គណ:កម្មការសិទ្ធិមនុស្សនៃសភាសហរដ្ឋអាមេរិក Tom Lantos បានរៀបចំពិភាក្សាអំពីបញ្ហាសិទ្ធិមនុស្សក្នុងពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ថ្ងៃទី៨ ខែធ្នូកន្លងទៅនេះ។
កិច្ចពិភាក្សានៅសភាអាមេរិកាំងដែលមានសមាជិកសភានិងក្រុមអ្នកការពារសិទ្ធិមនុស្សអន្តរជាតិសំខាន់ៗចូលរួមជជែកអំពីបញ្ហាសិទ្ធិមនុស្សក្នុងតំបន់និងសិទ្ធិមនុស្សក្នុងពិភពលោកនេះកើតឡើងប៉ុន្មាននាទី ក្រោយសភាអាមេរិកាំងបានអនុម័តច្បាប់មួយហៅថា Magnitsky Act ដែលអនុញ្ញាតឲ្យរដ្ឋាភិបាលអាមេរិកាំងមានសិទ្ធិដាក់ទណ្ឌកម្មលើរដ្ឋាភិបាលនិងបុគ្គល ដែលរំលោភសិទ្ធិមនុស្ស និងពាក់ព័ន្ធក្នុងអំពើពុករលួយក្នុងពិភពលោក។
លោក James McGovern ប្រធានគណ:កម្មការសិទ្ធិមនុស្សនៃសភា ស.រ.អា Tom Lantos និងលោក Alan Lowenthal សមាជិកម្នាក់នៃគណ:កម្មការនេះដែលជាអ្នកឈានមុខម្នាក់ក្នុងការជំរុញច្បាប់ និងយកចិត្តទុកដាក់បញ្ហាសិទ្ធិមនុស្សកម្ពុជា បានធ្វើបទអន្តរាគមន៍អំពីសិទ្ធិមនុស្សក្នុងពិភពលោក និងកម្ពុជាផងដែរ កាលពីថ្ងៃព្រហស្បតិ៍ថ្ងៃទី៨ ខែធ្នូ គឺតែពីរថ្ងៃមុនពេលពិភពលោកប្រារព្ធទិវាសិទ្ធិមនុស្សអន្តជាតិដែលត្រូវនឹងថ្ងៃទី១០ ខែធ្នូនេះ។
ក្រុមតំណាងអង្គការធំៗជាច្រើនដូចជាអង្គការ Freedom House, Human Rights Watch, Amnesty International, Reporter Without Border ហើយនឹងអង្គការល្បីល្បាញមួយចំនួនទៀត បានចូលរួមជាវាគ្មិននៃកិច្ចពិភាក្សានោះដែរ។
ក្រុមវាគ្មិនដែលជាតំណាងអង្គការសិទ្ធិមនុស្សអន្តរជាតិ បាននិយាយស្រដៀងគ្នាអំពី បញ្ហាសង្គមស៊ីវិល និងអ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាននិងក្រុមជំទាស់ក្នុង ពិភពលោក រួមទាំងកម្ពុជាផងដែលកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន រាប់ចាប់ពីការគំរាមកំហែងរងការសម្លាប់ ការកម្រិតថវិកា ការធ្វើទុក្ខបុកម្នេញ ហើយអ្នកការពារ សិទ្ធិមនុស្សនៅជុំវិញពិភពលោករងការចាប់ដាក់គុក គឺដើម្បីបំបាត់សំឡេងរបស់ពួកគេ។ ប៉ុន្តែ មិនសូវមានជនដៃដល់ត្រូវនាំយកមកផ្ដន្ទាទោសទេ។
លោក Alan Lowenthal សមាជិកសភាអាមេរិកាំងដែលគិតគូរពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជានិងពិភពលោក បានថ្លែងប្ដេជ្ញាថា នឹងជួយពង្រឹងបន្ថែម ទៀតលើផ្នែកសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។
«ខ្ញុំគិថា យើងយល់ព្រមទាំងអស់គ្នាថា យើងនឹងឃើញឆ្នាំដ៏យ៉ាប់យ៉ឺននៅពីមុខយើង ទាំងអស់គ្នា ហើយនៅគ្រប់កន្លែងក្នុងពិភពលោក។ យើងទាំងអស់គ្នាបានឃើញហើយអំពីការរីករាលដាលនៃការរំលោភសិទ្ធិមនុស្សតាមទម្រង់ជាច្រើននោះ។ នៅឆ្នាំនេះ អំពើរំលោភសិទ្ធិមនុស្ស គេមិនឃើញសញ្ញាចុះថយនៅពេលណាមួយដ៏ឆាប់ខាងមុខទេ»។
