​ដឹង​ឮ​ពី​បញ្ហា​នេះ»។​

​បើទោះ​ជា​មាន​ការ​រិះគន់​ជា​ហូរហែ​ថា ​សាលាក្តីខ្មែរ​ក្រហម​ប្រើ​ពេល​យូរ​អូស​បន្លាយ ​និង​ប្រើ​ប្រាស់​ថវិកា​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​យ៉ាង​ណា​ក្ដី ​លោក​ នេត្រ​ ភក្ត្រា ​បាន​ឆ្លើយ​តប​ថា ​តុលាការ​កូន​កាត់​មួយ​នេះ​ត្រូវ​ការ​ពេល​វេលា​ដើម្បី​ធ្វើការ​ឆ្លើយ​តប​នឹង​ប្រព័ន្ធ​ច្បាប់​ដ៏​ស្មុគ​ស្មាញ ​ឯកសារ​ភ័ស្តុតាង​ដ៏​ច្រើន​ស្អេកស្កះ ​រួម​ទាំង​វិសាលភាព​ដ៏​ធំ​ធេង​នៃ​សំណុំ​រឿង ​ដែល​កើត​មាន​នៅ​កម្រិត​ទូទាំង​ប្រទេស​ដែល​មាន​ជនរងគ្រោះ​រាប់​លាន​នាក់។​

រូបឯកសារ៖ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តី​ខ្មែរក្រហម​ចូល​រួម​ជា​វាគ្មិន​ពិភាក្សា​អំពី «ផល​ប៉ះពាល់​នៃ​ការ​ខ្វែង​គំនិត​គ្នា​របស់​សហចៅក្រម​ស៊ើបអង្កេត​នៅ​សាលាក្តីក្រហម​ទៅ​លើ​សំណុំ​រឿង​ក្តី​ ០០៣និង០០៤» នៅ​ក្នុង​កម្មវិធី Hello VOA នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

«ការ​ជំនុំ​ជម្រះ​ក្ដី​បែប​នេះ ​បែប​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ​បែប​ឧក្រិដ្ឋកម្ម​សង្គ្រាម ​បែប​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​នេះ ​យើង​ត្រូវ​ទាមទារ​នូវ​ពេល​វេលា​ដើម្បី​ធ្វើការ​ស៊ើប​អង្កេត​ឱ្យ​បាន​ច្បាស់​លាស់ ​ដើម្បី​ស្វែងរក​ការណ៍​ពិត​មួយ​ដែល​ពិត​ប្រាកដ ​រឿង​រ៉ាវ​មួយ​ដែល​ពិត​ប្រាកដ​នៅ​សាលាក្តីខ្មែរ​ក្រហម... ​មាន​ជនរងគ្រោះ​រាប់​លាន​នាក់ ​ឯកសារ ​និង​ភស្តុតាង​មាន​ច្រើន​លាន​ទំព័រដូច្នេះ​ហើយ​គឺ​យើង​ទាមទារ​ត្រូវ​ការ​ពេល​វេលា»។​

លោក​មេធាវី ​សុក ​សំអឿន ​ដែល​ជា​អ្នក​តាម​ដាន​អង្កេត​យ៉ាង​ស្អិត​ទៅ​លើ​ដំណើរ​ការ​សាលាក្តីខ្មែរ​ក្រហម​បាន​ឱ្យ​ដឹង​ថា ​លោក​ជឿ​ថា​ សាលាក្តី​មួយ​នេះ​មាន​សមត្ថភាព​អាច​នឹង​ដំណើរ​ការ​រឿងក្ដី​បាន​លឿន​ជាង​នេះ ​ហើយ​លោកថា ​ការ​ប្រើ​រយៈពេល​១០​ឆ្នាំ​សម្រាប់​កិច្ចការ​ខាង​លើ​មាន​លក្ខណៈ​យូរ​បន្តិច​ហើយ។​

