អ្នកនយោបាយខាងគណបក្សប្រឆាំងដ៏សំខាន់បំផុតរបស់កម្ពុជា លោក សម រង្ស៊ី និយាយថា លោកត្រៀមខ្លួនរួចរាល់ដើម្បីប្រឈមនឹងការជាប់ពន្ធនាគារឬការស្លាប់ នៅពេលដែលលោកត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ ដើម្បីទម្លាក់លោក ហ៊ុន សែន មេដឹកនាំយូរអង្វែងរបស់កម្ពុជាពីតំណែង។
លោក សម រង្ស៊ី ដែលជាសហស្ថាបនិកគណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន The Associated Press ថា លោកសង្ឃឹមថា ផែនការធ្វើមាតុភូមិនិវត្តន៍របស់លោកនៅថ្ងៃសៅរ៍នេះ នឹងនាំឲ្យមានចលនារើបម្រាស់ដ៏ធំមួយពីសំណាក់ប្រជាជនដោយអហិង្សា ដើម្បីបង្ខំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង។
លោក សម រង្ស៊ី បានថ្លែងនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃច័ន្ទ ក្នុងរដ្ឋធានី ប្រ៊ុចសែលថា៖ «ខ្ញុំរំពឹងថា នឹងនាំមកនូវការផ្លាស់ប្ដូរប្រជាធិបតេយ្យមួយ ដែលមានន័យថា នឹងបញ្ចប់របបក្នុងពេលបច្ចុប្បន្ននេះ ដែលជារបបផ្ដាច់ការដ៏សាហាវឃោរឃៅមួយ។
នៅក្នុងរដ្ឋធានី ប្រ៊ុចសែល លោក សម រង្ស៊ី កំពុងតែព្យាយាមស្វែងរកការគាំទ្រពីតំណាងរាស្ត្រសភាអឺរ៉ុប។
លោកបន្ថែមថា លោកមានផែនការនឹងធ្វើដំណើរតាមជើងហោះហើរពីរដ្ឋធានី ប៊្រុចសែល ទៅប្រទេសមួយនៅតំបន់អាស៊ីនិងត្រៀមធ្វើដំណើរឆ្លងទៅប្រទេសកម្ពុជាពីប្រទេសជិតខាងនោះនៅថ្ងៃសៅរ៍សប្ដាហ៍នេះ។ គម្រោងវិលត្រឡប់របស់លោក សម រង្ស៊ី គឺចំទិវាឯករាជ្យជាតិរបស់កម្ពុជា។
គម្រោងធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី នេះ ប្រកបដោយគ្រោះថ្នាក់ខ្លាំងណាស់។ ប្រសិនបើលោកត្រឡប់ចូលក្នុងប្រទេសកម្ពុជាវិញដោយជោគជ័យ លោកអាចប្រឈមនឹងការជាប់ពន្ធនាគារ។
យោងតាមក្រសួងយុត្តិធម៌ លោក សម រង្ស៊ី មានទោសចំនួន៦ករណី ដោយរួមមានទាំងទោសពីបទបរិហារកេរ្តិ៍ ដែលបានធ្វើឲ្យលោកនិរទេសខ្លួនកាលពីឆ្នាំ២០១៥ ដើម្បីចៀសវាងពីការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ។ ករណីចោទប្រកាន់លោក សម រង្ស៊ី ចំនួន៨ផ្សេងទៀតកំពុងរង់ចាំការសម្រេចពីតុលាការ។ លោក សម រង្ស៊ី និងសហការីរបស់លោកប្រឈមនឹងការចោទប្រកាន់ថាជាក្រុមឧទ្ទាមប្រដាប់អាវុធ សម្រាប់គម្រោងមាតុភូមិនិវត្តន៍នេះ ដែលអាចឲ្យពួកគេជាប់ពន្ធនាគារពី១៥ទៅ៣០ឆ្នាំ។
កាលពីឆ្នាំ១៩៩៧ លោក សម រង្ស៊ី ស្ទើរតែនឹងបាត់បង់ជីវិតនៅក្នុងការប៉ុនប៉ងធ្វើឃាតលក្ខណៈនយោបាយមួយ ដោយសារមានការបោកគ្រាប់បែកនៅកន្លែងប្រមូលផ្ដុំសាធារណៈតូចមួយដែលលោកកំពុងតែដឹកនាំប្រជុំនៅកណ្ដាលរាជធានី ភ្នំពេញ។ មនុស្សយ៉ាងហោចណាស់ចំនួន១៦នាក់បានស្លាប់ ហើយមនុស្សជាច្រើននាក់ទៀតរងរបួសនៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនោះ។
