ក្រុម​អ្នក​នយោបាយ​ខ្មែរ​បង្ហាញ​ទស្សនៈ​ផ្សេង​គ្នា​អំពី​បេក្ខជន​ប្រធានាធិបតី​អាមេរិក ខណៈ​ការ​បោះឆ្នោត​ខិត​ចូល​មក​ដល់

  • នៅ វណ្ណារិន

រូបឯកសារ៖ លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ចូលរួម​ការ​ប្រារព្ធ​ទិវា​សិទ្ធិកុមារ​នៅទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦។

ការ​លើក​ឡើង​របស់​អ្នក​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ដែល​តាមដាន​ការ​វិវត្តន៍​ថ្មីៗ​នៅ​ក្នុង​ការ​បោះឆ្នោត​សហរដ្ឋ​អាមេរិក​ គឺ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ មុន​ការ​បោះឆ្នោត​ជាតិ​​អាមេរិក​នា​ដើម​សប្ដាហ៍​ខាង​មុខ។

នា​ថ្ងៃ​ព្រហស្បតិ៍​នេះ អ្នក​នយោបាយ​ខ្មែរ​នៅ​កម្ពុជា​ភាគ​ច្រើន​ បាន​សម្ដែង​ការ​គាំ​ទ្រ​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​គឺ​លោក​ស្រី​ ​Hillary Clintonជា​ជាង​បេក្ខជន​មក​ពី​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump ដោយ​សា​តែ​ភាព​ចាស់ទុំ​ផ្នែក​នយោបាយ​ និង​គោល​នយោបាយ​អន្តរជាតិ​ដ៏​ម៉ឺងម៉ាត់​របស់​លោក​ស្រី​គ្លីនតុន។ ប៉ុន្តែ លោក​យក​រដ្ឋមន្ត្រី ​ហ៊ុន សែន បាន​បង្ហាញ​យោបល់​ផ្ទុយ​ពី​គេ​ ដោយ​គាំទ្រ​លោក​ Trump​ ទៅ​វិញ។

ការ​លើក​ឡើង​របស់​អ្នក​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ដែល​តាមដាន​ការ​វិវត្តន៍​ថ្មីៗ​នៅ​ក្នុង​ការ​បោះឆ្នោត​សហរដ្ឋ​អាមេរិក​ គឺ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ មុន​ការ​បោះឆ្នោត​ជាតិអាមេរិក​នា​ដើម​សប្ដាហ៍​ខាង​មុខ។

​លោក អេង ឆៃអ៊ាង​ អ្នក​នយោបាយ​ជើង​ចាស់​ និង​ជា​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ធ្វើ​ការ​តាម​ដាន​យ៉ាង​ដិត​ចំពោះ​ការ​បោះឆ្នោត​នៅ​សហរដ្ឋអាមេរិក​បាន​ប្រាប់​ VOA​ ថា​ សម្រាប់​រូប​លោក​ផ្ទាល់​ លោក​គាំទ្រ​លោកស្រី​ ​Hillary Clinton ​ដែល​ប្រកាន់​យក​គោល​នយោបាយ​ប្រជាធិបតី​ និង​មាន​ភាព​នឹង​ធឹង​ ជាង​បេក្ខជន​មកពី​គណបក្ស​សាធារណរដ្ឋ​ លោក​ Donal Trump ដែល​«ប្រើ​ប្រាស់​អារម្មណ៍»​ក្នុង​ការ​សម្រេច​គោល​នយោបាយ​របស់​ខ្លួន។

«ខ្ញុំ​អត់​ចូលចិត្ត Donal Trump និយាយ​តាម​ត្រង់។ ​គាត់​ហាក់​បី​ដូចជា​អ្នក​នយោបាយ​ប្រើ​អារម្មណ៍​ច្រើន​ជាង​គិត។ បើ​អ្នកនយោបាយ យើង​កត់​សម្គាល់​ទៅ​ឃើញ​ថា​ អ្នក​នយោបាយ​ប្រើ​អារម្មណ៍​ពេល​ដឹក​នាំ​ទៅ​គឺ​អាច​យក​អារម្មណ៍​មក​ប្រើ​ដែរ​ ហើយ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​សាធារណៈ​ច្រើន។ ​ហើយ​ដល់​សហរដ្ឋ​អាមេរិក​នេះ​គឺ​ជា​មហា​អំណាច​មួយ​មិនមែន​ត្រឹមតែ​សហរដ្ឋអាមេរិក​មួយ​ទេ​ វា​ហាក់​ដូច​ជា​ពិភព​លោក​ទាំង​មូល​ផង​ដែរ»។​

លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ធ្វើ​សនិ្នសីទ​កាសែត​ក្រោយ​ជំនួប​ក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង និង​លោកស្រី រ៉ូណា ស្មីត កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១៦។