ក៏​ប៉ុន្តែ​ ដំណើរ​ការ​ក្ដី​រៀប​ចំ​ក្នុង​សំណុំ​រឿង​០០១​និង​០០២​ បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ល្អ ​ស្រប​តាម​នីតិវិធី ​និង​និយាម​ជាតិ​ និង​អន្តរជាតិ។ ​នេះ​បើ​តាម​លោក​មេធាវី​ការពារ​សិទ្ធិ​មនុស្ស​ដ៏​ល្បីល្បាញ​រូប​នេះ។​

«លទ្ធផល​យើង​មួយ ​យើង​ចង់​ឃើញ​តុលាការ​ហ្នឹង ​ជាសារ​ព្រមាន​ដល់​អ្នក​កាន់​អំណាច​ផ្ដាច់ការ​នៅ​លើ​ពិភពលោក​ថា​ តែ​កាល​ណា​អ្នក​ឯង​ប្រព្រឹត្ត​បទ​ល្មើស​អ្វី​មួយ ​អ្នក​ឯង​មិន​អាច​គេច​ផុត​ពី​សំណាញ់​ច្បាប់​ទេ។ ​អា​ហ្នឹង​យើង​ចង់​បញ្ជូន​ចំណុច​ហ្នឹង»។​

អ្នក​នាំ​ពាក្យ​ទីស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​លោក​ ផៃ ស៊ីផាន​ បាន​ពោល​សរសើរ​អំពី​ការងារ​របស់​សាលាក្តី​ខ្មែរ​ក្រហម​ថា ​បាន​នឹង​កំពុង​សាងសង់​នូវ​មូលដ្ឋាន​គំរូ​សម្រាប់​កំណែ​ទម្រង់​វិស័យ​យុត្តិធម៌​នៅ​កម្ពុជា ​ហើយ​ក៏​បាន​កំពុង​ឆ្លើយ​តប​ទៅ​នឹង​ការ​ចង់​បាន​យុត្តិធម៌​របស់​មហាជន​ខ្មែរ​ដែល​ជា​ជន​រង​គ្រោះ។​

«ហើយ​កម្ពុជា​រៀប​ចំ​វិនិច្ឆ័យ​ក្ដី​មួយ​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ ​ស្តង់ដារ​ពិភព​លោក ​ដែល​មិន​មែន​បាន​សេចក្ដី​ថា ​អ្នក​ឈ្នះ​កាត់​ក្ដី​អ្នក​ចាញ់​នោះទេ។ ​ចំណុច​ទីពីរ​ធ្វើ​ឱ្យ​យើង​នឹក​ឃើញ​ជានិច្ច ​ហើយ​យើង​ប្រឆាំង​នឹង​ការ​វិល​ត្រឡប់​នៃ​ការ​កាន់កាប់​ជាតិ​មួយ​ដែល​ប្រកប​ដោយ​ឃាតកម្ម​ទៅ​លើ​ជាតិ​សាសន៍​ខ្លួន​ឯង»។​

មក​ទល់​នឹង​ពេល​នេះ​ ឌុច​ ដែល​ជា​ជន​ជាប់​ចោទ​ក្នុង​សំណុំ​រឿង​០០១​ កំពុង​ទទួល​ទោស​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ ​អៀង​ ធីរិទ្ធ​ ត្រូវ​ដក​ចេញ​ពី​ដំណើរការ​កាត់​ទោស ​ដោយ​មូលហេតុ​សុខភាព​ផ្លូវ​ប្រាជ្ញា​ ស្មារតី​មិន​អំណោយ​ផល​ ហើយ​គាត់​ក៏​បាន​ស្លាប់​កាល​ពី​ឆ្នាំ​២០១៥ ​គឺ​ពីរ​ឆ្នាំ​ក្រោយ​ពី​មរណភាព​របស់​ អៀង ​សារី ​ដែល​ជា​ស្វាមី​របស់​គាត់។​

ជន​ជាប់​ចោទ ​ខៀវ​ សំផន​ និង​ នួន​ ជា​ ក្នុង​សាល​សវនាការ​មួយ​កាល​ពី​ឆ្នាំ​២០១៣។ (រូបថត​ផ្តល់​ឲ្យ​ដោយ Mark Peters/ECCC)