លោកបានរៀបរាប់ពីការរំលោភសិទ្ធិមនុស្សក្នុងប្រទេសភូមា លើជនជាតិភាគតិច រ៉ូហ៊ីងយ៉ា ការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសវៀតណាម ហើយនឹងការរំលោភ សិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា រួមទាំងទៅលើមេដឹកនាំគណបក្សជំទាស់ផងដែរ។
កាលពីថ្ងៃព្រហស្បតិ៍លោក Alan Lowenthal ដែលអះអាងថាបាននិយាយទូរស័ព្ទ ជាមួយលោក កឹម សុខា នោះ ដោយបានសម្តែងក្ដីរីករាយចំពោះការលើកលែងទោសដល់លោក កឹម សុខា មេដឹកនាំម្នាក់ក្នុងចំណោមពីរនាក់នៃបក្សជំទាស់ក្នុងប្រទេស។ តែលោកទទូចដល់មេដឹកនាំបក្សទាំងពីរ ដែលចង់បានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ បន្តធ្វើការរួមគ្នានិងមិនបែកបាក់គ្នា ដែលលោកថា នោះជារឿងសំខាន់។
«ពីព្រោះប្រសិនបើគណបក្សជំទាស់បែកបាក់គ្នា ហើយពួកគេវាយប្រហារគ្នាទៅវិញ ទៅមក នោះនឹងគ្មានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ត្រឹមត្រូវក្នុងប្រទេសកម្ពុជា ទេ។ ដូច្នេះ ខ្ញុំគិតថា យើងលើកទឹកចិត្ត ហើយយើងពិតជាមានក្តីរីករាយណាស់ ដែលលោក កឹម សុខា មានសេរីភាពច្រើនជាងមុន ហើយមិនរងការចោទប្រកាន់តទៅ ទៀត។ តែយើងចង់បញ្ជាក់ឲ្យប្រាកដប្រជា ហើយខ្ញុំបាននិយាយជាមួយគាត់គឺថា លោក កឹម សុខា ត្រូវបន្តរក្សាទំនាក់ទំនងល្អជាមួយលោក សម រង្ស៊ី»។
ដោយខ្លាចថាជាល្បិចកលគណបក្សគ្រប់គ្រងប្រទេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតែងព្យាយាមប្រើល្បិចបំបែកក្រុមមេដឹកនាំជំទាស់ទាំងពីរ លោកសមាជិក សភារូបនេះ បានអះអាងថា មេដឹកនាំគណបក្សជំទាស់ ដែលបានរងការចោទប្រកាន់ដោយសារការប្រឌិតរឿង ត្រូវមានសាមគ្គីភាពខ្លាំងជាងមុន។
លោកក៏បាននិយាយថា ការដោះស្រាយបញ្ហានយោបាយគឺជារឿង និងការសម្រេចរបស់ភាគីនយោបាយកម្ពុជា តែសមាជិកសភាដូចលោក នឹងបន្តនិយាយនិងតាមដានអំពីការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។
ក្រុមមន្ត្រីសិទ្ធិមនុស្សដែលជាវាគ្មិនបានស្នើស្រដៀងគ្នាថា វិធីដែលអាចកាត់បន្ថយការ រំលោភសិទ្ធិមនុស្សបានក្នុងពិភពលោក គឺការដែលរដ្ឋាភិបាលស.រ.អា ចាត់វិធានការ ខ្លាំងថែមទៀតចំពោះរដ្ឋាភិបាល និងជនទាំងឡាយដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិ មនុស្ស ដែលវិធានការទាំងនោះរួមទាំងចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសធ្ងន់ធ្ងរ និងជំរុញឲ្យមានការស៊ើបអង្កេតរកជនដៃដល់ ការមិនផ្តល់ទិដ្ឋាការ ការមិនផ្ដល់ ជំនួយ ការបង្កកទ្រព្យសម្បត្តិដល់បុគ្គល រួមទាំងមន្ត្រីតុលាការដែលចូលរួមកាត់ទោសទាំងបំពានជាដើម។
