កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ បានចាប់ផ្តើមកិច្ចប្រតិបត្តិការនៅថ្ងៃច័ន្ទនេះដើម្បីដណ្តើមយកទីក្រុង Fallujah ពីពួកជ្រុលនិយមក្រុមរដ្ឋឥស្លាមមកវិញ ដោយបានវាយសង្គ្រុបទីតាំងរបស់ពួកគេចេញពីគ្រប់ទិសទី នេះតាមការបញ្ជាក់របស់ពួកមេដឹកនាំយោធា។
លោក Sabah al-Norman អ្នកនាំពាក្យក្រសួងងប្រឆាំងភេរវកម្មរបស់អ៊ីរ៉ាក់ បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំងថា «យើង បានចាប់ផ្តើមកិច្ចប្រតិបត្តិការរបស់យើងនៅព្រឹកនេះដើម្បីទម្លាយចូលក្នុងទីក្រុង Fallujah»។
នៅពេលដែលការប្រយុទ្ធចាប់ផ្តើម មានការព្រួយកង្វល់យ៉ាងខ្លាំងពីស្ថានភាពជនភៀសខ្លួនដែលជាប់នៅខាងក្នុងទីក្រុងដែលកាន់កាប់ដោយក្រុមរដ្ឋឥស្លាម។
លោក Muhamed ជាទាហានពិសេសអ៊ីរ៉ាក់ដែលបានស្ថិតនៅសមរភូមិមុខដែលបានទាក់ទងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះពេញលេញថា «ក្រុមរដ្ឋ ឥស្លាមបានដាក់គ្រាប់បែកនៅតាមផ្លូវ ពួកគេកំពុងប្រើប្រាស់អ្នកដាក់គ្រាប់អត្តឃាត»។
Fallujah ជាទីតាំងដ៏រឹងមាំរបស់ពួកនិកាយស៊ុននី បានត្រូវកាន់កាប់ដោយក្រុមរដ្ឋឥស្លាមយូរជាងទីក្រុងណាៗទាំងអស់នៅក្នុងប្រទេសអ៊ីរ៉ាក់ហើយពួកអ្នកប្រយុទ្ធក្រុមរដ្ឋឥស្លាមបានត្រូវគេជឿជាក់ថាស្ថិតនៅក្នុងលេនដ្ឋានជ្រៅៗនៅក្នុងទីក្រុងនោះ។
លោក Muhamed បាននិយាយទៀតថា «យើងកំពុងរង់ចាំបញ្ជាដើម្បីចូលក្នុងទីក្រុងនោះហើយសម្លាប់ក្រុមរដ្ឋឥស្លាម»។
នៅពេលដែលការប្រយុទ្ធនិងការវាយប្រហារតាមអាកាសនៅជុំវិញទីក្រុង បានរីកកាន់តែធំឡើងស្ថានភាពជនស៊ីវិលដែលជាប់ខាងក្នុងទីក្រុង កាន់តែអាក្រក់ឡើង។ ខណៈដែលមនុស្ស៨០០នាក់ បានរត់គេចខ្លួនរួចនិងមនុស្សរាប់ពាន់នាក់ទៀតមិនបានរត់គេចខ្លួនរួចនោះទេ។
ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ប្រាប់ឲ្យដឹងថាខ្លួនកំពុងទទួលបានរបាយការណ៍ពីទុក្ខវេទនាដ៏គួរឲ្យរន្ធត់របស់ជនស៊ីវិល៕