ព្រះសង្ឃ​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ចូលរួម​ពិធី​បុណ្យ​អុំទូក​រយៈពេល​បីថ្ងៃ

កីឡាករចែវទូកហាត់សម មុន​​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ បណ្តែត​ប្រទីប និង​សំពះព្រះខែ​អកអំបុក ដែល​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកានេះ នៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨។ (ខាន់ សុគុំមនោ/VOA

ខណៈ​ដែល​កម្ពុជា​កំពុង​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​ ​សាលា​គណ​រាជធានី​ភ្នំពេញ​​បាន​ហាម​មិនឲ្យ​ព្រះ​សង្ឃ​និមន្ត​ទៅ​តំបន់​មួយ​ចំនួន​ ​ចាប់ពី​វិមានឯករាជ្យ​​រហូតដល់​គល់​ស្ពាន​ជ្រោយ​ចង្វារ​ខាង​ជើង​ ​ដើម្បី​លើក​កម្ពស់​កិត្តិយស​ ​និង​សេច​ក្តី​ថ្លៃថ្នូរ​​របស់​ព្រះពុទ្ធ​សាសនា។

សាលា​គណ​រាជធានី​ភ្នំពេញ​ ​នៅ​សប្តាហ៍​នេះ​ ​បាន​ចេញ​បម្រាម​ ​ហាម​មិន​ឲ្យ​ព្រះ​សង្ឃ​និមន្ត​ទៅ​តំបន់​មួយ​ចំនួន​ដែល​មាន​មនុស្ស​កកកុញ​ក្នុង​រាជធានី​ភ្នំពេញ​ នា​ឱកាស​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​២០១៨​នេះ​ ដើម្បី​លើក​កម្ពស់​កិត្តិយស​និង​សេចក្តី​ថ្លៃថ្នូរ​របស់​ព្រះ​ពុទ្ធ​សាសនា។​ ​នេះ​បើ​តាម​សេចក្តី​ណែនាំ​របស់​សាលា​គណ​រាជធានី។​

កម្ពុជា​កំពុង​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​ ​អកអំបុក​ ​បណ្តែត​ប្រទីប​ ​និង​សំពះព្រះខែ​ ​រយៈពេល​បី​ថ្ងៃ​ ​ចាប់​ពី​ថ្ងៃទី​២១​ ​ដល់​២៣​ ​ខែវិច្ឆិកា។​ ​ក្នុង​ពិធី​រយៈពេល​បី​ថ្ងៃ​នេះ​ ​គេ​រំពឹង​ថា ​នឹង​មាន​អ្នក​ចូលរួម​ពី​បណ្តា​ខេត្ត​នានា​ជាង​២​លាន​នាក់។​ ​ត្រឹម​ល្ងាច​ថ្ងៃ​ពុធ គេ​ឃើញ​មាន​ឆាក​ប្រគុំ​តន្ត្រី​តូច​ធំ​ ​ចម្រុះ​ភ្លើង​ពណ៌​ ​តូប​លក់​ឥវ៉ាន់​និង​គ្រឿង​ស្រវឹង​នានា​បាន​ចាប់​ផ្តើម​ដំណើរ​ការ​ទទួល​ភ្ញៀវ​ដែល​ជា​អ្នកចូលរួម​បុណ្យ​ជាតិ​ដ៏​ធំ​នេះ។

សេចក្តី​ណែនាំ​របស់​សាលាគណ​រាជធានី​ចេញ​ថ្ងៃ​ទី​១៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃពុធ​នេះ​ ​បញ្ជាក់​ថា​ ​ក្នុង​ការ​ប្រារព្ធ​ព្រះរាជ​ពិធី​អុំទូក​កន្លង​មក​ ​គេ​តែង​ឃើញ​មាន​ព្រះ​សង្ឃ​អង្គ​ខ្លះ​បាន​និមន្ត​ចូល​កន្លែង​ប្រារព្ធ​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​ ​និង​កន្លែង​កម្សាន្ត​ផ្សេងៗ​ទៀត​ ​នៅ​ក្នុង​ចំណោម​មនុស្ស​ច្រើន​កក​កុញ។​ ​សកម្មភាព​ ​និង​រូបភាព​នេះ​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​គុណ​តម្លៃ​នៃ​ព្រះ​ពុទ្ធ​សាសនា​ ​សេចក្តី​ថ្លៃថ្នូរ​ភេទ​ជា​អ្នកបួស​ ​និង​ធម៌​វិន័យ​ ​និង​ធ្វើ​ឲ្យ​ជះ​ឥទ្ធិពល​ដល់​ជំនឿ​សាសនា​ ​ព្រម​ទាំង​មាន​ការ​មិន​សប្បាយ​ចិត្ត​ពី​ពុទ្ធ​បរិស័ទ​ថែម​ទៀត។

