លោក Donald Trump ជាប្រធានាធិបតីសហរដ្ឋអាមេរិកតែម្នាក់គត់ដែលត្រូវបានចោទប្រកាន់ពីរដងនិងជាប្រធានាធិបតីតែម្នាក់គត់ដែលត្រូវបានផ្តន្ទាទោសពីបទព្រហ្មទណ្ឌ។
ប៉ុន្តែលោក Trump ដែលនៅពេលនេះអាយុ៧៨ឆ្នាំក៏ជិតទទួលបានការតែងតាំងផ្លូវការជាបេក្ខជនប្រធានាធិបតីសម្រាប់ការបោះឆ្នោតលើកទីបីបន្តបន្ទាប់គ្នា ហើយនៅខែវិច្ឆិកាលោកអាចជាប្រធានាធិបតីសហរដ្ឋអាមេរិកទីពីរដែលជាប់ឆ្នោតលើកទីពីរសម្រាប់អាណត្តិបួនឆ្នាំ ប៉ុន្តែមិនបន្តបន្ទាប់គ្នាក្នុងសេតវិមាន ដែលជាជ័យជំនះមួយមិនមានទេតាំងពីលោក Grover Cleveland បានឈ្នះបែបនេះនៅចុងទសវត្សរ៍១៨០០មក។
ក្រុមប្រជាធិបតេយ្យបានជេរប្រមាថលោក ប៉ុន្តែអ្នកដើរតាមលោករាប់លាននាក់ស្រឡាញ់លោក។ ពួកជនទាំងនេះបានបោះឆ្នោតឱ្យលោកកាន់តំណែងប្រធានាធិបតីក្នុងឆ្នាំ២០១៦ដោយសារលោកបានសន្យានៅពេលឃោសនាបោះឆ្នោតថា«ធ្វើប្រទេសអាមេរិកឱ្យអស្ចារ្យម្តងទៀត»។ មនុស្សជាច្រើននាក់ក្នុងចំណោមជនទាំងនេះនៅតែជឿការអះអាងខុសរបស់លោកដែលថាលោកត្រូវបានគៃបន្លំមិនឱ្យបានកាន់តំណែងក្នុងអាណត្តិទីពីរកាលពីបួនឆ្នាំកន្លងទៅនេះ។ ជនទាំងនេះជឿការអះអាងរបស់លោក Trump ដោយប្រឆាំងនឹងការរកឃើញទាំងអស់ដោយតុលាការ។
អតីតមហាសេដ្ឋីអចលនទ្រព្យរូបនេះនិងធ្លាប់ជាអ្នកចាត់ចែងកម្មវិធីទូរទស្សន៍ reality showលោកម្តងម្កាលភ្លេចខ្លួនទទួលស្គាល់ថាលោកមិនបានឈ្នះឆ្នោតក្នុងការបោះឆ្នោតលើកមុន ប៉ុន្តែជាញឹកញាប់លោកនិយាយថា លោកចាញ់ឆ្នោតដោយសារមានការគៃបន្លំក្នុងការរាប់សន្លឹកឆ្នោតប្រឆាំងនឹងលោក។
នៅពេលនេះ ការស្ទង់មតិជាតិបង្ហាញថាលោក Trump និងលោកប្រធានាធិបតី Joe Biden មានការគាំទ្រប្រហាក់ប្រហែលគ្នា។ លោក Biden ខាងគណបក្សប្រជាធិបតេយ្យបានឈ្នះលោក Trump តែបន្តិចប៉ុណ្ណោះកាលពីឆ្នាំ២០២០។ លោក Trump បាននាំមុខលោក Biden បន្តិចដោយទៀងទាត់នៅក្នុងរដ្ឋមានការប្រកួតប្រជែងខាងនយោបាយមួយចំនួនដែលទំនងជានឹងសម្រេចអំពីលទ្ធផលនៃការបោះឆ្នោតនៅថ្ងៃទី៥វិច្ឆិកា។
ការស្ទង់មតិបង្ហាញថាអ្នកបោះឆ្នោតច្រើននាក់យល់ថាលោក Trump ចាត់ចែងសេដ្ឋកិច្ចសហរដ្ឋអាមេរិកដែលធំបំផុតក្នុងពិភពលោកល្អប្រសើរជាងលោក Biden និងថាលោកម៉ឺងម៉ាត់និងមានជោគជ័យក្នុងការរារាំងលំហូរក្រុមជនចំណាកស្រុកគ្មានឯកសារត្រឹមត្រូវដែលចូលក្នុងសហរដ្ឋអាមេរិកដោយឆ្លងកាត់ព្រំដែនភាគនិរតីជាមួយប្រទេសម៉ិកស៊ិក។