លោក សម រង្ស៊ី បានថ្លែងថា៖ «យើងត្រូវតែហ៊ានប្រថុយប្រថាន។ ខ្ញុំបានវាយតម្លៃទៅលើហានិភ័យទាំងនោះហើយ ប៉ុន្តែយើងត្រូវតែហ៊ានធ្វើវា ដោយសារតែប្រជាជនខ្មែរបានរងទុក្ខអស់រយៈពេលជាយូរមកហើយ។ ដូច្នេះយើងត្រូវតែហ៊ានបញ្ឈប់ការរងទុក្ខទោសនេះ»។
គណបក្សរបស់លោក សម រង្ស៊ី ត្រូវបានគេចាត់ទុកថាបង្កជាការគំរាមកំហែងមួយដល់គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន នៅក្នុងការបោះឆ្នោតជាតិកាលពីឆ្នាំមុន ប៉ុន្តែគណបក្សនេះត្រូវបានតុលាការកំពូលរំលាយនៅមុនការបោះឆ្នោតជាតិនោះទៅទៀត។ ការណ៍នេះត្រូវបានគេមើលឃើញថា គឺជាការធ្វើតាមការចង់បានរបស់រដ្ឋាភិបាល។
នៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិរបស់លោក សម រង្ស៊ី ឈ្នះបានអាសនៈស្ទើរតែពាក់កណ្ដាលនៅក្នុងរដ្ឋសភាជាតិ។ ប្រជាពលរដ្ឋជាច្រើនបាននាំគ្នាចេញមកសម្ដែងការគាំទ្រចំពោះលោក សម រង្ស៊ី នៅពេលដែលលោកអះអាងថា មានការលួចបន្លំសន្លឹកឆ្នោតដើម្បីប្លន់យកជ័យជម្នះពីគណបក្សរបស់លោក។
ការបង្ក្រាបដូចគ្នានេះកាលពីចុងឆ្នាំ២០១៧ រួមមានការរំលាយគណបក្សសង្គ្រោះជាតិរបស់លោក ដែលបានឈានដល់ការដកតំណែងតំណាងរាស្ត្រនៃគណបក្សរបស់លោកទាំងអស់ពីក្នុងរដ្ឋសភាជាតិ ការបិទប្រព័ន្ធផ្សព្វផ្សាយទាំងអស់ដែលរិះគន់រដ្ឋាភិបាល និងការចាប់ខ្លួនលោក កឹម សុខា ដែលជាសហស្ថាបនិកគណបក្សសង្គ្រោះជាតិពីបទចោទថាក្បត់ជាតិ ចំពោះការពាក់ព័ន្ធនឹងអង្គការគាំទ្រលទ្ធិប្រជាធិបតេយ្យមួយរបស់អាមេរិក។ សមាជិកជាន់ខ្ពស់ដទៃទៀតនៅក្នុងគណបក្សនេះបានរត់ភៀសខ្លួនចេញពីប្រទេសកម្ពុជា។
លោក ហ៊ុន សែន បានរក្សាតំណែងជានាយករដ្ឋមន្ត្រីអស់រយៈពេលជិត៣៥ឆ្នាំមកហើយ ដោយមានទាំងការប្រើឧបាយកលនិងអំពើសាហាវឃោរឃៅ។ លោក ហ៊ុន សែន បានប្រកាសជាសាធារណៈថា លោកមានគោលបំណងនឹងកាន់តំណែងជានាយករដ្ឋមន្ត្រីពីរអាណត្តិទៀត ដែលស្មើនឹងរយៈពេល១០ឆ្នាំ។ លោក សម រង្ស៊ី គឺជាគូប្រជែងនយោបាយរបស់លោក ហ៊ុន សែន អស់រយៈពេលរាប់ទសវត្សរ៍មកហើយ។
លោក ហ៊ុន សែន មិនប្រថុយចំពោះគម្រោងធ្វើមាតុភូមិនិវត្តន៍របស់គូប្រជែងរបស់លោកនោះទេ។ លោកនៅតែបន្ដនិយាយវាយប្រហារនិងប្រើពាក្យគំរាមកំហែងនានា។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មានការពង្រឹងកងកម្លាំងយោធានៅតាមព្រំដែនកម្ពុជា ដោយមានការផ្សាយរូបថតអំពីការដង្ហែក្បួនរបស់កងកម្លាំងយោធាផងដែរ។
បើទោះជាលោក សម រង្ស៊ី អាចត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញក៏ដោយ ក៏នៅតែមានសំណួរអំពីថាតើលោកអាចដឹកនាំការបះបោររបស់ប្រជាជនបានដែរឬយ៉ាងណា។
