នៅព្រឹកថ្ងៃចន្ទនេះ បណ្ដាអង្គការសង្គមស៊ីវិល សហជីព សកម្មជនសិទ្ធិមនុស្ស និងពលរដ្ឋប្រមាណ៤០០នាក់ បានជួបជុំគ្នាក្នុងទីលានប្រជាធិបតេយ្យ ស្ថិតនៅជាយរាជធានីភ្នំពេញ ដើម្បីប្រារព្ធកម្មវិធីអបអរទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧០។ អ្នកចូលរួមមានការរអ៊ូរទាំពី«ការរឹតត្បិត» មិនឱ្យមានការហែក្បួន និងមានការរក្សាសន្តិសុខយ៉ាងតឹងរ៉ឹងពីសំណាក់អាជ្ញាធរកម្ពុជា។
ក្រុមអង្គការសង្គមស៊ីវិលបាននិយាយថា ខ្លួនមិនបានទទួលជោគជ័យនោះទេ ក្នុងការស្នើសុំបញ្ចុះបញ្ចូលអាជ្ញាធរឱ្យព្រមជាមួយនឹងសំណើរបស់ខ្លួន ក្នុងការចង់ដង្ហែក្បួនពីសួនច្បារមាត់ទន្លេក្បែរវត្តភ្នំ មកទីលានប្រជាធិបតេយ្យថ្មីក្នុងខណ្ឌឫស្សីកែវ បើទោះជាមានការសន្យាតាំងចិត្តពីសំណាក់រដ្ឋាភិបាលកម្ពុជាក្នុងពេលថ្មីៗនេះ ក្នុងការបើកទូលាយលំហសេរីភាពស៊ីវិលក៏ដោយ។
ក្នុងលិខិតមួយដែលចុះហត្ថលេខាដោយ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ កំណត់ជូនក្រុមសហជីព និងអង្គការសង្គមស៊ីវិលសាលារាជធានីភ្នំពេញ បានអនុញ្ញាតត្រឹមតែឱ្យមានការរៀបចំកម្មវិធីសម្ដែងមតិថ្លែងសារនៅនឹងកន្លែង ក្នុងបរិវេណទីលានប្រជាធិបតេយ្យថ្មីប៉ុណ្ណោះ ហើយព្រមានចាត់វិធានការច្បាប់ប្រឆាំងនឹងតំណាងអង្គការសមាគមទាំងបីរូបទៀតផង បើសិនជាមានសកម្មភាពល្មើស។
លោក ស ម៉ូរី អនុប្រធានអង្គការបណ្ដាញយុវជនកម្ពុជាបានថ្លែងប្រាប់ VOA នៅទីលានប្រជាធិបតេយ្យថា ការរឹតត្បិតមិនឱ្យក្រុមអ្នកចូលរួមធ្វើការហែក្បួននេះ បាននាំឱ្យរដ្ឋអំណាចបាត់បង់នូវឱកាសមួយដ៏សមប្រកបក្នុងការបង្ហាញនូវសុឆន្ទៈ បើកទូលាយលំហសេរីភាពនយោបាយ និងប្រជាធិបតេយ្យឡើងវិញ។
«យើងឃើញថា ប្រៀបធៀបថា ក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាល បង្ហាញ ដូចជាផ្ទះ ចេញលិខិតមក ដូចជាផ្ទះបើករបង ក៏ប៉ុន្តែទ្វារផ្ទះហ្នឹងចាក់សោសូឡិចយ៉ាងរឹងមាំ។ បាទ បានន័យថា សេរីភាពក្នុងការជួបប្រជុំសម្ដែងមតិដោយសន្តិវិធី នៅតែស្ថិតក្រោមការគំរាមកំហែង ការរឹតត្បិតដដែល»។
