កម្ពុជា​នឹង​រៀប​ចំ​ពិព័រណ៍​បច្ចេកវិទ្យា​ធំ​បំផុត​លើក​ទី​១

រូបឯកសារ៖ ការ​ដាក់​តាំង​បង្ហាញ​ផលិតផល​បច្ចេកវិទ្យា ​នៅ​ក្នុង​កម្មវិធី​មហោស្រព​បច្ចេកវិទ្យា​ (Inno-Tech Festival Cambodia) ប្រចាំ​ឆ្នាំ​នៅ​ក្នុង​រាជធានីភ្នំពេញ​ កាល​ពីថ្ងៃ​ទី​១៨​ ខែ​មីនា​ ឆ្នាំ២០១៦។​ (ហ៊ាន សុជាតា/VOA)

ក្នុង​រយៈពេល​បី​ថ្ងៃ​ទៀត កម្ពុជា​នឹង​រៀប​ចំ​ពិព័រណ៍​បច្ចេកវិទ្យា «ឌីជីថល​កម្ពុជា ២០១៩» ដែល​ជា​ពិព័រណ៍​បច្ចេកវិទ្យា​ធំ​បំផុត​លើក​ដំបូង​នៅ​រាជធានី​ភ្នំពេញដោយមានក្រុម​ហ៊ុន​បច្ចេកវិទ្យា​​ទាំង​ក្នុង​ប្រទេស​និង​ក្នុង​តំបន់​អាស៊ាន​ជាង​១០០​ក្រុម​ហ៊ុន​នឹង​មក​ចូល​រួម​តាំង​បង្ហាញ​ផលិត​ផល​​​​បច្ចេកវិទ្យា​ថ្មីៗ។

ពិព័រណ៍​បច្ចេកវិទ្យា​ «ឌីជីថល​កម្ពុជា ២០១៩» ថ្នាក់​ជាតិ​ធំ​បំផុត​ប្រចាំ​ឆ្នាំ ​ដែល​រៀប​ចំ​ដោយ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ ទូរគមនាគមន៍​ បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​(NIPTICT) ​នឹង​ធ្វើ​ឡើង​ជា​លើក​ដំបូង​ ដើម្បី​បង្កើន​ការ​ស្វែង​យល់​របស់​សាធារណជន​ និងភាគី​ពាក់​ព័ន្ធ​ជាច្រើន​ទៀត​ ​ពី​វឌ្ឍនភាព​របស់​វិស័យ​បច្ចេកវិទ្យា​ដែល​បាន​កំពុង​រីក​លូតលាស់​នៅ​ក្នុង​ប្រទេស​ និង​នៅ​តាម​បណ្ដា​ប្រទេស​ក្នុងតំបន់​អាស៊ី​ខាង​កើត​ និង​ប៉ាស៊ីហ្វិក។

ពិព័រណ៍​បច្ចេកវិទ្យា​នេះ​ គ្រោង​នឹង​រៀបចំ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១​៥ ដល់​ថ្ងៃ​ទី​១៧​ ខែមីនា ​ឆ្នាំ​២០១៩​ខាង​មុខ​ នៅ​សាល​ពិព័រណ៍​ពាណិជ្ជកម្ម​កោះពេជ្រ។

គេហទំព័រ«ឌីជីថល​កម្ពុជា ២០១៩»​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ​ពិព័រណ៍​នេះ​មានបំណង​ជំរុញ​បរិយាកាស​សហគ្រិនភាព​ប្រកប​ដោយ​និរន្តរភាព​នៅ​កម្ពុជា​ដើម្បី​ជួយ​ជំរុញ​ឲ្យ​មាន​នវានុវត្តន៍​ភាព និង​បំបាត់​ឧបសគ្គ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ​រួម​ទាំង​បំផុសឲ្យ​មាន​ការ​ប្រាថ្នា​ចង់​បាន​គ្រប់​កម្រិត​នៅ​ក្នុង​វិស័យ​ដែល​បាន​ក្លាយ​ជា​បដិវត្តន៍​ឧស្សាហកម្ម​ទី​បួន។

លោក​ សេង សុភាព​ នាយក​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ ទូរគមនាគមន៍​ បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន ​(National Institute of Posts, Telecommunications and ICT ឬNIPTICT) ប្រាប់​ VOA ​ថា រដ្ឋាភិបាល​ក្នុង​ឆ្នាំ​នេះ​ គ្រោង​នឹង​បម្លែង​កម្ពុជា​ឲ្យ​ក្លាយ​ទៅជាប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ឌីជីថល​មួយ ​សម្រាប់ឧស្សាហកម្ម​៤.០ ដែល​ជា​និន្នាការ​ស្វ័យប្រវត្តិកម្ម​និង​ការ​ផ្លាស់ប្ដូរ​ទិន្នន័យ​នៅ​ក្នុង​បច្ចេកវិទ្យា​ផលិតកម្ម។

លោក​បាន​និយាយ​ថា៖

«វា​ចាំ​បាច់ វា​ដល់​ពេល​មួយ​ដែល​យើង​ត្រូវ​តែ​បង្ហាញ​ថា​ឧស្សាហកម្ម​ ICTយើង​មាន​ទំហំ​ធំ​គួរសម​ ហើយ​យើង​មាន​យុវជន​យើង​ក៏​មាន​ startup មួយ​ចំនួន​ដែល​មាន​ក្រាស់ក្រែល​ដែល​ហើយ»។