​ដោយ​ឡែក​ នួន​ ជា ​និង​ ខៀវ ​សំផន ​ត្រូវ​បាន​កាត់​ទោស​ក្នុង​សំណុំរឿង​០០២/០១ ​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ​និង​កំពុង​រង់ចាំ​ការ​សម្រេច​អំពី​បណ្ដឹង​សារ​ទុក្ខ​នៅ​អង្គ​តុលាការ​កំពូល​របស់​អ.វ.ត.ក.។ ​អ្នក​ទាំង​ពីរ​រូប​ក៏​កំពុង​តតាំង​ក្ដី​ក្នុង​សំណុំ​រឿង​០០២/០២​ ដែល​កំពុង​ឈាន​ទៅ​រក​ការ​សន្និដ្ឋាន​បញ្ចប់​សេចក្ដី​ផង​ដែរ។​

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ ​អ.វ.ត.ក.​ក៏​កំពុង​តែ​ចាត់​ការ​ក្ដី​សំណុំ​រឿង​០០៣ ​និង​០០៤ ​ប្រឆាំង​នឹង​មេដឹកនាំ​ថ្នាក់​ក្រោម​ ឬ​ថ្នាក់​តំបន់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​រួម​មាន ​យឹម ​ទិត្យ អោ អាន អ៊ឹម ចែម,​ និង​មាស មុត។​

សំណុំ​រឿង​០០៣ ​និង​០០៤​ជា​សំណុំ​រឿង​ប្រកប​ដោយ​ភាព​ចម្រូង​ចម្រាស ​ដែល​ធ្លាប់​ទទួល​បាន​ការ​ជំទាស់​យ៉ាង​ខ្លាំង​ក្លា​ពី​សំណាក់​រាជ​រដ្ឋាភិបាល​កម្ពុជា ​ក្រោម​ហេតុ​ផល​ថា​ អាច​បង្ក​ជា​ការ​ជ្រួល​ច្របល់​ក្នុង​ចំណោម​មហាជន​ដែល​មាន​អតីតភាព​ការងារ​ជា​មន្ត្រី​ និង​ទាហាន​ខ្មែរ​ក្រហម។​

លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ​ផ្ទាល់​គឺ​ជា​អ្នក​បញ្ចេញ​សម្លេង​ជំទាស់​ខ្លាំង​ជាង​គេ​ទៅ​នឹង​ការ​ពង្រីក​ដែន​សមត្ថកិច្ច​ការងារ​របស់​សាលាក្តីខ្មែរ​ក្រហម ​ហួស​ពី​សំណុំ​រឿង​០០២។

ក្នុង​កិច្ច​សម្ភាសន៍​ផ្ដាច់​មុខ​មួយ​ជាមួយ​ VOA ​នា​ពេល​ថ្មីៗ​នេះ​ លោក​ប្រវត្តិ​វិទូ​ជាតិ​អាមេរិក​ David ​Chandler​ បាន​និយាយ​ថា​ លោក ​ហ៊ុន ​សែន ​មិន​ចង់​សោះ​ឡើយ​ ក្នុង​ការ​បណ្ដែត​បណ្ដោយ​ឱ្យ​សាលាក្តីខ្មែរ​ក្រហម​ជះ​ឥទ្ធិពល​មិន​ល្អ​ទៅ​លើ​សហការី​ជើង​ចាស់​របស់​លោក ​នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា។​

«ប៉ុន្តែ​ត្រង់​នេះ​ហើយ​ដែល​លោក ​ហ៊ុន ​សែន ​ចេញ​បញ្ជា​ថា​ «គ្មាន​ការ​កាត់ក្តី​ទៀត​ទេ» ​ដោយសារ​តែ​អ្នក​ដែល​អាច​ត្រូវ​បាន​នាំ​ខ្លួន​មក​កាត់​ទោស​ជា​បន្ត​បន្ទាប់​នោះ អាច​មាន​ទំនាក់​ទំនង​ជាមួយ​លោក​ ជា ស៊ីម​ ជា​ដើម។ ​ហើយ​លោក ​ហ៊ុន សែន ​មិន​ចង់​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ទៅ​លើ​បុគ្គល​ទាំងនោះ​ឡើយ»។​