ក្រុមមន្ត្រីសិទ្ធិមនុស្សដែលយល់ដឹងច្បាស់អំពីស្ថានការណ៍ប្រឈមមុខរបស់ក្រុមអ្នកតស៊ូមតិវិញ ក៏បានទទូចដល់ស.រ.អា ផ្ដល់ថវិកាគាំទ្រ ប្រតិបត្តិការពួកគេតទៅទៀតដើម្បីលើកកម្ពស់ផលប្រយោជន៍ស.រ.អា ហើយត្រូវផ្ដល់ទិដ្ឋាការសម្រាប់អ្នកការពារសិទ្ធិមនុស្សដែលរងការគំរាមកំហែងផងដែរ។
លោក Daniel Calingaert នាយកស្ដីទីនៃអង្គការធ្វើកិច្ចការទាក់ទងនឹងការលើកកម្ពស់សេរីភាព Freedom House បានបញ្ជាក់បន្ថែមអំពីស្ថានភាពសិទ្ធិមនុស្សនិងការរងគ្រោះពីការគំរាមកំហែង និងការសម្លាប់ដូច្នេះថា៖
«ក្រុមអង្គការសង្គមស៊ីវិលប្រឈមមុខនឹងបញ្ហាជាឧបសគ្គជាច្រើន រួមមានការគំរាម កំហែង ការកាត់ថវិកាពីដៃគូបរទេសរបស់ពួកគេ រងការភ័យខ្លាចដោយសារតែមាន ក្រុមអ្នកការពារសិទ្ធិមនុស្សជាច្រើននៅជុំវិញពិភពលោកកំពុងជាប់គុក»។
ការថ្លែងបែបនេះ គឺនៅពេលដែលសេចក្ដីស្នើច្បាប់ Magnitsky Act ត្រូវបានសភាអា មេរិកាំងពេញអង្គ បានអនុម័តកាលពីម្សិលមិញ ដើម្បីបើកផ្លូវឲ្យរដ្ឋាភិបាលស.រ.អាចាត់វិធានការលើបុគ្គល និងរដ្ឋាភិបាលនៅពាសពេញពិភពលោកដែលពាក់ព័ន្ធនឹងអំពើរំលោភសិទ្ធិមនុស្ស និងប្រព្រឹត្តអំពើពុករលួយ ដូចជាការដាក់ទណ្ឌកម្ម បង្កកទ្រព្យសម្បត្តិ ការមិនផ្ដល់ទិដ្ឋាការឬ Visa ជាដើម។
លោក ព្រហ្ម សោរ៍នរ៉ា ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកាំង ដែលបានចូលរួមក្នុងកិច្ចពិភាក្សាអំពីសិទ្ធិមនុស្សនោះ បានថ្លែងថា លោករីករាយដែល បានឮដំណឹងថា សេចក្ដីព្រាងច្បាប់ស.រ.អា Magnitsky Act ដែលក្រុមលោកបានចូល រួមជំរុញផងនោះ ត្រូវបានអនុម័តដោយសភា និងត្រូវបញ្ជូនទៅកាន់ប្រធានាធិបតី ដើម្បីចុះហត្ថលេខាទៅជាច្បាប់។
«ដូច្នេះហើយបើ Magnitsky Act ចេញហើយ ហើយប្រធានាធិបតីលោក ត្រាំ គាត់យល់ព្រមអនុវត្ត លោក អូបាម៉ា ប្រហែលជាគាត់ចប់អាណត្តិគាត់មិនធ្វើទេ។ ដូច្នេះហើយឲ្យតែប្រធានាធិបតីថ្មីហ្នឹង ហើយក្រសួងការបរទេសថ្មីហ្នឹង ចាប់ធ្វើពេញធឹងទៅ ខ្ញុំជឿថា នឹងមានលទ្ធផលគួឲ្យចាប់អារម្មណ៍ជាមិនខានទេ។ ហើយសិទ្ធិមនុស្សនៅប្រទេសកម្ពុជាយើង នឹងបានទទួលជោគជ័យ»។
លោកបានអះអាងថា មានមេដឹកនាំជាច្រើនដែលបានបញ្ជូនកូនចៅទៅរៀននៅក្រៅ ប្រទេស និងមានទ្រព្យសម្បត្តិនៅក្រៅប្រទេសត្រូវពិចារណាអំពីរឿងនេះ។
កាលពីខែកញ្ញាឆ្នាំ២០១៦កន្លងទៅ សភាស.រ.អា ក៏បានអនុម័តសេចក្ដីសម្រេចលេខ ៧២៨ដោយឡែកមួយទៀត ដោយថ្កោលទោសស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
សេចក្ដីសម្រេចនោះ ជំរុញឲ្យមានការគោរពសិទ្ធិមនុស្ស បញ្ឈប់ការធ្វើទុក្ខបុក្ខម្នេញក្រុមជំទាស់ និងក្រុមអង្គការសង្គមស៊ីវិល អ្នកការពារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ដូចជាធ្វើឲ្យមានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌៕