តំណាងរាស្ត្រ​អូស្ត្រាលី​ប្រតិកម្ម​នឹង​ការ​បញ្ជូន​សំណុំ​រឿង​លោក​កឹម សុខា ទៅ​ជំនុំជម្រះ​ក្តី

លោក Julian Hill អ្នក​តំណាងរាស្ត្រ​អូស្ត្រាលី​​ប្រចាំ​មណ្ឌល ​Bruce ដែល​មក​ពី​គណបក្ស​ពលករ។ (រូប​ថត​ដក​ស្រង់​ពី​គេហទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក Julian Hill)

អ្នក​តាក់តែង​ច្បាប់​អូស្រាលី​ពីរ​រូប​ បាន​ប្រតិកម្ម​ខ្លាំងៗ​លើ​រដ្ឋាភិបាល​កម្ពុជា នៅ​ពេល​ដែល​តុលាការ​កម្ពុជា​បាន​ប្រកាស​បញ្ជូន​សំណុំ​រឿង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ទៅ​ជំនុំ​ជម្រះ​ ក្រោយ​ការ​បញ្ចប់​ការ​ស៊ើប​អង្កេត​ដែល​មាន​រយៈពេល​ជាង​២​ឆ្នាំ។

លោក Julian Hill ​តំណាងរាស្ត្រ​អូស្ត្រាលី​ប្រចាំ​មណ្ឌល Bruce មក​ពី​គណបក្ស​ពលករ បាន​ប្រាប់​កាសែត the Sydney Morning Herald កាលពី​ថ្ងៃ​ពុធ​ ​ថា៖ «[កម្ពុជា] នាំ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ទៅ​ជំនុំ​ជម្រះ​ក្តី​ពី​បទ​ក្បត់ជាតិ?‍ ខ្ញុំ​ថា វា​មិន​គួរ​ឲ្យ​ជឿ​សោះ‍»។

លោក​ក៏​បាន​បន្ថែម​ទៀត​ថា៖ «រដ្ឋាភិបាល​អូស្ត្រាលី​ត្រូវតែ​បញ្ឈប់​ឥរិយាបទ​ទន់ភ្លន់​ដាក់​លោក ហ៊ុន សែន ហើយ​ពិចារណា​ឡើង​វិញ​លើ​យុទ្ធសាស្ត្រ​របស់​យើង‍។ វា​បាន​ហួស​ពេល​យូរ​ទៅ​ហើយ ដែល​អូស្ត្រាលី​គួរ​តែ​ពិចារណា​ចាត់​វិធានការ​ខ្លាំងៗ ដូចជា​ការ​បិទ​ទិដ្ឋាការ និង​បង្កក​ទ្រព្យសម្បត្តិ​របស់​មន្ត្រី​ជាន់​ខ្ពស់​នៃ​របប​គាប​សង្កត់​នេះ»។

កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ថា​ ក្រោយពី​បាន​ស្រាវជ្រាវ​និង​ស៊ើប​អង្កេត​ចប់​សព្វគ្រប់​ «ចៅក្រម​ស៊ើបសួរ​ពិនិត្យ​ឃើញ​ថា​មាន​ភស្តុតាង​ដាក់​បន្ទុក​គ្រប់​គ្រាន់»​ ដើម្បី​កាត់​ទោស​លោក​កឹម សុខា​ ពី​បទ​«សន្ទិដ្ឋិ​ភាព​ជាមួយ​បរទេស‍»។

លោកកឹម សុខា​ ដែល​មាន​វ័យ​ ៦៦ ឆ្នាំ​ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​ពី​លំនៅដ្ឋាន​ទាំង​យប់​កាលពីដើមខែ​កញ្ញា​ ឆ្នាំ​ ២០១៧ ហើយ​បាន​យក​ទៅ​ដាក់​ឃុំឃាំង​មុន​នឹង​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ដោយ​មាន​លក្ខខណ្ឌ​កាលពី​ដើម​ខែ​វិច្ឆិកា។

លោក James Paterson ព្រឹទ្ធសភា​អូស្ត្រាលី​ម្នាក់​មក​ពី​គណបក្ស​ Liberal ក៏​បាន​ប្រាប់​កាសែត the Sydney Morning Herald ថា បទ​ចោទ​ប្រកាន់​លើ​លោក កឹម សុខា គឺជា​ភស្តុតាង​បន្ថែម​បង្ហាញ​ឲ្យ​ឃើញ​ថា កម្ពុជា​បាន​ច្រាន​ចោល​លទ្ធិ​ប្រជាធិបតេយ្យ​ដោយ​ចំហ។

លោក​ត្រូវ​បាន​ដក​ស្រង់​ពាក្យ​សម្តី​ថា៖ «ខ្ញុំ​ក៏​មាន​ការ​ពួ្រយ​បារម្ភ​ដូច​គ្នា​នេះ អំពី​ការ​ឃ្លាត​ចេញ​កាន់​តែ​ច្បាស់​ [របស់​រដ្ឋាភិបាល​កម្ពុជា] ពី​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សេរីភាព​បុគ្គល​នៅ​កម្ពុជា ​ជាពិសេស​បើ​យើង​ពិនិត្យ​មើល​ចំណាត់ការ​លើ​សមាជិក​បក្ស​ប្រឆាំង និង​ការ​រឹត​ត្បិត​សំឡេង​ប្រឆាំង​នឹង​រដ្ឋាភិបាល‍»។

​ប្រតិកម្ម​របស់​អ្នក​តាក់តែង​ច្បាប់​អូស្តា្រលី​ទាំងពីរ​នាក់​នេះ បាន​ធ្វើ​ឡើង ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​ស្វែង​រក​ដំណោះ​ស្រាយ​នានា ដើម្បី​ឆ្លើយ​តប​នឹងរបាយការណ៍​វាយ​តម្លៃ​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ដែល​ត្រូវបាន​ធ្វើ​ឡើង​ដោយ​គណៈកម្មការ​សហភាព​អឺរ៉ុប។

សហភាព​អឺរ៉ុប​កំពុង​ពិចារណា​ថា​តើ​ត្រូវ​ព្យួរ​ឋានៈ​អនុគ្រោះ​ពន្ធ «អ្វីៗ​គ្រប់​យ៉ាង​លើកលែង​តែ​សព្វាវុធ‍» ឬ Everything But Arms (EBA) ដែល​កម្ពុជា​ទទួល​បាន ឬ​ក៏​យ៉ាង​ណា ដោយ​សារ​ការ​ធ្លាក់​ចុះ​ដុនដាប​នៃ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា។ សេចក្តី​សម្រេច​របស់​សហភាព​អឺរ៉ុប​នេះ ត្រូវបាន​រំពឹង​ថា​នឹង​ធ្វើ​ឡើង​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២០​ខាង​មុខ​នេះ៕