នៅថ្ងៃអង្គារនេះ រដ្ឋាភិបាលវៀតណាមបានចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ២៥ លានដុល្លារអាមេរិកដល់ប្រទេសកម្ពុជា សម្រាប់ការអនុវត្តគម្រោងសាងសង់អាគាររដ្ឋបាលរបស់រដ្ឋសភាកម្ពុជា ទៅតាមការស្នើសុំរបស់ភាគីកម្ពុជា។
ការចុះហត្ថលេខាលើការផ្តល់ហិរញ្ញប្បទាននេះ ធ្វើឡើងក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោក ង្វៀន ហ៊្វូជុង (Nguyen Phu Trong) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមចំនួន២ថ្ងៃ នៅកម្ពុជា។
បើតាមសារដែលបង្ហោះលើទំព័រហ្វសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពីជំនួបរវាងលោក ហ៊ុន សែន និងលោក ង្វៀន ហ្វ៊ូជុង នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បញ្ជាក់ថា ក្រោយជំនួបពិភាក្សាទ្វេភាគីរវាងមេដឹកនាំប្រទេសទាំងពីររួចលោក ហ៊ុន សែន និងលោក ង្វៀង ហ៊្វូជុង បានធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៥រួមគ្នា។
ឯកសារចំនួន៥ដែលត្រូវបានចុះហត្ថលេខាដោយមន្រ្តីជាន់ខ្ពស់កម្ពុជា និងវៀតណាមនោះ រួមមាន ពិធីសារស្តីពីវិសោធនកម្មលើពិធីសារសម្រាប់អនុវត្តកិច្ចព្រមព្រៀងរវាងកម្ពុជា-វៀតណាម ស្តីពីការដឹកជញ្ជូនផ្លូវគោក។ សេចក្ដីបន្ថែមស្តីពីការកែប្រែមាត្រា៦ និងមាត្រា១៧ នៃកិច្ចព្រមព្រៀងរវាងកម្ពុជា-វៀតណាម ស្តីពីការដឹកជញ្ជូនផ្លូវទឹក។ អនុស្សារណៈនៃការយោគយល់គ្នាស្តីពី ការផ្តល់ហិរញ្ញប្បទានឥតសំណង២៥លានដុល្លារអាមេរិក សម្រាប់ការអនុវត្តគម្រោងសាងសង់អគាររដ្ឋបាលរបស់រដ្ឋសភា។
ការចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម ស្តីពីការអនុគ្រោះពន្ធសម្រាប់ឆ្នាំ២០១៩-២០២០ និងការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍សម្រាប់ឆ្នាំ២០១៩-២០២១ រវាងក្រសួងទេសចរណ៍កម្ពុជា និងក្រុមហ៊ុនអាកាសចរណ៍វៀតណាម។
ក្នុងសារដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន បញ្ជាក់អំពីការផ្តល់ហិរញ្ញប្បទានឥតសំណងដើម្បីសាងសង់អគាររដ្ឋបាលរបស់រដ្ឋសភា តាមន័យដើមថា៖
«អនុស្សារណៈនៃការយោគយល់គ្នាស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង២៥លានដុល្លារអាមេរិក សម្រាប់ការអនុវត្តគម្រោងសាងសង់អាគាររដ្ឋបាលរបស់រដ្ឋសភា ដែលចុះហត្ថលេខាដោយឯកឧត្តម ឌីញ គៀនយ៉ុង (Dinh Tien Dzung) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម និងឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាជាតិកម្ពុជា»។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាកម្ពុជាប្រាប់ VOA នារសៀលថ្ងៃអង្គារនេះថា គម្រោងនៃការផ្តល់ជំនួយដើម្បីសាងសង់អគាររដ្ឋបាលរដ្ឋសភា ធ្វើឡើងតាំងពីឆ្នាំ២០១៧បន្ទាប់ពីមានការស្នើសុំពីភាគីកម្ពុជា។ លោកបន្តថា មូលហេតុនៃការស្នើពីរដ្ឋាភិបាលដើម្បីសាងសង់គឺដោយសាររដ្ឋសភាកម្ពុជាខ្វះខាតអគារសម្រាប់ធ្វើការ និងខ្វះខាតថវិកាសម្រាប់សាងសង់។
លោកមានប្រសាសន៍ថា៖
«យើងសាងសង់អគារ ហើយគ្មានលុយ យើងសុំអំពាវនាវទៅ គាត់ផ្តល់ឲ្យ»។
លោកបញ្ជាក់ពីមូលហេតុដែលរដ្ឋសភាត្រូវការអគារបន្ថែមថា៖
«ឥឡូវហ្នឹងវាចង្អៀតខ្លាំងពេក មន្រ្តីក៏ច្រើន ហើយមានរថយន្តអី អញ្ចឹងត្រូវការបន្ថែមទៀត កន្លែងប្រជុំក៏ខ្វះ ដូច្នេះហើយត្រូវការកន្លែងបន្ថែមទៀត»។