លោក​ Chandler ​បាន​បន្ថែមថា ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​នៃ​ប្រទេសកម្ពុជា​បាន​ព្យាយាម​ធ្វើ​យ៉ាង​ណាដើម្បី​ឱ្យ​លទ្ធផល ​និង​ដំណើរការ​ក្ដី ​និង​ការងារ​របស់​សាលាក្តីស្ថិត​ក្នុង​កម្រិត​មួយ​ដែល​អាច​គ្រប់​គ្រង​បាន។​

«រដ្ឋាភិបាល​កម្ពុជា​ហាក់ដូចជា​មិន​ចាប់​អារម្មណ៍​ក្នុង​រឿង​សាលាក្តី​ទៀត​ទេ​ ហើយ​តាម​ពិតទៅ ​ពួកគេ​មិន​បាន​ចាប់​អារម្មណ៍​លើ​សាលាក្តី​នេះ​តាំង​ពី​ដំបូង​ម្ល៉េះ។ ​លោក​ ហ៊ុន សែន​ មិន​ដែល​ចង់​ឲ្យ​មាន​សាលាក្តីទេ។ ​លោក​ព្យាយាម​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ ដើម្បី​ធានា​ថា ​មេធាវី​របស់​ ឌុច ​គឺ​ជា​មេធាវី​ផ្ទាល់ខ្លួន​របស់​លោក។​ នេះ​គឺជា​វិធីសាស្ត្រ​ដែល​លោក​ហ៊ុន សែន​ក្តោបក្តាប់​លទ្ធផល​របស់​តុលាការ ​តាម​ដែល​លោក​អាច​ធ្វើ​ទៅ​បាន»។​

ការ​ព្រលយ​ពាក្យ​ព្រមាន​ពី​សំណាក់​រាជ​រដ្ឋាភិបាល​កម្ពុជា​អំពី​អស្ថិរភាព​នៅ​ក្នុង​ប្រទេស​ដែល​ទើប​នឹង​ងើប​ចាក​ផុត​ពី​ការ​ហែក​ហួរ​បំផ្លិច​បំផ្លាញ​ដោយ​សារ​សង្គ្រាម​អូស​បន្លាយ​អស់​ជា​ច្រើន​ទសវត្សរ៍ ​ត្រូវ​បាន​គេ​ឮ​ជា​ហូរ​ហែ​មិន​សូវ​ដាច់។​ ក្រុម​មេធាវី​ការពារ​ក្ដី​ និង​មជ្ឈដ្ឋាន​មួយ​ចំនួន​មើល​ឃើញ​ថា ​វា​ជា​ការ​លូក​ដៃ។​

អតីត​សហមេធាវី​អន្តរជាតិ​ការពារ​ក្ដី​ឱ្យ​ នួន ជា បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ឆ្នាំ​២០១១ ​ប្រឆាំង​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ និង​មន្ត្រី​ជាន់​ខ្ពស់​១០​រូប​ផ្សេង​ទៀត ​ទាក់​ទិន​នឹង​អ្វី​ដែល​ក្រុម​មេធាវី​ទាំង​នេះ​បរិយាយ​ថា​ ជា​ការ​លូក​លាន់​របស់​រាជ​រដ្ឋាភិបាល​ខ្មែរ​ទៅ​ក្នុង​កិច្ច​ការ​សាលាក្តី។ ​

រូបឯកសារ៖ លោក​ ហោ​ ណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេសនៅ​ក្នុង​ជំនួប​ប្រជុំ​ជាមួយ​ក្រុម​មន្ត្រី​ទូត​ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​រាជធានីភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​។ (​ហ៊ាន​ សុជាតា/​ VOA)