លោក Sebastian Strangio អ្នកនិពន្ធសៀវភៅអំពីប្រទេសកម្ពុជាក្រោមរបបរបស់លោក ហ៊ុន សែន និយាយថា ទោះជាប្រជាជនចង់ឲ្យមានការផ្លាស់ប្ដូរយ៉ាងណាក៏ដោយ ក៏ពួកគេធ្លាប់ដឹងពីបទពិសោធន៍ជូរចត់ ដែលមិនត្រូវប្រឆាំងនឹងលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជារបស់លោកនោះទេ។
លោក Strangio បានថ្លែងថា៖ «ខ្ញុំគិតថា ការគំរាមកំហែងចំពោះគណបក្សប្រជាជនកម្ពុជាពិតជាមានប្រាកដមែន។ សំណួរថាតើប្រជាជនកម្ពុជានឹងប្រមូលផ្ដុំគ្នាក្នុងទ្រង់ទ្រាយធំ មុនពេលដែលលោក សម រង្ស៊ី ឈានជើងជាន់ទឹកដីកម្ពុជាជាលើកដំបូងក្នុងរយៈពេលបួនឆ្នាំមកនេះឬយ៉ាងណា នៅតែមិនទាន់ប្រាកដប្រជានៅឡើយទេ»។
លោក Strangio បានបន្ថែមទៀតថា៖ «ខ្ញុំគិតថា ប្រជាជនកម្ពុជាដឹងថា លោក ហ៊ុន សែន មានប្រវត្តិប្រើប្រាស់កងកម្លាំងដើម្បីគ្រប់គ្រងស្ថានភាពនយោបាយនិងកិត្តិសព្ទរបស់លោក។ លោកនឹងមិនស្ទាក់ស្ទើរក្នុងការប្រើប្រាស់កងកម្លាំងនោះទេ ប្រសិនបើលោកគិតថា ការក្ដោបក្ដាប់អំណាចរបស់លោករងការគំរាមកំហែងនោះ»។
ប៉ុន្តែស្ថានភាពនេះប្រហែលជានឹងមិនកើតឡើងនោះទេ។ ក្រុមមន្ត្រីកម្ពុជាបាននិយាយថា ពួកគេបានប្រាប់ដល់បណ្ដាប្រទេសជិតខាងដែលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍រួចហើយ ថាកម្ពុជាមិនស្វាគមន៍លោក សម រង្ស៊ី នោះទេ ហើយលោកមិនគួរត្រូវបានអនុញ្ញាតឲ្យឆ្លងព្រំដែនចូលមកក្នុងប្រទេសកម្ពុជានោះទេ។
កាលពីសប្ដាហ៍មុន ប៉ូលិសអន្តោប្រវេសន៍ក្នុងប្រទេសថៃបានចាប់បញ្ជូនខ្លួនអ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ នៅពេលដែលអ្នកស្រីបានធ្វើដំណើរទៅដល់អាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុងបាងកក។ អ្នកស្រី មូរ សុខហួរ គឺជាសហការីម្នាក់ក្នុងចំណោមសហការីដទៃទៀត ដែលគ្រោងនឹងអមដំណើរលោក សម រង្ស៊ី ចូលក្នុងប្រទេសកម្ពុជាវិញ បើទោះជារដ្ឋាភិបាលកម្ពុជាបានប្រកាសថាមិនស្វាគមន៍ពួកគេក៏ដោយ។
អាជ្ញាធរអាកាសចរណ៍កម្ពុជាបានឲ្យដឹងថា ពួកគេបានបញ្ជាមិនឲ្យក្រុមហ៊ុនអាកាសចរណ៍នានាដែលហោះហើរចូលក្នុងប្រទេសកម្ពុជា ដឹកលោក សម រង្ស៊ី និងសហការីរបស់លោកចូលមកកម្ពុជាជាដាច់ខាត។
ទោះជាយ៉ាងនេះក្ដី លោក សម រង្ស៊ី ទទូចថា លោកនឹងនៅតែបន្ដធ្វើដំណើរវិលត្រឡប់ចូលកម្ពុជាវិញ។
លោក សម រង្ស៊ី បានថ្លែងដូច្នេះថា៖ «នេះប្រហែលជាលើកចុងក្រោយហើយដែលអ្នករាល់គ្នាឃើញខ្ញុំនៅមានជីវិតឬនៅមានសេរីភាព។ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ខ្ញុំប្រហែលជាត្រូវស្លាប់ ឬជាប់ពន្ធនាគារ។ ដូច្នេះក្នុងពេលដែលខ្ញុំនៅមានសេរីភាព ខ្ញុំសូមបង្ហាញជំនឿរបស់ខ្ញុំថា ប្រជាធិបតេយ្យនឹងនៅតែឈ្នះ»៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា