របាយការណ៍​ថៃ៖ ពលរដ្ឋ​ខ្មែរ​១០៥​នាក់​នៅ​ថៃ​ ឆ្លង​ជំងឺ​កូវីដ​១៩ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ពុធ​នេះ

ពលករចំណាកស្រុកនិងសមាជិកគ្រួសារត្រៀមធ្វើដំណើរទៅកាន់កន្លែងធ្វើតេស្តរកជំងឺកូវីដ១៩ នៅតំបន់ទីប្រជុំជន Samut Sakhon ភាគខាងត្បូងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។

ពលរដ្ឋ​ខ្មែរ​យ៉ាង​តិច​ ១០៥ ​នាក់​ក្នុង​ប្រទេស​ថៃ​ ត្រូវ​បាន​អាជ្ញាធរ​ថៃ​រក​ឃើញ​ថា ​ផ្ទុកជំងឺ​កូវីដ​១៩ ខណៈ​ប្រទេស​មួយ​នេះ​កំពុង​ប្រឈម​នឹង​ការ​រាត​ត្បាត​ខ្លាំង​ជាង​ ២​ សប្តាហ៍​មក​នេះ ជា​ពិសេស​ក្នុង​តំបន់​សម្បូរ​ដោយពលករធ្វើ​ការ។ នេះ​បើ​តាម​របាយ​ការណ៍​នៃ​នាយកដ្ឋាន​គ្រប់​គ្រង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល​សាធារណៈ​ថៃ

យោង​តាម​របាយការណ៍​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ពុធ​នេះ ក្នុង​ចំណោម​មនុស្ស​ដែល​ឆ្លង​ភាគ​ច្រើន​បំផុតជា​ប្រជា​ពលរដ្ឋ​ថៃ ដែល​មាន​ទៅ​ដល់ជាង​ ៥ ​ពាន់​នាក់ ​ក៏​មាន​ពលរដ្ឋ​ខ្មែរ​ចំនួន​ ១០៥ ​នាក់ ពលរដ្ឋ​ភូមា​ចំនួន ​៦១៩ ​នាក់ ឥណ្ឌា​ ៨២​ នាក់ និង​ផ្សេង​ៗ​ចំនួន​ ៩២០​ នាក់។ របាយការណ៍​មិន​បាន​បញ្ជាក់​ថា​ តើ​ពលរដ្ឋ​កម្ពុជា​ចំនួន​ ១០៥ ​នាក់​ដែល​ឆ្លង​នោះ ជា​ពលករ​ដែល​ធ្វើ​ការ​ឬ​យ៉ាង​ណា​នោះទេ។

កាល​ពី​ព្រឹក​ថ្ងៃ​ពុធ សេចក្តី​រាយការណ៍​របស់​វិទ្យុជាតិ​កម្ពុជា​ដែល​ផ្សាយ​ចេញ​ពី​ខេត្ត​បាត់ដំបង ឲ្យ​ដឹង​ថា​ មាន​ពលករ​ខ្មែរ​ចំនួន​ ១០៦​ នាក់ ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​វីរុស​ជំងឺ​កូវីដ​១៩។

ប៉ុន្តែ​លោក​ស្រី ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខា​ភិបាល ប្រាប់​ VOA​ ត្រឹម​រសៀល​ថ្ងៃ​ពុធ​នេះ​ថា​ មិន​មាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ​ក្នុង​ចំណោម​ពលករ​ខ្មែរនៅ​ប្រទេស​ថៃ​នោះ​ទេ។

ចំណែក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង លោក វឿង ប៊ុនរ៉េត មាន​ប្រសាសន៍​ថា​ លោក​ក៏​មិន​មាន​ព័ត៌មាន​នៃ​ការ​ឆ្លង​នេះ​ដែរ។

នៅ​រសៀល​ថ្ងៃ​ពុធ​នេះ អត្ថបទ​ដែល​ចុះ​ផ្សាយ​អំពី​ការ​ឆ្លងជំងឺ​កូវីដ​ក្នុង​ចំណោម​ពលករ​ខ្មែរ​ ១០៦ ​នាក់​នោះ ក៏​ត្រូវ​បាន​ដក​ចោល។