ក្រោយពីមានការចាត់វិធានការច្បាប់ទៅលើអ្នកជំទាស់ រួមទាំងការចាប់លោក កឹម សុខា មេបក្សជំទាស់ ការរំលាយគណបក្សសង្គ្រោះជាតិ ការស្រែកត្អូញត្អែរអំពីលំហសេរីភាពសង្គមស៊ីវិលរួមតូច និងការបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយដែលមិនចំណុះនឹងរដ្ឋអំណាច គណបក្សប្រជាជនកម្ពុជា បានទទួលជ័យជម្នះទាំងស្រុងក្នុងការបោះឆ្នោតកាលពីខែកក្កដា ដោយទទួលបានអាសនៈទាំងអស់ ១២៥/១២៥ ក្នុងសភាជាន់ទាប។
ប្រតិកម្មពីបណ្ដារដ្ឋាភិបាលបស្ចិមលោកបានធ្លាក់មកជាបន្តបន្ទាប់ រហូតដល់មានការព្រមានដាក់ទណ្ឌកម្មផ្នែកពាណិជ្ជកម្មពីសំណាក់សហភាពអឺរ៉ុប ដែលក្រោយមក គេឃើញរដ្ឋាភិបាលកម្ពុជាបង្ហាញនូវជំហររបស់ខ្លួន និងការតាំងចិត្តជាថ្មីក្នុងការបើកទូលាយសិទ្ធិសេរីភាពនយោបាយ សង្គមស៊ីវិល និងសារព័ត៌មានឯករាជ្យឡើងវិញ។
លោក ស ម៉ូរី បាននិយាយបន្ថែមថា ដោយសារតែមានការយាមកាមសន្តិសុខយ៉ាងតឹងរ៉ឹងពីសំណាក់កងកម្លាំងនគរបាល និងកងប្រជាការពារក្នុងខណ្ឌដូនពេញ និងខណ្ឌឫស្សីកែវ ទើបក្រុមលោកសម្រេចធ្វើការជួបជុំនៅនឹងកន្លែងដោយមិនមានការហែក្បួនដូចការគ្រោងទុកឡើយ ហើយលោកថា វត្តមានច្រើនកុះករពេករបស់កងកម្លាំងមានសមត្ថកិច្ច បាននាំឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកចូលរួមផងដែរ។
នៅថ្ងៃចន្ទ ក្រុមអ្នកចូលរួមប្រមាណ៤០០នាក់ បានជួបជុំគ្នាតាំងពីព្រលឹមស្រាងៗ នៅទីលានប្រជាធិបតេយ្យថ្មី ក្នុងខណ្ឌឫស្សីកែវ ចន្លោះផ្លូវជាតិលេខ៥ និងច្រាំងទន្លេសាប ក្បែរអតីតឃ្លាំងសាំងឫស្សីកែវ ខណៈដែលកងកម្លាំងនគរបាល និងកងប្រជាការពារ ក្នុងឯកសណ្ឋានពណ៌ខ្មៅក្រឹប បានឈរតម្រៀបគ្នាជាជួរបែរមករកទីលានជាមួយរបាំងការពារដែលដាក់ពង្រាយបិទផ្លូវចេញចូលរួចជាស្រេច ការពារមិនឱ្យក្រុមអ្នកចូលរួមដង្ហែក្បួនចេញមកបាននោះទេ។
តំណាងសហជីពមកពីវិស័យផ្សេងៗពីគ្នាបានថ្លែងសាររួមទៅលើទិវាសិទ្ធិមនុស្សអន្តរជាតិ និងថ្លែងសារដោយឡែកតាមវិស័យរបស់ខ្លួនម្ដងម្នាក់ៗ រួមទាំងក្រុមអ្នកការពារបរិស្ថាន ក្រុមកម្មករចំណាកស្រុក ក្រុមអ្នកបម្រើការងារក្នុងវិស័យចំណីអាហារ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
លោក សែម ធី ដែលបានធ្វើដំណើរពីខេត្តកោះកុង តាំងពីថ្ងៃចុងសប្ដាហ៍ ដើម្បីមកឱ្យទាន់ការចូលរួមប្រារព្ធពិធីកាលពីព្រឹកថ្ងៃចន្ទ បានលើកឡើងថា បំណងប្រាថ្នារបស់លោក ក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិមិនមានអ្វីច្រើននោះទេ គឺសុំត្រឹមតែចង់បានដំណោះស្រាយដល់បញ្ហាដីធ្លី ច្បារដំណាំរបស់លោកដែលមានបញ្ហាប្រទាំងប្រទើសជាមួយនឹងក្រុមហ៊ុន UDG - Union Development Group របស់ចិន។
