ឥទ្ធិពល​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេសលើ​នយោបាយក្នុងស្រុកមិនសូវខ្លាំងទេ

រូបឯកសារ៖ សហគមន៍​ខ្មែរ​និង​ឡាវ​នៅ​សហរដ្ឋ​អាមេរិក​ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​ឥទ្ធិពល​របស់​វៀតណាម​មក​លើ​ប្រទេស​ទាំង​ពីរ នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី០៦ ខែតុលា ឆ្នាំ២០១៤។ (ម៉ែន គឹមសេង/VOA)

អ្នក​សិក្សា​ស្រាវជ្រាវ​ខ្មែរ​នៅ​សកល​វិទ្យាល័យ​សហរដ្ឋ​អាមេរិក​មួយ និយាយ​ថា ការចូលរួម​ចំណែក​របស់​ជនជាតិ​ខ្មែរនៅក្រៅប្រទេស​ ដើម្បី​ធ្វើឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ជា​ដុំកំភួន​ខាង​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា មិនសូវ​ទទួល​បានលទ្ធផល​ច្រើន​ប៉ុន្មាន​ទេ ដោយសារកង្វះ​សាមគ្គីភាព​ក្នុង​ចំណោម​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស។

លោក ហេង ស្រ៊ាង ដែល​កំពុង​សិក្សា​ស្រាវជ្រាវ​នៅសកលវិទ្យាល័យយ៉េល (Yale University) ​អំពី​ឥទ្ធិពល​របស់​ពលរដ្ឋ​ខ្មែរនៅ​ក្រៅ​ប្រទេសទៅ​លើ​វិស័យ​នយោបាយ វប្បធម៌​និង​សេដ្ឋកិច្ច​សង្គម​ក្នុង​ប្រទេស​កំណើត​របស់​ពួកគេ​ បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​កម្មវិធី ​Hello VOA នៅ​ថ្ងៃច័ន្ទ​នេះ។ លោក​ថា៖ «ការ​ដែល​គាត់​ចង់​បាន​ឱ្យ​សង្គម​ខ្មែរ​ហ្នឹង វា​រីកចម្រើន​ ឲ្យ​ទូលំទូលាយ​ដូច​ប្រទេស​គេ​ហ្នឹង ភាគច្រើន មិន​សូវ​បាន​ផល​ទេ​កន្លែង​ខ្លះ»។

Your browser doesn’t support HTML5

Hello VOA: ឥទ្ធិពល​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេសលើ​នយោបាយក្នុងស្រុក មិនសូវខ្លាំងទេ

លោក ហេង ស្រ៊ាង បាន​ថ្លែង​បន្ថែម​ថា៖

«ទី​១ សហគមន៍​ខ្មែរ​នៅក្រៅ​ប្រទេស​ គាត់​មិន​សូវ​មាន​ប្រព័ន្ធ​នៃ​ការ​សហការ​គ្នាឲ្យ​ស្អិតល្មួត ជាធ្លុងមួយ ជាខ្មែរ​តែ​មួយ​ស្អីទេ។ ភាគ​ច្រើន គាត់មាន​ការ​បែកបាក់​គ្នា ហើយជម្លោះ​ហ្នឹង នាំ​ឲ្យ​មាន​ភាព​ទន់ខ្សោយ​ក្នុង​ទំនាក់ទំនង​នៃ​ការ​ជួយ​ប្រទេស​យើង​ហ្នឹង​»។

ជនជាតិខ្មែរ​ជាច្រើន​លាននាក់ បាន​និង​កំពុង​រស់នៅ​ក្រៅ​ប្រទេស ជាពិសេស​នៅ​តាម​បណ្តា​ប្រទេស​ធំៗ​មួយ​ចំនួន​ដូច​ជាសហរដ្ឋ​អាមេរិក បារាំង កាណាដា អូស្ត្រាលី និង​នូវែលសេឡង់​ជាដើម។ ជន​ជាតិ​ខ្មែរ​ដែល​រស់នៅ​ក្រៅ​ប្រទេស​ទាំងនេះ មួយ​ចំនួន​ បាន​ចូលរួម​យ៉ាង​សកម្ម​និង​ដោយ​ផ្ទាល់​ក្នុង​សកម្មភាព​នយោបាយ​ក្នុង​ប្រទេស​កំណើត​របស់​ពួកគេ ឯ​ខ្លះ​ទៀត​ចូលរួម​ជា​ផ្នែក​ស្មារតី​និង​សម្ភារៈ​ពី​ខាង​ក្រៅ​ទៅ។

