ក្រុង​ឡូវែល​មាន​ក្រុមប្រឹក្សា​ក្រុង​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ពីរ​រូប​ជា​លើក​ដំបូង

​លោក​ នួន វាសនា​ (ឆ្វេង) ជាប់​លំដាប់​លេខ​២ ​និង​លោក​ចូវ សុខារី ​(ស្តាំ) ជាប់​លេខ​៥ ជាសមាជិកក្រុមប្រឹក្សាក្រុងឡូវែល រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក។

ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​នៅ​ទីក្រុង​ឡូវែលមាន​មោទនភាព​ផង ​បារម្ភ​ផង​ទាក់​ទង​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល​ កាល​ពី​ថ្ងៃ​ទី៥​ ខែ​វិច្ឆិកា។ មាន​មោទនភាព​ ​ព្រោះ​នេះ​ជា​លើក​ដំបូង​ហើយ​ ​ដែល​បេក្ខជន​ដើម​កំណើត​ខ្មែរ​ពីរ​នាក់​បាន​ជាប់​ឆ្នោត​ជា​ក្រុម​ប្រឹក្សា​ក្រុង​ដែល​មាន​៩​នាក់។ ​មាន​ក្តី​បារម្ភ​ព្រោះ​ខ្លាច​ឥទ្ធិពល​នយោបាយ​ប្រទេស​កំណើត​មក​លើ​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​នេះ។​

លោក​យ៉ែម រដ្ឋា ជា​សមាជិក​គណៈកម្មការ​គ្រប់​គ្រង​ការ​បោះ​ឆ្នោត​ក្រុង​ឡូវែល​ ឲ្យ​ដឹង​នៅ​ពេល​ប្រកាស​លទ្ធផល​បឋមថា ​លោក​ នួន វាសនា​ ជាប់​លំដាប់​លេខ​២ ​និង​លោក​ចូវ សុខារី ​ជាប់​លេខ​៥។​

«បាទ ​ដូច្នេះ​នេះ​គឺ​ជា​មោទនភាព​ដ៏ល្អ​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​នៅ​ក្នុង​ក្រុងឡូវែល។ ឥឡូវនេះ​យើង​មាន​បេក្ខជន​ខ្មែរ​ដល់​ទៅ​២​នាក់​ក្នុង​ក្រុម​ប្រឹក្សា​ក្រុង​ទាំង​៩។​បាទ ​គឺ​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​ចាប់​ផ្តើម​យល់​អំពី​សារៈសំខាន់​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ឲ្យ​មាន​អ្នក​តំណាង​យើង ទោះ​បើ​សិន​ជា​មាន​និន្នាការ​ផ្សេងៗ ​ខុស​គ្នា​យ៉ាង​ម៉េចក៏​ដោយ ​ប៉ុន្តែ​យើង​រាប់​សំខាន់​ថា​ ​ជា​ជន​ជាតិខ្មែរ​យើង ​សម្រាប់​ឲ្យ​យើង​មាន​មោទនភាព»។​

លោក​ យ៉ែម រដ្ឋា​ បាន​រំឭក​ប្រាប់​វីអូអេ​ថា​ កន្លង​មក​សមាជិក​ក្រុម​ប្រឹក្សា​ដែល​មាន​អាណត្តិ​ពីរ​ឆ្នាំ​នេះមាន​ក្រុម​ប្រឹក្សា​ដើម​កំណើត​ខ្មែរ​តែ​ម្នាក់​ប៉ុណ្ណោះ​គឺ​លោក​អ៊ុង រិទ្ធី ដែល​ជាប់​ឆ្នោត​ដំបូង​គេ​ក្នុង​ឆ្នាំ​១៩៩៩។ លុះ​ដល់​ឆ្នាំ​២០១៧​ ទើប​លោក​នួន វាសនា​ជាប់​ឆ្នោត​លំដាប់​លេខ​មួយ​ក្លាយ​ជា​អភិបាល​រង​ក្រុង​ឡូវែល។