បុរសក្នុងមជ្ឈិមវ័យរូបនេះ ជាមួយនឹងក្រមាបង់ក ពណ៌ឆ្នូតខ្មៅស ពាក់ក្រដាសរុំជុំវិញក្បាលដែលសរសេរថា«គ្មានដីគ្មានជីវិត» បានថ្លែងប្រាប់ VOA យ៉ាងដូច្នេះថា៖
«អត់មានចង់បានអ្វីលោភលន់ហួសហេតុ ចង់បានធ្វើតែចម្ការតែប៉ុណ្ណឹងទេ អត់មានចង់បានអ្វីផ្សេងទេ ចង់បានមួយរស់ ចង់បានតែដីចម្ការត្រឡប់មកវិញទេ អត់មានថាចង់បានធ្វើអ្នកមានអ្នកធំអីនឹងគេទេ មកនេះមកទាមទារតែដីចម្ការ គ្រាន់រកចិញ្ចឹមប្រពន្ធកូន តែប៉ុណ្ណឹង!»។
អ្នកស្រី សោម សុម៉ាលី ពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញបានដើរដឹកដៃកូនស្រីពៅរបស់អ្នកស្រីដែលមានអាយុ ៦ឆ្នាំ ឈរជុំៗជាមួយគេឯង ស្តាប់ការថ្លែងសារផង និងទទួលទានអាហារពេលព្រឹកដែលមាននំប៉័ង១ដើម និងទឹកសុទ្ធ១ដប។
ស្រ្តីវ័យ៤៥ឆ្នាំរូបនេះបានប្រាប់ VOA យ៉ាងដូច្នេះថា៖
«ប្រជាពលរដ្ឋមកនេះភាគច្រើនជាអ្នកសហគមន៍ប៉ះពាល់ដីធ្លី។ ខាងសមត្ថកិច្ចច្រើនព័ទ្ធជិតអស់ តែអត់មានភិតភ័យខ្លាចអីទេ។ នៅមានអារម្មណ៍សប្បាយចិត្ត ហើយអត់មានអ្នកណាគេហាមឃាត់អីដែរ គ្រាន់តែឃើញសមត្ថកិច្ចហ្នឹងច្រើន ច្រើនជាងប្រជាពលរដ្ឋ»។
ដូចលោក សែម ធី ដែរ អ្នកស្រី សោម សុម៉ាលី ជាប្រជាពលរដ្ឋដែលធ្លាប់ធ្វើការទាមទារឲ្យមានដំណោះស្រាយពាក់ព័ន្ធនឹងរឿងលំនៅដ្ឋានរបស់អ្នកស្រីផ្ទាល់តាំងឆ្នាំ២០០៣។ អ្នកស្រីដែលជាប្រជាពលរដ្ឋរងគ្រោះជម្លោះដីធ្លីនៅឯបុរីកីឡា ចង់ឲ្យរដ្ឋាភិបាលគោរពសិទ្ធិលំនៅដ្ឋានឲ្យបានប្រសើរជាងនេះ។
អ្នកស្រី សោម សុម៉ាលី ដែលកាន់ដៃកូនជាប់ អែបក្បែរខ្លួនបានថ្លែងយ៉ាងដូច្នេះថា៖
«កាលពេលមានកូនតូចហ្នឹង ពេលដែលតវ៉ាផ្ទះ [ខ្ញុំ]នៅពោះធំ ខ្ញុំដើរតវ៉ារហូត។ ដល់ពេលកូននេះកើតចេញមក ដល់អាយុជិត៦ឆ្នាំ កូនហ្នឹងនៅតែតាមទាមទារស្រែកសុំផ្ទះ សុំលំនៅដ្ឋាន ដើម្បីឲ្យម៉ែមានរស់នៅវិញ»។
ឯអ្នកស្រី ឡេង ម៉ុម អាយុ ២៨ឆ្នាំ កំពុងឈរជាមួយគូកនក្បែរៗគ្នាស្តាប់ការថ្លែងអំពីប្រវត្តិសិទ្ធិមនុស្សសាកល និងសិទ្ធិមនុស្សកម្ពុជា។ អ្នកស្រី ដែលសព្វថ្ងៃជាកម្មការនីរោងចក្រកាត់ដេរ និងសម្លៀកបំពាក់មួយ នៅឯសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានថ្លែងប្រាប់ VOA ថា អ្នកស្រីយល់ថា កម្មករចង់ទទួលបានសិទ្ធិទទួលបានលក្ខខណ្ឌការងារល្អប្រសើរ។
