ទីក្រុង New York នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ នៅ​តាម​ឱសថស្ថាន

បុគ្គលិក​ធ្វើការ​នៅ​ឱសថស្ថាន​មួយ​​នៅក្នុង​ផ្សារ​ទំនើប Giant ពាក់ម៉ាស់​និយាយ​ទៅ​កាន់​អតិថិជន រដ្ឋ ម៉ារីលែន សហរដ្ឋអាមេរិក ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២០។

ពលរដ្ឋ​រស់នៅ​ក្នុង​ទីក្រុង New York សហរដ្ឋ​អាមេរិក នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​នឹង​អាច​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ បាន​នៅ​តាម​ឱសថស្ថាន​នានា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អភិបាល​ក្រុង New York លោក Andrew Cuomo កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ។

លោក Cuomo បាន​និយាយ​ថា ឱសថស្ថាន​ចំនួន ៥ ពាន់​កន្លែង​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ផ្ដល់​ការ​ធ្វើ​តេស្ត​នេះ ក្នុង​គោល​បំណង​ផ្ដល់​ការ​ធ្វើ​តេស្ត​ឲ្យ​បាន ៤ ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ។

បន្ថែម​ពី​នេះ​ទៀត បុគ្គលិក​សុខាភិបាល​នៅ​ជួរ​មុខ​នៅ​តាម​មន្ទីរពេទ្យ​នានា​ក្នុង​ទីក្រុង New York នឹង​ទទួល​បាន​ការ​ធ្វើ​តេស្ត​រក​អង់ទីគ័រ​ការពារ​ជំងឺ​កូវីដ១៩ នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Cuomo។

ទីក្រុង New York គឺ​ជា​ទីក្រុង​ដែល​មាន​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩ ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ ករណី​ស្លាប់​ដោយសារ​ជំងឺ​នេះ​នៅ​ក្នុង​ទីក្រុង New York ស្មើ​នឹង​ប្រហែល ១ ភាគ ៣ នៃ​ការ​ស្លាប់​ដោយសារ​ជំងឺ​នេះ​ទាំង​អស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ ដែល​មាន​ចំនួន​ជិត ៥ ម៉ឺន ៤ ពាន់​នាក់។

អង្គការ​សុខភាព​ពិភពលោក​ WHO បាន​ព្រមាន​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា «គ្មាន​ភស្តុតាង» ណា​មួយ​បង្ហាញ​ថា អ្នក​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ១៩ ដែល​មាន​អង់ទីគ័រការពារ​ពី​ជំងឺ​នេះ នឹង​មិន​ឆ្លង​ជំងឺ​នេះ​ជា​លើក​ទី​ពីរ​នោះ​ទេ។

អង្គការ​សុខភាព​ពិភពលោក​បាន​ចេញ​ការ​ព្រមាន​នេះ​នៅ​ក្នុង​ការ​ជូន​ដំណឹង​បែប​វិទ្យាសាស្ត្រ​សង្ខេប​មួយ ស្រប​ពេល​ដែល​អង្គការ​នេះ​បញ្ជាក់​ថា ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​នេះ​នៅ​លើ​ពិភពលោក​មាន​ជាង ២ លាន ៨ សែន​នាក់។

បើ​យោង​តាម​ទិន្នន័យ​របស់​សាកល​វិទ្យាល័យ Johns Hopkins គិត​ត្រឹម​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​សរុប​នៅ​លើ​ពិភពលោក​មាន​ចំនួន ២ សែន ៣ ពាន់ ៣៣២ នាក់៕