មោទនភាព​នេះ គឺ​ជា​លទ្ធផល​នៃ​ការ​ប្រឹង​ប្រែង​របស់​សមាគមន៍​ខ្មែរ​ ​សកម្ម​ជន​សិទ្ធិ​មនុស្សប្រជាធិបតេយ្យ​ បណ្តាញ​គណបក្ស​នយោបាយ​នៅ​ប្រទេស​កំណើត​ កម្មវិធី​វិទ្យុ​ទូរទស្សន៍​បន្ថែម​ពីលើ​ការ​ពន្យល់​ណែ​នាំ​របស់​គណៈកម្មការ​គ្រប់​គ្រង​ការ​បោះ​ឆ្នោត។​

ប៉ុន្តែ​អត្រា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​ក្រុង​ឡូវែល​ចេញ​មក​បោះ​ឆ្នោត​ប្រមាណ​២០០០នាក់ ​គឺ​ជាង​៣៥% ក្នុង​ចំណោម​ពួក​គាត់​ដែល​បាន​ចុះ​ឈ្មោះ​ជាង​៧០០០​នាក់។

អ្នកស្រី ​វឺក​ សារ៉េត មិន​ធ្លាប់​បាន​បោះ​ឆ្នោត​ទេ ​តាំងពី​អ្នកស្រី​មក​រស់​នៅ​ស.រ.អា.​កាល​ពី​ឆ្នាំ​១៩៨៤។

«ប៉ុន្តែ​ថ្ងៃ​នេះ​គេ​ថា ​គេ​កំពុង​តែ​បោះ​ឆ្នោត។ ថ្ងៃនេះ​ណា៎!​ ចំថ្ងៃ​ហ្នឹង​ហ្មង ​បោះ​ឆ្នោត។ មិន​ដឹង​បោះឆ្នោត​អី​ទេ ​ខ្ញុំ​មិន​ដឹង​ទេ។ ខ្ញុំ​អត់​ដឹង​បោះឆ្នោត​អី​ផង!​ ដូច​ថា ​ខ្ញុំ​នេះ​ហ្នឹង​ ខ្ញុំ​ចង់​បោះឆ្នោត​នឹង​ទេ​ដែរ ​ឲ្យ​មាន​ឈ្មោះ​ក្នុង​សង្គម​នឹង​គេ​ដែរ​ដូច​ថា​ ឲ្យ​មាន​ឈ្មោះ​ក្នុង​សង្គម​នឹង​គេ​ដែរ​ទៅ​ណា៎»។

អ្នកស្រី​មិន​អាច​បោះឆ្នោត​ ព្រោះ​មិន​បាន​ចុះ​ឈ្មោះ។ អ្នក​ស្រី​ចង់​ចុះ​ឈ្មោះ​ ហើយ​បោះឆ្នោត​តែ​ម្តង ​ប៉ុន្តែ​ហួស​ពេល​ទៅ​ហើយ​ព្រោះ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ចប់​តាំង​ពី​ខែ​កញ្ញា។​

អ្នកស្រី​ គង់​ សុឃឿត ដែល​គាំទ្រ​លោក​នួន វាសនា​ ថ្លែង​ថា ​អ្នក​ស្រី​ច្រើន​ជួយ​រំឭក​អ្នក​ស្គាល់​គ្នា​ឲ្យ​ចូល​រួម​ចុះ​ឈ្មោះ​នឹង​បោះ​ឆ្នោត។​

«ចា៎ ខ្ញុំ​តែង​និយាយ​ដែរ​ថា​ ពេល​មាន​ការ​បោះឆ្នោត​ហ្នឹង​ ខ្ញុំ​ច្រើន​តែ​អំពាវនាវ​ឲ្យ​ចូល​បោះឆ្នោត​រួម​គ្នា​នៅ​ក្រុង​ឡូវែល។​ ចា៎ ខ្ញុំ​និយាយ​ដែរ​មុន​នឹង​មក​បោះ​ឆ្នោត​ថ្ងៃ​ណេះ»។​