លោក អេង ឆៃអ៊ាង ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ថា​ ក្នុង​ការ​ឃោសនា​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​អាណត្តិ​នេះ​គឺ​មាន​ការ​ប្រើប្រាស់​ពាក្យ​សម្ដី​វាយ​ប្រហារ​គ្នា​ខ្លាំងៗ​ទៅ​លើ​ឯកជន​ភាព​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​បេក្ខជន​ប្រកួតប្រជែង។

លើស​ពី​នេះ​ទៀត គណបក្ស​សាធារណរដ្ឋ​ហាក់​ដូច​ជា​មាន​មតិ​ផ្ទុយ​គ្នា​ក្នុង​ការ​គាំទ្រ​គោល​នយោបាយ​ការ​បរទេស​របស់​លោក​ Donal Trump ជា​ពិសេស​ទាក់ទិន​និង​ជន​អន្តោប្រវេសន៍​ និង​ការ​សាង​សង់​របង​ខ័ណ្ឌ​ចែក​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ម៉ិកស៊ិក។

សហរដ្ឋ​អាមេរិក​គ្រោង​នឹង​រៀប​ចំ​ការ​បោះឆ្នោត​ជាតិ​នា​ថ្ងៃ​ទី០៨​ ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

ការ​ប្រជែង​ និង​វាយ​ប្រហារ​ពាក្យ​សម្ដី​រវាង​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ​គឺលោក​ស្រី Hillary Clinton​ និង​បេក្ខជន​មកពី​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump នៅ​បន្ត​ឡើង​កម្ដៅ ជា​ពិសេស​ក្រោយ​ពេល​ការ​ចេញ​ផ្សាយ​វីដេអូ​របស់​លោក​ Donald​ Trump ​និយាយ​ម៉ាក់​ងាយ​ស្ត្រី​មួយ​រូប​ និង​ការ​បើក​ការ​ស៊ើប​អង្កេត​លើក​ទី​ពីរ​របស់​ទីភ្នាក់ងារ​ស៊ើប​អង្កេត FBI លើ​ការ​ប្រើ​ប្រាស់​អ៊ីមែល​ឯកជន​របស់​លោក​ស្រី ​Hillary Clinton កាល​ពី​សប្ដាហ៍​មុន។

បើ​ទោះ​ជា​មាន​ការ​ស៊ើប​អង្កេត​ថ្មី​មួយ​ទៀតរបស់​ FBI ​ទាក់ទិន​និង​ការ​ប្រើប្រាស់​អ៊ីមែល​ផ្ទាល់​ខ្លួន​ពេល​ដែល​លោក​ស្រី​ Hillary Clinton ​នៅ​ជា​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​យ៉ាងណា​ក៏​ដោយ ក៏​លោក ​ញ៉ែប ប៊ុនជិន អ្នក​នាំ​ពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ ​ដែល​បាន​តាម​ដាន​ការ​ប្រកួត​ប្រជែង​យក​តំណែង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​យល់​ថា​ លោក​ស្រី​ Hillary Clinton នៅ​តែ​ជា​បេក្ខជន​ដែល​មាន​ឥទ្ធិពល​ និង​មាន​គោល​នយោបាយ​ការ​បរទេស។

​«វិភាគ​មើល​ទៅ​ឃើញ​ទេ​ណា Candidates ​ទាំង​ពីរ​ហ្នឹង ខ្ញុំ​ឃើញ​បទពិសោធន៍ Quality​ Hillary Clinton ចំពោះ​ខ្ញុំ​ឃើញ​ Hillary គាត់​មាន​ confidence ​(ទំនុកចិត្ត) ច្រើន​ជាង។ ហើយ​ foreign policy​ (គោល​នយោបាយ​ការ​បរទេស) ​របស់​គាត់​ ក៏​មិន​ខុស​ពី​ Obama ​ប៉ុន្មាន​ដែរ។ ខ្ញុំ​មើល​ឃើញ​អ៊ីចឹង។ ម្ល៉ោះ​ហើយ ​ត្រាំ ​foreign policy (នយោបាយ​ការបរទេស) គាត់ ខ្ញុំ​មើល​ឃើញ​ដូច​ជា​ក្តៅ​បន្តិច​ទូលំទូលាយ គ្មាន​ព្រំដែន ជា​ពិសេស​ immigration (​ចំណាក​ស្រុក) ​ទៀត​ អា​ហ្នឹង​វា​ប៉ះពាល់​ខ្លាំង​មែន​ទែន​ក្នុង​ស្រុក»។

