សហរដ្ឋអាមេរិកចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ

សមាជិកនៃ Old Guard លោក Pvt. Brandon Hyer (ឆ្វេង) មកពីក្រុង Kansas និងលោក Pvt. Brad Dixon នៃក្រុង Baltimore, Md., បានដាក់ទង់ជាតិខាងមុខផ្លាកផ្នរនៅឯទីបញ្ចុះសពជាតិ Arlington កាលពីថ្ងៃទី២៦ ឧសភា ២០១៦។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ ​អូបាម៉ា មាន​ផែនការ​ចូល​រួម​ពិធី​ជា​ច្រើននៅ​ទិវា​គោរព​វិញ្ញាណក្ខន្ធយុទ្ធ​ជនដែល​ពលី​ក្នុង​សង្គ្រាម ​ជា​ថ្ងៃ​ឈប់​សម្រាក​ដែល​ផ្តល់​កិត្តិយសដល់​បុរស​និង​ស្រ្តី​ដែល​បាន​ស្លាប់​ខណៈ​ដែល​កំពុង​បម្រើ​ក្នុង​យោ​ធា​សហរដ្ឋ​អាមេរិក។

លោក​ប្រធានា​ធិបតី ​អូបាម៉ា ​នឹង​រៀប​ចំ​អាហារ​ពេល​ព្រឹក​សម្រាប់​ក្រុម​យោ​ធា​និង​អតីត​យុទ្ធជន​ ​និង​មេដឹកនាំ​យោ​ធា​ជាន់​ខ្ពស់​នៅសេតវិមាន​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ។

ក្រោយមក ​លោក​ប្រធានា​ធិបតី ​នឹង​ចូល​រួម​ក្នុង​ទិវា​គោរព​វិញ្ញាណក្ខន្ធយុទ្ធជន​ដែល​ពលី​ក្នុង​សង្គ្រាមនៅទីលានបញ្ចុះ​សព​ជាតិ​នៅ​ក្រុង Arlington ដែល​នៅ​ទី​នោះ​លោក​ប្រធានា​ធិបតី នឹង​ដាក់​កម្រង​ផ្កា​នៅផ្នូរ​ទាហាន​មិន​ស្គាល់​ឈ្មោះ។

សហរដ្ឋ​អាមេរិក ឈប់​សម្រាក​នៅ​រាល់​ថ្ងៃ​ច័ន្ទចុងក្រោយ​នៃ​ខែឧសភា។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា ​បាន​ថ្លែងសុន្ទរកថា​ប្រចាំ​សប្តាហ៍​ថា «បំណុល​ដែល​យើង​ជំពាក់​វីរៈជន​ដ៏​ល្បីល្បាញ​របស់​យើង​ជាបំណុល​មួយ​ដែល​យើងមិន​អាច​សង​វិញ​បាន‍»។

ពិធី​ដ៏​ធំ​លើក​ដំបូង​ដែល​ដើមឡើយត្រូវ​បានគេ​ហៅថា ទិវាបំពាក់​មេដៃ​បាន​ធ្វើ​ឡើង​នៅឯ​កន្លែង​បញ្ចុះសព​ជាតិ Arlington នៅ​ឆ្នាំ​ ១៨៦៨ ​រយៈពេល៣​ឆ្នាំ​បន្ទាប់​ពី​សង្គ្រាមស៊ីវិល​បង្ហូរ​ឈាម​របស់​សហរដ្ឋ​អាមេរិក​បាន​សម្លាប់​មនុស្សជាង​៦​សែននាក់។

ឥឡូវនេះ រយៈ​ពេល៣ថ្ងៃ​នៃ​ចុង​សប្តាហ៍ ​បាន​ត្រូវ​គេមើល​ឃើញ​ថា ​ជា​ការ​ចាប់ផ្តើម​ក្រៅ​ផ្លូវការ​នៃ​រដូវឈប់​សម្រាក​រដូវ​ក្តៅ។ ជន​ជាតិ​អាមេរិកាំង​ជា​ច្រើន​បាន​ឈប់​សម្រាក​មួយ​ថ្ងៃ​ពីការងារនិង​សាលា​រៀន ​ហើយ​ក្រុមគ្រួសារ​ជា​ច្រើន​មានកម្មវិធីទៅ​ពិកនិក​ឬ​ធ្វើ​ដំណើរ​ទៅ​កាន់​ឆ្នេរសមុទ្រ និងឧទ្យានជាតិ៕