វីអូអេ​ មិនទាន់អាច​ទាក់​ទងអ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​លោក ​កុយ គួង​ដើម្បី​បញ្ជាក់​ពី​ស្ថានភាព​នៃ​ការ​រាត​ត្បាត​ជំងឺ​ឆ្លង​កូវីដ​១៩​ និង​ប្រជាពលរដ្ឋ​ដែល​កំពុង​ស្នាក់​នៅ​ប្រទេស​ថៃ​បាន​ទេ។

នៅ​ថ្ងៃ​ពុធ​នេះ ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ប្រកាស​ថា ​ពលករ​ខ្មែរ​ម្នាក់ អាយុ​ ២៨ ​ឆ្នាំ ​ដែល​ឆ្លង​ចូល​មក​កម្ពុជា​ពី​ប្រទេស​ថៃ​ កាល​ពី​ថ្ងៃ​ទី​២ ខែ​មករា មាន​ផ្ទុក​វីរុស​ជំងឺ​កូវីដ​១៩។ ពលករ​ខ្មែរ​ដែល​ឆ្លង​ពី​ប្រទេស​ថៃ សរុបចំនួន​ ១៨​ នាក់​ហើយ ត្រូវ​បាន​រក​ឃើញ​ផ្ទុក​ជំងឺ​កូវីដ​១៩​ នេះ គិត​មក​ត្រឹម​ថ្ងៃ​ពុធ។

មន្ត្រីប៉ូលិសថៃកំពុងជម្លៀសពលករចំណាកស្រុកនិងសមាជិកគ្រួសារ ទៅកាន់កន្លែងធ្វើតេស្តរកជំងឺកូវីដ១៩ នៅតំបន់ទីប្រជុំជន Samut Sakhon ភាគខាងត្បូងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។

គិត​ត្រឹម​ថ្ងៃទី​៥ ​ខែ​មករា​ អាជ្ញាធរ​ខ្មែរ​ក្នុង​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ថៃ​បាន​បញ្ជាក់​ឲ្យដឹង​ថា ​ពលករ​ខ្មែរ​សរុប​ជាង ​៥ ​ពាន់​នាក់​ បាន​ចូល​មក​កម្ពុជា ក្នុង​រយៈ​ពេល​២​សប្តាហ៍​ចុង​ក្រោយ​នេះ ខណៈ​ប្រទេស​ថៃ​កំពុង​ប្រឈម​ខ្លាំង​នឹង​ការ​រាត​ត្បាត​ជំងឺ​កូវីដ​១៩។

នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​មួយ ​ចុះ​ថ្ងៃ​ទី​៥ ខែ​មករា ស្ថាន​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បាន​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​បន្ត​ការ​ប្រុង​ប្រយ័ត្ន និង​ចូលរួម​អនុវត្ត​វិធាន​ការ​នានា​របស់​រដ្ឋាភិ​បាល​ថៃ ខណៈថៃ​បាន​បន្ត​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ ចាប់​ពីថ្ងៃទី​១៦ ខែ​មករា​ ដល់​ថ្ងៃទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០២១។

ស្ថានទូត​ខ្មែរ​ស្នើ​ឲ្យ​ពលរដ្ឋ​ខ្លួន​នៅ​ប្រទេស​ថៃ​ទាំង​អស់ «មេត្តា​បន្ត​ចូល​រួម​សហការ​យ៉ាង​សកម្ម​ថែម​ទៀត​ ដើម្បី​អនុវត្ត​នូវ​វិធាន​ការ​នានា​របស់​រាជ​រដ្ឋាភិបាល​ថៃ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ ព្រមទាំង​សូម​រក្សា​សុខ​ភាព​អនាម័យ ​ដើម្បី​ចូលរួម​បង្ការ​និង​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ បន្ត​ទៀត»។

លោក ​ឌីថេ ហូយ៉ា ​មន្រ្តី​កម្មវិធី​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស ​(សង់ត្រាល់​)​ ទទួល​បន្ទុក​ការពារ​សិទ្ធិ​ពលករ​ចំណាក​ស្រុក ស្នើ​ឲ្យ​មន្ត្រី​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ បង្កើន​វិធាន​ការ​ជួយ​ពលរដ្ឋ​កម្ពុជា​រូប​ណា​ដែល​បាត់​បង់​ការងារ​ធ្វើ និង​មិន​មាន​កន្លែង​ស្នាក់​នៅ​ច្បាស់​លាស់ បន្ថែម​លើ​វិធាន​ការ​របស់​អាជ្ញាធរ​ថៃ​ដែល​មាន​ស្រាប់។

