ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរដែលកំពុងស្ថិតក្នុងប្រទេសថៃទាំងអស់ត្រូវប្រុងប្រយ័ត្នខ្ពស់និងពាក់ម៉ាស់ប្រភេទ N95 ដើម្បីការពារខ្យល់កខ្វក់ប្រភេទ PM2.5 ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់សុខភាពក្នុងប្រទេសក្បែរខាងមួយនេះ។
សេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃចេញនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ បញ្ជាក់ថា ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃប្រកាសឲ្យពលរដ្ឋខ្មែរនៅប្រទេសថៃ ត្រូវប្រុងប្រយ័ត្នចំពោះបញ្ហាសុខភាព ដោយសារនៅទីក្រុងបាងកកនិងខេត្តមួយចំនួនក្នុងប្រទេសថៃ ដូចជាខេត្តសមុទ្រប្រាកាន ខេត្តសមុទ្រសាខន ខេត្តនន្ទបុរី ខេត្តណាខនប៉ាធុមជាដើម កំពុងមានភាពជ្រួលច្របល់អំពីគ្រោះថ្នាក់ដែលបណ្តាលមកពីឥទ្ធិពលខ្យល់កខ្វក់ម្យ៉ាងឈ្មោះថា PM2.5។
ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបន្ថែមថា ខ្យល់កខ្វក់ ដែលកំពុងកើតឡើងក្នុងទីក្រុងបាងកក និងខេត្តមួយចំនួននោះ បានធ្លាក់ចុះខ្លាំងដល់កម្រិតគ្រោះថ្នាក់ ដែលមានកម្ទេចធូលីជាច្រើន ដែលគេស្គាល់ឈ្មោះថា PM2.5ដែលភាគល្អិតនៃធូលីមានទំហំតូចជាង២,៥មីក្រូម៉ែត្រហើយត្រូវចាត់ទុកថា បង្កគ្រោះថ្នាក់បំផុត ដោយសារទំហំតូចរបស់វាអាចចូលជ្រៅក្នុងសួត និងប៉ះពាល់សេរីរាង្គផ្សេងទៀត។
ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបញ្ជាក់ក្នុងសេចក្តីជូនដំណឹងនោះតាមន័យដើមថា៖
«ទាក់ទងនឹងបញ្ហានេះ រាជរដ្ឋាភិបាលថៃបានប្រកាសឲ្យសាលារៀននិងគ្រឹះស្ថានអប់រំមួយចំនួនបិទដំណើរការជាបណ្ដោះអាសន្នក្នុងគោលបំណងការពារសុវត្ថិភាព សុខភាពរបស់សិស្ស និស្សិតទាំងអស់។ អាស្រ័យហេតុនេះ ស្ថានទូតឯកអគ្គរាជទូតកម្ពុជាសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរដែលមានវត្តមាននៅក្នុងប្រទេសថៃទាំងអស់មេត្តាថែរក្សាសុខភាព និងមានការប្រុងប្រយ័ត្នខ្ពស់ ដោយពាក់ម៉ាស់ការពារប្រភេទ N95»។
លោកឌី ថេហូយ៉ា មន្ត្រីកម្មវិធីនៃអង្គការការពារសិទ្ធិពលករគឺសង់ត្រាល់ ប្រាប់ VOA ថា រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋកម្ពុជាប្រមាណជា២លាននាក់កំពុងធ្វើជាពលករក្នុងប្រទេសថៃ។ លោកបន្ថែមថា ប្រជាពលរដ្ឋកម្ពុជាដែលកំពុងស្ថិតក្នុងប្រទេសថៃ និងអ្នកដែលមានបំណងធ្វើដំណើរកម្សាន្តទៅទីនោះ ត្រូវប្រុងប្រយ័ត្ន និងគួរតែតាមដានព័ត៌មានឲ្យបានដិតដល់ទាក់ទងនឹងករណីនេះដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗ។
លោកបញ្ជាក់ថា៖
«សូមឲ្យពលរដ្ឋខ្មែរយើងដែលទៅថៃហ្នឹង ព្យាយាមតាមដានបន្តិចទាក់ទងនឹងរឿងទៅបាងកក។ បើសិនជាអាចថា អ្នកលក្ខណៈទេសចរ មិនចាំបាច់ទៅបាងកកអីទេ គួរតែប្តូរទិសដៅទៅលេងឯណាឯណី ដែលជាខេត្តអាចថា ស្រូបខ្យល់អាកាសធាតុល្អជាជាងយើងទៅកម្សាន្ត ក៏ប៉ុន្តែយើងទទួលរងប៉ះពាល់ដល់សុខភាព»។
VOA មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោកលី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល និងមន្ត្រីក្រសួងបរិស្ថានបានទេ នៅល្ងាចថ្ងៃសុក្រនេះ។
កាលពីចុងខែធ្នូឆ្នាំ២០១៥ ករណីខ្យល់កខ្វក់នេះក៏បានកើតឡើងក្នុងទីក្រុងប៉េកាំង ប្រទេសចិនបណ្តាលឲ្យមានការបិទទ្វារគ្រឹះស្ថានសិក្សាមួយចំនួនផងដែរ៕