សហរដ្ឋអាមេរិកបានក្លាយជាប្រទេសដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ច្រើនជាងគេបំផុតកាលពីថ្ងៃសៅរ៍។ នេះគឺជាសុច្ចនាករដ៏សោកសៅដែលបង្ហាញថា សហរដ្ឋអាមេរិកគឺជាចំណុចកណ្ដាលនៃជំងឺឆ្លងរាតត្បាតជាសាកលនេះ។
គិតត្រឹមព្រឹកថ្ងៃអាទិត្យម៉ោងក្នុងសហរដ្ឋអាមេរិកនេះ សហរដ្ឋអាមេរិកមានករណីឆ្លងជំងឺកូវីដ១៩ ចំនួនជាង ៥៣០.០០០ នាក់ ហើយមានករណីស្លាប់ចំនួន ២០.៦៨០ នាក់។ នេះបើយោងតាមស្ថិតិរបស់សាកលវិទ្យាល័យ Johns Hopkins University នៅក្នុងសហរដ្ឋអាមេរិក។
តួលេខនេះបានបង្ហាញថា សហរដ្ឋអាមេរិកនាំមុខគេលើចំនួនករណីឆ្លង និងករណីស្លាប់ដោយសារជំងឺកូវីដ១៩ នេះ ដែលមានចំនួនអ្នកស្លាប់ដោយសារជំងឺនេះលើសប្រទេសអ៊ីតាលីជាលើកដំបូង។ ករណីស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសអ៊ីតាលីមានចំនួន ១៩.៤៦៨ នាក់។ នេះបើយោងតាមស្ថិតិរបស់សាកលវិទ្យាល័យ Johns Hopkins University ដដែលនេះ។
សហរដ្ឋអាមេរិកក៏បានក្លាយជាប្រទេសដំបូងបង្អស់នៅក្នុងពិភពលោក ដែលបានរាយការណ៍ថា មានចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួនជាង ២.០០០ នាក់ ក្នុងមួយថ្ងៃ។ សហរដ្ឋអាមេរិកបានរាយការណ៍ថាមានអ្នកស្លាប់ដោយសារជំងឺនេះចំនួន ២.១០៨ នាក់ កាលពីថ្ងៃសុក្រ ដែលនេះគឺជាតួលេខអ្នកស្លាប់ខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃនៅលើពិភពលោក ចាប់តាំងពីជំងឺនេះបានចាប់ផ្ដើមផ្ទុះរាលដាលនៅក្នុងប្រទេសចិន កាលពីចុងខែធ្នូមក។
រដ្ឋញូវយ៉កគឺជារដ្ឋដែលរងការប៉ះពាល់ខ្លាំងបំផុតនៅក្នុងសហរដ្ឋអាមេរិក។ អភិបាលរដ្ឋញូវយ៉ក លោក Andrew Cuomo បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា មានអ្នកស្លាប់ចំនួន ៧៨៣ នាក់ កាលពីថ្ងៃសុក្រ ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបនៅក្នុងរដ្ឋនេះកើនឡើងដល់ជាង ៨៦០០ នាក់។
ដើម្បីជួយទប់ស្កាត់កុំឲ្យជំងឺកូវីដ១៩នេះឆ្លងរាលដាលកាន់តែខ្លាំងក្លាថែមទៀត អភិបាលក្រុងញូវយ៉ក នៅក្នុងរដ្ឋញូវយ៉ក លោក Bill de Blasio បានប្រកាសថា សាលារៀនរដ្ឋទាំងអស់ដែលកំពុងតែបិទស្រាប់ នឹងត្រូវបន្តបិទរហូតដល់ចុងឆ្នាំនេះ ដោយសិស្សសាលាចំនួន ១ លាន ១ សែន នាក់ មិនអាចទៅសាលារៀនបានទេ។
លោក de Blasio បានថ្លែងថា ការសម្រេចនេះគឺជាការសម្រេចដ៏ «លំបាក» មួយ ប៉ុន្តែលោកបានលើកឡើងដូច្នេះថា៖ «ខ្ញុំអាចនិយាយបានថា នេះគឺជារឿងត្រឹមត្រូវដែលត្រូវធ្វើ។ វាច្បាស់ណាស់ នឹងជួយសង្គ្រោះជីវិតរបស់យើង»៕