អ្នក​សិក្សា​ស្រាវជ្រាវ​អំពី​ពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស​និង​អ្នក​វិភាគ​មួយ​ចំនួន ធ្លាប់​លើក​ឡើង​ថា ​ការ​ចូលរួម​របស់​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស​នេះ បាន​រួម​ចំណែក​មួយ​ផ្នែក​ធំ​ទៅ​ដល់​ការ​ផ្លាស់ប្តូរ​វិស័យ​វប្បធម៌​និង​សេដ្ឋកិច្ច​សង្គម​ក្នុង​ប្រទេស​កំណើត​របស់​ពួកគេ​ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​កន្លងមក។

លោក ហេង ស្រ៊ាង ដែល​ធ្លាប់​ជា​សាស្ត្រាចារ្យ​ បង្រៀន​វិទ្យាសាស្ត្រ​នយោបាយនៅ​តាម​សកលវិទ្យាល័យ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​ មាន​ប្រសាសន៍ថា សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស ពិត​ជា​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ខាង​ផ្នែក​វប្បធម៌​និង​ការ​ជួយ​កាត់​បន្ថយ​ភាពក្រីក្រ​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​ស្រុក​មែន ប៉ុន្តែ លោកថ្លែងថា ជនជាតិ​ខ្មែរនៅ​ក្រៅ​ប្រទេស​ ហាក់​មិន​សូវ​មានឥទ្ធិពលខ្លាំង​ទៅលើផ្នែកនយោបាយ​ក្នុង​ស្រុក​នោះ​ឡើយ ដោយសារ​តែ​ការ​បែកបាក់​គ្នា​ខាង​ទស្សនៈ​នយោបាយ។

«ទី​១ ដោយសារ​គាត់​មាន​ទស្សនៈ​ខាង​នយោបាយ​ផ្សេង​គ្នា។ ខ្លះ​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ទៅ ខ្លះ​គាំទ្រ​គណបក្ស​ប្រជាជន​ទៅ ខ្លះ​គាំទ្រ​គណបក្ស​ផ្សេងទៅ។ ដល់​ទស្សនៈ​គាត់​ផ្សេង​គ្នា​អញ្ចឹង​ទៅ គាត់​មាន​ជម្លោះ​គ្នា។ ដូច្នេះ ធ្វើ​ឲ្យ​ការ​ជួយ​ប្រទេស​ជាតិ​ហ្នឹង​ មាន​ភាព​ទន់ខ្សោយ»​។

អ្នក​សិក្សា​ស្រាវជ្រាវ​នៅ​សកលវិទ្យាល័យយ៉េល (Yale University) រូបនេះ បន្ថែម​ទៀត​ថា ក្នុង​ករណី​ខ្លះ​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស​នេះ ដែល​គាំទ្រ​បក្ស​តែ​មួយ​ដូចគ្នា ក៏មាន​ការ​បែកបាក់​គ្នា​ដែរ ដោយ​ម្ខាងៗ​ចាត់ទុក​ថា មាន​តែ​ក្រុម​ខ្លួន​ទេ​ ដែល​គ្រាន់​បើ​ជាង​គេ​ជាដើម។

«នៅក្នុងបក្ស​ខ្លួនឯង​ហ្នឹង ក៏​គាត់​មាន​ការ​កាច់កុង​គ្នា ហើយ​ក្រុម​មួយ​ទៀត​ហ្នឹង គឺ​ក្រុម​ជ្រុលនិយម។ ក្រុម​គាត់​ហ្នឹង​គឺ​ថា នរណា​ធ្វើ​អី​ ក៏​អត់​ត្រូវ​ដែរ។ គាត់​ឈរ​ចាំ​តែ​រិះគន់ គាត់​ឈរ​ចាំ​តែ​ជេរ​អី​អញ្ចឹង។ អាហ្នឹង​ជា​ចំណុច​ខ្សោយ​ ដែល​ធ្វើឲ្យ​ជំនួយ​និង​ការ​ខិតខំ​របស់​គាត់ អត់​បាន​ជា​ផលប្រយោជន៍​ជា​ដុំកំភួន​ សម្រាប់​សង្គម​យើង​ទេ»៕