រដ្ឋាភិបាលវៀតណាម នៅសប្ដាហ៍នេះបានបង្ហាញជំហរឯកភាពជាមួយភាគីកម្ពុជាក្នុងការរកដំណោះស្រាយដោយសន្តិវិធីដល់ជម្លោះគ្រប់គ្រងដែនកោះ នៅក្នុងសមុទ្រចិនខាងត្បូងដ៏ចម្រូងចម្រាស់។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍រួមមួយរបស់រដ្ឋាភិបាលប្រទេសទាំងពីរ ដែល VOA បានទទួលនៅសប្ដាហ៍នេះ។
ការឯកភាពគ្នាលើបញ្ហាជម្លោះសមុទ្រចិនខាងត្បូងនេះបានធ្វើឡើង នៅពេលមានការបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត និងជាប្រធានាធិបតីវៀតណាម ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។
សេចក្ដីថ្លែងការណ៍រួមរបស់រដ្ឋាភិបាលកម្ពុជា និងវៀតណាមដែលមានកម្រាស់៧ទំព័របានបញ្ជាក់ឲ្យដឹងថា ភាគីទាំងពីរបានផ្ដល់សារៈសំខាន់លើការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពនាវាចរណ៍ និងការហោះហើរនៅលើសមុទ្រចិនខាងត្បូង បន្ថែមពីលើហិរញ្ញប្បទានឥតសំណងចំនួន ២៥លានដុល្លារអាមេរិកដល់ប្រទេសកម្ពុជា សម្រាប់ការអនុវត្តគម្រោងសាងសង់អាគាររដ្ឋបាលរបស់រដ្ឋសភាកម្ពុជា។
សេចក្ដីថ្លែងការណ៍បានសរសេរក្នុងន័យដើមថា៖
«ភាគីទាំងពីរបានឯកភាពជំរុញការដោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូងដោយសន្តិវិធី រក្សាភាពអត់ធ្មត់ ដោយមិនធ្វើការគំរាមកំហែង ឬប្រើប្រាស់កម្លាំង ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍ដែលត្រូវបានទទួលស្គាល់ជាសាកល រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) និងបានប្ដេជ្ញារួមគ្នាជាមួយភាគីពាក់ព័ន្ធ អនុវត្តន៍ឲ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវសេចក្ដីថ្លែងការណ៍ ស្ដីពីការប្រតិបត្តិរបស់បណ្ដាភាគីនៅសមុទ្រចិនខាងត្បូង (DOC) ឲ្យបានគ្រប់ជ្រុងជ្រោយ និងជំរុញការបញ្ចប់ឲ្យបានឆាប់នូវក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) មួយប្រកបដោយខ្លឹមសារ និងលម្អិត សំដៅរួមចំណែកក្នុងការថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក»។
ក្នុងបញ្ហាសមុទ្រចិនខាងត្បូងនេះ កម្ពុជាក៏ត្រូវអ្នកវិភាគមើលឃើញថា មានភាពទោរទន់ទៅរករដ្ឋាភិបាលទីក្រុងប៉េកាំង ដែលប្រឹងទាមទារយកស្ទើរតែទាំងអស់នូវដែនកោះដែលមានជម្លោះ។
ជាថ្នូរនឹងការគាំទ្ររបស់កម្ពុជាដល់ប្រទេសចិនក្នុងបញ្ហាសមុទ្រចិនខាងត្បូងនេះ ប្រទេសចិន បានប្រកាសគាំទ្រច្បាស់ៗដល់ប្រទេសកម្ពុជានៅចំពេលមានការបង្ក្រាបផ្នែកនយោបាយយ៉ាងទូលំទូលាយនៅរាជធានីភ្នំពេញ ដែលឈានទៅដល់ការរំលាយគណបក្សជំទាស់ធំជាងគេ និងចាប់ប្រធានបក្សប្រឆាំងដាក់ពន្ធនាគារ នៅមុនការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ២០១៨។
នៅឆ្នាំ២០១៨ដដែលនោះ ប្រទេសចិន និងកម្ពុជា បានបង្ហាញជំហររួមគ្នាជាថ្មីដោយទទូចដល់ភាគីនានាពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូងឲ្យបញ្ចប់ការតាក់តែង ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូងឬ COC ឲ្យបានឆាប់ដើម្បីកសាងសមុទ្រចិនខាងត្បូងឲ្យក្លាយទៅជាសមុទ្រសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។
យ៉ាងណាក៏ដោយ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ អ្នកវិភាគកិច្ចការតំបន់ ប្រាប់ VOA តាមសារអេឡិចត្រូនិកឆ្លើយឆ្លងមួយនៅថ្ងៃពុធនេះថា ជំហររបស់កម្ពុជាក្នុងជម្លោះនៅសមុទ្រចិនខាងត្បូង គឺកម្ពុជានៅជាមួយសមាគមអាស៊ាន។
លោកបានសរសេរក្នុងន័យដើមថា៖
«ជំហររបស់កម្ពុជា គឺនៅស្របជាមួយសមាគមអាស៊ាន ពោលគឺការដោះស្រាយជម្លោះដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ ហើយនិងការបញ្ចប់ក្រមប្រតិបត្តិ COC»។
បញ្ហាជម្លោះសមុទ្រចិនខាងត្បូង ក៏នៅតែជាប្រធានបទសំខាន់សម្រាប់ប្រទេសអាស៊ាននិងប្រទេសក្នុងតំបន់ ហើយនឹងពិភពលោក ដោយសារចិនទាមទារគ្រប់គ្រងសឹងតែទាំងអស់ នៅពេលប្រទេសក្នុងតំបន់មួយចំនួនកំពុងទាមទារជាកម្មសិទ្ធិ ដោយទាមទារឲ្យចិនគោរព ច្បាប់និងគោលការណ៍អន្តរជាតិ។
ភាគីទាំងឡាយកំពុងតាក់តែងក្រមប្រតិបត្តិ COCមួយដែលអាចទប់ស្កាត់និងដោះស្រាយបញ្ហានានាដែលអាចកើតឡើងបាន។ ប៉ុន្តែរហូតមកទល់ពេលនេះក្រមប្រតិបត្តិ COC នៅមិនទាន់ចុះសម្រុងគ្នាលើគោលការណ៍សំខាន់ៗមួយ ចំនួនរួមទាំងថាតើគួរមានស្ថាប័នណាមួយដែលអាចកាត់សេចក្ដីចំពោះវិវាទនេះទេឬ ក៏ប្រើកិច្ចចរចាទ្វេភាគីដែលគេគិតថាចិននៅតែមានប្រៀបនោះឬយ៉ាងណា៕