លោក ឡេង ប៉េងឡុង បន្ថែមថា ការចុះហត្ថលេខានៅថ្ងៃអង្គារនេះ គឺជាការផ្តល់លុយជំនួយនោះដើម្បីសាងសង់ និងថាអគាររដ្ឋបាលនោះ នឹងត្រូវសាងសង់ក្នុងបរិវេណរដ្ឋសភានៅផ្នែកខាងជើង ដោយនឹងមានការដេញថ្លៃដើម្បីសាងសង់ផងដែរ។
កន្លងមករដ្ឋាភិបាលវៀតណាមតែងផ្តល់ជំនួយឥតសំណង ក្នុងការសាងសង់អគាររដ្ឋសំខាន់ៗនៅកម្ពុជា។
កាលពីឆ្នាំ២០១២ រដ្ឋាភិបាលវៀតណាមបានផ្តល់ជំនួយជាថវិកាចំនួនជិត១៧ម៉ឺនដុល្លារអាមេរិក (១៦៧,៧០០ដុល្លារអាមេរិក) ដល់ក្រសួងការពារជាតិកម្ពុជា ដើម្បីយកទៅសាងសង់អគារវិទ្យាស្ថានពិសោធន៍នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមីកម្ពុជា។ ហើយនៅខែសីហា ឆ្នាំ២០១៧ វៀតណាមបានផ្តល់ជំនួយឲ្យកម្ពុជា ៣លានដុល្លារ ដើម្បីសាងសង់មណ្ឌលបន្សាបគ្រឿងញៀន នៅខេត្តព្រះសីហនុជាដើម។
អ្នកវិភាគពីសង្គម និងនយោបាយតែងលើកឡើងថា ការទទួលយកជំនួយពីបរទេសក្នុងការសាងសង់អគាររដ្ឋសំខាន់ៗ អាចនឹងធ្វើឲ្យកម្ពុជាប្រឈមនឹងហានិភ័យក្នុងការគ្រប់គ្រងការការពារជាតិ។
លោកបណ្ឌិតឡៅ ម៉ុងហៃអ្នកវិភាគនយោបាយឯករាជ្យលើកឡើងថា រដ្ឋាភិបាលគួរពឹងជំនួយពីបរទេសដើម្បីពង្រឹងផ្នែកណាមួយដែលកម្ពុជាមិនមានសមត្ថភាពក្នុងការអនុវត្ត ប៉ុន្តែលោកថា រដ្ឋាភិបាលមិនគួរសុំជំនួយពីបរទេសសម្រាប់គ្រប់នោះទេ។ លោកបន្តថា សម្រាប់ការទទួលយកជំនួយពីរដ្ឋាភិបាលប្រទេសដទៃដើម្បីសាងសង់អគារសំខាន់ៗរបស់រដ្ឋ ជាការបង្ហាញពីកម្សោយនៃការដឹកនាំរបស់រដ្ឋាភិបាល។
លោកមានប្រសាសន៍ថា៖
«អ្វីដែលយើងធ្វើកើតខ្លួនយើង យើងគួរខំប្រឹងប្រែងខ្លួនយើង។ អ្វីដែលយើងធ្វើមិនកើត ដូចជាខាងវិស័យសេដ្ឋកិច្ច ហើយនិងវិទ្យាសាស្រ្តបច្ចេកទេសអីហ្នឹង ដែលយើងធ្វើមិនកើត យើងពឹងគេ ឬក៏កន្លែងណាដែលជារោងចក្រសំខាន់ៗ អាហ្នឹងដែលយើងអត់មានសមត្ថភាពទៅដល់ តាំងពីជំនាញ និងធនធាន ទុន អាចយើងពឹងគេទៅ។ ប៉ុន្តែយើងគួរតែរំដោះខ្លួនចេញពីការពឹងផ្នែកលើគេ គឺសឹងតែគ្រប់វិស័យទៅ មិនល្អទេសម្រាប់ជាតិមួយ»។
នេះជាលើកដំបូងដែលលោក ង្វៀន ហ្វ៊ូជុង (Nguyen Phu Trong) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមធ្វើទស្សនកិច្ចនៅកម្ពុជា បន្ទាប់ពីលោកបានឡើងកាន់តំណែងជាប្រធានរដ្ឋផ្លូវការ កាលពីខែតុលា ឆ្នាំ២០១៨។ ដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានេះ មានរយៈពេលពីរថ្ងៃ គឺពីថ្ងៃទី២៥ ដល់ ២៦ ខែកុម្ភៈ ដោយធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី។ នេះបើតាមការផ្សាយលើគេហទំព័ររបស់ទីស្តីការគណៈរដ្ឋមន្រ្តីកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនេះ លោក ង្វៀន ហ្វ៊ូជុង បានចូលគាល់ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នៅក្នុងព្រះបរមរាជវាំងនៅថ្ងៃទី២៥ ខែកុម្ភៈ។ ហើយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ មេដឹកនាំវៀតណាមរូបនេះ បានចូលថ្វាយបង្គំ សម្តេចសង្ឃ ទេព វង្ស សម្តេចសង្ឃ បួរ គ្រី។ លោក ង្វៀន ហ្វ៊ូជុង ក៏បានជួបជាមួយលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា លោក ហេង សំរិន ប្រធានរដ្ឋសភា និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ដំណើរទស្សនកិច្ចមកកាន់កម្ពុជារបស់មេដឹកនាំវៀតណាមរូបនេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំជាន់ខ្ពស់កម្ពុជាជាច្រើនរូបកាលពីពេលថ្មីៗ បានទៅធ្វើទស្សនកិច្ចនៅប្រទេសវៀតណាមជាបន្តបន្ទាប់ ដោយមានទាំងសម្តេចសង្ឃរបស់កម្ពុជាផងដែរ៕