ពិព័រណ៍​បច្ចេកវិទ្យា «ឌីជីថល​កម្ពុជា ២០១៩» ដែល​មាន​រយៈពេល​បី​ថ្ងៃ​នេះ​នឹង​មាន​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ជាង​១០០​ក្រុមហ៊ុន​មក​ចូល​រួម​តាំង​បង្ហាញ​ រួម​ទាំង​មន្ត្រី​តំណាង​និង​វាគ្មិន​ជាង​១០០​នាក់​ ដែល​មក​ពី​ក្នុង​តំបន់​អាស៊ាន​និង​ក្រសួង​ពាក់ព័ន្ធ​ ទាំង​ស្ថាប័ន​សាធារណៈ​ និង​ស្ថាប័ន​ឯកជន មក​ចែក​រំលែក​បទពិសោធន៍​ និង​ធ្វើការ​ពិភាក្សា​លើ​និន្នាការ​អភិវឌ្ឍ ក៏​ដូចជាការ​ប្រឈម​របស់វិស័យ​បច្ចេកវិទ្យា​បច្ចុប្បន្ន ​ជា​ពិសេស​ក្នុង​វិស័យ​ឧស្សាហកម្ម​៤.០។ នេះ​បើ​យោង​តាមលោក សេង សុភាព នាយក​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ ទូរគមនាគមន៍​ បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (NIPTICT)។

លោក សុខ សុភមង្គល សហ​ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Codingate​ដែល​ជា​ក្រុមហ៊ុន​បង្កើត​គេហទំព័រ​ និង​កម្មវិធី​តាម​ទូរស័ព្ទ​សម្រាប់​ក្រុមហ៊ុន​អាជីវកម្ម ​ មាន​សុទិដ្ឋិនិយម​សម្រាប់​ពិព័រណ៍​បច្ចេកវិទ្យា​ខ្នាត​ធំ​ក្នុង​ឆ្នាំ​២០១៩​មួយ​នេះ។​

ជា​វាគ្មិន​ម្នាក់​សម្រាប់​កិច្ច​ពិភាក្សា​អំពី​ការ​ប្រឈម​និង​ការ​រីកចម្រើន​របស់​អាជីវកម្ម​ក្នុង​វិស័យ​បច្ចេកវិទ្យា​នេះ​ លោក សុខ សុភមង្គល​ ថ្លែងថា ពិព័រណ៍​នេះ​គឺ​ពិត​ជា​មាន​ការ​រៀបចំ​ធំ​ខុស​ពី​ពិព័រណ៍​បច្ចេកវិទ្យា​ផ្សេង​ទៀត។

លោក​លើក​ឡើង​ថា​ ​ប្រធានបទ​ដែល​នឹង​លើក​យក​មក​ពិភាក្សា​ ​មាន​លក្ខណៈ​ស៊ីជម្រៅ​និង​សេចក្ដី​វិភាគ​ ដែល​អាច​ផ្ដល់​ជា​ទុន​ដល់សហគ្រិន និង​យុវ​និស្សិត​ដែល​មាន​គំនិត​ផ្ដួចផ្ដើម​បើក​អាជីវកម្ម​ខាង​បច្ចេកវិទ្យា​ក្នុង​ប្រទេស។

លោក​បាន​ប្រាប់ VOA ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា៖

«អ៊ីចឹង​នេះ​ជា​ចំណុច​មួយ​ដែល​បង្ហាញ​ពី​ការ​រីកចម្រើន​នៅ​ក្នុងបច្ចេកវិទ្យា​នៅ​ក្នុង​ប្រទេសកម្ពុជា ហើយ​មួយ​ទៀត​គឺ​ផ្ដល់​នៅ​ការ​ជំរុញ​និង​ការ​ចូល​រួម​ពី​ផ្នែក​មិន​ត្រឹម​តែ​ផ្នែក​ធុរកិច្ច ឬ​ផ្នែក​អាជីវកម្ម​ ម្ចាស់​គ្រប់គ្រង​អាជីវកម្ម​ឬ​អី ទាក់ទង​ជាមួយ​អ្នក​ធ្វើការ ឬ​សិស្ស​និស្សិត​ផ្សេងៗ​ គាត់​អាច​មក​ចូល​រួម​ចាប់​យក​ចំណេះ​ដឹង​ទៅ​លើ​ហ្នឹង​ដូចគ្នា​ដែរ»។

ទោះ​បី​ជា​ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​ក្មេង​ខ្ចី​ខាង​វិស័យ​បច្ចេកវិទ្យា​និង​ទូរគមនាគមន៍ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ វិស័យ​នេះ ​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ទាំង​ពី​រដ្ឋាភិបាល សហគ្រិន​ថ្មី ​និង​យុវ​និស្សិត។​

បន្ថែម​លើ​ពិព័រណ៍​បច្ចេកវិទ្យា«ឌីជីថល​កម្ពុជា ២០១៩» នេះ កម្ពុជា​ក៏​តែង​តែ​រៀប​ចំ​ពិព័រណ៍​បច្ចេកវិទ្យា​មួយ​ចំនួន​ទៀត​ដូចជា Barcamp ភ្នំពេញ​ និងមហោស្រព​ជាតិ​ស្តីពី​វិទ្យាសាស្ត្រ​និង​វិស្វកម្ម​ជាដើម។

ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​ ក៏​កំពុង​ឃើញ​ការ​បង្កើត​សហគ្រាស​ថ្មី​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ឬ​ហៅ​កាត់​ថា​ Startup។ ការ​បង្កើត​ក្រុមហ៊ុន​ថ្មី​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ចាប់​ផ្ដើម​ទទួល​បាន​ប្រជាប្រិយភាព​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ៕