លោក​មាន​ប្រសាសន៍​ថា៖ «អ្វី​ដែល​អាច​ជួយ​ពលករ​បាន​មាន​តែ ​ទីមួយ ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​យក​ចិត្ត​ទុកដាក់​ឲ្យ​មែន​ទែន ​ចំពោះ​អ្នក​ដែល​អត់​មាន​ការងារ​ធ្វើ​និង​អ្នក​កំពុង​តែ​ប្រឈម ​តាម​រយៈ​ស្ថានទូត​និង​ស្ថាន​កុង​ស៊ុល​ប្រចាំ​នៅ​ប្រទេស​ថៃ​ ឲ្យ​ដឹង​ថា ​តើ​ពលរដ្ឋ​ខ្មែរ​យើង​ទី​ណា​ខ្លះ​ចំនួន​ប៉ុន្មាន ​ដែល​ត្រូវ​ការ​ឲ្យ​ជួយ​ដើម្បី​អាច​ផ្តល់​ជា​ការ​ផ្គត់​ផ្គង់​ចំណី​អាហារ​ប្រចាំ​ថ្ងៃ​ ឬ​មួយ​ផ្តល់​ជម្រើស​ណាមួយ​ ឬមួយ​បង្កើត​ជា ​shelters [ទីជម្រក​] ជា​មណ្ឌល​សំចត​ជា​មណ្ឌល​ស្នាក់​នៅ​បណ្តោះអាសន្ន​ ក្នុង​អំឡុង​ពេល​ដែល​គាត់​ប្រឈម​បញ្ហា​ទាំង​អស់​នេះ​បាទ»។

ពលករ​ខ្មែរដែល​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​មួយ​ចំនួន​បាន​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ខណៈមាន​ករណី​ឆ្លង​ថ្មីជា​បន្ត​បន្ទាប់​នៅ​ប្រទេស​ថៃ។

រូបឯកសារ៖ កម្មករ​ចំណាកស្រុក​ខ្មែរ​ដែល​ធ្វើ​សំណង់​រង់​ចាំ​រថយន្ត​ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ នៅ​ខាង​ក្រៅ​អគារ​មួយ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃ​ទី១២ ខែធ្នូ ឆ្នាំ​២០១៦។

អ្នកស្រី​ ក្រង​ សាវ៉ាន អាយុ​ ៤០ ឆ្នាំ​ ដែល​កំពុង​ធ្វើ​ការងារ​សំណង់​ជា​មួយ​កូន​ស្រី​ អាយុ​ ១៨ ​ឆ្នាំ​មួយ​រូប​នៅ​ប្រទេស​ថៃ ប្រាប់​ VOA ​ពី​ទីក្រុង​បាងកក​មក​ថា ​អ្នកស្រី​នឹង​ពលករ​ខ្មែរ​ផ្សេង​ទៀត​ចង់​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ក៏​ប៉ុន្តែ​ម្ចាស់​ក្រុម​ហ៊ុន​សំណង់​មិន​អនុញ្ញាត ហើយ​ប្រាប់​ថា ​ពួកគេ​នឹង​បាត់​បង់​ការងារ​ធ្វើ បើ​វិល​ត្រឡប់មក​កម្ពុជា​វិញ។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «យើង​ស្នើ​សុំ​គេ​មក​គេ​ថា​បើ​យើង​ទៅ​ហើយ ​គេ​អត់​ប្រាប់​មកធ្វើការ​វិញ​ទេ​ ព្រោះ​អី​គេ​អត់​ឲ្យ​ចូល​មក​វិញ​ហើយ​គេ​ខ្លាច​ឆ្លង​ជំងឺ​ហ្នឹង​កាន់​តែ​ច្រើន​ទៅ​ៗ»។

