ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ាលោក Chen Hai បាននិយាយកាលពីថ្ងៃអង្គារថា ស្ថានភាពនយោបាយបច្ចុប្បន្ននៅក្នុងប្រទេសមីយ៉ាន់ម៉ាគឺពិតជា «មិនមែនជាអ្វីដែលប្រទេសចិនចង់ឃើញនោះទេ» និងបានច្រានចោលពាក្យចចាមអារាមនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមតាមអ៊ីនធឺណិតដែលថា ប្រទេសចិនពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារយោធាកាលពីថ្ងៃទី ១ ខែកុម្ភៈ នៅមីយ៉ាន់ម៉ា។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបង្ហោះនៅលើទំព័រ Facebook របស់ស្ថានទូតចិន លោកឯកអគ្គរដ្ឋទូត Chen Hai បាននិយាយថា ប្រទេសចិននៅតែរក្សា «ទំនាក់ទំនងជិតស្និទ្ធ» ទាំងជាមួយនឹងយោធា និងជាមួយនឹងអតីតរដ្ឋាភិបាលស៊ីវិលរបស់អ្នកស្រី Aung San Suu Kyi។
ទោះបីជាបណ្ដាបស្ចិមប្រទេសនានាបានថ្កោលទោសខ្លាំងក្លាលើរដ្ឋប្រហាររបស់យោធាមីយ៉ាន់ម៉ានេះក៏ដោយ ក៏ប្រទេសចិនមានការប្រយ័ត្នប្រយែងលើពាក្យសម្ដីរបស់ខ្លួនចំពោះរឿងនេះ ដោយបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃស្ថិរភាព។
ប៉ុន្តែទោះជាយ៉ាងនេះក្ដី ប្រទេសចិនបានឯកភាពជាមួយនឹងសេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអំពាវនាវឲ្យមានការដោះលែងអ្នកស្រី Suu Kyi និងអ្នកជាប់ឃុំផ្សេងទៀត និងដែលបង្ហាញអំពីការព្រួយបារម្ភទាក់ទិននឹងការដាក់ប្រទេសមីយ៉ាន់ម៉ាក្នុងស្ថានភាពអាសន្ន។
លោក Chen Hai បានច្រានចោលពាក្យចចាមអារាមនៅលើអ៊ីនធឺណិតដែលថា យន្តហោះមួយចំនួនដឹកបុគ្គលិកផ្នែកបច្ចេកទេសនិងទាហានចិនទៅកាន់ប្រទេសមីយ៉ាន់ម៉ានោះ ថាជា «រឿងមិនសមហេតុផលទាំងស្រុង» ដោយលោកបាននិយាយថា យន្តហោះទាំងនោះគឺជាយន្តហោះដឹកទំនិញធម្មតាដែលនាំចេញទំនិញនានាដូចជាគ្រឿងសមុទ្រជាដើម។
លោក Chen Hai បានបន្ថែមថា ប្រទេសចិន «មិនបានដឹងជាមុនអំពីការផ្លាស់ប្ដូរនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ានោះទេ» និងថា ប្រទេសចិនសង្ឃឹមថា «ស្ថានការណ៍នឹងប្រសើរឡើងក្នុងប្រទេសមីយ៉ាន់ម៉ា ជាជាងធ្លាក់ចូលក្នុងអស្ថិរភាព ឬភាពចលាចល»៕