«ខ្ញុំចង់ឲ្យកម្មករមានសេរីភាព កុំឲ្យចិនអីគាបសង្កត់ខ្លាំងពេក។ រាល់ថ្ងៃពិបាកណាស់ធ្វើការជាមួយចិន គាបសង្កត់កម្មករខ្លាំង។ និយាយរួមវាគិតតែទាររកផលប្រយោជន៍ គ្រប់ម៉ោង គ្រប់ពេល។ ព្រោះអីចូលទៅដឹងតែ បញ្ចេញកម្លាំងរហូត ទាល់តែដល់ម៉ោងចេញវិញ។ ធ្វើការ១០ម៉ោង បញ្ចេញទាំង១០ម៉ោង អត់មានសម្រាក»។
អ្នកស្រី ឡេង ម៉ុម បានឲ្យដឹងទៀតថា អ្នកស្រីធ្វើការក្នុងវិស័យកាត់ដេរនេះលើស១០ឆ្នាំហើយ គឺតាំងពីទទួលបានប្រាក់ខែ ៤០ដុល្លារ តែការដំឡើងប្រាក់ខែក្នុងរយៈពេល១០ឆ្នាំកន្លងមក មិនបានន័យថាការទាមទារសិទ្ធិការងាររបស់អ្នកស្រីត្រូវបញ្ឈប់ត្រឹមនេះទេ ល្គឹកណាស្ថានភាពការងាររបស់កម្មកររោងចក្រមិនទាន់បានប្រសើរ។
អ្នកស្រី ម៉ៅ សុខា ដែលមានទីលំនៅក្នុងតំបន់បឹងកក់រាជធានីភ្នំពេញ បានថ្លែងថា អ្នកស្រីប្រាថ្នាចង់ឱ្យមានការបើកទូលាយលំហសម្រាប់ពលរដ្ឋដូចជាអ្នកស្រី ធ្វើការសម្ដែងមតិដោយសេរី និងអនុវត្តកាតព្វកិច្ចជាពលរដ្ឋបានពេញលេញ។
អង្គុយផ្ទាល់នឹងដី មានពាក់ឆ្នួតក្រមាពណ៌ខៀវគ្របក្បាល ដៃកាន់នំប៉័ងដែលចែកជូនដោយអ្នករៀបចំ ស្ត្រីវ័យ៦៦ឆ្នាំរូបនេះ បានថ្លែងប្រាប់ VOA យ៉ាងដូច្នេះថា៖
«ការពិតយើងមកថ្ងៃនេះ យើងចង់ឱ្យរដ្ឋាភិបាលផ្ដល់សិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋទាំងអស់គ្នា ទាំងយើងរងគ្រោះដីធ្លី ទាំងសហជីពទាំងអី និយាយរួមឱ្យពួកបញ្ហា យើងចង់ឱ្យមានដំណោះស្រាយគ្រប់គ្នា កុំឱ្យប្រជាជនយើងវេទនាពេក»។
អ្នកស្រី ម៉ៅ សុខា ក៏បានថ្លែងរិះគន់«ការរឹតត្បិត»របស់អាជ្ញាធរផងដែរ ថាបានធ្វើសកម្មភាពផ្ទុយពីការសន្យាតាំងចិត្តរបស់ខ្លួនកាលពីពេលថ្មីៗនេះ។
«ការអនុវត្តដូចអត់មានផង បានតែនិយាយ ធ្វើតែបន្តិចៗហ្នឹង ប៉ុន្តែអាលាក់លាមហ្នឹងវាច្រើនជាង អាចំហវាតិចណាស់ ... ថាបានតែមាត់ហ្អា ប៉ុន្តែដល់ជាក់ស្ដែងដូចអត់មានផង»។
យ៉ាងណាក៏ដោយ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងនៅរសៀលថ្ងៃចន្ទនេះថា ការណ៍ដែលក្រុមសហជីពនិងអង្គការសង្គមស៊ីវិលមានលទ្ធភាពអាចប្រារព្ធកម្មវិធីអបអរទិវាសិទ្ធិមនុស្សអន្តរជាតិ នៅទីលានប្រជាធិបតេយ្យនៅព្រឹកថ្ងៃចន្ទនេះ ដោយពុំមានអំពើហិង្សា អាចចាត់ទុកថាជា«ជោគជ័យ»មួយទៅហើយ។