ស្រ​ដៀង​គ្នា​នេះ​ដែរ​ ​លោក​ យ៉េង វីរៈ ​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​បង្ហាញ​ពី​ភាព​ខុស​គ្នា​រវាង​បេក្ខជន​ប្រធានាធិបតី​របស់​ប្រទេស​មហា​អំណាច​មួយ​នេះ​ដោយ​លោកស្រី Clinton ​មាន​គោល​នយោបាយ​ការ​បរទេស​រឹង​ម៉ាំ​ និង​ប្រកាន់​គោល​ការណ៍​ប្រជាធិបតេយ្យ​ជាង​លោក Trump​ ដែល​ហាក់​ដូច​ជា​ងាក​ទៅ​រក​ប្រទេស​កុម្មុយនិស្ត Russia។

លោក យ៉េង វីរៈ​ បង្ហាញ​ពី​ក្ដី​បារម្ភ​ប្រាប់​ VOA​ យ៉ាង​ដូច្នេះ៖

«គោល​នយោបាយ​ទាំង​អស់ហ្នឹង​ យើង​មាន​ការ​ព្រួយ​បារម្ភ​ប្រហែល​ជា​ទល់​នឹង​ហិង្សា​ច្រើន ហើយ​នឹង​អាច​ថា ប្រហែល​ជា​ប៉ះពាល់​ដំណើរ​ការ​សេដ្ឋកិច្ច​ខ្លះ​ដែរ​ពាក់ព័ន្ធ​នឹង​កូតា​អី​ហ្នឹង។ ដោយ​ឡែក​ដូចជា​យើង​ឃើញ​ថា​ មាន​លក្ខណៈ​និយម​បែប​ប្រជាធិបតេយ្យ​ ហើយ​និង​ការ​ស្រុះ​ស្រួល​សហគមន៍​អន្តរជាតិ។​ អញ្ចឹង​ប្រហែល​ជា​យើង​គិត​ថា សភាពការណ៍​ពិត​ជា​មិន​អាច​ព្រួយ​បារម្ភ​ពេក​ទេ»។

​លោក​ យ៉េង វីរៈ ​ប្រធាន​គណ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) ដែល​ទើប​តែ​បង្កើត​ថ្មី​ក៏​បាន​គូស​បញ្ជាក់​ពី​សេរីភាព​ក្នុង​ការ​ជជែក​ដេញ​ដោល​ និង​ការ​បញ្ចេញ​មតិ​ដោយ​សេរី​ទាក់​ទិន​នឹង​ជ្រើស​រើស​ប្រធានា​ធិបតី​ក្នុង​សហរដ្ឋ​អាមេរិក​ផង​ដែរ។

លោកស្រី Hillary Clinton បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​លោក Donald Trump បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ។

​ទោះ​បី​ជា​អ្នក​នយោបាយ​ភាគច្រើន​ក្នុង​ប្រទេស​កម្ពុជា ​សម្ដែង​ការ​ពេញ​ចិត្ត​ពេញ​ថ្លើម​ចំពោះ​លោកស្រី​ Clinton​ លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​អ្នក​នយោបាយ​ជើងចាស់​និង​កាន់​អំណាច​ជាង​៣​ទសវត្សរ៍ បាន​បញ្ជាក់​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ផង​ដែរ​ពី​ការ​គាំទ្រ​របស់​លោក​ចំពោះ លោក​ Trump។

លោក ហ៊ុន សែន ​ដ៏​មាន​ឥទ្ធិពល​បញ្ជាក់​ថា លោក​ Trump ​ដែល​ជា​អ្នក​ជំនួយ​ដ៏​ល្បី​ល្បាញ​អាច​នឹង​អាច​ធ្វើ​ឲ្យ​ពិភព​លោក​មាន​សន្តិភាព​ និង​បង្កើន​ការ​អភិវឌ្ឍ​ចំពោះ​ការ​ធ្វើ​ជំនួញ​ជា​មួយ​ប្រទេស​នានា។

ថ្លែង​ទៅ​កាន់​នគរបាល​ និង​អ្នក​ចូលរួម​ក្នុង​ពិធី​មួយ​នា​បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ លោក ​ហ៊ុន សែន ​បញ្ជាក់​ថា៖ ​«សម្រាប់​ខ្ញុំ​ និយាយ​ឲ្យ​ត្រង់​ ខ្ញុំ​ចង់​ឲ្យ​ត្រាំ​ (Trump) ឈ្នះ​ខ្លាំង​ណាស់។ បើ​ត្រាំ​ឈ្នះ​ពិភពលោក​អាច​នឹង​មាន​ការ​ប្រែប្រួល​ ហើយ​អាច​មាន​សភាពការណ៍​ល្អ​ផង​ ដោយសារ​ត្រាំ​អ្នក​រក​ស៊ី។ បើ​អ្នក​រក​ស៊ី​ មិន​ចង់​ឲ្យ​មាន​សង្គ្រាម​នោះ​ទេ។​ ហ្នឹង​និយាយ​ឲ្យ​ពិត។ បើ​ Hillary នេះ​គឺ ​ទេ!​ នរណា​ឈ្នះ​នរណា​ចាញ់​រឿង​របស់​អាមេរិក ក៏ប៉ុន្តែ​វា​ទាក់​ទិន​និង​យើង។ យើង​គ្រាន់​តែ​ឃើញ​បញ្ហា​នយោបាយ​ មិន​ត្រូវ​គ្នា​ពេល​ប្រពន្ធ ​Clinton​ ​ធ្វើ​រដ្ឋ​មន្ត្រី​ការបរទេស​ ​គាត់​សរសេរ​សៀវភៅ​ថា​ គាត់​បាន​ជូន​យោបល់​ឲ្យ​ Obama​ វាយ Syria​ តែ​ម្តង»។