ការ​ភ្ជា​ប់​មន្ត្រី​វ័យ​ចំណាស់ៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជាទៅ​នឹង​ចំណង​ទាក់​ទង​ជាមួយ​ពួក​ខ្មែរ​ក្រហម​គឺ​ជា​រឿង​ដ៏​រសើប ​និង​ចម្រូង​ចម្រាស។ ​ការ​ភ្ជាប់​លោក ​ហោ ​ណាំហុង ​ទៅ​នឹង​តួនាទី​របស់​លោក​នៅ​មន្ទីរ​សន្តិសុខ​បឹង​ត្របែក​ បាន​ធ្វើ​ឱ្យ​លោក ​សម​ រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិប្រឈម​នឹង​ទោស​ទណ្ឌពី​បទ​បរិហា​កេរ្តិ៍។​

យ៉ាង​ណា​ក៏​ដោយ​ ​សាលាក្តីខ្មែរ​ក្រហម​កាល​ពី​ឆ្នាំ​២០០៩​ តាមរយៈ​សហ​ចៅក្រម​អន្តរជាតិ​មួយ​រូប ​បាន​កោះ​ហៅ​ឥស្សរជន​កំពូលៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​រួម​មាន​លោក​ ជា ស៊ីម ​លោក​ ហេង ​សំរិន ​លោក​ ហោ ​ណាំហុង ​លោក ​គាត ​ឈន់ ​លោក ​អ៊ុក ​ប៊ុនឈឿន ​និង​លោក​ ស៊ីម កា ​មក​បំភ្លឺ​ផ្ដល់​សក្ខីកម្ម​ក្នុង​នាម​ជា​សាក្សី​ ​ក៏​ប៉ុន្តែ​មិន​មាន​នរណា​ម្នាក់​បង្ហាញ​ខ្លួន​នោះ​ទេ។​

ការ​ប្រថុយ​ប្រថាន​ចាត់​ការ​លើ​សំណុំ​រឿង​០០៣​និង​០០៤ ​នឹង​ក្លាយ​ជា​ហានិភ័យ​ដែល​អាច​ឱ្យ​សាលាក្តីមួយ​នេះ​បន្សល់​ទុក​នូវ​កេរដំណែល​មិន​ល្អ។ ​នេះ​ជា​ការ​លើក​ឡើង​របស់​លោក​មេធាវី​ សុក សំអឿន។​

«បើសិន​ជា​អា​០០៣​និង​០០៤​ ធ្វើ​មិន​បាន​សម្រេច​ល្អ​ទេ​ មាន​ន័យ​ថា​ សារ​ព្រមាន​សម្រាប់​ជន​ផ្ដាច់​ការ​ហ្នឹង​វា​ថយ​មក​វិញ។ ​អាហ្នឹង​គាត់​ខក​ចំណុច​ហ្នឹង។ ​បើ​គាត់​យក​តែ​០០១​និង​០០២ ​អាហ្នឹង​អូខេ ​គោល​ដៅ​ហ្នឹង​សម្រេច​ល្អ​មែន​ទែន​តែ​ម្ដង»។

ក្រៅ​ពីនេះ​ក៏​មាន​របាយការណ៍​ជា​ហូរហែរ​ផង​ដែរ​ស្ដី​ពី​ភាព​ចម្រូង​ចម្រាស​រវាង​មន្ត្រី​កម្ពុជា​ និង​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ ​នៅ​ក្នុង​សាលាក្តី​នេះ​ដែល​ជា​រឿយៗ ​បង្ហាញ​ពី​ភាព​មិន​ចុះ​សម្រុង​ និង​មាន​ការ​ខ្វែង​គំនិត​គ្នា។​