អ្នក​ស្រី​បារម្ភថា ពលករ​ខ្មែរ​មួយ​ចំនួន​ដែល​រក​បាន​ប្រាក់​កម្រៃ​បាន​ប្រមាណ ​៣០០ ​បាត​ ឬ​ប្រមាណ ​៤ ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ នឹង​ប្រឈម​ការ​លំបាក​កាន់​តែ​ខ្លាំង​ជាមួយ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ ប្រសិន​បើ​ទី​កន្លែង​ដែល​អ្នក​ស្រី និង​ពួកគេ​ធ្វើ​ការ​នោះ​ត្រូវ​អាជ្ញាធរ​ថៃ​ សម្រេច​បិទ​ជា​បណ្តោះ​អាសន្ន ក្នុង​ករណី​មាន​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ ដល់​ទី​នោះ។

ស្រ្តី​ជា​កម្មករ​សំណង់​រូប​នេះ​ស្នើ​សុំ​អន្តរាគមន៍​ពី​មន្ត្រី​កម្ពុជា ដើម្បី​ជួយ​ពលករ​ដែល​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ត្រឡប់​មក​ប្រទេស​កំណើត។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «បើ​មាន​អ្នក​ឆ្លង​គេបិទ​ការងារ​អ៊ីចឹង​ចេញ​ ទៅ​ណា​ ក៏​អត់​បាន​ចឹង។ យើងទៅ​ទិញ​អី​ហូប​ ក៏​មិន​បាន​សូម្បី​តែ​ធ្វើ​ការ​នៅ​រាល់​ថ្ងៃ​នេះ គេ​ឲ្យ​ធ្វើ​ការ​មែន​តែ​យើងដូច​ម្ហូប​ចំណី​អី​ទិញ​គេ​អត់​ឲ្យ​យើង​ចេញ​ទៅ​ទិញនៅ​ក្រៅ​ទេ​ គេ​យក​មក​លក់​ឲ្យ​យើង»។​

អ្នកស្រី​បន្ថែម​ថា៖ «​ចង់​ឲ្យ​អាជ្ញាធរ​ខ្មែរ​យើង​ចុះ​មក​ត្រួត​ពិនិត្យ​បង​ប្អូន​ខ្មែរ​នៅ​ប្រទេស​ថៃ​ផង។ គ្នា​ជួប​ការ​លំបាក​ខ្លាំង​ណាស់។ គាត់​ចង់​ទៅ​ផ្ទះ​អី​ម្នាក់​ៗ​ ចង់​តែ​ទៅ​ផ្ទះ​ដែរ​ តែ​ទៅ​វា​មិន​រួច»។

អ្នកស្រី ក្រង​ សាវ៉ាន កំពុង​ស្នាក់នៅ​ជា​មួយ​ពលករ​ខ្មែរ​ជាច្រើន​នាក់​ផ្សេង​ទៀត​ នៅ​ទី​សំណាក់ស្ថិត​នៅ​ក្បែរ​ព្រលាន​យន្ត​ហោះ​ដនមឿង ​ក្នុង​ទីក្រុង​បាង​កក ជា​ទី​ដែល​អ្នកស្រី​កំពុង​ធ្វើ​ជា​កម្មករ​សាង​សង់​សណ្ឋាគារ​មួយ។

លោក ឌីថេ ហូយ៉ា ​មន្រ្តី​កម្មវិធី​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ (សង់ត្រាល់)​ ឲ្យ​ដឹង​ទៀតថា​ ពលករ​ខ្មែរ​នៅ​ពេល​នេះកំពុង​ប្រឈម​នឹង​ផល​វិបាក​មួយ​ចំនួន ដោយ​សារ​ខ្លះ​ត្រូវ​បាន​ថៅកែ​បោះ​បង់​ចោល​ ដោយ​សារ​គ្មាន​ឯកសារ​សម្រាប់​បំពេញ​ការងារស្រប​ច្បាប់ និង​ខ្លះ​ទៀត​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​មិន​ឲ្យ​ស្នាក់​នៅ​កន្លែង​ធ្វើការ​ ហើយ​ខ្លះ​ទៀត​រង​ការ​កេង​ប្រវ័ញ្ច​ពី​ថៅកែ ក្នុង​ពេល​ស្នើ​សុំ​ឯកសារ​ស្រប​ច្បាប់​ដើម្បី​បំពេញ​ការងារ៕