មន្ត្រីរដ្ឋាភិបាលរូបនេះបានប្រាប់ VOA តាមទូរស័ព្ទក្នុងន័យដើមយ៉ាងដូច្នេះ៖
«យើងស្វាគមន៍ យើងឯកភាព នៅក្នុងការណ៍ដែលឱ្យខាងសហជីពនេះហ្នឹង លោកធ្វើការជួបជុំ និងបញ្ចេញមតិ គ្រាន់តែយើងមានទីតាំងមួយ ដែលជាទីតាំងច្បាប់បានកំណត់ហើយ ទីតាំងសម្រាប់គាត់បញ្ចេញមតិហ្នឹង ត្រូវបានយើងរៀបចំជូនគាត់ហើយ។ ទីលានប្រជាធិបតេយ្យ យើងបានរៀបចំ មានទីកន្លែងសមរម្យសម្រាប់ធ្វើកិច្ចការបែបនេះ។ អ៊ីចឹងឥតមានមូលហេតុណាដែលត្រូវយើង ជួបជុំគ្នាលើសួនច្បារធម្មតា ហើយក៏មិនមែនមានន័យថា ទាល់តែយើងធ្វើការដើរហែក្បួន ពីទីតាំងនេះ ទៅទីតាំងនោះ ទើបគេហៅថាជាសេរីភាពបញ្ចេញមតិនោះទេ»។
អ្នកនាំពាក្យសាលារាជធានីបានបន្តទៀតថា ទំហំចំនួនអ្នកចូលរួមដែលបានស្នើក្នុងការហែក្បួនថាមានចំនួន១០០០នាក់ នៅលើដងផ្លូវធ្វើឲ្យអាជ្ញាធរមានបន្ទុកក្នុងការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយផ្នែកសន្តិសុខ ហើយលោកថា ការណ៍ដែលនៅសម្ដែងមតិនៅមួយកន្លែងក្នុងទីលានប្រជាធិបតេយ្យក៏បានធ្វើឲ្យពិធីមានលក្ខណៈរលូនផងដែរ។
យ៉ាងណាក្ដី ក្រោយពីមានការជួបជុំថ្លែងសារ ក្រុមអ្នកចូលរួមដែលដឹកនាំដោយលោក វ៉ន ពៅ ប្រធានសមាគមឯករាជ្យប្រជាធិបតេយ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏បានធ្វើការដើរយាត្រាពីរជុំ ក្នុងរង្វង់សួនច្បារក្នុងទីលានប្រជាធិបតេយ្យនេះ ដោយមានបន្លឺសម្រែកជយ្ឃោស យ៉ាងរន្ថើននូវពាក្យគន្លឹះចំនួនបី៖ សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងយុត្តិធម៌សង្គម។ ក្បួនបានរំកិលមកកៀកៗនឹងកងកម្លាំងសមត្ថកិច្ច តែមិនមានអំពើហិង្សា និងការប៉ះទង្គិចគ្នាអ្វីគួរឱ្យសម្គាល់ឡើយ។
ក្រៅតែពីការរៀបចំរបស់សហជីព ខាងរាជរដ្ឋាភិបាលក៏បានប្រារព្ធអបអរទិវាសិទ្ធិមនុស្សអន្តរជាតិដាច់ដោយឡែករបស់ខ្លួនផងដែរ ដែលមានលោក សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ជាគណៈអធិបតី និងបានអំពាវនាវឱ្យអាជ្ញាធររដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ និងអង្គការសង្គមស៊ីវិល ធ្វើការរួមគ្នា ដើម្បីថែទាំសន្តិភាព ស្ថិរភាព និងការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសផងដែរ៕