លោក Trump បានសន្យាដល់ក្រុមអ្នកបោះឆ្នោតឱ្យលោកថានឹងសងសឹកដោយសារការចាញ់ឆ្នោតកាលពីឆ្នាំ២០២០ ហើយលោកបានថ្លែងថា លោកអាចជាអ្នកកាន់អំណាចផ្តាច់ការម្នាក់ ប៉ុន្តែតែនៅថ្ងៃទីមួយនៃអាណត្តិប្រធានាធិបតីថ្មីប៉ុណ្ណោះ។
លោក Trump បាននិយាយប្រាប់លោក Sean Hannity អ្នកធ្វើអត្ថាធិប្បាយអភិរក្សនិយមថា«យើងបិទព្រំដែនជាមួយម៉ិកស៊ិកហើយយើងខួងរកប្រេង។ បន្ទាប់មក ខ្ញុំមិនមែនជាមនុស្សផ្តាច់ការទេ មែនទេ?»។
កាលពីឆ្នាំទៅ លោក Trump បាននិយាយប្រាប់ពួកអ្នកគាំទ្រនៅក្នុងការប្រជុំអភិរក្សនិយមមួយថា«កាលពីឆ្នាំ២០១៦ ខ្ញុំបានប្រកាសថា៖ ខ្ញុំជាសំឡេងរបស់លោកអ្នក។ នៅថ្ងៃនេះ ខ្ញុំបន្ថែមថា៖ខ្ញុំជាអ្នកចម្បាំងអង់អាចរបស់លោកអ្នក។ ខ្ញុំជាអ្នករកយុត្តិធម៌ឱ្យលោកអ្នក។ ហើយសម្រាប់ជនទាំងឡាយណាដែលត្រូវចោទប្រកាន់ខុសនិងត្រូវក្បត់៖ខ្ញុំជាអ្នកសងសឹកឱ្យលោកអ្នក»។
លោកបានបន្ថែមថា«យើងនឹងបញ្ចប់អ្វីដែលយើងបានចាប់ផ្តើម។ យើងបានចាប់ផ្តើមអ្វីដែលជាអព្ភូតហេតុមួយ។ យើងនឹងបញ្ចប់បេសកកម្មនេះ។ យើងនឹងឃើញការប្រយុទ្ធនេះរហូតដល់ជ័យជំនះផ្តាច់ព្រាត់។ យើងនឹងធ្វើឱ្យប្រទេសអាមេរិកអស្ចារ្យម្តងទៀត»។
លោក Trump ថាក្នុងអាណត្តិទីពីរលោកនឹងតែងតាំង«រដ្ឋអាជ្ញាពិសេសពិតប្រាកដម្នាក់ដើម្បីចាប់កំហុស»លោក Joe Biden និងគ្រួសារលោកនិង«ពួកជនទាំងឡាយដែលទាក់ទិននឹងការបំផ្លាញការបោះឆ្នោត ព្រំដែននិងប្រទេសយើង»។
លោក Trump បានថ្លែងថា លោកនឹងចាប់ខ្លួននិងបញ្ជូនទៅប្រទេសពួកគេវិញនូវជនអន្តោប្រវេសន៍គ្មានឯកសាររាប់លាននាក់ ដែលច្រើននាក់បានរស់ក្នុងសហរដ្ឋអាមេរិកច្រើនឆ្នាំ ច្រើនទសវត្សរ៍ ដោយមិនមានសញ្ជាតិអាមេរិកាំង។ លោកអំពាវនាវឱ្យមានការយកពន្ធដារច្រើនលើទំនិញនាំចូល ដើម្បីការពារក្រុមអ្នកផលិតអាមេរិកាំង។ លោកក៏ពោលដែរថាលោកគ្រោងនឹងជំរុញជាថ្មីដើម្បីវាយតម្លៃជាថ្មីអំពីគោលដៅនិងបេសកកម្មរបស់អង្គការអូតង់ ដែលជាសម្ព័ន្ធភាពយោធាសំខាន់មួយក្រោយសង្គ្រាមលោកលើកទីពីរដែលមានការគាំទ្រពីកម្លាំងយោធាអាមេរិកាំង៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