សេចក្តី​ណែនាំ​ដដែល​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

«ដើម្បី​លើក​កម្ពស់​កិត្តិយស​ ​សេចក្តី​ថ្លៃថ្នូរ​ព្រះពុទ្ធ​សាសនា​ ​តម្លៃ​ព្រះ​សង្ឃ​ ​និង​ទប់ស្កាត់​រាល់​សកម្ម​ភាព​ទាំង​ឡាយ​របស់​ព្រះ​សង្ឃ​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​ ​ដែលប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី​២១​ ថ្ងៃទី​២២​ ​ថ្ងៃទី​២៣ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​នេះ​ ​សាលា​គណ​រាជធានី​ភ្នំពេញ​ ​សូម​ចេញ​សេចក្តី​ណែនាំ​ការ​ទប់ស្កាត់​ ​ហាម​មិន​អនុញ្ញាត​ឲ្យ​ព្រះសង្ឃ​និមន្ត​ចូលរួម​បុណ្យ​អុំទូក​ ​បណ្តែត​ប្រទីប​ ​និង​សំពះ​ព្រះខែ​ ​អក​អំបុក​ ​នៅ​កន្លែង​មួយ​ចំនួន»។​

តំបន់​ដែល​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ព្រះសង្ឃ​និមន្ត​ចូលរួម​ មាន​ដូចជា​ ​តំបន់​ចាប់​ពី​វិមាន​ឯករាជ្យ​រហូត​ដល់​គល់​ស្ពាន​ជ្រោយ​ចង្វារ​ខាង​ជើង​ ​រួមមាន​តំបន់​វត្ត​ភ្នំ​ ​មុខ​វាំង​ ​សួន​មុខ​វត្ត​បទុមវតី​ ​ណាហ្កាវើល​ ​កោះ​ពេជ្រ​ ​ផ្សារចាស់​ ​និង​ផ្សារ​កណ្តាល។​

ព្រះ​អង្គ​សឹម សោន​ ​សាស្រ្តា​ចារ្យ​ផ្នែក​ភាសា​បាលី​នៃ​សាលា​ពុទ្ធិកៈ​បឋម​សិក្សា​ខណ្ឌ​ពោធិ៍សែនជ័យ​ ​មាន​សង្ឃដីកា​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃពុធ​នេះ​ថា​ ​ព្រះអង្គ​គាំទ្រ​ការ​ចេញ​សេចក្តី​ណែនាំ​របស់​សាលា​គណ​រាជធានី​ ​និង​ថា​ ​ព្រះ​សង្ឃ​មួយ​ចំនួន​និមន្ត​មក​ពី​តាម​ខេត្ត​ ​ទើប​មិន​បាន​ទទួល​សេចក្តី​ណែនាំ​ ​ហើយ​នៅ​តែ​បន្ត​និមន្ត​ទៅ​តំបន់​ដែល​មាន​មនុស្ស​អ៊ូអរ​ទាំង​នោះ។​

ព្រះ​អង្គ​មាន​សង្ឃដីកា​ថា៖​

«ទោះបី​មាន​កម្ម​វិធី​បុណ្យ​អី​ផ្សេងៗ​អ៊ីចឹង​ ​បាន​សេចក្តី​ថា​ ​ព្រះ​សង្ឃ​ហ្នឹង​គឺ​លោក​នៅ​ដោយ​ស្ងៀមស្ងាត់​ ​លោក​មិន​ចូលរួម​នៅ​ក្នុង​កម្មវិធី​អ៊ីចឹង​ ​ពីព្រោះ​អត់​គួរ។​ ​គួរ​ ​វា​លែង​តែ​មួយគឺ​ពេល​ដែល​កា​ត់ព្រ័ត្ត។​ ​ជួនកាល​គេ​និមន្ត​ព្រះសង្ឃ​ទៅ​ដើម្បី​ជ័យន្តោ​នៅ​ក្នុង​មុខ​វាំង​ ​អាហ្នឹង​ជា​រឿង​ផ្លូវការ​មួយ។​ ​ប៉ុន្តែ​ដែល​និយាយ​គឺ​ច្រើនតែ​ព្រះ​សង្ឃ​ដែល​លោក​ទៅ​ពី​ខាង​ក្រៅ»។​