រូបឯកសារ៖ លោក​នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន​ ចុច​ទូរស័ព្ទកំឡុង​ពេល​ការ​រំលឹក​ខួបទី​៦៥​នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ទីស្នាក់​ការ​កណ្ដាល​គណបក្ស​នៅ​ថ្ងៃ​ទី​២៨​ ខែ​មិថុនា ​ឆ្នាំ​២០១៦​។

លោក​បន្ត​ថា​ ប្រសិនបើ​លោក Trump ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក ​លោក Trumpនឹង​អាច​ភ្ជាប់​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេស​ចិន​ និង​រុស្ស៊ី ហើយ​នឹង​ជួយ​ដល់​នយោបាយ​កម្ពុជា​ជា​ច្រើន​ផង​ដែរ។

​«នៅ​ពេល​បក្ស​ប្រជាធិបតេយ្យ​បន្ត​ជាប់​ឆ្នោត ​សភាពការណ៍​ប្រហែល​ជា​មិន​មាន​ភាព​ងាយ​ស្រួល​ពេក​ប៉ុន្មាន​ទេ។ ទំនាក់​ទំនង​រវាង​ចិន​និង​អាមេរិក​ប្រហែល​ជា​អាច​គ្រប់​គ្រង់​បាន​ ក៏​ប៉ុន្តែ​ទំនាក់​ទំនង​រវាង​អាមេរិក​និង​រុស្ស៊ី​នឹង​មាន​ការ​លំបាក។ ប៉ុន្តែ ​ប្រសិន​បើ​ ត្រាំ​ ឈ្នះ វា​អាច​ទៅ​ជា​មិត្តភ័ក្ដិ​រវាង​ត្រាំ ​និង​ Putin ​ទៅ​វិញ​។ អា​នេះ ​វា​គឺ​ជា​បញ្ហា​មួយ​ស្មុគស្មាញ​សាំញ៉ាំ»។

​ផ្ទុយ​ទៅវិញ​ លោក​ អេង ឆៃអ៊ាង នៃ​គណ​បក្ស​ ​សង្គ្រោះ​ជាតិ​ក៏​ដូចជា​លោក​ ​ញ៉ែប ប៊ុនជិន​ ​អ្នក​នយោបាយ​នៃ​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​ ​យល់​ថា​ ប្រសិន​បើ​លោក​ស្រី​ Clinton ជាប់​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ប្រ​ទេស​កម្ពុជា​នឹង​អាច​ទទួល​ផល​ល្អ​និង​មាន​ភាព​ជិតស្និទ្ធ​ជាមួយ​មហា​អំណាច​អាមេរិក​ជាង​មុន។

លោក​ អេង ឆៃអ៊ាង បន្ថែម​ថា ​លោក​ស្រី​ធ្លាប់​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​អ្នក​នយោបាយ​និង​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា ​ហើយ​តាម​រយៈ​ទំនាក់​ទំនង​នេះ​លោកស្រី Clinton នឹង​អាច​ជួយ​ពង្រឹង​លទ្ធិ​ប្រជាធិបតី​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​ល្អ។

«ធម្មតា​សហរដ្ឋ​អាមេរិក​ គឺ​ជា​ប្រទេស​ដែល​គោរព​គោល​ការណ៍​សិទ្ធិ​មនុស្ស​ខ្ពស់។​ អ៊ីចឹង​គេ​អាច​ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​គោលការណ៍​ប្រជាធិបតេយ្យ​ឲ្យ​បាន​ប្រសើរ ​ហើយ​ព្រម​ទាំង​ឲ្យ​មាន​អភិបាល​កិច្ច​ល្អ​អ៊ីចឹង»។

​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក នឹង​ប្រព្រឹត្តិ​ទៅ​នា​ថ្ងៃ​អង្គារ​ទី​០៨ ​ខែ​វិច្ឆិកា​ខាង​មុខ​គឺ​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ មុន​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ក្នុង​ប្រទេស​កម្ពុជា​ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ខែ​មិថុនាឆ្នាំ​ក្រោយ៕