លោក​បណ្ឌិត ​អៀ ​សុផល ​សាស្ត្រាចារ្យ​មួយ​រូប​នៅ​មហា​វិទ្យាល័យ​ Occidental ​សហរដ្ឋ​អាមេរិក​ បាន​លើក​ឡើង​ថា ​ការបង្កើត​ប្រព័ន្ធ​ចម្រុះ​នៅ​សាលាក្តី​ ​បាន​បង្ក​ជា​កំហុស​តាំង​តែ​ពី​ដំបូង​មក​ម្ល៉េះ​ ដែល​ជារឿយៗ​នាំ​ឱ្យ​ដំណើរ​ការងារ​មាន​ភាព​រអាក់​រអួល​ជា​ប្រចាំ។​

ក្នុង​ការ​ឆ្លើយឆ្លង​តាមរយៈ​សារ​អេឡិច​ត្រូនិច​ជាមួយ​ VOA ​កាល​ពី​ពេល​ថ្មីៗ​នេះ ​លោក​បណ្ឌិត​ អៀ ​សុផល​ បាន​សរសេរ​ថា​ ដំណើរ​ការ​សាលាក្តីខ្មែរ​ក្រហម ​ប្រព័ន្ធ​ចម្រុះគឺ​ស្គាល់​ថា​ ប្រព័ន្ធ​តុលាការ​កូន​កាត់​នេះ​ប្រៀប​បាន​ទៅ​នឹង​«រថយន្ត​មួយ​មាន​អ្នក​បើក​បញ្ជា​ពីរ​នាក់»​អញ្ចឹង​ដែរ។​

លោក​បណ្ឌិត​រូប​នេះ​ក៏​បាន​និយាយ​បន្ថែម​តាមខ្លឹម​សារ​ដើម​ទាំង​ស្រុង​ថា៖​

«មាន​ក្ដី​សង្ឃឹម​តិច​ណាស់​ដែល​ថា​ ប្រព័ន្ធ​តុលាការ​ខ្មែរ​អាច​នឹង​យក​ជា​គំរូ​បាន​តាមរយៈ​លទ្ធផល​នៃ​សាលាក្តីខ្មែរ​ក្រហម​មួយ​នេះ»។​

លោក ​ផៃ ស៊ីផាន ​អ្នក​នាំ​ពាក្យ​មួយ​រូប​របស់​រដ្ឋាភិបាល​ខ្មែរ ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដែល​ថា ​អង្គ​នីតិ​ប្រតិបត្តិ​របស់​ប្រទេស​កម្ពុជា​មាន​ការ​លូកលាន់​ទៅ​បង្អាក់​ដំណើរការ​សម្រេច​ចិត្ត​របស់​សាលាក្តី​នេះ។​

ការ​លើក​ឡើង​កន្លង​មក ​ទាំង​ពី​សំណាក់​លោក​ ហ៊ុន ​សែន ​និង​មន្ត្រី​ផ្សេង​ទៀត​ទៅ​លើ​ដំណើរ​ការ​ក្ដី​សំណុំ​រឿង​០០៣​និង​០០៤ ​គ្រាន់​ជា​ការ​បញ្ចេញ​មតិ​ទស្សនៈ​យល់​ឃើញ​ប៉ុណ្ណោះ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ផៃ ស៊ីផាន។​

«ទេ! ​យើង​គ្រាន់​ជា​យោបល់​របស់​យើង ​ព្រោះ​យើង​មិន​អាច​ជ្រៀត​ជ្រែក​ទៅ​ក្នុង​ការ​សម្រេច​ចិត្ត​របស់​តុលាការ​ ដែល​មាន​សហ​ចៅក្រម ​សហ​ព្រះរាជ​អាជ្ញា ​សហ​មេធាវី​នៅ​ក្នុង​ហ្នឹង ​លោក​ជា​អ្នក​ពិចារណា​ទៅ។ ចំណែកខាង​រាជ​រដ្ឋាភិបាល​…​គ្មាន​អំណាច​ឯណា​ទៅ​ប្រឆាំង​ជាមួយ​គេ​ទេ ​មាន​តែ​អំណាច​ប្រតិបត្តិ​តាម​ជា​នគរបាល​យុត្តិធម៌​ជូន​ដល់​តុលាការ​ខ្មែរ​ក្រហម​នេះ​ឯង​បាទ!»។​