មាន​មូលហេតុ​ច្រើន​ដែល​ពល​រដ្ឋ​ខ្មែរ​អាមេរិកាំង​ចេញ​មក​បោះឆ្នោត​តិចតួច​ ដូច​ជា​រវល់​ធ្វើការ​ មិន​ទាន់​មាន​សញ្ជាតិ​ មិន​ដឹង​ ឬ​មិន​សូវ​យល់​ពី​ដំណើរការ​បោះ​ឆ្នោត​ និង​បញ្ហា​ជីវភាព​ជាដើម។​ ប៉ុន្តែ​បេក្ខជន ​និង​សកម្មជន​ដែល​ជំរុញ​ការ​បោះឆ្នោត​យល់​ថា ​ការ​លើក​ឡើង​ទាំង​នេះ​មាន​ចរិត​ជា​លេស​ជាជាង​ហេតុផល ព្រោះ​មាន​ការ​ពន្យល់​រំឭក​ពី​សមាគមន៍ ​ពី​កម្មវិធី​វិទ្យុ ទូរទស្សន៍​ និង​ពី​បេក្ខជន​ច្រើនឆ្នាំ​មក​ហើយ។​

លោក​ អ៊ឹង ​ដារារិទ្ធ​ អតីត​ប៉ូលិស​ដែល​ចូលរួម​សកម្ម​ក្នុង​ការ​ឃោសនា​បោះ​ឆ្នោត​ប្រាប់​វីអូអេ​ថា ​ករណី​ដូច​អ្នកស្រី​ រ៉េត​ សាវឺក ​មាន​ច្រើន។ ហេតុផល​គឺ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ទេ គិត​តែ​ពី​ប្រយោជន៍​បុគ្គល​ជា​ជាង​ប្រយោជន៍​សង្គម។​

«បើ​យើង​មិន​ចូល​សញ្ជាតិ យើង​មិន​អាច​បោះឆ្នោត​បាន​ទេ។​ យើង​ចូល​សញ្ជាតិ​ហើយ ​ យើង​មក​ចុះ​ឈ្មោះ​បោះឆ្នោត​ ហើយ​អាច​មក​បោះឆ្នោត​បាន។​ ប៉ុន្តែ​ភាគ​ច្រើន ​ខ្មែរ​យើង​ចូល​សញ្ជាតិ​មិនមែន​មាន​គោល​បំណង​មក​បោះ​ឆ្នោត​ទេ។​ មតិ​ភាគ​ច្រើន​ ចូល​សញ្ជាតិ​ហ្នឹង​ ដោយ​សារ​ចង់​យក​ផល​ប្រយោជន៍​ខ្លួន ​ក្រុម​គ្រួសារ​ខ្លួន​ទេ ដូច​ថា ​ធានា​បង​ប្អូន​មក​ពី​ស្រុក​ខែ្មរ ធានា​ប្រពន្ធ​មក​ពី​ស្រុក​ខែ្មរ»។​

ស្រដៀង​គ្នា​នេះ​ដែរ លោក​ ហ៊ុយ សាកៀល​ ឆ្ងល់​ថា ​ខ្មែរ​ប្រមាណ​ជិត​៤ម៉ឺន​នៅ​ទីក្រុង​ឡូវែល​ ចូល​សញ្ជាតិ​បាន​តែ​ជាង​១​ម៉ឺន​៥ពាន់​នាក់។ ហើយ​បាន​មក​បោះ​ឆ្នោត​តែ​ជាង​២០០០​នាក់​ប៉ុណ្ណោះ។

«ពីមួយ​អាណត្តិ​ទៅមួយ​អាណត្តិ ​ខ្ញុំ​នៅតែ​ឆ្ងល់​ហ្នឹង! ​ហេតុអី​បាន​គាត់​ចុះ​ឈ្មោះ​ហើយ​មិន​ព្រម​មក​[បោះ​ឆ្នោត]»?

លោក​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំង​នៅ​ទីក្រុង​ឡូវែល​ និង​នៅ​គ្រប់​រដ្ឋ​ទាំងអស់​សូម​ចូល​សញ្ញាតិ​ ចុះ​ឈ្មោះ​បោះឆ្នោត។

លោក​រំឭក​ថា ជនជាតិ​ខ្មែរ​ដែល​រដ្ឋាភិបាល​ស.រ.អា.​បញ្ជូន​ទៅ​ប្រទេស​កម្ពុជា​វិញ​ គឺ​ដោយ​សារ​មិន​មាន​សញ្ជាតិ៕