សហរដ្ឋ​អាមេរិក​បន្តធ្វើ​ជា​ប្រទេស​នាំ​ចេញ​អាវុធនាំ​មុខ​​

រូបភាពឯកសារ៖ ទាហានជើងទឹកអាមេរិកបាញ់កាំភ្លើងវែង M-16 ចេញពីនាវា USS Arleigh Burke។

ស.រ.អា.​នៅតែ​បន្តកាន់​កាប់​តំណែងជាប្រទេស​នាំចេញអាវុធ​កំពូល​ក្នុង​ពិភពលោក ដោយ​បាន​ផ្គត់ផ្គង់​អាវុធដល់ទៅ​២៣ពាន់​លានដុល្លារ​ទៅកាន់​ប្រទេស​នានា​កាលពី​ឆ្នាំទៅ​ ជាពិសេស​ប្រទេស​មជ្ឈឹម​បូព៌ា។​ នេះបើ​តាម​របាយការណ៍​ពីប្រភព​ព័ត៌មាន​ នាំមុខ​មួយទាក់​ទងនឹង​ជំនួញ​គ្រឿង​សញ្វា​វុធ។

ក្រុមហ៊ុន​ IHS Jane's​ បាន​បញ្ចេញ​របាយការណ៍​ពាណិជ្ជកម្ម​ផ្នែកគ្រឿង​សព្វាវុធ​ពិភព លោកប្រចាំ​ឆ្នាំ​របស់ខ្លួន​កាលពី​ថ្ងៃ​អាទិត្យ​ ដោយបាន​បង្ហាញ​ថាទីផ្សារ​ផ្នែក​វិស័យ ការពារ​ជាតិ​ពិភព​លោក​កើន​ដល់​ ៦.៦ពាន់​លាន​ដុល្លារក្នុង​ឆ្នាំ​២០១៥ ​ទៅដល់ ​៦៥ពាន់​លាន​ដុល្លារ​សរុប។​ ការ​នាំចេញ​របស់​ស.រ.អា.​មានជិត​ដល់​២៣​ពាន់​លានដុល្លារ ដោយ​កើន​ពី ១០ ពាន់​លាន​ដុល្លារ​ចាប់​តាំង​ពីការ​នាំចេញ​នៅក្នុង​ឆ្នាំ​២០០៩។

លោក​ Ben Moores​ អ្នក​វិភាគ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន IHS Jane's​ ថ្លែងថា ​ទីផ្សារ​ពាណិជ្ជ​កម្ម​វិស័យ​ការពារ​ជាតិ​ពិភព​លោក​ មិនដែល​ធ្លាប់​ឃើញ​មាន​កំណើន​យ៉ាង ខ្លាំង​ដូច​កំណើន​ដែល​យើងបាន​ឃើញ​នៅចន្លោះ​ឆ្នាំ២០១៤ ​និងឆ្នាំ​២០១៥ទេ។​ ឆ្នាំ ២០១៥​ គឺជា​ឆ្នាំកើន​ឡើងខ្ពស់​បំផុត‍​ក្នុង​កំណត់​ត្រា។

ការលក់​ចេញ​គ្រឿង​សព្វាវុធ​បារាំង​បានកើន​ឡើង​ជាង២​ដងក្នុង​ឆ្នាំ២០១៥​នេះ ​បើ ធៀប​នឹងឆ្នាំ​ទៅ​ ដោយ​កើនពី ៨ពាន់​លានដុល្លារ​ដល់​ទៅ១៨​ពាន់​លាន​ដុល្លារ។​ ប្រសិន​បើតួ​លេខ​នេះចេះ​តែបន្ត​កើន​ដូច្នេះ​ របាយ​ការណ៍​ដដែល​នេះ​បាន​និយាយ​ថា ​បារាំង​នឹង​ឈាន​មុខប្រទេស​រុស្ស៉ី​ ដែល​ក្លាយ​ជាអ្នក​នាំ​ចេញ​គ្រឿង​សញ្វាវុធ​លំដាប់​ទី២​របស់​ពិភពលោក​ក្នុងឆ្នាំ​២០១៨៕