ទិដ្ឋភាព​មើល​ពី​ខាង​ក្រៅ​នា​ពេល​ថ្មីៗ​នេះ ​នៅ​ឯ​បរិវេណ​សាលា​ក្ដី​ខ្មែរ​ក្រហម។ (អូន ឆេងប៉រ/VOA)

​ទោះ​មាន​ការ​លើក​ឡើង​រិះគន់​ទៅ​លើ​ដំណើរការ​ការ​ងារ​របស់​សាលាក្តីយ៉ាង​ណាក្ដី ​លោក ​នេត្រ ភក្ត្រា ​ដែល​ជា​អ្នក​នាំ​ពាក្យ​ឱ្យ​អ.វ.ត.ក.​តាំង​ពី​ឆ្នាំ​២០១១​មក ​បាន​លើក​ឡើង​ពី​សុទិដ្ឋិ​និយម​ជា​ទូទៅ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​មុខ​ជា​បន្ត។​

«បាទ​អ្វី​ដែល​យើង​រំពឹង​ទុក​ គឺ​ការ​បំពេញ​នូវ​បេសកកម្ម​របស់​ខ្លួន​នៅ​ក្នុង​ការ​ស្វែងរក​ការណ៍​ពិត ​និង​យុត្តិធម៌​ជូន​ដល់​ប្រជាជន​កម្ពុជា​ទាំង​មូល ​ហើយ​តុលាការ​សង្ឃឹម​ថា ​តាមរយៈ​ការ​គាំទ្រ​របស់​សាធារណជន​ ការ​គាំទ្រ​របស់​សហគមន៍​អន្តរជាតិ ​ការ​គាំទ្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ហើយ​និង​អង្គការ​សហប្រជាជាតិ​ទៅ​លើ​ដំណើរការ​តុលាការ​នេះ ​គឺ​តុលាការ​នេះ​អាច​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​ជា​បេសកកម្ម​របស់​ខ្លួន​ក្នុង​ការ​ស្វែងរក​ការណ៍​ពិត​ និង​យុត្តិធម៌​ជូន​ដល់​ប្រជាជន​កម្ពុជា»។​

ក៏​ប៉ុន្តែ ​លោក​បណ្ឌិត​ អៀ ​សុផល បាន​លើក​ឡើង​ផ្ទុយ​ពី​នេះ ​នៅ​ពេល​សួរ​អំពី​កេរដំណែល​របស់​សាលាក្តីខ្មែរ​ក្រហម។ ​លោក​ថា ​សាលាក្តីមួយ​នេះ​នឹង​ត្រូវ​បាន​គេ​ចង​ចាំថា​«គ្មាន​ប្រសិទ្ធ​ភាព»​ការងារ ​និង​ការ​រុញ​ផ្អៀងផ្អង​ពី​សំណាក់​រដ្ឋាភិបាល​ខ្មែរ ធ្វើ​ឲ្យតុលាការ​នេះ​បាត់​តុល្យភាព។​

លោក​បាន​សរសេរ​ដូច្នេះ​ថា៖​ «ជា​កុសល​ល្អ​ដែល​ប្រជាជន​ខ្មែរ​ភាគ​ច្រើន​ជា​ពុទ្ធ​សាសនិកជន ​ហេតុ​នេះ​ហើយ​ពួក​គេ​ជឿ​លើ​យុត្តិធម៌​កម្មផល ​និង​វាលវដ្ដ​សង្សារ ​ធ្វើ​ល្អ​បាន​ល្អ។ ​ពួក​គេ​មាន​ជំនឿ​ថា​ យុត្តិធម៌​មិន​មែន​មាន​ត្រឹម​តែ​ក្នុង​បន្ទប់​សវនាការ​នោះ​ទេ ​តែ​ក៏​មាន​ផល​តប​ស្នង​ទៅ​ជាតិ​មុខ​ផង​ដែរ»៕