ព្រះ​អង្គ​បន្ថែម​ថា​ ​មន្រ្តី​សង្ឃ​ប្រចាំ​ខណ្ឌ​ទាំងអស់​គួរតែ​ចាត់ចែង​ករណី​នេះដើម្បី​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​កុំ​ឲ្យ​ព្រះ​សង្ឃ​និមន្ត​ចូល​ទៅ​តំបន់​កម្សាន្ត ​និង​តំបន់​អ៊ូអរ​ទាំង​នោះ។​

ព្រះ​អង្គ​មាន​សង្ឃដីកា​ថា៖​

«ក្នុង​ពេល​ដែល​បុណ្យអុំទូក​ហ្នឹង​ ​សម្រាប់​ខណ្ឌ​គេ​នីមួយៗ​ គេ​តែងតែ​មាន​ព្រះ​សង្ឃ​ ​គេ​មាន​មន្រ្តី​សង្ឃ។​ ​ដល់​មាន​មន្រ្តី​សង្ឃ​ អ៊ីចឹង​បានន័យ​ថា ​ការ​រៀបចំ​ហ្នឹង​គឺ​មាន​ន័យ​ថា​ ត្រូវ​មាន​មន្រ្តី​សង្ឃ​លោក​ត្រួត​ពិនិត្យ។​ ​ឧបមា​ថា​ នៅពេល​ដែល​ទៅ​មាត់​ទន្លេ​ឃើញ​ព្រះសង្ឃ​និមន្ត​អញ្ចេះ​មួយៗ​ ​បាន​ន័យ​ថា​ ​មន្រ្តី​សង្ឃ​លោក​រាយ​ការណ៍​ទៅ! ទៅ​សួរ​នាំ​ថា ​តើ​ព្រះ​អង្គ​មក​ពីណា?​ ​ព្រះអង្គ​និមន្ត​មក​ទីនេះ​ ព្រះអង្គ​មាន​កិច្ចការ​ងារ​អី?​ ​អាហ្នឹង​ហើយ​ទប់ស្កាត់​ ហើយ​ត្រូវ​រៀបចំ​អ៊ីចឹង»។​

VOA​ ​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ ​ស​ ​ថេត​ ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ​និង​លោក​ ​ម៉េត មាសភក្តី​ ​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​បាន​ទេ។

ក្នុង​ឱកាស​បុណ្យ​អុំទូក ​បណ្ដែតប្រទីប​ ​អកអំបុក​ និង​សំពះ​ព្រះខែ​ឆ្នាំនេះ​ ​ក្រសួង​មហា​ផ្ទៃ​បាន​ត្រៀម​កម្លាំង​ចម្រុះ​ ​ទាំង​ចំហ​ និង​សម្ងាត់​ជាង​មួយ​ម៉ឺន​បី​ពាន់​នាក់​ ​សម្រាប់​ការពារ​សន្តិសុខ​សណ្តាប់​ធ្នាប់​ ​ខណៈ​ទូក​អុំ​មាន​ការ​កើន​ឡើង​រហូត​ដល់​២៩៥​ទូក​ ​និងកីឡា​ករ​ជិត​ពីរ​ម៉ឺន​នាក់។

ក្រ​សួង​ទេសចរណ៍​កម្ពុជារំពឹង​ថា ​នឹង​មាន​អ្នក​ចូលរួម​ប្រមាណ​ជា​៦០-៧០​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ​ ​និង​ប្រមាណ​ជា​២លាន​នាក់​ក្នុង​រយៈពេល​៣​ថ្ងៃ​នៃពិធី​បុណ្យ​ជាតិ​មួយ​នេះ៕