ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា មានប្រសាសន៍ថាតួនាទីរបស់លោកនៅក្នុងការបោះឆ្នោតឆ្នាំនេះ ដើម្បីជ្រើសរើសអ្នកជំនួសរូបលោកនោះ គឺរំលឹកពលរដ្ឋថាអាមេរិកថាតំណែងប្រធានាធិបតី មិនមែនជាការងារលេងសើចនោះទេ។
លោកអូបាម៉ា បានថ្លែងនៅក្នុងកម្មវិធី Tonight Show របស់ទូរទស្សន៍ NBC ដែលនឹងត្រូវចាក់ផ្សាយនៅយប់ថ្ងៃព្រហស្បតិ៍នេះថា «តំណែងប្រធានាធិបតី មិនមែនជាការសម្តែងតាមកញ្ចក់ទូរទស្សន៍នោះទេ»។
លោកថ្លែងបន្តថា «ខ្ញុំមើលឃើញការសម្រេចចិត្តជាច្រើន និងកិច្ចការដែលត្រូវធ្វើ ហើយខ្ញុំមានជំនឿទុកចិត្តយ៉ាងច្រើនថា ប្រសិនបើពលរដ្ឋអាមេរិកត្រូវបានរំលឹកអំពីអ្វីដែលជាហានិភ័យនិងបញ្ហាសំខាន់ៗនានា ដែលយើងត្រូវដោះស្រាយឲ្យបានត្រឹមត្រូវនោះ នោះពួកគេ នឹងធ្វើការសម្រេចចិត្តដ៏ល្អមួយ»។
កន្លងមក លោក អូបាម៉ា ភាគច្រើនមិនដែលពាក់ព័ន្ធនឹងដំណើរការនៃការបោះឆ្នោតនេះ នៅគ្រាដែលអ្នកបោះឆ្នោត ជ្រើសរើសបេក្ខជនពីខាងគណបក្សប្រជាធិបតេយ្យរបស់លោក និងខាងគណបក្សសាធារណរដ្ឋដែលជាគូបដិបក្ខ។
ប៉ុន្តែដោយសារពេលនេះ លោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) និងលោក ដូណាល់ ត្រាំ (Donald Trump ) នឹងប្រឈមមុខដាក់គ្នានៅខែវិច្ឆិកាខាងមុខនេះ លោកប្រធានាធិបតីត្រូវគេរំពឹងថា នឹងជួយជំរុញឲ្យបេក្ខជនខាងគណបក្សប្រជាធិបតេយ្យរក្សាតំណែងនៅសេតវិមានសម្រាប់អាណត្តិទី៣ទៀត។
លោក អូបាម៉ា បានថ្លែងប្រាប់ពិធីករកម្មវិធី Tonight Show ថារូបលោកបាននិយាយជាមួយនិងផ្ដល់ដំបូន្មានដល់លោកស្រី គ្លីនតុន និងគូប្រជែងរបស់លោកស្រី គឺលោក Bernie Sanders ក្នុងអំឡុងពេលយុទ្ធនាការស្វែងរកការគាំទ្រក្នុងការបោះឆ្នោតបឋម។ លោក អូបាម៉ា មានប្រសាសន៍ថាវាមិនចម្លែកទេដែលរូបលោកមិនបាននិយាយជាមួយលោក ត្រាំ នោះ។
លោក អូបាម៉ា និយាយកំប្លែងលេងថាគណបក្សប្រជាធិបតេយ្យពិតជាសប្បាយចិត្តណាស់ ដែលការបោះឆ្នោតបឋមខាងគណបក្សសាធារណរដ្ឋ បានសម្រេចយក លោក ត្រាំ ជាបេក្ខជនរបស់ពួកគេនោះ។
ប៉ុន្តែ លោកអូបាម៉ា ក៏សម្ដែងការព្រួយបារម្ភផងដែរដោយបានថ្លែងថា ប្រទេសជាតិ ដំណើរការល្អបំផុត កាលណាគណបក្សទាំងពីរមានភាពមធ្យ័តនិងព្យាយាមដោះស្រាយបញ្ហា។
លោកប្រធានាធិបតីអាមេរិករូបនេះ មានប្រសាសន៍ថាលោកសង្ឃឹមថាគណបក្សទាំងពីរនឹងស្វែងរកឃើញរបៀបធ្វើការជាមួយគ្នា ទោះបីជាលោកយល់ថាការណ៍នេះ មានលក្ខណៈពិបាកជាងការដែលលោកបានរំពឹងទុកនៅពេលដែលលោកចូលកាន់តំណែងកាលពីដើមឆ្នាំ២០០៩ ក៏ដោយ៕